ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកភូមិកំពីងពួយ K.៩៥៧

សិលាចារឹកភូមិកំពីងពួយ K.៩៥៧

សិលាចារឹកនេះ រកឃើញនៅក្នុងឆ្នាំ​១៩៥៥ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេស​ថៃ បន្ទាប់​មក​បានយកទៅរក្សាទុកនៅសារមន្ទីរជាតិ ក្រុងបាងកក។ ទីតាំងរកឃើញនេះ មានឈ្មោះជាភាសាថៃថា บ้านพังพวย មានន័យជាខ្មែរថា ភូមិ​កំពីងពួយ។ នៅពេល​រកឃើញ​ គេពុំ​មានភស្ដុតាង​បុរាណវិទ្យាអ្វីសេសសល់បន្ដិចសោះ នៅតំបន់ក្បែរនោះ។​

ផ្ទាំងថ្មចារឹក ជាថ្មភក់ពណ៌ក្រហម មានរាងជាសន្លឹកសីមាទ្រវែង មាន​កម្ពស់​១៥២​ស.ម. បន្ទារ៤៥ស.ម. និងកម្រាស់១២.៥ស.ម.។ អត្ថប​ទ​ចារឹកចារ​ជា​ភាសា​ខ្មែរ ​នៅលើផ្ទៃសង្ខាង ដែល​ផ្ទាំង​ក​មាន​ចំនួន​២២បន្ទាត់ ផ្ទាំងខដាច់ដោចនៅសល់តែ១៣បន្ទាត់។ អត្ថបទនៅផ្ទាំងក ចុះកាលបរិច្ឆេទនៅមហាសករាជឆ្នាំ៨៦៣ (ត្រូវនឹងគ.ស. ៩៤១) និយាយពីព្រះរាជសាសន៍របស់ព្រះមហាក្សត្រ ត្រាស់បញ្ជាឱ្យសង់គោលសិលាចារឹកនាព្រះបុណ្យគ្រួសារ​អាចារ្យបរមាចារ្យក្នុងស្រុកវនបូរ ដែលផ្សំគ្នានឹងប្រាសាទគម្តែងអញ​ជគតលិ​ង្គ​បូរ និងការរៀបចំរណ្តាប់បូជាមានអាហារ ស្រែ អ្នកបម្រើ និងគោក្របី។ ព្រះមហាក្ស​ត្រចេញ​បម្រាមមិនឱ្យទារយកភូម្យាកររបស់ប្រាសាទគម្តែងអញជគតលិង្គបូរឡើយ។ អ្នកណាដែលពុំធ្វើតាមព្រះរាជបញ្ជានឹងត្រូវគេចាប់ដាក់ទ្រុងយកទៅកាត់ទោស។ ចំណែកសេចក្ដីដែលសេសសល់នៅផ្ទាំងខ ធូលីជើងកំស្តែងអញស្រីរាជេន្ទ្រវម៌្ម នាំព្រះរាជសាសន៍ព្រះមហាក្សត្រត្រាស់បញ្ជាឱ្យសង់បង្គោលព្រំដីនៅទីនោះ ហើយចែងពីតង្វាយនិងបម្រាមថាមិនឱ្យទារយកភូម្យាករដែរ និងសូមឱ្យបម្រើចំពោះព្រះបុណ្យអាចារ្យបរមាចារ្យ។

អត្ថបទដើមជាអក្សរខ្មែរទំនើប

មុខ ក

៚//សិទ្ធិ ឱំ ស្វស្តិ៙//

សំណៅសិលាចារឹកភូមិកំពីងពួយ K.៩៥៧
(រូបថត៖ សាកលវិទ្យាល័យសិល្បករ តាមរយៈ៖ https://db.sac.or.th/inscriptions/inscribe/detail/316)

