ទំព័រដើមប្រវត្តិសាស្ត្របដិមាព្រះនាងស្រីរាជេន្រ្ទទេវីរកឃើញនៅប្រាសាទលលៃ

បដិមាព្រះនាងស្រីរាជេន្រ្ទទេវីរកឃើញនៅប្រាសាទលលៃ

ចាប់ពីចុងស.វ.ទី៩មក ប្រវត្តិវិទូជាច្រើនបានសង្កេតឃើញថា ព្រះមហាក្សខ្មែរនៅពេលអភិសេកឡើងសោយរាជ្យ ទ្រង់ច្រើនតែមានទំនៀមសាងសង់ប្រាសាទឧទ្ទិសដល់បុព្វការីជន។ ជាក់ស្តែង ព្រះបាទឥន្រ្ទវរ្ម័នទី១ (គ.ស.៨៧៩-៨៨៩) កសាងប្រាសាទព្រះគោឧទ្ទិសដល់បុព្វការីជនទាំងប្រាំមួយអង្គរបស់ទ្រង់នៅរាជធានីហរិហរាលយ។ បន្ទាប់ពីទ្រង់សោយទិវង្គត មុនពេលព្រះបាទយសោវរ្ម័នទី១ (គ.ស.៨៨៩-៩១០) ប្តូររាជធានីទៅកាន់តំបន់អង្គរ (ស្រីយសោធរបុរ) ទ្រង់បញ្ជាឱ្យសាងប្រាសាទលលៃនៅចំកណ្តាលឥន្រ្ទតដាក ដើម្បីឧទ្ទិសទៅដល់បុព្វការីជន។ ប្រាសាទលលៃ មានតួប៉មធ្វើអំពីឥដ្ឋចំនួន ៤ សង់នៅលើខឿនតែមួយ ហើយតួប៉មនីមួយៗសុទ្ធតែតម្កល់រូបសំណាកបុព្វការីជនក្នុងរូបភាពជាទេពប្រុសនិងទេពស្រីនៅក្នុងនិកាយសិវ។ នៅក្នុងអត្ថបទនេះ យើងនឹងសិក្សាអំពីរូបសំណាកមួយដែលព្រះបាទស្រីយសោវរ្ម័ន តម្កល់នៅតួប៉មនិរតីនៃប្រាសាទលលៃ ដែលមានព្រះនាមថា «ព្រះកម្រតេងអញស្រីរាជេន្រ្ទទេវី» ក្រោមរូបភាពជាព្រះជាយារបស់ព្រះសិវ (គៅរិ)។ តើរូបបដិមានេះមានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?

គេអាចដឹងថា បដិមាខាងលើគឺជា ព្រះនាងស្រីរាជេន្រ្ទទេវី ក្នុងរូបភាពជាគៅរិបានតាមរយ:សិលាចារឹកនៅលើមេទ្វារខាងត្បូង នៃតួប៉មនិរតីប្រាសាទលលៃ ចុះបញ្ជីលេខ K.331A ដែលរៀបរាប់ថា “មហាសករាជឆ្នាំ៨១៥ (ត្រូវនឹងគ.ស.៨៩៣) ព្រះបាទស្រីយសោវម៌ ស្ថាបនាព្រះអាជ្ញាកន្លោងព្រះនាងរាជេន្រ្ទទេវី ដោយមានថ្វាយនូវខ្ញុំបម្រើជាច្រើននាក់ថែមទៀតផង”។ ចំណែកឯ ទិន្នន័យសិលាចារឹកនៅលើមេទ្វារតួប៉មផ្សេងទៀតនៃប្រាសាទលលៃ ក៏បានផ្តល់ព័ត៌មានឱ្យយើងដឹងថា តួប៉មអាគ្នេយ៍តម្កល់រូបសំណាកព្រះបាទមហិបតិវរ្ម័ន តួប៉មពាយព្យតម្កល់រូបសំណាកព្រះនាងឥន្រ្ទទេវី និងតួប៉មឦសានតម្កល់រូបសំណាកព្រះបាទឥន្រ្ទវរ្ម័ន។ គ្រប់រូបសំណាកបុព្វការីជនភេទប្រុស គឺស្ថាបនាឡើងក្នុងរូបភាពជាព្រះសិវ និងបុព្វការីជនភេទស្រីក្នុងរូបភាពជាព្រះជាយាព្រះសិវ (គោរិ)។ ព្រះបាទឥន្រ្ទវរ្ម័ន និងព្រះនាងឥន្រ្ទទេវី គឺជាព្រះបិតានិងមាតារបស់ព្រះបាទស្រីយសោវរ្ម័ន រីឯព្រះបាទមហិបតិវរ្ម័ន និងព្រះនាងរាជេន្រ្ទទេវី ត្រូវជាព្រះអយ្យិកោ និងអយ្យិការបស់ព្រះបាទស្រីយសោវរ្ម័ន។ ម្ល៉ោះហើយ រូបបដិមា ឬរូបសំណាកដែលយើងកំពុងលើកយកមកសិក្សានេះ គឺជារូបសំណាកតំណាងឱ្យព្រះអយ្យិកា (ជីដូន) របស់ព្រះបាទស្រីយសោវរ្ម័នទី១ ជាប់ខ្សែខាងព្រះមាតារបស់ទ្រង់។

