ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់កញ្ចាំងរូបឥសីរកឃើញនៅប្រាសាទព្រះគោ

ចម្លាក់កញ្ចាំងរូបឥសីរកឃើញនៅប្រាសាទព្រះគោ

កញ្ចាំង គឺសំដៅទៅលើបន្ទះថ្មមានមុខរាងត្រីកោណដែលសិល្បករបុរាណដាក់នៅតាមកែងនៃថ្នាក់ដំបូលប្រាសាទ។ ជាទូទៅ គេច្រើនឆ្លាក់រូបសត្វ ឬរូបទេពផ្សេងៗនៅក្នុងក្បាច់កញ្ចាំង។ ដោយឡែក នៅប្រាសាទព្រះគោ ខេត្តសៀមរាប ដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទឥន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧-៨៨៩) គេបានរកឃើញរូបចម្លាក់ក្បាច់កញ្ចាំងមួយដែលមានចម្លាក់រូបឥសីនៅជាប់ជាមួយ។ ចម្លាក់កញ្ចាំងនេះ មានលក្ខណៈប្លែកពីចម្លាក់សម័យមុនៗ ដ្បិតគេធ្លាប់ឃើញតែចម្លាក់រូបទេពនៅកណ្តាលនៃកញ្ចាំង ប៉ុន្តែចម្លាក់នៅប្រាសាទព្រះគោបែរជាសិល្បករឆ្លាក់រូបឥសីអង្គុយនៅពីក្រោយកញ្ចាំងទៅវិញ។ តើចម្លាក់កញ្ចាំងរូបឥសីរកឃើញនៅប្រាសាទព្រះគោមានប្រវត្តិ និងលក្ខណៈទូទៅបែបណាខ្លះ?

ជាទូទៅ ពាក្យ ឥសី ឬ ឫសី ជាភាសាសំស្រ្កឹត មានន័យថា តាបស ដែលគេសំដៅទៅលើមនុស្សប្រុសវ័យចំណាស់ រូបរាងស្គម មានផ្នួងសក់បួងវេញឡើងលើចងរឹតដោយផ្គាំ ជួនកាលពាក់កំណាត់រុំជាកំពូលនៅលើក្បាល មានពុកមាត់ និងពុកចង្កាយ៉ាងវែងស្រួចធ្លាក់ចុះមកក្រោម ត្រចៀកវែង ពាក់ក្រវិលស្រួច ពាក់ខ្សែកចងដោយផ្គាំ និងច្រើនស្លៀកសំពត់ខ្លីត្រឹមភ្លៅ។ នៅក្នុងព្រហ្មញ្ញសាសនា “ឥសី” ឬអាចហៅម្យ៉ាងទៀតថា “ព្រាហ្មណ៍” គឺជាអ្នកបួសដ៏បរិសុទ្ធដោយការធ្វើតបៈធម៌ ហើយជាព្រះគ្រូផ្សព្វផ្សាយនិងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលទ្ធិសិវនិយម តំណាងឱ្យព្រះឥសូរដែលជាទេពបំផ្លាញលោក និងបង្កើតលោក។ ពួកឥសី ឬ ព្រាហ្មណ៍ គឺជាអ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរសម័យបុរាណ ដ្បិតពួកគេជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ ជាអ្នកដែលព្រះរាជាមានទំនុកព្រះទ័យឱ្យរៀបចំកិច្ចពិធីបែបព្រហ្មញ្ញសាសនា និងជាអ្នកមើលថែទាំប្រាសាទទៀតផង។ តាមរយៈសិលាចារឹកមួយចំនួននៅក្នុងស.វ.ទី៧ ដូចជា សិលាចារឹកនៅសំបូរព្រៃគុក K.604, សិលាចារឹកភ្នំព្រះវិហារ K.733 បានឱ្យដឹងអំពីវត្តមានឥសីឬព្រាហ្មណ៍បាសុបតនៅក្នុងលទ្ធិសិវនិយមបម្រើការនៅក្នុងរាជការខ្មែរនាសម័យនោះ ហើយពួកគេសុទ្ធសឹងមានតួនាទីយ៉ាងសំខាន់នៅក្នុងជួររាជការ។ មកដល់ស.វ.ទី៩ យោងទៅតាម​សិលាចារឹកប្រាសាទព្រៃប្រាសាទ K.279 នាំឱ្យគេដឹងថា ពួកព្រាហ្មណ៍នៅក្នុងលទ្ធិសិវនិយមដែលកំពុងបម្រើការនៅក្នុងរាជការខ្មែរនៅសម័យនោះមានពីរប្រភេទ គឺពួកព្រាហ្មណ៍សៃវ និងពួកព្រាហ្មណ៍បាសុបត ដែលពួកព្រាហ្មណ៍និកាយទាំងពីរ គឺសុទ្ធសឹងស្ថិតនៅក្រោមនិកាយធំមួយដែលហៅថា “សិវនិយម”។  

