ទំព័រដើមសិល្បៈព្រះវិហារ​ល្អប្លែកនៅវត្ត​កំពូល

ព្រះវិហារ​ល្អប្លែកនៅវត្ត​កំពូល

វត្ត​កំពូល ​ឬ​វត្ត​ទីបារាម​ ស្ថិតនៅ​ក្នុងឃុំ​កោះអណ្តែត ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ដែល​បានកសាងឡើង​នៅ​ប្របនឹង​​​ដង​ទន្លេ​ធំ(ទន្លេមេគង្គ) ដូច​បណ្តាវត្ត​បុរាណ​ផ្សេង​ទៀត​គឺ​វត្ត​កណ្តាល និងវត្ត​ស្វាយសាច់ភ្នំជា​ដើម។ ​​ប៉ុន្តែ​គេ​យល់​ថាព្រះវិហារ​វត្ត​កំពូល គឺជា​សំណង់​​ចាស់មួយ​ក្នុង​តំបន់ ​ដែល​សង់ឡើងនៅ​​លើ​ខឿន​បួន​ជ្រុង​ស្មើ មាន​ដំបូល​​កំពូល​ត្រដួច​ឡើងតូចធំ​តាម​ថ្នាក់​​ចំនួន​​១៣​ ហើយជា​លក្ខណៈ​​ល្អ​ប្លែក​គេ​ក្នុង​សំណង់​​ព្រះវិហារ​ព្រះពុទ្ធ​សាសនា។ អ្នក​ស្រាវជ្រាវ​ Daniell Guéret និង Dominique-Pierre Guéret បញ្ជាក់ថា ព្រះវិហារ​វត្ត​កំពូល​​កសាងឡើង​ក្នុង​ឆ្នាំ​១៨៩៨​។ ដូច្នេះបើគិត​មក​ដល់​​សព្វថ្ងៃ ព្រះវិហារ​វត្ត​កំពូល​មាន​អាយុកាល​​១២៦​ឆ្នាំ។

បើផ្អែក​តាមរូបថត​ឯកសារ​សាលា​បារាំង​ចុងបូព៌ាប្រទេស (EFEO) ថត​កាល​ពី​ឆ្នាំ​១៩២៩ បាន​ឱ្យ​យើង​កត់​សម្គាល់​ឃើញថា​ ព្រះវិហារ​វត្ត​កំពូលកសាង​ឡើង​នៅលើ​ខឿន​​២ថ្នាក់ ដែល​ខឿន​ខាង​ក្រោម​បំផុត​មាន​កម្ពស់​ប្រហែល១ម៉ែត្រ និ​ង​​​មាន​ខ្លោង​ទ្វារ​ចូល​នៅ​តាម​ជ្រុង​ទាំង៤។ ចំពោះ​តួ​ព្រះវិហារ​ស្ថិត​នៅលើ​ខឿន​ទី២ ដែលមាន​កម្ពស់​ប្រហែល​ត្រឹម​ដើម​ទ្រូង និង​មាន​បង្កាន់ដៃជាប់​នឹង​សសរបាំង​សាចព័ទ្ធជុំវិញ។ នៅ​ផ្នែក​ខាង​មុខ​និង​ខាង​ក្រោយ​​មាន​ជណ្តើ​រ​ឡើង​ចូល​ព្រះវិហារ​ តែនៅ​ផ្នែក​ចំហៀង​​ពុំមាន​ជណ្តើរ​ឡើយ។ រីឯ​ដំបូល​​ព្រះវិហារ​ប្រក់​ក្បឿង​ស្រកា​លេញ មាន​រាង​ជា​ថ្នាក់ៗ ហើយ​នៅ​តាម​ចុង​ចែង​ដំបូល​ គេ​លម្អ​ដោយ​កំពូល​ទម្រង់ដូច​​កំពូល​ចេតិយ​ ព័ទ្ធជុំវិញ​កំពូល​កណ្តាល​ដែលមាន​ទំហំ​ធំ​ជាង​​គេ។ លក្ខណៈ​ស្ថាបត្យកម្មព្រះវិហារ​នេះ គេ​សង្កេត​ឃើញ​នៅរក្សា​ទម្រង់​ដើម​ស្ទើរ​ទាំង​ស្រុង​​រហូត​ដល់សព្វថ្ងៃ លើកលែង​តែ​ខឿន​ខាង​ក្រោម​បំផុត​ដែល​ពុំ​មាន​ខ្លោង​ទ្វារ​តាម​ជ្រុង​នីមួយៗ ហើយ​បាន​រៀបចំ​ជា​បង្កាន់ដៃនាគ​ព័ទ្ធជុំវិញ និង​មាន​ជណ្តើ​រ​ឡើង​​តាម​ទិស​ទាំង​៤​។

