ទំព័រដើមសិល្បៈព្រះវិហារ​សសរឈើវត្ត​ស្វាយ​សាច់ភ្នំ

ព្រះវិហារ​សសរឈើវត្ត​ស្វាយ​សាច់ភ្នំ

វត្តស្វាយ​សាច់ភ្នំ ឬវត្តអម្ពវនារាម ​​​​កសាង​ឡើង​​​នៅប្រប​ដង​ទន្លេ​ធំ ស្ថិត​ក្នុង​ឃុំ​ស្វាយ​សាច់ភ្នំ ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់​ចាម។ ក្នុង​បរិវេណ​វត្ត​នេះគេ​មើល​ឃើញ​​មាន​សំណង់​បុរាណ​​​​ជាច្រើន ជា​ពិសេស​គឺ​​​ព្រះវិហារ​​ចាស់​មួយ​​ដ៏ល្បីល្បាញ​ ដែលមាន​សសរ​ឈើ​ធំៗ​​​​ទឹប​​មាស​​​ និង​​​ការ​តុប​តែង​លម្អ​​​​ផ្នែក​ផ្សេងៗ​នៃសំណង់​​ប្រកប​​ដោយ​ក្បាច់​​រចនា​យ៉ាង​​ល្អ​វិចិត្រ​​​ក្រៃលែង​។ នៅលើ​បល្ល័ង្ក​ព្រះជីវ៍ លើ​សសរ លើជញ្ជាំង លើចំណងជើង​គំនូរ និង​លើ​ខ្លោង​ទ្វារ​នៃព្រះវិហារ​នេះ តែង​ឃើញ​មាន​កត់ត្រា​កាល​បរិច្ឆេទ​ផ្សេងៗគ្នា​គួរ​ឱ្យ​ពិចារណា។ បើ​​​​តាម​ការ​​​អះអាង​របស់​អ្នក​ជំនាញ គិត​មក​ដល់​សព្វថ្ងៃ​ព្រះ​វិហារ​​វត្ត​​ស្វាយ​​សាច់ភ្នំ​​​មាន​អាយុ​​កាល​​​ប្រហែល​១សតវត្សរ៍ ហើយ​បើ​តាម​អ្នក​ស្រុក​លើ​ក​ឡើងថា​កាល​​​​ក្នុង​​របប​កម្ពុជា​ប្រជា​​ធិប​​តេយ្យ (១៩៧៥-១៩៧៩) ​ព្រះវិហារ​​ខាង​លើ​ធ្លាប់​​​​​ធ្វើជា​​​ឃ្លាំង​​​ជីអាចម៍​គោ​ក្របី។ ប៉ុន្តែ​​​យ៉ាង​​ណាក្តី ​ ក្រោយ​ប្រទេស​មាន​សន្តិភាព​ឡើង​វិញ ​ព្រះ​វិហារ​​​បុរាណ​​នេះ​​​បាន​ជួស​ជុល​​ថែ​ទាំ​​បន្ត​បន្ទាប់​​​ហូរហែ​មក​​​ ទុក​សម្រាប់​​គោរព​​បូជា​​​តំណ​​ព្រះ​​សាសនា​។