១- ៨៦៣ឝក្កឆត្ថីកេត៑ឝ្រាវនអា(ទិ)ត្យវារនុធូលីជេង៑កំស្តេង៑

២- អញ៑ឝ្រីរាជេន្ទ្រវម៌្មបង្គំថ្ប្វង៑និវេទនវ្រះបុន្យគោត្រអា

៣- ចាយ៌្យបរមាចាយ៌្យតគិស្រុក៑វនបុរលេង៑សំគណនុវ្រះកំ

៤- ម្រតេង៑អញ៑ជគត៑លិង្គបុរមាន៑វ្រះឝាសនតកំស្តេង៑អញ៑រាជកុ

៥- លមហាមន្ត្រីស្តេញ៑អញ៑ចតុរាចាយ៌្យបន្ទ្វល៑វ្រះឝាសនត

៦- អាចាយ៌្យបាលភាគវតប្រត្យយប្រេមោក៑សង៑គោល៑ប្រឝស្តត

៧- គិស្រុក៑វនបុរនាវ្រះបុន្យគោត្រអាចាយ៌្យបរមាចាយ៌្យផ្សំគ

៨- ណនុកម្រតេង៑អញ៑ជគត៑លិង្គបុរ៙ចាំចំនាំបយ៌្យង៑មាស៑២

៩- អក្ឞ[[ត]]ជេ២ម្វាយ៑ឆ្នាំស្រេវ្រះអំវិតគិត្រវាង៑ទៅបូវ៌្វល្វះតគោល

១០- ប្រសប៑រុទ្រាលយទៅទក្ឞិណល្វះវ្នំម៑ទៅបឝ្ចិមល្វះត្រវាង៑ស្វា

១១- យ៑យ៌្យាប៑ទៅឧត្តរល្វះឆ្ទិង្ងស្រេង៌េង៑ទៅទក្ឞិណឧទ្យានល្វហ៑ជ្រលុះ

១២- ហស្រេជីឝ្រីបទអំវិទក្ឞិណស្តុក៑កទម្វទៅឧត្តរល្វហ៑តគិផ្លូ

១៣- ប្រសប៑តបោគីរីស្រេបឝ្ចិមស្តុ(ក៑)កទម្វជំន្វន៑មេកំយាតាញ៑ធ

១៤- ន៑រុវភូមិមន៑កល្បនាសិទ្ធិតវ្រះ៙ខ្ញុំវ្រះតៃឝុភាក្ឫតនុក្វ

១៥- ន៑ចៅវតៃកន្លាង៑នុក្វន៑ចៅវតៃធម៌្មនុក្វន្ន៙ថ្មុរ៑ក្របិ៙

១៦- វ្វំជាបិសុតន្ត្រតខ្លោញ៑វិឞយខ្លោញ៑ស្រូខ្លោញ៑បយ៌្យង៑តមុ

១៧- ខគាប៑ជ្ន្វោល៑វ្វំអាច៑តិទារ៑ភូម្យាករស្វតន្ត្រតកំម្រតេង៑(អ)

១៨- ញ៑ជគត៑លិង្គបុរ៙នៅរុវអ្នក៑តអមយ៌្យាទបិវ្វំថ្វេតេ(ាយ)

១៩- វ្រះឝាសនប្រេគ្រាមវ្ឫទ្ធចាប៑បញ្ជរនាំទៅឱយ៑ត[ក]ំ[ស្តេង៑]

២០- អញ៑រាជកុលនុស្តេញ៑អញ៑ចតុរាចាយ៌្យបង្គំថ្ប[[្វង៑និវេទន]]

២១- បិនិណ៌្នយ៙

មុខ ខ

សំណៅសិលាចារឹកភូមិកំពីងពួយ K.៩៥៧
(រូបថត៖ សាកលវិទ្យាល័យសិល្បករ តាមរយៈ៖ https://db.sac.or.th/inscriptions/inscribe/detail/316)

១- …[[ឝ្រីរាជេន្ទ្រ]]វម៌្មនុ…

២- …[បន្ទ្វ]ល៑វ្រះឝាសនត​្រ…

៣- …ប្រត្យយប្រេសង៑គោ[ល៑]…

៤- …[វ្រះករុ]ណាប្រសាទតស្តេញ៑អ(ញ៑)[[ចតុរាចាយ៌្យ]]…

៥- …ន្តវ្រះបុន្យនៃអាចាយ៌្យបរមាចាយ៌្យ…

៦- …[ស្រុ]ក៑វនបុរសំគណនុកម្រតេង៑អញ៑ជ[គត៑]

