គំនូរយាងសាងផ្នួស

ទំនៀមតាមតំបន់ក្នុងប្រទេសកម្ពុជា នៅបន្តរក្សារបៀបទេសនាមើលសាស្ត្រាដែលមានអត្ថបទធម៌បុរាណជាច្រើនប្រភេទ និងតម្រូវទៅតាមកម្មវិធីបុណ្យ។ ក្នុងបណ្ដាបុណ្យទាំងនោះនៅក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌវត្តមួយចំនួន តែងលើកយកមហាជាតក៍មកទេសន៍ចាប់ពីកណ្ឌទីមួយកំណត់នៅបិណ្ឌមួយ រហូតដល់កណ្ឌទីដប់បី បិណ្ឌដប់បីនិងជាលីភិសេកនៅថ្ងៃបន្តបន្ទាប់។ វត្តដទៃទៀតក៏និយមទេសន៍រឿងផ្សេងពីនោះគឺទេសន៍សាស្ត្រាបឋមសម្ពោធិ៍តាមទម្លាប់ពីដូនតាក្នុងតំបន់នោះ។ មូលហេតុដែលគេយកអត្ថបទធម៌ទាំងនេះមកទេសន៍ព្រោះអត្ថបទធម៌មានទំហំវែង ហើយដំណើររឿងប្រទាក់ក្រឡាគ្នាគួរឱ្យចង់ស្ដាប់មិនជិនណាយ ស្របជាមួយនឹងរយៈពេលប្រារព្ធបុណ្យដែលមានរយៈដប់ប្រាំថ្ងៃ។សាស្ត្រាបឋមសម្ពោធិ៍ជាគម្ពីរសម្ដែងរៀបរាប់ពីពុទ្ធដំណើរ ចាប់ពីព្រះអង្គបដិសន្ធិរហូតទល់គ្នានឹងចែកព្រះបរមធាតុ។

បឋមសម្ពោធិ៍រាជាភិសេកបរិច្ឆេទទី១ខ្សែ៥ប្រភព៖Khmermanuscripts.efeo.fr

មហាជាតក៍ កណ្ឌឆក្សត្រ ប្រភព៖Khmermanuscripts.efeo.fr

-ខាងលើជាគំនូរបឋមសម្ពោធិ៍ត្រង់ពួកមល្លក្សត្ររៀបចំថ្វាយព្រះភ្លើងព្រះបរមសព្វព្រះសម្មសម្ពុទ្ធនៅឯនគរកុសិនារា។
-ខាងក្រោមជាគំនូរទសជាតក៍ខាងឆ្វេងជាកណ្ឌទសពរក្នុងរឿងព្រះវេស្សន្ដរ ខាងស្ដាំជារឿងព្រះតេមិយជាតកចាប់ពីដើមដល់ចប់។

ដំណើររឿងរ៉ាវទាំងនោះក៏បានស្ដែងជាសិល្បៈគំនូរម្យ៉ាងដែលយើងហៅថា គំនូរពុទ្ធប្បវត្តិ យ៉ាងសម្បូរបែបនៅតាមបណ្ដាវត្តទូទាំងប្រទេសកម្ពុជា។ គំនូរពុទ្ធប្បវត្តិជាសិល្បៈមួយប្រភេទដែលខ្មែរនិយមគូរនៅទីសក្ការៈសាសនាដូចជា៖ ព្រះវិហារ សាលាធម្មសភា សាលាឆាន់ សាលាឆទាន សាលាបុណ្យ។ ចំពោះរូបដែលគេគូរគឺគិតទៅតាមទីតាំងជាក់ស្ដែង តើគេអាចគូរបានច្រើនវគ្គដែលឬទេ? អ្វីដែលយើងកត់សម្គាល់ឃើញជាទូទៅគំនូរនៅតាមព្រះវិហារមានគំនូរពីរប្រភេទ គឺគំនូរបឋមសម្ពោធ៍(គូរផ្នែកខាងលើ) និងគំនូរទសជាតក៍(គូរផ្នែកខាងក្រោម)។