ផ្អែកតាមការ​សិក្សា​ផ្នែក​សិល្បៈ​ស្ថាបត្យកម្មសំណង់​នៅតាម​វត្ត​អារាម គេចាត់​ព្រះ​វិហារ​​​វត្ត​ស្វាយ​សាច់ភ្នំ​ជា​​ប្រភេទព្រះវិហារ​បុរាណ ឬ​ព្រះវិហារ​​ជហ្វា​បួន​មួយ​បែប​ ដែល​មាន​ជញ្ជាំង​ជាប់​​សសរ​បាំងសាច(សសរ​ជួរ​​ខាង​ក្រៅ) មាន​ល្វែងខាងក្នុង​ព្រះវិហារ​ស្រឡះ និ​ង​​​ទូលាយ​​សម្រាប់​​ធ្វើកិច្ចពិធីផ្សេងៗ។ តាម​ការ​សន្និដ្ឋាន​របស់​ Danielle និង Dominique-Pieree Guéret ព្រះ​វិហារ​នេះ គឺជា​​ព្រះវិហារគំរូមួយ​​ក្នុង​​រាជ្យ​​ព្រះ​បាទ​រោត្តម​​​​។ បើពិនិត្យ​លើ​​រូប​ថត​កាល​ពី​ជាង​​១០ឆ្នាំមុន ព្រះវិហារ​បុរាណ​ខាងលើ​​​សង់​ឡើង​​​នៅ​លើ​ខឿន​ពីរថ្នាក់​ ដែល​​មាន​​ខ្លោង​ទ្វារ​​នៅ​តាម​ទិស​នីមួយៗ។ ​ជញ្ជាំងព្រះវិហារ​​រៀប​ឥដ្ឋ និងដំបូល​ប្រក់ក្បឿង​ស្រកាលេញ​ ​មានហប់ខ្យល់​មុខក្រោយ ព្រម​ទាំង​​​មាន​បំពាក់​​ជហ្វា​​២នៅចុង​មេ​ដំបូល​​ខាងមុខ និង​ជហ្វា​២​ទៀត​​​នៅចុង​មេ​ដំបូលខាង​ក្រោយ។ នៅ​តាម​ចុង​ចែង​​នីមួយៗ​ សុទ្ធ​តែ​លម្អ​ដោយ​ក្បាច់​នាគ​ដងក្តារ​ ដែល​​ជា​ប្រភេទ​ក្បាច់​ពុម្ពស៊ីម៉ងត៍​។ រីឯ​ការ​​ប្រើពណ៌​លាប​លម្អ គេ​សង្កេត​ឃើញ​​​ជា​ពណ៌មិន​ឆើត​ឆាយឡើយ ពោល​​​គឺជហ្វា​ទាំង​បួន​​លាប​ពណ៌​ស ផ្ទៃ​​​ហោ​ជាង​លាបពណ៌​លឿង​​​ស្រាល តែ​​នាគដងក្តារ និង​​រងស្បូវ​​ពុំលាប​ពណ៌ទេ។ ផ្ទៃជញ្ជាំង​ គេ​លាប​ពណ៌​ស រំលេច​​លម្អ​ដោយ​​ក្បាច់​​​​សសរ​តាម​​​ជញ្ជាំង និង​​ស៊ុម​ទ្វារ​-បង្អួច​​ពណ៌​​​ប្រផេះ​​។ លើស​​ពីនេះ អ្វី​​​​គួរ​ឱ្យ​​កត់​​សម្គាល់ គឺនៅ​​ចុង​​​ដំបូល​​ផ្នែក​​​ខាងមុខ ​និង​ខាង​​​​ក្រោយ​​​​ពុំ​មាន​​​​​​​ត​សំយ៉ាប​​គ្រប​​​​​ជណ្តើរ​​​​​​​​​ដូច​​​​​ឃើញ​​​​​សព្វ​​ថ្ងៃ​​ឡើយ (រូប​​​​លេខ​​​​១)។ ប៉ុន្តែ​​​យ៉ាង​​ណាក្តី ក្រោយ​​​ការ​ជួស​ជុល​​​​ចុងក្រោយ​របស់​​អ្នកជំនាញ​ក្រសួង​វប្បធម៌​​ និង​វិចិត្រសិល្បៈ (​បញ្ចប់​នៅ​ក្នុង​ចុង​ឆ្នាំ​២០១៧) គេសង្កេតឃើញ​​ព្រះវិហារ​វត្ត​ស្វាយ​សាច់​ភ្នំ​​​នៅ​រក្សា​​រចនា​សម្ព័ន្ធ​ទូទៅ​ ​និង​ការ​​លាប​​ពណ៌​លម្អ​​ស្ទើរ​ដូច​​លំនាំដើម​​ដដែល។ ​

ដោយ​ឡែក​ចំពោះ​ការ​លម្អ​លើ​ហោជាង​ដែល​ឃើញ​​សព្វថ្ងៃនៅលើ​​​ព្រះវិហារ​នេះ ហាក់​​ប្លែក​ពី​ព្រះ​វិហារ​ផ្សេងៗ ដ្បិត​​សិល្បករ​ជ្រើសរើស​ប្រើ​ក្បាច់​ភ្ញីភ្លើង​មក​​​រចនា​លម្អ​លើ​ហោ​ជាង​​​​ទាំង​​​​មុខ និង​ក្រោយ។ ក្បាច់​ភ្ញីភ្លើងលម្អ​នោះសោត ឆ្លាក់​ពីស៊ីម៉ងត៍​ស្តើងៗ​​​ចេញ​ពី​គល់​​ហោជាង រលាស់ឡើង​ទៅលើ​ ព័ទ្ធជុំវិញ​រូប​ព្រះវិស្ណុ(?) គង់លើ​បល្ល័ង្ក​ទាបមួយ ដែល​​នៅ​​ក្នុង​ព្រះ​ហត្ត​ទាំងពីរ​កាន់​អាវុធ​ជា​កេតនភណ្ឌ (រូបលេខ២-៣)។ បើមើល​ក្នុង​រូបថត​ឯកសារ​​ផ្សេងៗ​​មុន​​ជួស​ជុល ហោជាង​ព្រះវិហារ​នេះ​លាបផ្ទៃពណ៌​លឿងស្រាល ក្រោយមក​លាប​ពណ៌​​​ផ្កា​ឈូក​​ ហើយ​សន្លឹក​ក្បាច់​នីមួយៗ​រំលេច​ដោយ​ពណ៌​ទឹកមាស។