៧- [[លិង្គបុរ]]៙ចាំចំនាំតន្ទុលជេ២បយ៌្យង៑មាស៑២ផ្លេ

៨- …(ឝ)ក្តិម្វាយ៑វត្តម្វាយ៑វត្តម្វាយ៑ឆ្នាំវេ

៩- …គមោក៑បង្គំមវ្វំជាបិខ្លោញ៑វិឞយខ្លោ

១០- [[ញ៑ស្រូខ្លោ]]ញ៑បយ៌្យង៑មុខគាប៑ជ្ន្វោល៑វ្វំជាបិទារ៑

១១- [[ភូម្យាក]]រហោង៑លេង៑បំរេតវ្រះបុន្យនៃអាចាយ៌្យ

១២- …វ្រះអវធីមន៑ស្ថាបនាអាយ៑វ្រះសភាបិបោ

១៣- …តោយវ្រះឝាសន៙//

អត្ថបទប្រែសម្រួល

មុខ ក

ឱម! សិទ្ធិ សួស្ដី។

(១-៤) មហាសករាជឆ្នាំ៨៦៣ ទី៦កើត ខែស្រាពណ៍ ថ្ងៃអាទិត្យ។ នូវធូលីជើងកំស្តែងអញស្រីរាជេន្ទ្រវម៌្មក្រាបថ្វាយបង្គំទូល(ព្រះមហាក្សត្រ ពី)ព្រះបុណ្យគ្រួសារអាចារ្យបរមាចារ្យនៅស្រុកវនបូរដែល(ត្រូវ)ឡើងផ្សំគ្នាជាមួយនឹងព្រះគម្តែងអញជគតលិង្គបូរ។

(៤-៨) មានព្រះរាជសាសន៍ដល់កំស្តែងអញរាជកុលមហាមន្ត្រី (និង)ស្តែញអញចតុរាចារ្យឱ្យនាំព្រះរាជសាសន៍ដល់អាចារ្យបាលជាភាគវ័ត(និងជា)ប្រត្យ័យ ត្រាស់បញ្ជាឱ្យ​មក​សង់គោលសិលាចារឹកនៅស្រុកវនបូរ នាព្រះបុណ្យគ្រួសារអាចារ្យបរមាចារ្យផ្សំគ្នាជាមួយនឹងគម្តែងអញជគតលិង្គបូរ។

(៨-៩) រៀបចំតង្វាយប្រេង២មាស ស្រូវ២ជើ (ក្នុង)មួយឆ្នាំ។

(៩-១១) ស្រែព្រះអំពីត្រពាំងទៅខាងកើតលុះដល់បង្គោលព្រំដីប្រសព្វនឹងរុទ្រាល័យ ទៅត្បូងលុះដល់ភ្នំ ទៅលិចលុះដល់ត្រពាំងស្វាយរៀប ទៅជើងលុះដល់ស្ទឹង។

(១១-១២) ស្រែរងេង/រងៀង ទៅត្បូងឧទ្យានលុះដល់ជ្រលុះ។

(១២-១៣) ស្រែជីស្រីបទ ចាប់ពីខាងត្បូងស្តុកខ្ទម្ពទៅជើងលុះដល់ផ្លូវប្រសព្វនឹងតបោគិរី។

(១៣-១៤) ស្រែខាងលិច​ស្តុកខ្ទម្ពជាតង្វាយមេកំយាយតាញធនដូចដីដែលបានថ្វាយ​សិទ្ធិកាន់កាប់ដល់ព្រះ។

(១៤-១៥) អ្នកបម្រើព្រះ៖ តៃសុភាក្រឹតនិងកូនចៅ, តៃកន្លាងនិងកូនចៅ, តៃធម៌និងកូន​។

(១៥) គោក្របី។

(១៦-១៨) (តង្វាយទាំងនេះ)ពុំគប្បីនៅក្រោមការគ្រប់គ្រងរបស់ខ្លោញវិស័យ ខ្លោញស្រូវ ខ្លោញប្រេង និងមេឈ្នួល (និង)ពុំអាចទារយកភូម្យាករនៅក្រោមការគ្រប់គ្រងរបស់គម្តែងអញជគតលិង្គបូរ(ឡើយ)។

