ទំព័រដើមប្រវត្តិសាស្ត្រស្ថាននាមប្រាសាទ «ត្រពាំងរពៅ» និងសិលាចារឹកប្រាសាទនេះ (K.៦៩១)

ស្ថាននាមប្រាសាទ «ត្រពាំងរពៅ» និងសិលាចារឹកប្រាសាទនេះ (K.៦៩១)

ប្រាសាទត្រពាំងរពៅ ប្រាសាទ​ត្រពាំងល្ពៅ ឬក៏​​ ប្រាសាទគុកត្រពាំងល្ពៅ ហើយ​ពេលខ្លះក៏ហៅថា ប្រាសាទនាងពៅ ជាប្រាសាទមួយ​នៅខាងត្បូងបារាយណ៍ខាងលិច ស្ថិត​នៅ​ក្នុងភូមិប្រីចាស់ ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប។ ប្រាសាទនេះមានប្រាង្គបីសង់ពីឥដ្ឋ រត់ជួរជើងត្បូង បែរមុខទៅកើត។ មុខខាងកើតនៃប្រាង្គ​នីមួយៗមានស៊ុមទ្វារធ្វើពីថ្មភក់និងមានសសរពេជ្ររាង៨ជ្រុង ឯមុខផ្សេងទៀតជាទ្វារបញ្ឆោត​។ ប្រាង្គកណ្តាលបាក់បែកអស់នៅសល់តែស៊ុមទ្វារ សសរពេជ្រ និងផ្តែរ បើប្រាង្គខាងជើងនិងខាងត្បូងនៅសល់សំណង់ផ្នែកខាងក្រោមខ្លះ។ កាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលប្រាង្គខាងត្បូង ហើយកំពុងជួលជុលប្រាង្គខាងជើងជាបន្ត។ នៅទិសអាគ្នេយ៍ មានស្នាមឥដ្ឋរៀបជាបន្ទប់ដែលគេសព្វថ្ងៃហៅថាហោត្រៃ។ ជុំវិញប្រាសាទមានកំពែងឥដ្ឋដែល​មានខ្លោងទ្វារនៅខាងកើត កសិន្ធុ និងគោកនៅផ្នែកខាងត្បូងនិងខាងលិច។ ពីប្រាសាទត្រពាំងរពៅ ទៅទិសឦសាន ប្រហែ​ល ​២០០ម៉ែត្រ មានត្រពាំងធំមួយ​ដែល​ជាសំណង់​ឧបសម្ព័ន្ធ​របស់ប្រាសាទ ក្លាយជាវាលស្រែ និងកាត់ដោយផ្លូវធ្វើដំណើ​រ។ នៅមេទ្វារទាំងសង​ខាងនៃប្រាង្គខាងត្បូងមានសិលាចារឹកពីរផ្ទាំងដែលចុះលេខសារពើភណ្ឌ K.៦៩០ ឯមេទ្វារ​ខាងត្បូងនៃហោត្រៃមានសិលាចារឹកមួយចុះលេខសារពើភណ្ឌ K.៦៩១។

ប្រាសាទត្រពាំងល្ពៅ (រូបថត៖ អាជ្ញាធរជាតិអប្សរា)