រូបបដិមា ឬរូបសំណាកព្រះនាងស្រីរាជេន្រ្ទទេវីក្នុងរូបភាពជាព្រះជាយារបស់ព្រះសិវ  (គៅរិ) ស្ថាបនាឡើងអំពីថ្មភក់ មានកម្ពស់ ១៧៥ ស.ម. ,ទទឹង ៥០ ស.ម. និងកម្រាស់ ៣៧ ស.ម. ដែលសព្វថ្ងៃកំពុងរក្សាទុកនិងដាក់តាំងបង្ហាញនៅលើថែវខាងត្បូងនៃសារមន្ទីរជាតិកម្ពុជា ដោយមានលេខបញ្ជី Ka.1645 / B.289 / B.42.4 / ខ.68។ សិល្បករតុបតែងរូបសំណាកទេពស្រីដោយមានលក្ខណៈឈរទ្រឹង ព្រះភក្រ្តញញឹមស្ងប់ ព្រះឱស្ឋក្រាស់ ថ្ពាល់ពេញ ថ្ងាសរលោង ចិញ្ចើមវែងត្រង់ជាប់គ្នា ច្រមុះរីកធំមានខ្ទង់ ព្រះនេត្របិទសំប៉ែត ព្រះកាណ៌វែងមានចោះរន្ធសម្រាប់ពាក់ក្រវិល ហើយរចនាម្កុដជារបៀបផ្នួងសក់មានលម្អជាក្បាច់ផ្សេងៗ (ជដាមកុដ)។ នៅពេលគេរកឃើញដំបូង រូបសំណាកនេះបានបែកបាក់ខ្លះនៅលើផ្ទៃមុខផ្នែកខាងស្តាំ តែបច្ចុប្បន្នអ្នកជំនាញនៃសារមន្ទីរជាតិកម្ពុជាបានជួសជុលឡើងវិញរួចរាល់ហើយ។ ព្រះថន:មូលក្លំ មានស្នាមឆ្នូតនៅក្រោមដើមទ្រូងក្នុងលក្ខណៈជាធម្មជាតិពិតៗ ហើយព្រះហស្តទាំងពីរបាក់នៅសល់ត្រឹមកដៃ ប៉ុណ្ណោះ។ រូបសំណាកព្រះនាងរាជេន្រ្ទទេវីស្លៀកសារុង មានផ្នត់រាងត្រីកោណធ្លាក់សំយាកលើភ្លៅខាងឆ្វេង ហើយនៅចំពីមុខមានផ្នត់វែងមួយធ្លាក់ពីក្បាលពោះរហូតដល់កជើង។