(១៨-២១) នូវអ្នកដែលអមារយាទ(/គ្មានសណ្ដាប់)ពុំធ្វើតាមព្រះរាជសាសន៍ (ព្រះមហាក្សត្រ)ត្រាស់បញ្ជាឱ្យចាស់ស្រុកចាប់ដាក់ទ្រុង នាំទៅឱ្យកំស្តែងអញរាជកុល(មហាមន្ត្រី) និងស្តែញអញ(ចតុរាចារ្យ) ក្រាបថ្វាយបង្គំទូល(ព្រះមហាក្សត្រ)ដើម្បីដាក់ទោស។

មុខ ខ

(១-៧) …ស្រីរាជេន្ទ្រវម៌្មនិង…នាំព្រះរាជសាសន៍ដល់… ប្រត្យ័យ ត្រាស់បញ្ជាឱ្យសង់បង្គោលព្រំដី… ព្រះរាជទានដល់ស្តែញអញចតុរាចារ្យ…ព្រះបុណ្យនៃអាចារ្យបរមាចារ្យ…ស្រុកវនបូរផ្សំគ្នាជាមួយនឹងគម្តែងអញជគតលិង្គបូរ។

(៧-៨) រៀបចំតង្វាយអង្ករ២ជើ ប្រេង២មាស ផ្លែ… (ស)ក្តិមួយវាត់ មួយវាត់ក្នុងមួយឆ្នាំវេ…មកបង្គំ។

(៩-១០) ពុំគប្បីខ្លោញវិស័យ ខ្លោញស្រូវ ខ្លោញប្រេង មេឈ្នួលយកពន្ធ ពុំជាបី​មកទារយក​ភូម្យាករ​ឡើយ។

(១១-១៣) សូមឱ្យបម្រើ​ចំពោះព្រះបុណ្យនៃអាចារ្យ​បរមាចារ្យ​ សង់គោលកំណត់​ព្រំដីព្រះដែល​បាន​ស្ថាបនានៅឯព្រះសភា…តាមព្រះរាជសាសន៍​។

សន្និដ្ឋានរួម

សិលាចារឹក K.៩៥៧ មានតម្លៃខាងទិដ្ឋភាពនៃការកាន់កាប់ដីធ្លី តង្វាយ ពន្ធដារ និងទោសទណ្ឌកាលពីសម័យបុរាណ។ យើងឃើញពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រក្នុងរឿងនេះដែរ ដោយព្រះអង្គជាអ្នកចេញព្រះរាជបញ្ជាឱ្យមន្ត្រីទៅសង់គោលសិលា​ចារឹកនិងបង្គោលព្រំដី ចែងពីរណ្តាប់បូជាសម្រាប់ថ្វាយទៅប្រាសាទ ហាមប្រាមមិនឱ្យយកពន្ធនិងទារយកភូម្យាកររបស់ប្រាសាទ ហើយជនដែលធ្វើខុសពីព្រះរាជបញ្ជានេះក៏ព្រះអង្គជាអ្នកដាក់ទោស។

វាក្យសព្ទ

កល្បនា                      (សំ.) រៀបចំ គ្រឿងរណ្ដាប់ដែលគេរៀបចំ។

កំស្តេង៑                     ឋានន្តរនាមមន្ត្រីជាន់ខ្ពស់ មហាមន្ត្រី មហាសេនាបតី អ្នកអង្គម្ចាស់ និងមន្ត្រីសង្ឃជាន់ខ្ពស់។

ខ្លោញ៑បយ៌្យង៑            មេខាងប្រេង។

ខ្លោញ៑វិឞយ              មេតំបន់។

ខ្លោញ៑ស្រូ                 មេខាងស្រូវ។

គោត្រ                        (សំ.) វង្ស ត្រកូល ពូជផៅ ក្រុមគ្រួសារ។

គ្រាមវ្ឫទ្ធ                      ចាស់ស្រុក ចាស់ភូមិ។

ចំនាំ                          (ន.) អ្វីដែលគេរៀបចំ គ្រឿងរណ្ដាប់។

ចាំ                             (កិ.) រៀបចំ។

ឆត្ថី                            ជាពាក្យប្រាក្រឹត ត្រូវនឹងពាក្យសំស្ក្រឹតថា «ឞឞ្ដី» និងពាក្យ​បាឡី «ឆដ្ឋី» មាន​​ន័យថាទីប្រាំបី។