ត្រពាំងរពៅ ជាឈ្មោះហៅប្រាសាទនេះតាំង​បុរាណមក ព្រោះសិលាចារឹក K.៦៩០ មេទ្វារខាងជើងប្រើ​ពាក្យថា «វ្រះកម្រតេង៑អញ៑អាយ៑ត្រវាង៑វ៌្វៅ» (ប.២៧-៨) និង «វ្រះអាយ៑ត្រវាង៑វ៌្វៅ» (ប.២៩-៣០) ហៅសម្គាល់​ប្រាសាទ​នេះ។ ពាក្យ​ «វ៌្វៅ» នេះ​ ក្រោយមកក្លាយជា «រពៅ» រួចក្លាយជា «ល្ពៅ»។ ហេតុនេះទើបប្រាសាទនេះឈ្មោះថា ប្រាសាទត្រពាំងរពៅ ផង និង ត្រពាំងល្ពៅ ផង។ ទោះបីជាយ៉ាងនេះក្តី «ល្ពៅ» ជា​រុក្ខជាតិវល្លិ៍ដែលយើងស្គាល់សព្វថ្ងៃពុំមែនជាដំណាំក្នុងស្រុកឡើយ តែជាដំណាំមានដើមកំណើតនៅទ្វីបអាមេរិក។ ទាល់​តែ​ចាប់ពីឆ្នាំ១៤៩២ ដែលលោក គ្រីស្តុប គូឡុំ រកឃើញទ្វីបអាមេរិក ទើបមានការនាំចេញផលដំណាំពីទឹកដីអាមេរិក​ទៅ​កាន់ទ្វីបដទៃ ដែលក្នុងនោះមានល្ពៅផង។ ដូចនេះ វត្តមាន «ល្ពៅ» នៅកម្ពុជាអាចមានរយៈពេលយូរបំផុត ត្រឹមចុងសតវត្សទី១៥ប៉ុណ្ណោះ។ ចំពោះ «រពៅ» អ្នកស្រាវជ្រាវ​បាន​ពន្យល់ថាជាដើមឈើតូចឬចុល្លព្រឹក្ស​ដែល​ស្ថិត​ក្នុង​ប្រភេទ Connarus (Connaraceæ) (Pou & Martin, 1981)  ទំនងជាត្រូវ​នឹងរុក្ខជាតិដែលអ្នកខ្លះហៅថាដើមពពោះ លំពស់អំពស់។ ចំពោះការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យកឈ្មោះរុក្ខជាតិក្នុងស្រុកទៅដាក់ឱ្យរុក្ខជាតិចំណូលស្រុកនោះ ពុំមែនមានតែមួយករណីនេះទេ ហើយការ​ប្ដូរឈ្មោះនោះ​អាច​ហៅ​តាម​រូបរាង ឬកត្តាផ្សេងទៀត ដែល​មិនជាប់ទាក់ទងនឹងពូជឬប្រភេទ​នៃរុក្ខជាតិ​នោះ​ឡើយ។ ជាក់ស្តែងពាក្យថា «កំទ្វត៑/កំទ្វាត៑» (កន្ទួត) ក្នុងសិលាចារឹកសំដៅដល់រុក្ខ​ជាតិ​ដែល​យើងសព្វថ្ងៃហៅជា «​កន្ទួតព្រៃ» លុះក្រោយមកក៏ហៅរុក្ខជាតិចំណូលថ្មីនិងនៅក្នុងអម្បូរផ្សេងពីគ្នានោះថា «កន្ទួត» ដែរ គឺ កន្ទួតស្រុក ដោយសារមានរូបរាងស្រដៀងគ្នា(?)។ ម្យ៉ាង​ការហៅជា​ «កន្ទួតស្រុក» គឺដោយសារដំណាំនេះ អ្នកស្រុកនិយមដាំក្នុង​ដីភូមិក្បែរផ្ទះសំបែង ហើយស្គាល់ជាទូទៅនោះ ហៅត្រឹម «កន្ទួត»ៗ យ៉ាងខ្លីដូច្នេះឯង។ ឯ «កន្ទួត» ជារុក្ខជាតិដែលខ្មែរស្គាល់ពីដើម​មកច្រើនតែដុះក្នុងព្រៃនោះ ក៏ហៅ​ជា «កន្ទួតព្រៃ» ទៅវិញ។ ការបកស្រាយនិងឧទាហរណ៍ខាងលើនេះ ពុំទាន់ពេញលេញទេ ព្រោះ ល្ពៅ និង អំពស់ មានរូបរាងនិងប្រភេទខុសគ្នាស្រឡះ។ យើងមានឧទាហរណ៍ក្នុងរឿងនេះម្យ៉ាង​ទៀត គឺ​ ជនជាតិចិនកន្ដាំង នៅស្រុកខ្មែរមិនមានជាប់ទាក់ទងអ្វីនឹង កន្ដាំង បន្ដិច តែដោយសារពាក្យដើម គ័នទុង ខ្មែរពិបាកថាផង  ហើយស្រដៀងនឹងពាក្យខ្មែរថា កន្ដាំង ផង ទើបខ្មែរហៅថា ចិនកន្ដាំងៗ តែម្ដង។ គិតមកដល់ករណីនេះហើយ ទើប​យើងប្រឹងរក​ពាក្យហៅល្ពៅ​ក្នុង​ភាសាផ្សេងៗទៅ ក៏ឃើញថាពាក្យ «ល្ពៅ» ក្លាយមកពីពាក្យក្នុងអំបូរភាសា​អូស្ត្រូនេស៊ី «Labu» (លបុ/លពុ)។ ពាក្យនេះ ហៅសំដៅដល់ពពួករុក្ខជាតិវល្លិ៍ពពួកត្រសក់ ឃ្លោក ដែលមានរូបរាងតូចធំ ទ្រវែងឬមូល និងមានសម្បុរក្រឡេក្រឡាឬខ្លាឃ្លោក។ តាមការ​វិវត្តសូរក្នុងភាសាខ្មែរ យើង​អាចយល់បានថាពាក្យដែលខ្ចីមានវិវត្តដូច្នេះ៖ លបុ/លពុ > លបូ/លពូ > លបូវ​/លពូវ (ល្ពូវ/ល្ពៅ)។ យើងមានការវិវត្ត អុ > អូ > អូវ ដូចជាពាក្យ ស្រុ > ស្រូ > ស្រូវ,សត្រុ > សត្រូ > សត្រូវ ជាដើម​។ តាមការបកស្រាយ​មកនេះ យើង​ឃើញ​ថា​ករណីពាក្យ «Lapu» និង «វ៌្វៅ» ជាពាក្យពីរមានប្រភពពីផ្សេងគ្នា ប៉ុន្តែ​បាន​ក្លាយទៅជាពាក្យ «ល្ពៅ» ដូចគ្នា។ រុក្ខជាតិ «វ៌្វៅ/រពៅ» នេះ ទំនងជាប្រភេទរុក្ខជាតិដែលមានដុះនៅ​តាម​ទីតាំង​មានទឹកផង ដ្បិតយើងឃើញមានស្ថាននាមដូចជា ត្រពាំងរពៅ និង ទន្លេ​រពៅ​ជាដើម។