ក្នុងឆ្នាំ១៩៣១ លោក Groslier បានសិក្សារូបបដិមានេះដោយបានលើកឡើងថា រូបនេះជាសិល្ប:នៅស.វ.ទី៩ ដែលមានលក្ខណៈស្រដៀងរូបសំណាកព្រះនាងធរណិន្រ្ទទេវី ដែលរកឃើញនៅប្រាសាទព្រះគោ។ លោក Jessup (2006) ជាប្រវត្តិសិល្ប:វិទូដ៏ល្បីល្បាញ យល់ឃើញថា រូបសំណាកព្រះនាងរាជេន្រ្ទទេវី មានលំនាំជាសិល្បរចនាបថព្រះគោ ប៉ុន្តែមានចំណុចខុសគ្នាខ្លះ ឧទាហរណ៍ ដងខ្លួនបដិមានៅប្រាសាទបាគងសិល្បករឆ្លាក់តាមលំនាំធម្មជាតិច្រើនជាង ខុសពីរូបបដិមានេះមានរាងឈរទ្រឹង ហើយផ្នត់សំពត់ពុំលម្អិតដូចរចនាបថព្រះគោឡើយ។ ម្ល៉ោះហើយ លោកសន្និដ្ឋានថា បដិមានេះអាចគេឆ្លាក់ឡើងនៅស.វ.ទី១២ ដើម្បីយកទៅជំនួសរូបចាស់នៅស.វ.ទី៩ ដែលស្របពេលនឹងការជួសជុលតួប៉មខាងលើប្រាសាទបាគងដែរ។ គំនិតដែលថាបដិមានេះទំនងសាឡើងថ្មីនៅស.វ.ទី១២ ជំនួសរូបចាស់នៅស.វ.ទី៩នេះ ធ្លាប់បានស្នើដំបូងគេដោយលោក Albert Le Bonheur នៅក្នុងឆ្នាំ១៩៨៩ ដោយគំនិតរបស់លោកពឹងផ្អែកលើការរចនាម៉ូតសក់ និងសំពត់របស់បដិមាដែលមានលក្ខណៈមួយចំនួនផ្ទុយពីលក្ខណៈជាទូទៅនៃរចនាបថព្រះគោ ស.វ.ទី៩។ ទោះបីជាយ៉ាងណា យើងពុំមានភស្តុតាងជាក់លាក់ណាមួយអាចសន្និដ្ឋានថារូបនេះជាសិល្ប:ដែលស្ថាបនាឡើងនៅស.វ.ទី១២ យកមកជំនួសរូបសំណាកចាស់នៅស.វ.ទី៩បានឡើយ បើទោះបីជាគេដឹងថាតួប៉មខាងលើនៃប្រាសាទបាគងស្ថាបនាឡើងវិញនៅក្នុងស.វ.ទី១២ (រចនា បថអង្គរវត្ត) ក៏ដោយ។ ដ្បិតមានតែការលម្អម្កុដមួយមុខប៉ុណ្ណោះ ដែលយើងឃើញមានលក្ខណៈប្លែកពីទេវរូបភេទស្រីនៅចុងស.វ.ទី៩ រីឯការលម្អនៅលើសារុងពុំសូវឃើញមានខុសប្លែកច្រើន  ឡើយ។ ករណីនេះ ប្រសិនបើរូបសំណាកនេះ ពិតជាសិល្ប:ចាស់នៅចុងស.វ.ទី៩ដដែលមែន វាអាចមកពីសិល្ប:ក្នុងរាជ្យព្រះបាទស្រីយសោវរ្ម័នទី១ មានភាពខុសប្លែកគ្នាខ្លះពីសិល្ប:ដែលយើងឃើញនៅប្រាសាទព្រះគោ និងបាគង។ ដ្បិត យើងដឹងស្រាប់ហើយ នៅពេលទ្រង់ប្តូររាជធានីទៅកាន់តំបន់អង្គរ សិល្ប

