ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿឡើង​អ្នកតា​នៅសំបូរព្រៃគុក

ឡើង​អ្នកតា​នៅសំបូរព្រៃគុក

សំបូរព្រៃគុក គឺ​​ជា​ក្រុម​ប្រាសាទ​ស្ថិត​នៅ​ទិស​ឦសាននៃ​ទីរួមខេត្ត​កំពង់ធំ​ ​ដែល​ជា​រមណីយ​ដ្ឋាន​ប្រវត្តិសាស្រ្ត​រីក​ចម្រើន​ខ្លាំង​​ក្នុងអំឡុង​​សតវត្សរ៍ទី​៧​នៃគ្រិស្តសករាជនិ​ង​មាន​​ឈ្មោះ​​ដើម​ថា “ឦសានបុរ”។ ​ពាក់​ព័ន្ធនឹង​ក្រុម​ប្រាសាទ​សំបូរ​ព្រៃគុក គេ​សង្កេត​ឃើញតែង​ប្រារព្ធពិធី​ឡើង​អ្នកតា​ពីរដងក្នុង​មួយ​ឆ្នាំ ពោល​គឺ​នៅ​​វេលា​ខាង​ដើម​ឆ្នាំម្តងនិង​ក្នុង​វេលា​ខាង​ចុង​ឆ្នាំម្តង។ ​អ្នក​ស្រាវជ្រាវ​យល់​ថា ពិធី​​ទាំង​ពីរ​បាន​​​​​​បង្ហាញ​ឱ្យ​​ឃើញ​ពី​អត្ថ​ន័យ​​សំខាន់​​ពាក់​ព័ន្ធ​នឹង​​​ការងារ​​កសិកម្ម​ធ្វើ​ស្រែចម្ការរបស់​អ្នក​ស្រុក ជាប់​​​នឹង​​ជំនឿលើ​អ្នកតា​ថែ​រក្សាទឹកដី​​របស់គេ។ ក្នុង​អត្ថ​បទ​​ខាងក្រោម​ ខ្ញុំ​សូម​​រៀប​រាប់​​​យ៉ាង​សង្ខេប​អំពី​ពិធីឡើង​អ្នកតា​​នៅភូមិ​សំបូរ ហើយ​​មាន​ទំនាក់​ទំនង​នឹង​ប្រាសាទ​សំបូរ​ព្រៃគុក​ ដែលគេ​តែងប្រារព្ធ​​បន្ទាប់​​ពី​ចាប់​ការងារ​​​ច្រូត​កាត់​ប្រមូល​ផលស្រូវ​រួច។ 