រូបថតហោព្រះភ្លើងនៅជ្រុងអាគ្នេយ៍ប្រាសាទ (រូបថត៖ EFEO_CAM10149-CAM10148)

លោកសាស្ត្រាចារ្យ ហ្ស៊ក សឺដេស បានសិក្សាសិលាចារឹក K.៦៩១ ជាភាសាបារាំងនៅក្នុងសៀវភៅ សិលាចារឹកនៃប្រទេសកម្ពុជា ក្បាលទី៤ ដែលបោះពុម្ពឆ្នាំ១៩៥២។ ក្រោ​យ​មកលោកសាស្ត្រាចារ្យ ហ្វីលីព ចេណ្ណឺរ បានសិក្សាសិលាចារឹកនេះជាភាសាអង់​គ្លេសនៅក្នុង​ស្នាដៃរបស់លោក Part xml, № 8 និងបានចុះផ្សាយក្នុងគេហទំព័រ http://sealang.​net​/​ok​/corpus.htm។ សិលាចារឹក K.៦៩១ ជាសិលាចារឹកភាសាខ្មែរមាន៨បន្ទាត់ ចុះកាល​ប​រិច្ឆេ​​ទនៅមហាសករាជឆ្នាំ៩២៤ (ត្រូវនឹងគ.ស. ១០០២) គឺអាចនៅរវាងចន្លោះរាជ្យព្រះបាទស្រីឧទយាទិត្យវម៌្មទេវទី១ (គ.ស.១០០១-១០០២) និងព្រះ​បាទ​ស្រីជ័យវីរវម៌្មទេវ (គ.ស.​១០០២​-​១០១០)។ អត្ថបទចារឹកនិយាយអំពីបុរសឈ្មោះលោញទាន​ស្ថាបនាទីតម្ក​ល់ព្រះភ្លើង ហើយថ្វាយអ្នកបម្រើ៤នាក់ក្នុងមួយបក្ស (ឬកន្លះខែ) ដើម្បីឱ្យអ្នកទាំងនោះបង្កបង្កើនផលស្រែសម្រាប់បូជាថ្វាយ​​ព្រះភ្លើង និងថ្វាយអង្ករសម្រាប់យជ្ញព្រះភ្លើង​ និងមានការរៀប​ចំ​ផ្សេងៗសម្រាប់អាស្រម។ សេចក្តីនៃសិលាចារឹក K.៦៩១ បានបង្ហាញថា ហោត្រៃ ប្រាសាទ​នេះ គឺជាទីតម្កល់ព្រះភ្លើង ដោយបញ្ជាក់ថា លោញទាន បានស្ថាបនាទីតម្កល់ព្រះភ្លើង (ប.​​​១-២) ហើយថែមទាំងបញ្ជាក់ថាទីនោះជា អាស្រមព្រះភ្លើង (ប.៦) ផង​។ កន្លងមកមានការសិក្សាខ្លះហើយ អំពីរឿងហោត្រៃ ឬបណ្ណាល័យ​ នៅតាម​ប្រាសាទ​ និងសិលាចារឹកនៅហោត្រៃដែលនិយាយពីការស្ថាបនាព្រះភ្លើង។ លោក Thomas Maxwell (2009) បានសិក្សា​យ៉ាងក្បោះក្បាយពីសិលាចារឹក K.១៣១៣ នៅមេទ្វារនៃអគារលេខ៤៥ នៃក្រុមសំណង់ខាងកើត ក្នុងធ្លាទី២នៃប្រាសាទបន្ទាយឆ្មារ ដែលនិយាយពីការតម្កល់ «វ្រះវ្លេង៑​ស្វគ៌្គ» (ព្រះភ្លើងសួគ៌)។ តាមជំនឿ លោកបាល (ទេវតារក្សាលោក) ឬ ទិក្បាល (ទេវតារក្សាទិស) គេជឿថាមានទេវតា៨អង្គរក្សាទិសទាំង៨ ឯ ព្រះអគ្និព្រះអគ្គី គឺជាទេវតាគ្រប់គ្រងរក្សាលោក​នៅ​ទិសអាគ្នេយ៍។ តាមជំនឿនេះហើយ​ បុព្វបុរសខ្មែរ តម្កល់ព្រះភ្លើងនៅហោត្រៃប្រាសាទត្រពាំង​រពៅ​ និងប្រាសាទផ្សេងទៀត ស្ថិតនៅទិសអាគ្នេយ៍នៃប្រាង្គសំខាន់ ពុំនោះទេអគារណាក៏ដោយ ដែលស្ថិតនៅទិសអាគ្នេយ៍ក៏អាច​ធ្វើជាកន្លែងបូជាព្រះភ្លើងដែរ។

