ទំព័រដើមប្រវត្តិសាស្ត្របដិមាព្រះស្កន្ទរកឃើញនៅទួលក្តីអង្គ

បដិមាព្រះស្កន្ទរកឃើញនៅទួលក្តីអង្គ

ស្កន្ទ (Skanda) ជាព្រះនាមមួយក្នុងចំណោមព្រះនាមទាំង១០៨របស់ព្រះស្កន្ទ ដែលជាពាក្យក្នុងភាសាសំស្រ្កឹតប្រែថា “លោត, វាយប្រហារ, ផ្ទុះ, កំពប់, វិនាស” ហើយព្រះនាមសំខាន់ៗផ្សេងទៀតដែលគេស្គាល់ទេពអង្គនេះ ដែលមានដូចជា កុមារ (Kumãra) កាត៌ិកេយ (Kãrtikeya) មុរុគន (Murugana) សុព្រហ្មន្យ (Subrahmanya) ។ នៅក្នុងទេវកថាព្រហ្មញ្ញសាសនា គេចាត់ទុកទេពអង្គនេះ ជាទេពនៃសង្រ្គាម ឬជាមេទ័ពប្រចាំនៅស្ថានសួគ៌ ត្រូវជាបុត្ររបស់ព្រះឥសូរ និងព្រះនាងបវ៌តី ដែលមានយានជំនិះជាសត្វក្ងោក មានព្រះសិរមួយនិងប្រាំមួយ ព្រះហស្តកាន់ធ្នូ ដាវ រន្ទះ ពូថៅ លំពែង។ បដិមាព្រះស្កន្ទនៅសម័យបុរាណ គេបានរកឃើញជាបន្តបន្ទាប់នៅទូទាំងប្រទេស ហើយភាគច្រើនកំពុងរក្សាទុកនៅតាមសារមន្ទីរនានា។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីប្រវត្តិ និងលក្ខណៈជាទូទៅនៃបដិមាព្រះស្កន្ទធ្វើអំពីថ្មភក់មួយ សាងនៅស.វ.ទី៧ រកឃើញនៅទួលក្តីអង្គ ហើយសព្វថ្ងៃកំពុងរក្សាទុកនៅសារមន្ទីរជាតិហ្គីមេត ប្រទេសបារាំង (រូបលេខ១-៤)។

ក្តីអង្គ គឺជាទួលខ្ពស់មួយមានគំនរថ្មព័ទ្ធដោយកសិន្ធុដែលស្ថិតនៅចម្ងាយប្រមាណ ២ គ.ម. ខាងត្បូងវត្តក្តីទ្រាប ក្នុងភូមិស្វាយក្តៀប ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ នៅទីតាំងនេះ ក្រៅពីបដិមាព្រះស្កន្ទដែលយើងនឹងលើកមកសិក្សា គេក៏ធ្លាប់រកឃើញសិលាចារឹកផ្ទាំងទៀតផង។ នៅក្នុងឆ្នាំ១៨៨២-១៨៨៣ ក្នុងពេលដែលលោក Étienne Aymonier កំពុងបំពេញបេសកកម្មសិក្សាស្រាវជ្រាវអំពីមត៌កបេតិកភណ្ឌនៅទូទាំងប្រទេសកម្ពុជា លោកក៏បានប្រទះឃើញបដិមាព្រះស្កន្ទនៅទួលក្តីអង្គតែម្តង ហើយបន្ទាប់មកនៅក្នុងឆ្នាំ១៨៩០ លោកក៏បានបញ្ជូនបដិមានេះទៅកាន់សារមន្ទីរហ្គីមេត នាទីក្រុងប៉ារីស ប្រទេសបារាំង​ ដែលសព្វថ្ងៃបដិមានេះចុះបញ្ជីលេខ MG14900។ បដិមានេះ​ មានកម្ពស់ ៦៧ ស.ម. និងទទឹង ៤៨ ស.ម. ក្នុងទម្រង់ជាកុមារភាពដែលកំពុងជិះនៅលើសត្វក្ងោក ឬហៅថា “មយូរា”។ គេអាចសម្គាល់ថាបដិមានេះគឺជាព្រះស្កន្ទ គឺស្ថិតនៅលើយានជំនិះរបស់ទ្រង់ជាសត្វក្ងោកនេះហើយ។ ទ្រង់ស្លៀកសំពត់ខ្លីអង្គុយនៅលើសត្វក្ងោកដោយទម្លាក់ព្រះបាទទាំងពីរសំយ៉ុងទៅក្រោម ហើយព្រះហស្តខាងឆ្វេងចាប់កសត្វក្ងោក និងព្រះហស្តខាងស្តាំកាន់អាវុធអ្វីម្យ៉ាងអាចជា វជ្រ ឬលំពែង។ ព្រះកេសរបស់ទ្រង់មានរាងដូចគូទខ្យង ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើលនោះគឺខាងលើគេចងបួងជារបៀបម៉ូតសក់បីខ្សែ ឬហៅជាភាសាសំស្រ្កឹតថា “ត្រិសិខា” ឱ្យ សមនឹងវ័យរបស់ទ្រង់ (គេតែងសាងព្រះស្កន្ទឡើងក្នុងទម្រង់ជាទេពនៅវ័យកុមារ)។ ប្រភេទសក់រួញរាងដូចគូទខ្យងបែបនេះ មានលក្ខណៈស្រដៀងព្រះកេសរបស់បដិមាព្រះពុទ្ធ ហើយក៏មានលក្ខណៈស្រដៀងម៉ូតសក់របស់តួអង្គទ្វារបាល និងយក្សនៅក្នុងសិល្បៈខ្មែរសម័យបុរាណ។ ព្រះកាណ៌ (ត្រចៀក) មានទម្រង់វែង ដូចទេពផ្សេងៗទៀតនៅក្នុងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាដែរ។ ដោយឡែក ទម្រង់ព្រះភក្រ្តរបស់ទ្រង់វិញ គឺមានបបូរមាត់ក្រាស់ ច្រមុះធំ​ ចិញ្ចើមជាប់គ្នាវែង ព្រះនេត្របិទ ដែលទម្រង់បែបនេះនាំឱ្យលោក Baptiste និង Zéphir យល់ថា វាមានលក្ខណៈស្រដៀងសិល្បៈមន (ទ្វារវតី) ដ្បិតមន និងខ្មែរនៅជំនាន់នោះទទួលឥទ្ធិពលសិល្បៈឥណ្ឌាដូចតែគ្នា ម្ល៉ោះហើយការរួមបញ្ចូលរវាងសិល្បៈក្នុងតំបន់ជាមួយសិល្បៈឥណ្ឌាវានៅតែគេចមិនផុត។ អ្នកស្រាវជ្រាវមួយចំនួនយល់ថា បដិមានេះក៏មានលក្ខណៈស្រដៀងនឹងបដិមាព្រះវិស្ណុដែលគេរកឃើញនៅតំបន់អាស៊ីអាគ្នេយ៍នាសម័យដំបូងៗផងដែរ ដែលភាគច្រើនជាបដិមាសាងនៅរវាងចុងស.វ.ទី៥ ដើមស.វ.ទី៦​។