​ជា​ការ​ពិត​ ទំនៀម​ឡើង​អ្នកតានៅភូមិសំបូរ​ ជាប្រពៃណីមួយដែល​មាន​​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធរវាង​​មនុស្ស​ បរិស្ថាន និង​បុរាណដ្ឋាន ពោលគឺ​​ជំនឿ​របស់​អ្នកស្រុក និង​ក្រុម​ប្រាសាទ​សំបូរ​ព្រៃគុក ដ្បិត​ក្នុង​ដំណើរ​នៃ​ពិធី​ឡើង​អ្នកតា​ គេត្រូវ​ចេញ​ទៅ​​​ចាប់ត្រី  រក​អណ្តើក និង​បាញ់ស្វា​ ដែល​ស្ថិត​នៅក្នុងព្រៃប្រាសាទ និងបរិស្ថាន​ជុំវិញ​សម្រាប់​រៀបចំ​ពិធី​និង​ធ្វើ​​​​ជា​​សំណែន​ថ្វាយ​​អ្នកតា។ ទន្ទឹម​នឹង​នោះ អ្នកភូមិភាគ​ច្រើន​តែង​មាន​ទម្លាប់​​ធ្វើ​នំនាល​​ដែល​​​ជានំ​លេខមុខមាត់ជាងគេ​​ក្នុង​​កិច្ច​ឡើង​អ្នកតា​។ ជាទូទៅ​ពិធីឡើងអ្នកតា​របស់​អ្នកភូមិសំបូរ តែង​ប្រារព្ធនៅរវាង​ដើម​ខ្នើត​ខែ​មាឃ ហើយ​គេ​​តែងមូល​មាត់កំណត់​យក​ថ្ងៃណាមួយ​ទៅ​តាមការ​កំណត់​របស់​ព្រឹទ្ធា​ចារ្យ​​​ក្នុង​ភូមិ​ដែលគេហៅថា “ចៅមឿង”។ ដោយឡែកចំពោះ​ដំណើរ​នៃការប្រារព្ធ​ពិធី​ឡើង​​អ្នកតា​​នេះ គេ​ស្ទើរ​តែអាចនិយាយ​ខ្លី​ថា​អ្នក​ស្រុក​​ចាប់ផ្តើម​ខ្វល់​ខ្វាយ​គិតគូរ​តាំងពី​រវាង​ពីរ​ទៅ​​បីថ្ងៃមុនពិធី ពោល​​គឺ​ក្រុម​ខ្លះ​ចេញ​ទៅ​​ចាប់ត្រី រាវ​អណ្តើក និង​បាញ់ស្វា ដើម្បី​ផ្គត់ផ្គង់​ក្នុង​​ពិធី​ និង​ធ្វើ​ជា​សំណែន​អ្នកតា។​ ក្រុមខ្លះទៀត (អ្នក​ស្រុក​ហៅ​ក្រុមរៃ​របៃ?) ​ត្រូវ​ចេញ​​ដើរ​​រៃអង្គាសតាម​ផ្ទះនូវ​វត្ថុសំខាន់​ៗ​មួយ​ចំនួន​​សម្រាប់ធ្វើ​​ជា​តង្វាយ​​ក្នុង​ពិធី​ដូច​ជា​ នំនាល ​អន្សម​​ផ្អាវ និង​ស្រា​។ ប៉ុន្តែ​ក្នុង​ពេលនោះ អ្នកភូមិខ្លះក៏ចូល​រួម​​បន្ថែម​ទៀត​ដូចជា​ប្រាក់ ទៀន ធូប និង​ភេសជ្ជៈ​ជា​ដើម បើទោះបីពិធីនេះពុំ​ឃើញ​មានរៀបចំ​​កិច្ច​ពាក់​ព័ន្ធ​នឹង​ព្រះ​សង្ឃ​ដូច​ទំនៀម​ខ្លះទៀត​ក៏ដោយ​ (រូបលេខ​១-២)។

អ្នកភូមិយកនំនាល និង​ស្រាមកចូលរួម​ជាមួយក្រុមអ្នកដើររៃអង្គាល

ចំពោះលំដាប់លំដោយ​នៃពិធីឡើងអ្នកតា គឺគេ​ត្រូវ​ត្រៀមរៀបចំតង្វាយ និងម្ហូប​សម្រាប់ពិធីនេះ​​ច្រើន​ថ្ងៃមុន​ ដូច​​រៀបរាប់​ខ្លះៗ​មកខាងលើ។ លុះ​ដល់ថ្ងៃកំណត់​ឡើង​អ្នកតា​ កិច្ច​សំខាន់ៗចាប់ផ្តើម​​តាំង​ពីវេលា​ម៉ោង​​​ប្រហែល​ជាង​១០ព្រឹក ដោយ​​មាន​ចាស់​ទុំ​នាំ​​​គ្នាឡើង​លើ​ផ្ទះ​រូប​ស្នង ធ្វើ​កិច្ច​រួច​ហើយ​​ដង្ហែ​រូប​ស្នង​នោះ​​ និង​រណ្តាប់​តម្រង់ទៅ​ខ្ទម​អ្នកតា​ទ្វារ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ (រូបលេខ​៣) និង​ឃ្លាត​បរិវេណ​ប្រាសាទ​ប្រហែល​ជាង​២គីឡូម៉ែត្រ។ នៅទីនោះ​​គេ​ប្រគំ​ភ្លេង​​​ប្រហែល​៣បទ រួច​មានស្រ្តីដែលកាន់គ្រូអារក្សរាំឡក​កញ្ឆេង​​សប្បាយ​​ លាបម្ស៉ៅ ក្រែម បាញ់​ទឹក​អប់… ​នៅ​មុខ​រូបខ្ទមអ្នក​តា ហើយ​ជួនកាល​​អ្នក​ស្រុក​ចូល​ទៅ​ឱ្យ​រូប​ស្នងស្តោះផ្លុំ​ព្យាបាល​ជំងឺ​​ផង​ក៏មាន។ បន្ទាប់មក​ទើប​គេ​ធ្វើ​កិច្ច​បញ្ជូន​ ដែល​មានសំណែន​ និង​រណ្តាប់​ផ្សេងៗ​បញ្ជូន​​​ទៅ​ចោល​​ក្នុង​​ស្រែ​ឆ្ងាយ​ពី​ក្រៅភូមិ​។ រណ្តាប់​សំខាន់ៗ​​ដែល​គេសង្កេតឃើញមាន​ដូចជា​ ជម ស្លាធម៌ បាយសី ពែ មាន់ឆ្កង១គូ ស្វាឆ្កាង ឃ្នាងខ្នោះ រូបសេះ រូបដំរី ជើងត្រុំ សាលា រទេះ​គោ និង​រទេះក្របី ​ដែល​ធ្វើ​ពីដើម​ចេក​ជាដើម (រូបលេខ​៤-៥)​។