សំណៅសិលាចារឹកប្រាសាទត្រពាំងល្ពៅ K.៦៩១ (រូបថត៖ EFEO តាមរយៈ CISARK )

២- អត្ថបទដើមជាអក្សរខ្មែរទំនើប

អត្ថបទចម្លងសិលាចារឹកប្រាសាទត្រពាំងល្ពៅ K.៦៩១ (រូបថត៖ ហ៊ុន ឈុនតេង )

១-  ៩២៤ឝកបិកេត៑(អាឝុ)ជ្យចន្ទ្រវារនុលោញ៑ទាន៑

២- ស្ថាបនាវ្រះវ្លេង៑បិជ្វនខ្ញុំឃោកញ្ជេស៑ឃោចាម្ប

៣- តៃមាឃតៃកន៑រុន៑តោយ៑ខ្នេតឃោកន៑ស្រាច៑

៤- ឃោកញ្ចាន៑តៃបន្លាស៑តៃកឥន៑តោយ៑ណ៌្ណោច

៥- ថ្វេស្រេវ្រះវ្លេង៑ឱយរង្កោទា្នល៑ម្វាយយជ្ញវ្រះ

៦- វ្លេង៑ប្រតិទិនគិបទះស្ថានជាអាឝ្រមវ្រះវ្លេង៑

៧- កល្បណាតស្មិង៑ចន្រ្ទបូរសាម៑បុរោហិតវ្រះ

៨- នេះគិតបរិបាលអាឝ្រម//៙

អត្ថបទប្រែសម្រួល

(១-៤)  នាមហាសករាជឆ្នាំ៩២៤ ទី៣កើត ខែអស្សុជ ថ្ងៃចន្ទ លោញទានស្ថាបនា(ទីតម្កល់)ព្រះភ្លើង​ គប្បីថ្វាយអ្នកបម្រើ(មាន) ឃោកញ្ជេស ឃោចាម្ប តៃមាឃ (និង)តៃកនរុន បម្រើខែខ្នើត​។ ឃោកនស្រាច ឃោកញ្ចាន តៃបន្លាស (និង)តៃកឥន បម្រើខែរនោច។

(៤-៦) (អ្នកបម្រើទាំងនោះត្រូវ)ធ្វើស្រែ(សម្រាប់​បូជាថ្វាយ)ព្រះភ្លើង (ដោយ​ត្រូវ​)ថ្វាយអង្ករ១ទា្នល សម្រាប់បូជាយជ្ញព្រះភ្លើងរៀងរាល់ថ្ងៃ។

(៦-៧) លំនៅស្ថាន(ចំណុះ)ជាអាស្រមព្រះភ្លើង (ត្រូវ)រៀបចំគ្រឿងរណ្តាប់​ដល់ស្មឹងចន្ទ្របូរជារឿយៗ។