ចំណែកឯការ​លម្អលើ​ជញ្ជាំង​ខាងក្រៅព្រះវិហារ គេឃើញមា​ន​​ផ្នែកខ្លះគួរ​ឱ្យ​ចាប់​កត់​សម្គាល់ដែរ។ ផ្ទៃជញ្ជាំង​សព្វថ្ងៃ​គេ​លាបពណ៌ស ក្បាច់លម្អ​សសរនីមួយៗ​លាប​​ពណ៌​ប្រផេះ តែ​​អ្វីដែល​ពិសេសគឺនៅតាម​គល់​សសរ​​មាន​ឆ្លាក់​រូប​ផ្សេងៗ​ ទំនង​​​ជា​តួ​អង្គ​ដក​​ស្រង់​​ចេញ​​ពីរឿង​រាមកេរ្តិ៍ ឬរឿង​បុរាណ​ណាមួយ ហើយ​នៅ​ផ្នែក​ខាងលើ​រូប​ទាំង​នោះ​គេ​​តែង​​សង្កេត​​​ឃើញ​​ចារ​ពាក្យមួយឃ្លាខ្លីថា “ព្រះសាស្នា​បាន​២៤៦៨” ​ត្រូវ​នឹង​ឆ្នាំ​​១៩២៥ ​(រូប​លេខ​​​៤-៦)​។ លើស​ពី​នេះបើ​មើល​​ទៅ​ដល់​ខ្លោង​ទ្វារ​ទាំង​បួន​ទិស​ជុំវិញព្រះវិហារ​ ​តែង​ឃើញ​​​មាន​ចំណារ​​ឈ្មោះ​អ្នក​​មាន​សទ្ធាកសាង និង​​​កាល​បរិច្ឆេទបញ្ជាក់​​​ឆ្នាំ​១៩២៨។​