ជេ                             ខ្នាតរង្វាល់ធញ្ញជាតិ, កញ្ជើ។

តន្ទុល                        (សំ.) អង្ករ។

ថ្មុរ៑                             គោ។

ទារ៑                            ទារយក ទទួល។

និណ៌្នយ                      (សំ.) កាត់ក្ដី។

និវេទន                      (សំ.) ទូលថ្វាយ ជម្រាបដំណឹង។

បង្គំថ្ប្វង៑                      ក្រាបថ្វាយបង្គំ គឺផ្គុំដៃប្រណម្យដាក់លើក្បាល។

បញ្ជរ                        (សំ.) ទ្រុង។

បយ៌្យង៑                      ប្រេង។

ប្រត្យយ                      (សំ.) មន្ត្រីជំនិតរបស់ព្រះរាជា។

ភាគវត                      (សំ.) ពាក្យនេះមានន័យពីរយ៉ាង។ ទី១ សំដៅដល់អ្វីដែល​​មានទំនាក់ទំនងឬចេញមកពីព្រះភគវ័ត គឺ​ព្រះនារាយណ៍ឬព្រះក្រឹស្ណា, ដែល​ជាទីសក្ការៈជាដើម។ ទី២ សំដៅដល់ព្រាហ្មណ៍ឬសាសនិកនិកាយព្រះនារាយណ៍។

ភូម្យាករ                      (សំ.) ដីនិងភោគផលនៅលើដីនោះ។

មាស៑                         ខ្នាតរង្វាល់ប្រេង។

មុខគាប៑ជ្ន្វោល៑           ពាក្យនេះដូចនឹងពាក្យ ខ្លោញជ្ន្វោល៑ គឺមេខាងពួកឈ្នួល។

រាជកុលមហាមន្ត្រី      មហាមន្ត្រីមានតួនាទីជាអ្នកប្រៀនប្រដៅសែរាជវង្ស។

លេង៑សំគណ            ឡើងទៅរួមផ្សំជាក្រុមជាមួយទីដទៃ​។

សិទ្ធិ     ​                     (សំ.) សិទ្ធិជាអ្នកសម្រេច ជាអ្នកគ្រប់គ្រងកាន់កាប់…។

ស្វតន្ត្រ/សុតន្ត្រ           (សំ.) នៅក្រោម​ការគ្រប់គ្រងចាត់ចែង។

អក្ឞត                        (សំ.) ស្រូវ។

អមយ៌្យាទ                 (សំ.) គ្មានមារយាទ គ្មានសណ្ដាប់ គ្មានដែនកំណត់។

អវធី                       (សំ.) ទីកំណត់ ព្រំដែន។

—————————

The Stele of Ban Phangphuai (K.957)

In 1955, a remarkable stele was unearthed in Ban Phangphuai, Aranyaprathet, Sa Kaeo Province, Thailand. This location once belonged to the ancient Khmer Empire of Angkor. Despite the discovery, no surrounding archaeological evidence has been found to shed further light on the site.

Carved from red sandstone, the stele stands 152 cm tall, 5 cm wide, and 12.5 cm thick. Its two faces bear 35 lines of inscription: 22 on face A and 13 on face B. Dated to 863 Saka era (941 AD), the inscription tells the story of the family of an ācārya named Paramācārya, who established a religious foundation in sruk Vanapura and sought its integration with the sanctuary at Liṅgapura. Face A details a modest provision for the deity’s upkeep, including four tracts of rice land, three female slaves, and cattle. Notably, a royal decree exempts the foundation from the authority of secular officials, offering remarkable autonomy. The text concludes with a unique and stern warning against any who might transgress the foundation’s stipulations. Unfortunately, damage to face B makes decipherment challenging. However, it’s presumed to further elaborate on the text inscribed on the first side.

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!