(៧-៨) បុរោហិតព្រះនេះជាអ្នកថែរក្សាអាស្រម។

សន្និដ្ឋានរួម

​សិលាចារឹកប្រាសាទត្រពាំងរពៅ ឬប្រាសាទគុកត្រពាំងល្ពៅ K.៦៩១ មានតម្លៃខាងទិដ្ឋភាពនៃការសិក្សាអំពីស្ថាននាម រុក្ខនាម ប្រវត្តិពាក្យសព្ទ និងខាងទិដ្ឋភាពជំនឿសាសនា មានការថែរក្សាអំពើបុណ្យនាសម័យបុរាណ គឺពុំមែនត្រឹមតែតម្ក​ល់​ព្រះហើយចប់ទេ ប៉ុន្តែត្រូវគិតគូរ ចាត់ចែងឱ្យមានអ្នកបម្រើ ស្មឹង បុរោហិតជាដើមសម្រាប់​ធ្វើឱ្យប្រាសាទមានដំណើរការទៅមុខដោយរលូននិងឋិតឋេរ។ ម្យ៉ាងទៀតសិលាចារឹកនេះបានផ្តល់ភស្តុតាងពីតួនាទីរបស់ «ហោត្រៃ» នៃប្រាសាទថាជាទីបូជាព្រះភ្លើងផងដែរ។

វាក្យសព្ទ

អឝុជ្យ         (សំ. អឝ្វយុជ)= ខែអស្សុជ។

ចន្ទ្រវារ         (សំ.) ថ្ងៃចន្ទ។

វ្រះវ្លេង         > ព្រះភ្លើង, គឺព្រះអគ្និដែលអ្នកកាន់សាសនាព្រាហ្មណ៍គោរពបូជា។

រង្កោ            >អង្ករ។

ទ្នាល           ខ្នាតសម្រាប់វាល់អង្ករ។

ប្រតិទិន       (សំ.) រៀងរាល់ថ្ងៃ។

បទះស្ថាន    (សំ. បទះ > ផ្ទះ) លំនៅស្ថាន។

កល្បនា       (សំ.) រៀបចំ, បង្កើត, គ្រឿងរណ្តាប់បូជា។

ស្មិង៑              > ស្មឹង, អ្នករៀបចំធ្វើពិធីបូជា។ ក្នុងបរិបទសព្វថ្ងៃ ស្មឹងជារូបអ្នកតាហៅថា ស្មឹងអ្នកតា ជាអ្នកនាំអ្នកស្រុកភូមិឱ្យធ្វើពិធីទាន់ខែទាន់រដូវ។

សាម៑           (~សាំ)= ដដែលៗ, ញឹកញយ, រឿយៗ។បរិបាល        (~បរិបាលន, សំ.)= រក្សា, គ្រប់គ្រង, ការពារ។

———————–

The Toponym of Prasat “Trapeang Ropov” and its Inscription K.691

This article explores the origin of the name Prasat Trapeang Ropov and its inscriptions. Located south of the Western Baray in Prey Chas village, Toek Vil commune, Pouk District, Siem Reap Province, Prasat Trapeang Ropov bears several names, including Trapeang Ropov, Trapeang Lpov, Kuk Trapeang Lpov, and sometimes Prasat Neang Pov. The site comprises three main temples aligned on a north-south axis and a temple base at the east south, which served as the firehouse. Two inscriptions, K.690 and K.691, have been discovered here.

The present name of the temple has remained remarkably unchanged for over 1021 years. According to the inscription K.691, the original name was Travāṅ Rvvau. The word Travāṅ evolved into Trapāṃṅ (ត្រពាំង) in modern Khmer, meaning “body of standing water: pond, pool; reservoir, tank.”. Rvvau, in turn, transformed into Rbau and Lbau. The word Lbau (ល្ពៅ) has two meanings: 1 n. Shrubs of the species Connarus (Connaraceæ) and 2 n. Cucurbita maxima Duch. (Cucurbitaceæ), the pumpkin.

While the second meaning is more widely recognized by Khmer people today, it is important to remember that pumpkins are not native to Asia. They originated in America and were introduced to the region much later. According to linguistic sources, the word Lbau in the Khmer language was adopted from the Austronesian language, Lapu, which refers to all types of gourds and squashes. Therefore, the temple’s name refers not to a pond of pumpkins, but rather to a pond associated with Connarus shrubs.

The K.691 inscription, bearing eight lines in Old Khmer and dated back to 924 śaka ear or 1002 A.D., corresponds to the reign of King Udayadityavarman I or Jayaviravarman. The inscription details the installation of the Sacred Fire at the firehouse by Loñ Dān. Additionally, it records the assignment of eight slaves, an allowance of rice, and provisions for its perpetuation. This inscription provides valuable insights into the religious practices and social structures of the Angkor period.

Through its name and inscription, Prasat Trapeang Ropov offers a fascinating glimpse into the history and culture of the Angkor era. The temple’s name reflects the local landscape and the evolution of the Khmer language, while the inscription reveals valuable details about religious practices and social organization.

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!