រចនាសម្ព័ន្ធផ្នែកខាងក្នុង​ព្រះវិហារ គេសាងឡើងចែក​ជា​៥ល្វែង ដោយ​​មាន​​សសរ​​ឈើ​​ធំៗ​​បួនជួ​រ​រចនាលម្អដោយ​ក្បាច់ និង​គំនូរ​ទឹបមាស​យ៉ាង​ល្អឯក អម​សងខាង​ល្វែង​គ្រឹះ (រូប​លេខ​៧)​។ ប៉ុន្តែព្រះ​វិហារ​​នេះ គេ​រៀប​ជញ្ជាំង​ឥដ្ឋ​បូកកំបោរ​បាយ​អរ​នៅជាប់​​សសរបាំង​សាច​​​​ ដែល​​​ធ្វើ​​ឱ្យ​ខាង​ក្នុង​​ព្រះវិហារ​កាន់តែស្រឡះ និងធំ​​​ទូលាយ​។ នៅខាង​ចុង​​​ខាង​លិច​នៃ​ល្វែង​គ្រឹះ​​ គឺជា​បល្ល័ង្កតម្កល់​ព្រះជីរ៍​ធំ​​ដែល​សាង​មក​​ក្រោយ​សម័យ​សង្រ្គាម (រូប​​លេខ​៨)។ បើយោង​​តាម​ចារឹក​​​ពីរ​​ផ្ទាំង​​ដែល​ចារជាប់​នៅ​ផ្នែក​ខាងក្រោ​យ​បល្ល័ង្ក​​ឱ្យដឹងថា​ ព្រះ​វិហារ​​វត្ត​ស្វាយ​​សាច់​ភ្នំនេះ​កសាង​ឡើង​ក្នុង​​​ព្រះ​ពុទ្ធសករាជ​២៤៤៨ (ឆ្នាំ​១៩០៥) ហើយ​​​​សាង​​បល្ល័ង្ក​ និង​​ព្រះ​​​ជីវ៍​ក្នុង​ព្រះពុទ្ធ​សករាជ​​២៥២៥ (ឆ្នាំ​​១៩៨២)។ អ្វីគួរ​ឱ្យ​កត់​សម្គាល់ គឺ​នៅ​​​ផ្នែក​ខាង​មុខ​​នៃ​បល្ល័ង្ក​ព្រះជីវ៍​គេ​ឆ្លាក់​រូបព្រះពុទ្ធបរិនិព្វាន ដែលកម្រឃើញ​នៅ​​តាម​បណ្តា​​ព្រះវិហារ​ផ្សេង​។ ប៉ុន្តែកាយ​វិការ​នៃព្រះបដិមា​ព្រះជីរ៍ គឺសាងឡើង​ក្នុង​ទម្រង់​ជា​ព្រះពុទ្ធ​ម្ចាញ់​មារ​ ដោយ​​ទ្រង់គង់​ព្រះភ្នែន​ ព្រះបាទ​ស្តាំគងលើ​ព្រះបាទឆ្វេង ព្រះ​ហស្ត​ស្តាំ​លា​​សំយុង​​ចុង​ម្រាម​​ទៅក្រោម ហើយ​ព្រះហស្ត​ឆ្វេង​លា​ផ្ងារ​ដាក់លើ​ចុង​​ព្រះ​បាទ​ស្តាំ ដូច​​ការ​និយម​​តាម​វត្ត​​​នានាដែរ។ ចំណែកឯ​នៅខាងក្រោយ​បល្ល័ង្ក​ គេ​ឆ្លាក់​រូប​នាង​គង្ហីង​ព្រះ​ធរណី​​​​ច្បូត​សក់​ បង្ហាញ​ឱ្យ​​ឃើញ​ជាក់ស្តែង​ដូច​ក្នុង​រឿង​ពុទ្ធប្រវត្តិ​ត្រង់​ឈុត​ព្រះ​ពុទ្ធ​អង្គ​​ទ្រង់​​​ផ្ចាញ់​មារ។

ចំពោះការ​រចនាក្បាច់លម្អ និង​គំនូរ​​ទឹប​មាស​លើ​សសរ​ព្រះវិហារ​វិញ​ គេ​​សម្គាល់​ឃើញ​​ប្លែក​ពី​ព្រះវិហារ​ដទៃ​ ដ្បិ​ត​​​​សសរ​ខ្លះ​មាន​រំលេច​ជារូបរុក្ខជាតិតូចៗ មានវល្លិ មាន​ដើម ទង ស្លឹក ផ្កា ផ្លែ និង​តួអង្គ​ក្នុង​រឿង​បុរាណ​ដូចជា កិន្នរ យក្ស នាគ ឬរូបតួអង្គទេព ឬ​សត្វ​​ផ្សេងៗ​ក្នុង​រឿង​ទេព​កថា​ជាដើម (រូបលេខ៨)។ សូមបញ្ជាក់​ថា​សសរ​ទាំងបួន​ជួរ​​ក្នុង​​​ព្រះ​វិហារ​​នេះ​មានសរុប​៣២​​ដើម ធ្វើ​ពីឈើ​ឈូស​ឱ្យ​មូល​រលោង ​​ទំហំ​មួយ​ឱប​មនុស្ស ទ្រ​​​គ្រឿង​​​បង្គុំ​ឈើ​ផ្នែក​ខាង​លើ​។ ប៉ុន្តែ​ក្នុង​ចំណោម​សសរ​ទាំង​អស់មាន​សសរ​​​មួយ​​ដើម​​នៃ​ជួរ​ខាង​ស្តាំ​​​ក្បែរ​បល្ល័ង្ក​​ព្រះជីវ៍​ គឺជា​សសរ​បេតុង​​ ធ្វើថ្មី​តាម​ទំហំ​ និង​​លំនាំ​សសរ​ឈើ​ដែល​​ពុកខូច​ទៅ ហើយ​ក្នុង​ចំណោម​សសរ​ទាំង​៣២ដើមនោះដែរ មាន​​សសរ​មួយ​ទៀត​​ចារឹក​​កាល​បរិច្ឆេទ​ខ្លី​ថា “​ព្រះ​សាស្នា​បាន​២៤៥៤” (ឆ្នាំ​​១៩១១)។