លើសពីនេះ បដិមានេះ ក៏មិនសូវខុសប្លែកគ្នាច្រើនពីបដិមាព្រះស្កន្ទផ្សេងទៀតដែលមានអាយុកាលនៅស.វ.ទី៧ដូចគ្នាដែរ។ តួយ៉ាង ទម្រង់អង្គុយនៅលើសត្វក្ងោកបែបនេះ មានលក្ខណៈដូចបដិមាព្រះស្កន្ទដែលគេរកឃើញនៅខេត្តកំពង់ចាម (រូបលេខ៥) និងនៅខេត្តកំពង់ធំ (រូបលេខ៦) ប៉ុន្តែក្បាលសត្វក្ងោកមិនងាកចេញដូចបដិមាដែលរកឃើញនៅទួលក្តីអង្គទេ ហើយកន្ទុយសត្វក្ងោកក៏មិនរីករាងមូលស្អាតដូចនៅទួលក្តីអង្គដែរ។ អ្វីដែលកត់សម្គាល់នោះ បដិមាព្រះស្កន្ទមួយចំនួនទៀតនៅសម័យមុនអង្គរ (ស.វ.ទី៧) គឺគេសាងឡើងក្នុងទម្រង់ឈរនៅលើសត្វក្ងោក ខុសប្លែកទាំងស្រុងពីបដិមាព្រះស្កន្ទរកឃើញនៅទួលក្តីអង្គ តួយ៉ាងដូចជាបដិមាព្រះស្កន្ទចំនួន ២ ដែលមិនស្គាល់ប្រភពកំពុងរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា (រូបលេខ៧-៨)។ ជារួមមក បដិមាព្រះស្កន្ទដែលរកឃើញនៅទួលក្តីអង្គ បានបង្ហាញអំពីសិល្បៈដ៏រស់រវើកកម្រមានមួយនៅក្នុងសិល្បៈខ្មែរ ដែលទំនងបានរួមបញ្ចូលពីទេពកោសល្យរបស់សិល្បករក្នុងតំបន់របស់ខ្មែរជាមួយឥទ្ធិពលសិល្បៈដែលមានមកពីខាងក្រៅនៅជំនាន់នោះ។ ការរកឃើញបដិមាព្រះស្កន្ទនៅសម័យមុនអង្គរ បង្ហាញឱ្យឃើញអំពីការគោរពប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួនរបស់ខ្មែរកាលពីសម័យបុរាណ ដូចមានភស្តុតាងនៅក្នុងសិលាចារឹកជាច្រើន តួយ៉ាងសិលាចារឹកភ្នំហាន់ជ័យ (ស.វ.ទី៧) បង្ហាញអំពីការប្រៀបប្រដូចអំណាចរបស់ព្រះរាជាកាលពីបឋមវ័យមានឫទ្ធិអំណាចដូចព្រះស្កន្ទ ហើយសូម្បីសិលាចារឹកវត្តហា ដែលស្ថិតនៅមិនឆ្ងាយពីទួលក្តីអង្គនេះស្រាប់ ក៏រៀបរាប់ថា នៅមហាសករាជឆ្នាំ៨១១ (រាជ្យព្រះបាទយសោវរ្ម័នទី១ គ.ស.៨៨៩-៩១០) គេបានកសាងប្រាសាទមួយសម្រាប់តម្កល់ព្រះស្រីកាត៌្តកេយ (ព្រះស្កន្ទ)៕

អត្ថបទដោយ៖ លោក ម៉ង់វ៉ាលី

——————-

Skanda, the god of war, is a son of Shiva and Pavarti, the brother of Ganesha, who has a peacock as a vehicle with one and six heads, a bow, sword, lightning, ax, and spear. The statue of Skanda found in Toul Kdei Ang was built in the seventh century CE, with the form of a teenager sitting on a peacock, one hand holding a peacock’s neck and the other holding a vajra or spear. The artist built this statue with a combination of the talents of local artists and the artistic influences that pervade from Indian art. The sitting posture of the Skanda on the peacock found in Tuol Kdei Ang is similar to the other two Skanda statues found in Kampong Cham and Kampong Thom. However, it is different from the other two statues have housed at the National Museum of Cambodia, where the Skanda is carved in a standing position. The statue of Skanda found in Tuol Kdei Ang manifests the firm belief and worship of this deity of the ancient Khmer people.

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!