ក.លក្ខណៈទូទៅនៃគំនូរយាងសាងព្រះផ្នួស

នៅក្នុងគម្ពីរបឋមសម្ពោធិ៍ អភិនេស្ក្រម៍បរិច្ឆេទ ជាសេចក្ដីបរិយាយអំពីកាលព្រះសិទ្ធត្ថស្ដេចយាងចេញសាងព្រះផ្នួស។ បន្ទាប់ពីរាជអាមាត្យទូលដំណឹងថាបុត្រព្រះអង្គប្រសូតមកហើយ ព្រះទ័យរបស់ព្រះសិទ្ធត្ថកុមារក៏នឹកនឿយណាយក្នុងជីវិតជាឃរាវាសហើយទ្រង់បានសម្រេចព្រះទ័យយាងចេញសាងព្រះផ្នួសក្នុងរាត្រីនោះតែម្ដង។ ប៉ុន្តែមុននឹងចេញពីព្រះបរមរាជវាំងទ្រង់ទតនាងពិម្ពា និងបុត្រដែលទើបនឹងប្រសូត ជាលើកចុងក្រោយ។ នៅត្រង់នេះសិល្បៈគំនូរបានយកសេចក្ដីនេះមកបរិយាយជារូបភាពបង្ហាញពីសភាពរបស់ពួកស្រីស្នំ ពួកស្រីរបាំ ដែលច្រៀង លេងភ្លេង និងរាំថ្វាយព្រះសិទ្ធត្ថទត រួចស្រីស្នំ ស្រីរបាំបានដេកលង់លក់ដោយសភាពផ្សេង អ្នកខ្លះកាយអាក្រាត របូតសំពត់ ហៀរទឹកមាត់។ ដើម្បីស្ដែងឱ្យឃើញដូចគ្នាទៅនឹងដំណើររឿងក្នុងគម្ពីរគេត្រូវបង្ហាញដងខ្លួនមនុស្សស្រីដេកអាក្រាតកាយ អ្នកខ្លះទៀតមានស្បៃស្ដើងៗដណ្ដប់ហើយចេញកេរ ខ្មាស ខ្លះទៀតមានស្បៃដណ្ដប់ពីលើប៉ុន្តែបង្ហាញកេរខ្មាសជាហេតុៗ(រូបលេខ៤ដល់៧)។

គំនូរបែបនេះចំពោះភ្នែកមនុស្សបច្ចុប្បន្នមើលហើយ បែរគិតថាហាក់ដូចជារឿងមិនសមរម្យ អាសអាភាស ធ្វើឱ្យអ្នកមើលហើយវិលវល់ក្នុងគំនិតស្រើបស្រាល លិចលង់ក្នុងចំណងកាមគុណ។ ស្ថិតក្នុងគំនិតដដែលនេះវត្តមួយចំនួនបានកែគំនូរត្រង់វគ្គនេះដោយគូរសំពត់អាវ គ្រប់ពីលើមនុស្សស្រីទាំងនោះ។ ចួនកាលកោសលុបកន្លែងនោះចោលតែម្ដងដើម្បីកុំឱ្យឃើញរូបអាក្រាតទាំងនោះតទៅទៀត(រូបលេខ៨ ៩)។

គំនូរវត្តបញ្ចកែវមុនី

ខ.សេចក្ដីសម្រង់ក្នុងឯកសារផ្សេងៗ

ដូចបានជម្រាបមកខាងលើហើយថាគំនូរទាំងនោះមិនមែនចេញពីការរវើរវាយ ឬទៅតាមការនឹកឃើញនោះទេ​គឺជាងគំនូរគូរយោលទៅតាមគម្ពីរបឋមសម្ពោធិ៍ ដែលជាគម្ពីរដើមនៃដំណើររឿងពុទ្ធប្បវត្តិ។ខាងក្រោមនេះជាសម្រង់សាស្ត្រាបឋមសម្ពោធិ៍ មហាអភិស្សក្រំមបរិច្ឆេទទី៦

ប្រភព៖Khmermanuscripts.efeo.fr

សន្លឹកលេខ៧៨ ….ទ្រង់ព្រះចិន្ដាដូច្នោះទ្រង់ដោះនូវកែមុក្ដាអំពីព្រះសូរងទ្រង់ឱ្យយកទៅថ្វាយព្រះនាង ហើយព្រះអង្គស្ដេចចូលទៅកាន់ប្រាសាទគង់លើព្រះផែនអាសនៈរាជបល្ល័ង្គ ព្រមដោយនាងស្នំច្រៀងរាំប្រគុំថ្វាយព្រមៗគ្នាព្រះអង្គទ្រង់និន្ទ្រាផ្ទំលក់ស្កប់ស្កល់ក្នុងបឋមយាម បពិត្រអើយលំដាប់នោះទេវតាក៏បណ្ដាលឱ្យនាងរបាំព្រះស្នំដេកលក់អស់…