ផុត​ពីកិច្ច​បញ្ជូន គេ​ដង្ហែ​រូប​ស្នងតាម​វាល​ស្រែបន្តទៅកាន់​ខ្ទម​​​អ្នកតា​ចាស់​ស្រុក ឬអ្នក​ខ្លះ​ហៅថា​អ្នក​តា​​ព្រៃធំ ដែល​ស្ថិត​នៅក្នុង​បរិវេណក្រុម​ប្រាសាទ​សំបូរ​ព្រៃគុក។ នៅ​តាម​ផ្លូវ រូបស្នង​នោះ​​កាច់​មែកឈើដៅកន្លែងមួយកណ្តាល​ស្រែ​សម្រាប់​ធ្វើ​“កិច្ច​បំពេញ​​ឃ្លាំង”។ ទៅ​​ដល់​ខ្ទម​អ្នកតាចាស់ស្រុក​ ​ ចាស់ទុំ​ពីរបី​នាក់​ចាប់ផ្តើមសែន​បូជា​​តង្វាយ​ផ្សេងៗ ពិសេស​​គឺ​ឆាមីសួសាច់​អណ្តើក​​​​ ដែល​ជា​សំណែន​សំខាន់​។ រីឯរូបស្នង​​ក៏​ចូល​ទៅ​ពិនិត្យ​សំណែន​ទាំង​ឡាយ​នោះ​ រួច​ក៏​ទៅ​អង្គុយ​​ចាំ​ទទួល​​តង្វាយ​ពី​អ្នក​ស្រុក ដែល​មក​សុំ​ស្តោះ​​ផ្លុំ​ព្យាបាល​​ជំងឺ ដោ​យ​មាន​ភ្លេងប្រគំ​កំដរ។ ទន្ទឹម​គ្នា​នេះ អ្នក​កាន់​​រូប​អារក្ស​ជា​ច្រើន​ឡើង​​រាំ​នៅ​​មុខរូបស្នង​ និង​មុខ​ខ្ទម​អ្នកតា​​​ដូច​នៅ​មុខ​ខ្ទម​អ្នកតា​​ទ្វារ​ដែរ ​(រូបលេខ​៦-៧)។