ព្រះវិហារ​វត្ត​កំពូលថតឆ្នាំ​១៩២៩ (ប្រភព៖ EFEO) ព្រះវិហារ​វត្ត​កំពូល​ថត​​ឆ្នាំ​២០២៣

ជាការ​ពិត រហូត​មកដល់សព្វថ្ងៃនេះគេសង្កេតឃើញ​លក្ខណៈទូទៅ​នៃ​រចនា​សម្ព័ន្ធ​សំណង់​ព្រះវិហារ​វត្ត​កំពូល​ ហាក់​នៅរក្សា​ទម្រង់ដើម​ ជាពិសេស​គឺ​រចនាស​ម្ព័ន្ធ​សំខាន់ៗ​នៃ​​សំណង់នេះ។ កំពូល​កណ្តាល​នៃដំបូល​ព្រះវិហារ​ កសាង​ខ្ពស់​ត្រដែត​​ស្រដៀង​ទៅ​នឹង​កំពូល​ចេតតិយ​ធំ​ៗក្នុង​សំណង់​សិល្បៈខ្មែរ ហើយ​អម​ដោយ​កំពូល​តូចៗ​ផ្សេងទៀត​ចំនួន​៤ នៅ​តាម​ជ្រុង​នីមួយៗ។ ទម្រង់​កំពូល​នៅតាម​ជ្រុង​ទាំង​៤នេះ ហាក់ដូចជា​បន្ថយ​ខ្នាត​បន្តិច​​នៅ​ថ្នាក់​ទី២ និង​បន្ថយ​ខ្នាត​តូច​បំផុត​នៅថ្នាក់ទី​៣ នៃចុង​ចែង​ដំបូល​ខាងក្រោម​បំផុត។ លក្ខណៈ​​បែបនេះ​ គឺជា​គំនិត​សិល្បៈ​ប្លែកមួយដែល​ពុំសូវ​ឃើញមាន​ច្រើន​ក្នុង​សង្គមខ្មែរ ហើយ​​ពុំស្ថិត​ក្នុង​ការ​បែង​ចែក​ព្រះវិហារ​ទាំង​៤ប្រភេទ។  ​មិន​តែ​​ប៉ុណ្ណោះ នៅតាម​គល់​កំពូល​​​​ថ្នាក់ទី២ ភាគ​ច្រើន​មាន​សំណេរ​កត់ចំណាំ​ខ្លីៗ។ ​ជ្រុង​ពាយ័ព្យ​មាន​ពាក្យ​ថា  “សាង​ព្រៈ​វិហ៊ានេៈ​ព្រៈពុទ្ធសក្ករ៉ាជកន្ល៉ងទៅវហើ្យ​ ២៤៤២​ឆ្នាំម”​។ ជ្រុង​និរតី​មាន​​ពាក្យថា “យើង​ខ្ញុំទ្ងំហ្ល៉ា្យ ជាភិក្ខុ សាម្មណេ មាន​ចិត្រសាទ្ធាបាន​ជួស​ជុល​ហួត(?) ព្រៈវិហ៊ារ​នេៈ​ឡើង​​​ជាថ្មីយ៍ក្នុង​ឆ្នំាំ​… ព្រៈពុទ្ធសក្ករ៉ាជ​កន៉្លងទៅវ​២៤៦៧…” ជាដើម។ ចំណែក​ឯ​​ការ​លម្អលើ​ក្បាល​សសរ​បាំងសាចជុំវិញព្រះវិហារ គេឃើញមាន​បន្ថែម​រូប​​កិន្នរ​និង​គ្រុឌ​ទ្រ​ចុង​ដំបូលដូចការ​និយម​នៅតាម​ព្រះវិហារ​ទូទៅដែរ។ ចំពោះ​ផ្នែក​ជុំវិញ ពុំមានការ​លម្អអ្វីឡើយ ពោលគឺជា​ជញ្ជាំង​លាតធម្មតា​ដូច​​លំនាំ​ដើម​។ នៅ​ផ្នែកខាង​មុខ​និង​ខាងក្រោយមាន​ទ្វារ​ម្ខាង​២​ ហើយនៅ​ចំហៀង​ទាំង​សងខាង​ មាន​តែ​បង្អួច​ម្ខាង​៤ ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែល​គួរឱ្យ​កត់ចំណាំនៃសំណង់​ព្រះវិហារ​នេះ គឺ​នៅ​លើ​ខឿន​ថ្នាក់ទី​២ មាន​ប្រវែង​៩ម៉ែត្រ​ស្មើជ្រុង ហើយ​ក្បាច់​លម្អប្រើជា​បង្កាន់ដៃ​​ជុំវិញបាំង​សាច​គឺជា​ប្រភេទ​​​ដីដុត​​រលោង​ពណ៌បៃតង (ខ្លះហៅថា​សេរ៉ាមិច)។ ក្បាច់​នីមួយៗ​មាន​ទំហំ​ប្រហែល​៣តឹក​៤ជ្រុង ហើយក្បាច់​ខ្លះ​មាន​សណ្ឋាន​ស្រដៀង​នឹង​លំនាំ​កាក់ចិន តែខ្លះមាន​រាង​ដូច​ផ្កា។