ប្រភព៖Khmermanuscripts.efeo.fr

សន្លឹកលេខ៧៩ សម្ដែងនូវអាការគឺវិបរិតផ្សេងៗនាងខ្លះដេកស្រម៉ុក នាងខ្លះដេកថ្ងូរនាងខ្លះដេកមមើមមាយនាងខ្លះមានសំពត់នូវអាវស្បៃអាក្រាតពីខ្លួន នាងខ្លះដេកហូរទឹកមាត់ទឹកសម្បោរ នាងខ្លះដេកប្រគងលើគ្នានឹងគ្នាមានកិរិយាមិនគួរជាទីទស្សនា បពោធិសិត្វា(?) ព្រះពោធិសម្ភារទ្រង់តើនើងមុនគង់លើព្រះថែនឈ្មៀងនេត្រាទតឃើញស្រីទាំងឡាយមានអាការផ្សេងៗដូច្នោះក៏ទ្រង់ពិចារណាឃើញថាបីដូចជាអសុភ ទើបព្រះអង្គទ្រង់ប្រារព្ធថាយើងនេះមកដេកក្នុងបច្ឆា ហើយទ្រង់តម្រិះថាមិនសមគួរដែលយើងនឹងវង្វេងនៅក្នុងគំនរលាមកគួរតែប្រាថ្នារកសេចក្ដីសុខទើបរួចខ្លួន….។

ក្រៅពីនេះក៏មានសេចក្ដីពន្យល់ក្នុងសៀវភៅពុទ្ធប្បវត្តិអវិទូរេនិទានថា៖ ព្រះបរមពោធិសត្វទ្រង់ស្ដេចឡើងលើប្រាសាទដោយព្រះក្រយាស្ងោយស្រេចហើយទ្រង់ស្ដេចចូលទៅកាន់ទីសយនាក្រឡាព្រះបន្ទំទ្រង់ផ្ទុំលក់ស្កប់ស្កល់ក្នុងពេលបឋមយាម។ ចំណែកខាងពួកស្រីរបាំសុទ្ធតែប្រដាប់តាក់តែងរាងកាយដោយគ្រឿងអលង្កាគ្រប់បែបយ៉ាង ទាំងរូបឆោមលោមពណ៌ ក៏ស្រស់ឆើតឆាយហាក់ដូចទេពកញ្ញាក្នុងឋានទេវលោកដែលជាអ្នកស្ទាត់ក្នុងល្បែងច្រៀងរាំជាដើម នាំគ្នាប្រគុំតូរ្យតន្ត្រីច្រៀងរាំថ្វាយព្រះមហាសត្ត។ ស្រីរបាំទាំងនោះ លុះដឹងថាព្រះមហាបុរសទ្រង់ផ្ទំស្កប់ស៊ប់ហើយក៏នាំបញ្ឈប់គ្រឿងល្បែងហើយដេកលក់អស់ទៅសម្ដែងវិប្បការៈផ្សេងៗមាន ស្រីខ្លះដេកហារមាត់ ខ្លះដេករបូតសំពត់ចេញពីខ្លួនជាដើម។ លុះដល់ពេលមជ្ឈិមយាមព្រះពោធិសត្វទ្រង់តើនឡើងហើយទតឃើញវិប្បការៈនៃស្រីទាំងនោះ ក៏មានព្រះរាជហឬទ័យសង្វេគនឿយណាយយ៉ាងខ្លាំងព្រោះឃើញទីប្រាសាទទាំងមូល ហាក់ដូចជាពាសពេញទៅដោយសាកសពដែលគួរឱ្យខ្ពើមរអើមជាទីបំផុតព្រះទ័យព្រះអង្គទោរទន់ទៅក្នុងភេទបព្វជ្ជារឹងរឹតតែមាំមួនឡើង។

