ទំព័រដើមសិល្បៈគំនូរក្នុងព្រះវិហារវត្តព្រះស៊ីសុវត្ថិរតនារាម(ភាគ១)

គំនូរក្នុងព្រះវិហារវត្តព្រះស៊ីសុវត្ថិរតនារាម(ភាគ១)

ព្រះវិហារជាកន្លែងចាំបាច់បំផុតផ្នែកជំនឿ សាសនាក្នុងសង្គមខ្មែរ។ ស្ថិតក្នុងបរិបទនេះហើយ បានជាវត្តនីមួយៗត្រូវតែមានព្រះវិហារជាដាច់ខាត ទោះបីជាមានទំហំតូច ឬធំយ៉ាងណានោះ ក៏សំណង់ព្រះវិហារទាំងនោះកសាងឡើងដោយការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងផ្ចិតផ្ចង់ពីសំណាក់មជ្ឈដ្ឋានបរិស័ទចំណុះជើងវត្ត និងម្ចាស់សទ្ធាដើម្បីឳ្យស័ក្តិសមជាទីកន្លែងគោរពសក្ការៈ។ យ៉ាងណាមិញចំពោះសំណង់ព្រះវិហារវត្តព្រះស៊ីសុវត្ថិរតនារាមហៅវត្តជ្រោយតាកែវ ស្ថិតនៅភូមិ ជ្រោយតាកែវ ឃុំ ជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ជាសំណង់វិហារបុរាណមួយនៅប្រប់មាត់ទន្លេដែលមានអាយុ១១៨ឆ្នាំ​ជាអារាមដ្ឋានអ្នកភូមិជ្រោយតាកែវតាំងពីដើមស.វ.ទី២០។

ព្រះវិហារជ្រុងអាគ្នេយ៍

ដំបូលព្រះវិហារខាងកើត

ព្រះវិហារនេះកសាងឡើងក្នុង ព.ស.២៤៤៩ គ.ស.១៩០៥ ដោយព្រះរាជូបត្ថម្ភព្រះរាជទ្រព្យផ្ទាល់ព្រះអង្គរបស់សម្ដេចព្រះបាទព្រះស៊ីសុវត្ថិ ជាព្រះរាជាធិបតីក្នុងសាងសង់លុះត្រាតែរួចរាល់ចប់សព្វគ្រប់បរិបូណ៌រហូតបញ្ចុះសីមាឆ្លង។ ជាលក្ខណៈសម្គាល់ពិសេសមួយនៅក្នុងក្បាច់គោមប្រថាប់ចំកណ្ដាលជញ្ជាំងខាងកើតមានរូបព្រះរាជសង្ហាហើយក្នុងនោះមានអក្សរ s នៅចំពីក្រោមជើងពាន។ លក្ខណៈដូចគ្នានេះផងដែរនៅលើក្បាច់ស៊ុមទ្វារខាងកើត ច្រកចូលខាងស្ដាំ​ នៅក្នុងក្បាច់ស៊ុមទ្វារភ្ញីទេស នៅចំកណ្ដាលផ្ទៃក្បាច់មានរូបព្រះសង្ហាហើយនៅក្រោមជើងពានមានអក្សរ ជាទម្រង់អក្សរកាត់។ អក្សរ s ស ជាអក្សរកាត់សម្គាល់ព្រះនាមព្រះមហាក្សត្រ s មកពីពាក្យ Sisowathនិង​ ស មកពីពាក្យ ស៊ីសុវត្ថិ។