រចនាសម្ព័ន្ធនិង​ការ​លម្អ​ផ្នែកដំបូល​នៃព្រះវិហារ​វត្ត​កំពូល និង​ក្បាច់​លម្អ​បង្កាន់ដៃខាងក្រៅ

នៅផ្នែកខាងក្នុង​ព្រះវិហារ​ គេរៀបចំសាង​បាល័ង្កព្រះជីវ៍​ធំនៅ​ជាប់​ជញ្ជាំង​ខាង​លិច​​ដូច​ព្រះវិហារ​ទូទៅដែរ។ ព្រះបដិមា​ព្រះជីវ៍​លាបទឹក​មាស​ គង់​ក្នុង​កាយ​វិការ​ផ្ចាញ់​មារ។​ ចន្លោះ​ខាង​មុខ​ព្រះជីវ៍ មាន​សសរ​បេតុង​ធំៗ​​៤ជ្រ​ង​ ចំនួន​៤ដើម ទ្រពិតាន​ឈើ​ ដែល​លើ​​ផ្ទៃ​ពិតាន​នោះ​ពុំមាន​គំនូរ​អ្វីគួរ​ឱ្យ​កត់សម្គាល់ក្រៅ​ក្បាច់លម្អ​ធម្មតា និង​រូប​ផ្កាភ្ញី​ផ្សេងៗ។ លើ​សសរ​​ទាំង​អស់ គេ​គូរ​លម្អ​ក្បាច់​ភ្ញី​ដូចៗគ្នាទាំង​៤ ជ្រុង​ ហើយ​ដែល​ការ​លម្អ​នេះ​​ប្រហែល​រៀបចំ​​ជួស​ជុល​គូរ​ថ្មី។ បើយោង​តាម​ចំណារ​លើ​បាល័ង្ក​នោះ​​បញ្ជាក់ថា កសាង​​ព្រះបដិមា​ និង​សន្ធិយា ​ព្រម​ទាំង​ជួស​ជុល​ពិតាន​ព្រះវិហារ​នេះ​នៅ​ក្នុង​ឆ្នាំ​១៩៨១។

