ទំព័រដើមប្រវត្តិសាស្ត្របាយ៉ង (ភ្នំបាយ៉ងកោរ)

បាយ៉ង (ភ្នំបាយ៉ងកោរ)

ភ្នំបាយ៉ងស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ ជាប់នឹងព្រំដែនវៀតណាមប្រហែល២០គ.ម. និងមានចម្ងាយពីទីរួមខេត្តតាកែវប្រហែល៤០គ.ម.។ នៅលើកំពូលភ្នំដែលមានកម្ពស់ប្រហែល៣០០ម៉ែត្រនេះ គេបានសាងជាប្រាសាទដូចដែលយើងឃើញសព្វថ្ងៃនេះ។ គេសន្មតថាកំពូលភ្នំនេះជាស្ថានរបស់ទេព។

ប្រាសាទនេះមានឈ្មោះដើមថា “សិវបុរ” (ក្រុងរបស់ព្រះឥសូរ)។ ប្រាសាទនេះត្រូវបានសាងចាប់ពីស.វ.ទី៧ ពោលគឺចាប់ផ្ដើមសាងនៅក្នុងរាជ្យរបស់ព្រះបាទឦសានវរ្ម័នទី១ ដើម្បីឧទ្ទិសដល់ព្រះឥសូរ ហើយមានការបន្តសាងនៅរាជ្យស្ដេចក្រោយៗទៀតរហូតដល់ស.វ.ទី១២។

ប្រាសាទនេះមានសិលាចារឹកច្រើនជាភាសាខ្មែរ និងសំស្ក្រឹត ដែលចាប់ផ្ដើមចារពីស.វ.ទី៧ រហូតដល់ស.វ.ទី១២ ដែលមានលេខចុះបញ្ជីដូចជា K. 13, K. 14, K. 483, K. 850, K. 851, K. 852, K. 853, K. 854។ ខ្ញុំសូមសង្ខេបខ្លះៗទាក់ទងនឹងសិលាចារឹកខ្លះដូចខាងក្រោម។

សិលាចារឹកចុះបញ្ជីលេខ K. 13 និយាយអំពីការតម្កល់ “សិវបាទ” នៅលើកំពូលភ្នំដោយព្រាហ្មណ៍ម្នាក់ឈ្មោះ “វិទ្យាពិន្ទុ (Vidyābindu)” និងសាងស្រះទឹក២។ នេះប្រហែលជាគំនិតនៃការគោរពជំនឿលើ “សិវបាទ” ដោយរៀបរាប់អំពី “សិវបាទ” នៅហរិទ្វារដែលស្ថិតនៅភ្នំហេមពាន្ត។

សិលាចារឹកចុះបញ្ជីលេខ K. 483 និយាយអំពីឈ្មោះ “ឧត្បន្នេស្វរ” (Utpannesvara) ដែលប្រហែលជាលិង្គតំណាងឱ្យអំណាចរបស់ព្រះឥសូរ។ K. 14 ចារនៅឆ្នាំ៨៧៨ ក្នុងរាជ្យរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ និយាយថានៅក្នុងក្រុងសិវបុរ “ស្ដេចនៃកម្ពុជា”​ ​បានធ្វើអំណោយដល់ទេព។ ពាក្យ “កម្ពុជា” នេះប្រហែលជានិយាយលើកដំបូងនៅក្នុងសិលាចារឹកខ្មែរ។

សិលាចារឹកចុះបញ្ជីលេខ K. 850 ចារឹកនៅស.វ.ទី១២ ក្នុងរាជ្យរបស់​ព្រះបាទធរណិន្ទ្រវរ័្មនទី១ និយាយអំពីតង្វាយចំពោះប្រាសាទព្រះសិវបុរមានអង្ករ​សម្រាប់បុណ្យសង្ក្រាន្ត នារីកិនគ្រឿងក្រអូប បុរសជាអ្នកបម្រើ​បុណ្យសង្ក្រាន្ត​ ដោយ​បែងចែកការងារតាមវេនខ្នើត និងរនោច។

សិលាចារឹកចុះបញ្ជីលេខ K. 851 ចារឹកនៅសម័យមុនអង្គរ​ស.វ.ទី៧ មាន​ពីរបន្ទាត់គឺ៖ ១- អាគ្នេយ៍ ២- ឱជៃមិណយេស្វាហា ជាពាក្យសូត្របួងសួងដល់មហាឥសី ជៃមិណី ដែលល្បីល្បាញខាងវិជ្ជាតារាសាស្ត្រ។ សិលាចារឹកចុះបញ្ជីលេខ K. 852 ចារឹកនៅឆ្នាំ១០២៩មហាសករាជ ត្រូវនឹង​ឆ្នាំ​១១០៧គ.ស. និយាយដល់កាលព្រះបាទធរណិន្ទ្រវរ្ម័នទី១ ឡើងសោយរាជ្យរួចហើយ​ ទ្រង់​បាន​ប្រតិស្ថាន​ ព្រះស្រីភទ្រេ​ស្វរាស្រម ​នៅឯប្រាសាទ ព្រះសិវបុរ។ ទ្រង់បានថ្វាយព្រះ​ជំនូនដល់ព្រះស្រីភទ្រេស្វរាស្រម និងស្រុកស្រីភទ្រេស្វរាស្រម ​ជាមនុស្ស​បម្រើនៅទីនោះជាពីរក្រុមតាមវេនខ្នើតននិងរនោច​ ព្រមទាំងស្រែសម្រាប់​ព្រាហ្មណ៍ជាស្មឹង ខែខ្នើត៥ ខែរនោច៥។

អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!