ទិដ្ឋភាពកិច្ចផ្សេងៗនៅខ្ទមអ្នកតាព្រៃធំក្នុងបរិវេញប្រាសាទសំបូរព្រៃគុក

ពិធីនៅ​ខ្ទម​​អ្នក​តា​ចាស់​ស្រុក ​បញ្ចប់​ត្រឹម​​កិច្ច​ច្រូចស្រា​ក្នុងបំពង់ឫស្សីដាក់​​បញ្ឈរ​​នៅ​លើ​ថ្ម​ប្រាសាទមាន​រាង​ដូចកាំ​ជណ្តើរ​​ក្បែរខ្ទម​អ្នក​តា​ចាស់ស្រុក ដែល​កិច្ច​ត្រង់​​នេះ​ហៅថា “កិច្ចបំពេញឃ្លាំង” (រូបលេខ​៨)។ កិច្ចបំពេញឃ្លាំងនេះ គេ​ពន្យល់ថា​ធ្វើនៅ​ក្នុង​ន័យ​ឱ្យ​ភោគផល​ស្រូវខាង​មុខ​ទៀត ទទួលបានច្រើន​បរិបូណ៍​។ ក្រោយ​ពេល​ចប់​ភ្លាម រូបស្នង​ដើរ​យ៉ាងលឿន​សំដៅ​ទៅទីស្រែដែលបានដៅទុក​ ​ដើម្បី​ធ្វើកិច្ច​បំពេញ​ឃ្លាំង​​ម្តង​ទៀត។ នៅ​ទីនេះ​រូប​ស្នងនៅឈរ​ទ្រឹង​ស្ងៀម តែមានមនុស្សចាស់​ពីរ​បីនាក់ឈរនៅក្បែរ ដើរ​តួ​ឆ្លង​ឆ្លើយ​​គ្នា ហើយខ្លះនិយាយថាក្រុមខ្លួនមកពីដែនឆ្ងាយនៃ​ក្រុង​ពារាណសី​ស្រីគ្រប់​លក្ខណ៍ នាំយក​ភោគ​ផល​​មក​ឱ្យ​ភូមិ។ ក្រោយមកគេបាន​ចាក់​ស្រា​មួយ​ភាគ​ទៅ​ក្នុង​រណ្តៅ​កណ្តាល​​ស្រែនោះ ហើយ​ស្រែក​ហ៊ោសប្បាយ​ទ្រហឹង​អឺងកង​ (រូប​លេខ​៩)។ រីឯរូបស្នង​ក៏បន្ត​ដំណើរ​សំដៅ​មករោង​ពិធីនៅក្នុង​ភូមិវិញ ហើយ​គេ​បន្ត​លេង​ភ្លេងថ្វាយដល់រូប​ចាស់​ស្រុក និង​រូប​ផ្សេងៗ​ទៀតដែលជាន់គ្រូអារក្ស ឱ្យ​ចូល​រាំ​សប្បាយ ហើយក៏មាន​មនុស្ស​ចូល​មក​ឱ្យចាស់​ស្រុកស្តោះបន្តបន្ទាប់ រហូត​ចប់​ប្រហែល​ម៉ោង​​៤រសៀល។

ជារួមមក គេសង្កេតឃើញថា​ពិធីឡើង​អ្នកតា​នៅសំបូរព្រៃគុកនេះ ហាក់​បង្ហាញ​ឱ្យ​ឃើញ​​ពីជំនឿមួយរបស់​អ្នកស្រុក​ចំពោះអ្នកតា​ដែលគេគោរពបូជាក្នុងភូមិនិង​ក្នុង​បរិវេណ​ប្រាសាទ​។ កិច្ច​សំខាន់ៗក្នុងពិធីនេះក៏ស្តែង​ឱ្យ​ឃើញ​ពីសារៈសំខាន់និង​ទំនាក់​ទំនង​ជំនឿ​​រវាង​​​ស្រែ​​និង​អ្នកតា​។ មិនតែប៉ុណ្ណោះ ក្រៅពីបង្ហាញឱ្យឃើញពី​ទិដ្ឋភាពពិធីឡើង​អ្នក​តា​ដ៏គគ្រឹក​គគ្រេង​មួយ​ ពិធីឡើង​អ្នកតា​នៅសំបូរព្រៃគុក​ក៏នាំឱ្យគេមើល​ឃើញ​ពី​ទំនៀម​អ្នក​ស្រុក​​ ដែល​គោរពបូជា​បុរាណដ្ឋានជា​មត៌ក​ដូនតា ឃើញពីម្ហូបអាហារប្រពៃណី និងយល់​ពី​តម្លៃនៃទំនាក់​ទំនង​វប្បធម៌ដ៏រស់​រវើក​រវាង​មនុស្ស ធម្មជាតិ និងបុរាណដ្ឋានផងដែរ។ សូម​​រំលឹក​ថា​កាល​ពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១៨ ក្រុមប្រាសាទ​សំបូរព្រៃគុក​​បាន​ចុះ​ក្នុង​​បញ្ជី​បេតិក​ភណ្ឌ​​ពិភពលោក​​នៃ​អង្គការ​យូណេស្កូ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!