គំនូរ​ខាងក្នុង​ព្រះវិហារ គូរនៅលើ​ផ្នែកសំខាន់ៗ​នៃសំណង់​ដូចជា​ ពិតាន ហប់ខ្យល់​ និង​លើ​ជញ្ជាំង​ជុំវិញ។ ប្រធានបទ​ដែល​លើក​មក​គូរ​ក្នុង​ព្រះវិហារ​នេះ គឺឈុត​សំខាន់ៗ​នៃ​រឿង​​ពុទ្ធប្រវត្តិ ​រឿង​ជាតក ​គំនូរ​ព្រះអា​ទិត្យ​ និងព្រះចន្រ្ទ​ ដូច​បណ្តា​ព្រះវិហារ​ផ្សេងដែរ។ ប៉ុន្តែ​បើគេ​ពិនិត្យ​ឱ្យ​ល្អិត គេ​មើល​ឃើញ​ថាគំនូរលើហប់ខ្យល់​មុខ​ក្រោយ គឺជា​គំនូរ​បុរាណ​ដែល​ទំនង​គូរ​តាំងពីចាប់​ផ្តើម​កសាងព្រះវិហារ។ ចំណែកឯ​គំនូរ​លើ​​ជញ្ជាំង​ជុំវិញ​មួយ​ភាគ​​ធំ មាន​ចុះកាល​បរិច្ឆេទ​គូរ​ក្នុង​​ឆ្នាំ​១៩៥៦-១៩៥៧ ​ដោយ​វិចិត្រ​ករ​ឈ្មោះ ណែម និង​ ម៉ក់​។ ដោយឡែក​ គំនូរ​មួយផ្នែក​ទៀត​នៃជញ្ជាំង​ជុំវិញ​នោះដែរ​​ រួម​ទាំង​គំនូរ​លើ​ពិតាន គឺ​​ជា​​គំនូរ​ថ្មី គូរ​ឡើង​វិញ​បន្ទាប់ពីជួស​ជុល​ព្រះ​វិហារ ក្រោយ​​​ចប់​សង្រ្គាម ​ពោល​គឺគូរ​​បំពេញ​សាច់រឿង​ដែល​ខូច​ខាត​កាល​សម័យ​​សង្រ្គាម​ (រូបលេខ​៩)។

ជា​សង្ខេបមក បើផ្អែកតាម​កាលបរិច្ឆេទ​ចារលើ​ផ្នែកផ្សេងៗ​នៃសំណង់​ដូច​រៀបរាប់​​ខាងលើ នាំ​ឱ្យ​យើង​កាត់យល់បានថា ព្រះវិហារ​​វត្ត​ស្វាយ​សាច់ភ្នំ​​​ទំនង​ចាប់​ផ្តើម​សាងសង់​ក្នុង​ព.ស.​២​៤៤៨ (ឆ្នាំ​១៩០៥) រចនា​ក្បាច់​និង​គូរ​គំនូរ​ទឹបមាស​លើ​សសរ​​ក្នុងព.ស.​​២៤៥៤​​(ឆ្នាំ​​១៩១១)។​ បន្ទាប់មក​ ទើបរៀប​ជញ្ជាំង​ឥដ្ឋ​បូកកំបោរបាយអរ​​ដូច​ឃើញ​សព្វថ្ងៃ​នៅ​ក្នុង​ ព.ស.​២៤៦៨ (ឆ្នាំ​១៩២៥) និងសាងខ្លោង​ទ្វារ​ជុំវិញ​ក្នុង​ព.ស.​២៤៧១ (ឆ្នាំ​១៩២៨ )។ លុះ​ចូល​​ដល់​រវាង​ព.ស.​២៤៩៩-២៥០០ ​(ឆ្នាំ១៩៥៦-១៩៥៧ ) ទើប​​គូរគំនូរ​លើ​ជញ្ជាំង​ខាង​ក្នុង​ព្រះវិហារ​ ហើយ​​ក្រោយ​សង្រ្គាម​បញ្ចប់ ទើប​គេ​​កសាង​បល្ល័ង្ក​និង​ព្រះជីវ៍​ថ្មី​ឡើង​វិញ​​ក្នុង​ព.ស.​២៥២៥ (ឆ្នាំ​១៩៨២) ដូច​ឃើញសព្វថ្ងៃ​៕

អត្ថបទដោយ៖ ហៀវ សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!