បដិមា​ព្រះជីវ៍​ក្នុង​ព្រះវិហារ​វត្ត​កំពូល

ចំពោះគំនូរ​លើ​ជញ្ជាំង​ខាងក្នុង​ព្រះវិហារ​វត្តកំពូល ក៏ជា​ប្រភេទគំនូរ​រៀបរាប់​សាច់​រឿង​​ពុទ្ធប្រវត្តិ​ និង​រឿង​មហាវេស្សន្តរ​​ដូច​បណ្តា​ព្រះវិហារ​ផ្សេងដែរ។ ប៉ុន្តែ​ចំណុច​ពិសេស​​គួរ​ឱ្យសង្កេត​ គឺព្រះវិហារ​វត្ត​កំពូល​មានផ្ទៃជញ្ជាំង​តូច​៤ជ្រុង​ស្មើ ដែល​វិចិត្រ​ករ​​ត្រូវ​ជ្រើស​រើស​​អន្លើ​សំខាន់ៗនៃសាច់រឿង​មកគូរ​បង្ហាញ។ នៅជួរ​ខាងក្រោម គេ​គូរ​សាច់​រឿង​មហា​វេស្សន្តរ​ ដោយ​ផ្តើម​ចេញ​ពីជ្រុង​ជញ្ជាំងទិស​អាគ្នេយ៍ ព័ទ្ធមកខាងលិច ហើយ​បញ្ចប់​នៅ​ត្រឹម​​នគរកណ្ឌ​នៅជ្រុង​ជញ្ជាំងទិស​ឦសាន។ គំនូរ​រឿង​ពុទ្ធប្រវត្តិ ចាប់ផ្តើមនិង​បញ្ចប់​នៅលើ​ជញ្ជាំង​ខាងកើត ទល់​មុខ​នឹង​បាល្ល័ង្ក​ព្រះជីវ៍​ តែផ្ទាំង​គំនូរ​ត្រង់​ព្រះ​អង្គ​ចាប់បដិសន្ធិ និង​ថ្វាយ​ព្រះភ្លើង​គូរ​ជាប់​គ្នា​​នៅជួ​រ​ខាង​ក្រោម​ ហើយ​គំនូរ​ត្រង់​ព្រះសម្មាសម្ពុទ្ធទ្រង់​ប្រឈួន បរិនិព្វាន និ​ងចែក​ព្រះបរម​សារីរិក​ធាតុ ស្ថិត​នៅ​ជួរ​ខាង​លើ​។ ចំណុច​នេះ ហាក់​ដូចជា​បាន​បង្ហាញ​អ្នក​មើល​ឱ្យ​ច្បាស់​ពីគំនិត​កើត និង​ស្លាប់នៅកៀក​ក្បែរគ្នា។ រីឯ​​គំនូរ​ផ្សេងពីនេះក្នុង​រឿង​ពុទ្ធប្រវត្តិ គឺវិចិត្រ​ក​រ​បាន​សង្ខេប​​​​យក​មក​​គូរ​បង្ហាញ​ខ្លីៗដូចជា ​ប្រសូត្រ, សម្តែងឫទ្ធិ, អភិសេក, ចេញ​បួស, ទទួល​ចង្ហាន់​នាង​សុជាតា, ផ្ចាញ់មារ, ប្រោសបញ្ចវគ្គីយ៍​ភិក្ខុ, ប្រោស​នាង​ពិម្ពា, ប្រោស​​ពុទ្ធមាតា​នៅឋាន​ត្រៃត្រិង្ស, មារអារាធនាព្រះអង្គចូលនិព្វាន, ទទួល​ចង្ហាន់​នាយ​ចុន និងទ្រង់​ប្រឈួន​ជាដើម​។

ជាសេចក្តីសង្ខេប ព្រះវិហារ​វត្ត​កំពូល​គឺជា​ស្ថាបត្យកម្ម​ល្អប្លែកមួយ​ក្នុង​​សំណង់​វត្ត​អារាម​ខ្មែរ ដែលគេធ្លាប់​ឃើញមានស្រដៀង​នេះដូច​ជា ហោត្រៃវត្ត​ស្វាយ​ពពែ (រុះ​រើ​ឆ្នាំ​២០២១) និង​ព្រះវិហារ​វត្ត​ស្វាយ​តាហែន (ស្រុកកងមាស​ ខេត្ត​កំពង់ចាម)។ មិន​តែ​ប៉ុណ្ណោះ បើ​ផ្អែក​តាម​ចំណារផ្សេងៗ ព្រះវិហារ​នេះ​​កសាង​ក្នុង​ពុទ្ធសករាជ​២៤២ (ឆ្នាំ​១៨៩៩) ធ្លាប់​ជួស​ជុល​​ដំបូល​ក្នុង​ពុទ្ធសករាជ​​២៤៦៧ (ឆ្នាំ​១៩២៤) និង​ជួស​ជុល​ផ្នែក​ផ្សេងៗទៀត​​ជា​បន្ត​បន្ទាប់​នៅ​ក្រោយ​សម័យ​សង្រ្គាម។​ លើ​សពីនេះ បើផ្ទៀង​ផ្ទាត់​ជាមួយ​ឯកសារ​បារាំង គេ​អា​ចនិយាយ​បាន​ថា​ទម្រង់​ទូទៅ​នៃព្រះវិហារ​វត្ត​កំពូល​ គឺនៅរក្សា​លំនាំដើម​ស្ទើរ​ទាំង​ស្រុង​៕

អត្ថបទដោយ៖ លោក ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!