សេចក្ដីបរិយាយក្នុង ព្រះត្រៃបិដក និងអដ្ឋកថាជាតកពន្យល់ថា៖ ព្រះពោធិសត្វមានបរិវារហែមហមយ៉ាងច្រើនទ្រង់យាងចូលក្នុងនគរវិញ។ ទ្រង់ឡើងកាន់ប្រាសាទដ៏មានសិរីទ្រង់នឿយណាយក្នុងគ្រឿងអលង្កាគ្រប់ប្រភេទ មិនមានចិត្តត្រេកអរក្នុងរបាំទាំងឡាយហើយក៏ចូលកាន់និន្ទ្រាផ្ទំលក់មួយភ្លែតទៅ។ ស្រីរបាំទាំងឡាយឃើញព្រះពោធិសត្វផ្ទំលក់ក៏គិតថា៖ តើយើងនាំលេងរបាំដើម្បីអ្នកណាទៀត បើព្រះអយ្យបុត្រផ្ទំលក់ហើយនោះ។ ស្នំទាំងឡាយក៏នាំគ្នាពន្លត់ភ្លើងហើយដេកលក់ទាំងអស់គ្នាទៅ។ កាលព្រះពោធិសត្វភ្ញាក់រលឹកឡើងទ្រង់អង្គុយពែនភ្នែនលើសេយ្យាសនា សំឡឹងទៅមើលស្រីរបាំទាំងនោះដែលមានអាការដូចសាកសព ស្រីខ្លះដេកហៀរទឹកមាត់ ខ្លះទៀតគគាតធ្មេញ ខ្លះដេកចំហមាត់ ខ្លះដេកផ្កាប់មុខ ខ្លះដេករបូតសំពត់។ កាលព្រះពោធិសត្វឃើញយ៉ាងនោះក៏នឿយណាយក្នុងបញ្ចកាមគុណ មានបំណងចេញសាងផ្នួសស្វែងរកមោក្ខធម៌ដែលនាំឱ្យផុតជាតិជរាព្យាធិនិងមរណៈ…។

បើយើងប្រៀបធៀបសេចក្ដីសម្រង់ទាំងបីខាងទៅនឹងគំនូរនៅតាមព្រះវិហារ មានសេចក្ដីដូចគ្នាព្រោះគំនូរក្ដី ដំណើររឿងក្នុងគម្ពីរក្ដី សុទ្ធតែចង់បរិយាឱ្យឃើញពីទិដ្ឋភាពផ្សេងៗក្នុងពុទ្ធប្បវត្តិដើម្បីបង្ហាញពីភាពអស្ចារ្យរបស់ព្រះពោធិសត្វ ដែលទ្រង់អាចកាត់ព្រះហឬទ័យសាងព្រះផ្នួសចោលមហេសីប្រកបដោយលក្ខិណាសម្បត្តិលើសស្រីទាំងពួង និងបុត្រជាទីស្រឡាញ់ទើបតែប្រសូត្រក្នុងថ្ងៃនោះ។ ជាពិសេសបញ្ចកាមគុណជាទីត្រេកត្រអាលនៃបុរសដែលមានស្រីស្នំ ស្រីរបាំរូបស្អាតៗយ៉ាងល្អក្រៃលែងកម្រនឹងបុរសណាមួយលះបង់បានមានចិត្តសំឡឹងត្រង់ឆ្ពោះត្រង់នេក្ខម្ម ឃើញស្រីទាំងដោយវិវេគធម៌​ឃើញជាសាកសពមានចិត្តចង់ទៅបួសចោលស្រីស្នំស្រីរបាំដែលធ្លាប់បម្រើកាមគុណគ្មានទើសទាល់រាល់ពេលវេលា។ ត្រង់ចំណុចនេះហើយដែលអ្នកប្រាជ្ញបុរាណតែងពោលថាទ្រង់បំពេញនូវមហាអភិនេស្ក្រម៍។ សរុបមកវិញគំនូរទ្រង់យាងចេញសាងព្រះផ្នួសដែលយើងឃើញនៅតាមកុដិសាលា ព្រះវិហារ កន្លែងសក្ការៈគ្រប់កន្លែងនោះសុទ្ធតែជាការគូរបង្ហាញឱ្យឃើញពីចំណេះផ្នែកព្រះពុទ្ធសាសនារបស់វិចិត្រករ ក៏ដូចជាអ្នកដឹកនាំកសាង ដែលមិនមែនជារឿងអាសអាភាសដូចតែគំនិតមនុស្សបច្ចុប្បន្នគិតឡើយ៕

អត្ថបទដោយ៖ លោក រឹម ទិត្យបញ្ញា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!