ៈនៅក្នុងរជ្ជកាលរបស់ទ្រង់មានការវិវឌ្ឍន៍ថ្មីមួយដែលធ្វើឱ្យអ្នកស្រាវជ្រាវបានកំណត់ចូលទៅក្នុងរចនាបថថ្មីមួយដែលមានឈ្មោះថា “រចនាបថបាខែង”។ អ្វីដែលគួរយកមកពិចារណាបន្ថែមទៀតនោះគឺ តើរូបបដិមានេះពិតជារូបរាងធម្មជាតិរបស់ព្រះនាងរាជេន្រ្ទទេវីមែនឬអត់? ឬគ្រាន់តែជារូបស្នងបដិមាដែលគេឆ្លាក់ក្នុងទម្រង់ព្រះភក្រ្ត និងរូបរាងតាមការស្រមើស្រមៃរបស់សិល្បករ? ទោះបីជាសិលាចារឹកបានបញ្ជាក់ឱ្យដឹងថា បដិមានេះជារូបស្នងរបស់ព្រះនាងក្នុងរូបភាពជាព្រះក៏ដោយ ក៏យើងពិបាកនឹងវាយតម្លៃឱ្យជាក់លាក់ថា រូបនេះជាព្រះភក្រ្តពិត ឬមិនពិតឡើយ។ ជាទូទៅ រូបបដិមានៅសម័យអង្គរ គឺមានតែរូបបដិមាតំណាងព្រះបាទស្រីជ័យវរ្ម័នទី៧ មួយអង្គគត់ ដែលអ្នកស្រាជ្រាវបានឯកភាពគ្នាគិតថា ជាព្រះភក្រ្ត និងរូបរាងពិតរបស់ទ្រង់។

ជារួមមក រូបបដិមាព្រះនាងស្រីរាជេន្រ្ទទេវីក្នុងរូបភាពជាព្រះជាយារបស់ព្រះសិវ (គៅរិ) ដែលតម្កល់នៅក្នុងតួប៉មនិរតីនៃប្រាសាទលលៃ ក្នុងតំបន់ហរិហរាលយ (រលួស សៀមរាប) គឺជាឧទាហរណ៍មួយដ៏មានសារៈសំខាន់ បង្ហាញឱ្យយើងឃើញពីទំនៀមរបស់ព្រះមហាក្សត្រនៅដើមសម័យអង្គរ ដែលគេនិយមកសាងរូបសំណាកបុព្វការីជនរបស់ខ្លួនក្នុងរូបភាពជាទេពតម្កល់នៅក្នុងប្រាសាទ។ លក្ខណៈបែបនេះ យើងឃើញច្បាស់លាស់នៅចុងស.វ.ទី១២ ដើមស.វ.ទី១៣ ក្នុងរាជ្យព្រះបាទស្រីជ័យវរ្ម័នទី៧ (គ.ស.១១៨១-១២២១)។ ចំណែកឯការសន្និដ្ឋានថា រូបសំណាកនេះទំនងកសាងឡើងវិញនៅស.វ.ទី១២ដោយយកលំនាំរូបចាស់នៅស.វ.ទី៩ នៅតែមិនទាន់ជា  អំណះអំណាងដែលរឹងមាំនៅឡើយទេ៕

——————–

Rajendradevi statue found at Prasat Lolei

Prasat Lolei temple consists of four brick sanctuary towers on a single terrace, and each tower houses a statue representing the ancestors of King Sri Yasovarman I (ca. 889-910). According to the inscription on the entrance door (K.331A), one of the statues in the southwest sanctuary tower of Prasat Lolei temple is the portrait-statue representing Sri Rajendradevi as Gauri, the grandmother of Sri Yasovarman I. This statue depicts the tradition of the kings in the early Angkorian period, who produced the portrait-statues of their ancestors in the form of deities in the temple. This tradition was clearly demonstrated in the late 12th and early 13th centuries during the reign of Sri Jayavarman VII (ca. 1181-1221). Many scholars have speculated that the statue of Sri Rajendradevi as Gauri probably had been rebuilt in the 12th century, replacing the old one in the 9th century. However, this argument is not yet clear.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!