ការឆ្លាក់អក្សរ S នៅខាងក្រោមផ្ទៃក្បាច់នៃរូបព្រះសង្ហារលើញ្ជាំងព្រះវិហារ

ការឆ្លាក់អក្សរ នៅចំកណ្ដាលផ្ទៃក្បាច់មានរូបព្រះសង្ហាហើយនៅក្រោមជើងពាន

ព្រះវិហារនេះបានឆ្លងកាត់សម័យកាលជាច្រើនដំណាក់កាល។ សម័យកាលដែលធ្វើឱ្យព្រះវិហារនេះទទួលរងការខូចខាតមកដល់បច្ចុប្បន្នគឺសម័យ​ ប៉ុល ពត។ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងកណ្តាប់ដៃពួកខ្មែរក្រហមគ្រប់វត្តអារាមត្រូវបានបង្ខំឱ្យបិទទ្វារ ព្រះសង្ឃត្រូវបង្ខំឱ្យលាចាកសិក្ខាបទ។ ក្នុងនោះផងដែរវត្តព្រះស៊ីសុវត្ថិរតនារាមបានក្លាយជាកន្លែងឃុំឃាំង មន្ទីរពេទ្យ រោងកាត់ដេរ រោងផលិតថ្នាំពេទ្យ ឯព្រះវិហារក្លាយជាជង្រុកស្រូវ។ រីឯបេតិកភណ្ឌរបស់វត្តមានព្រះពុទ្ធបរិមាតូច ធំចេតិយហ្លួងត្រូវវាយកម្ទេចចោលទាំងអស់គ្មានសេសសល់។

ក្រោយពីសម័យខ្មែរក្រហមដួលរលំគំនូរក្នុងព្រះវិហារ រងការខូចខាតមួយចំនួនធំដោយសារតែកត្តាធម្មជាតិ សត្វ អាយុកាល និងកង្វះការថែទាំ ព្រមទាំងកត្តាមនុស្សផង។  ពុទ្ធបរិស័ទចំណុះជើងវត្តបានចូលរួមយ៉ាងសកម្មដើម្បីរៀបចំវត្តឡើងវិញដោយប្រធានគណកម្មាធិការប្រជាជនបដិវត្តន៍ឃុំជ្រោយតាកែវបានជ្រើសតាំងឧបាសក៣រូប ឱ្យឡើងជាគណៈកម្មការចាត់ចែងកិច្ចការក្នុងវត្តមានចំនួន៣រូប ក្រោយមកបានជ្រើសតាំងបន្ថែមទៀតជាបន្តបន្ទាប់។ ផ្នែកអាចារ្យវត្តដំបូងមានតែ១រូប ក្រោយមកទើបជ្រើសតាំងបន្ថែមទៀត។ អាចារ្យគណៈកម្មការទាំងនោះបានខិតខំខ្នះខ្នែងជួសជុលឡើងវិញនូវសមិទ្ធិផលខូចខាត ស្វែងរកព្រះពុទ្ធរូបមកតម្កល់នៅលើសាលាបុណ្យ កសាងព្រះអង្គជីវ៍ថ្មី។ គំនូរនៅក្នុងព្រះវិហារ​ ជាប្រភេទគំនូរបុរាណគូរនៅក្នុងឆ្នាំ១៩០៥​ ដោយឧកញ៉ាទេពនិម្មិតម៉ក់។ គំនូរនេះចែកជា៥ផ្នែកគឺ​ ផ្នែកទី១លើជើងជញ្ជាំងគូររូបទេព ផ្នែកទី២ចន្លោះទ្វារ​ បង្អួច គូររឿងទសជាតក៍ ផ្នែកទី៣លើមាត់ទ្វារ​ បង្អួច គូររឿងបឋមសម្ពោធិ​ ផ្នែកទី៤លើក្បាលជញ្ជាំងគូររូបទេព និងផ្នែកទី៥ គូរលើសន្លឹកទ្វារ​ សន្លឹកបង្អួចរូបទេព។លុះដល់សម័យខ្មែរក្រហមគំនូរត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហេតុនេះទើបធ្វើឱ្យគំនូរមួយចំនួនធំត្រូវជួសជុលក្នុងចន្លោះឆ្នាំ១៩៨០-១៩៩០ដោយលោក​ ប៊ូ​ ម៉េង។

គំនូរនៅក្នុងព្រះវិហារ

អត្ថបទដោយ៖ លោក រឹម ទិត្យបញ្ញា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!