ដោយឡែក ចម្លាក់កញ្ចាំងមានរូបឥសីដែលយើងកំពុងលើកយកមកបង្ហាញក្នុងអត្ថបទខ្លីនេះ អាចជារូបតំណាងឱ្យឥសីនៅក្នុងនិកាយសៃវ ឬក្នុងនិកាយបាសុបត ដ្បិតនៅសម័យនោះលទ្ធិសិវនិយមមានឥទ្ធិពលជ្រួតជ្រាបក្នុងសង្គមយ៉ាងរឹងមាំបំផុត។ ចម្លាក់កញ្ចាំងរូបឥសីនេះ កំពុងតែរក្សាទុក និងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជាជាយូរឆ្នាំមកហើយ។ ចម្លាក់នេះសាងឡើងអំពីថ្មភក់ មានកម្ពស់ ៥៦,៥ ស.ម. ទទឹង ៣៨ ស.ម. កម្រាស់ ២៦,៥ ស.ម. និងទម្ងន់ ៤៦ គ.ក.។ ចម្លាក់នេះចុះបញ្ជីសារពើភណ្ឌរបស់សារមន្ទីរជាតិកម្ពុជាលេខ ក.1643/ B.350/ B.62.4 / ខ.70 ដែលជាស្នាដៃសិល្បៈសម័យអង្គរ រចនាបថព្រះគោ នាចុងស.វ.ទី៩ ក្នុងរជ្ជកាលព្រះបាទឥន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧-៨៨៩)។ ទម្រង់ជាទូទៅរបស់ចម្លាក់ឥសីនេះ គឺមានមុខមូលទ្រវែង ចិញ្ចើមវែង ភ្នែកកំពុងបិទជិតធ្វើសមាធិ មានពុកមាត់និងពុកចង្កាវែងធ្លាក់មកក្រោម ពាក់ផ្គាំឬអង្កាំ បួងសក់ឡើងលើ ហើយដៃទាំងពីរបានបាត់បង់ត្រឹមប្រអប់ដៃទាំងសងខាង ប៉ុន្តែយើងអាចស្មានបានថា ដៃរបស់ឥសីទាំងសងខាងប្រហែលដាក់ប្រណម្យចូលគ្នា និងភាវនាដល់ព្រះ។ កាយវិការអង្គុយរបស់តួអង្គឥសីនៃចម្លាក់នេះ គឺគេហៅឈ្មោះថា “យោគបដ្ត”។ ក្នុងនោះ “យោគ” សំដៅដល់ការធ្វើសមាធិ ឬធ្វើតបៈដោយដាក់ជើងខ្វែងគ្នា ហើយ “បដ្ត” មានន័យថា “ក្រណាត់” ដែលសំដៅដល់ខ្សែក្រណាត់កំពុងព័ទ្ធជើងរបស់ឥសី។ កាយវិការនៃការធ្វើតបៈ ឬសមាធិរបៀបនេះ គឺជារូបភាពមួយរបស់ពួកឥសីនៃលទ្ធិសិវនិយម ដើម្បីធ្វើចិត្តឱ្យបរិសុទ្ធ ជម្រះមន្ទិលសៅហ្មង ស្មឹងស្មាធគិតដល់ព្រះឥសូរជាម្ចាស់ ក្នុងគោលបំណងបណ្តេញនូវចំណងនៃសេចក្តីទុក្ខទាំងឡាយចេញពីចិត្តនិងកាយ ហើយដើម្បីបានឡើងទៅកាន់ស្ថានសួគ៌ (ស្ថានព្រះសិវ) នៅពេលអនាគត។

ជារួមមក ចម្លាក់កញ្ចាំងរូបឥសីរកឃើញនៅប្រាសាទព្រះគោ ខេត្តសៀមរាប គឺតឹកតាងដ៏មានសារៈសំខាន់មួយ ដែលបង្ហាញឱ្យឃើញអំពីតួនាទីរបស់អ្នកបួសនៅក្នុងព្រហ្មញ្ញសាសនា និកាយសិវនិយម ដែលពួកគេបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចការរាជការរបស់ខ្មែរតាំងពីសម័យបុរាណកាលមក។ បើទោះបីជារូបនេះ សាងឡើងនៅស.វ.ទី៩ ក៏យើងបានដឹងយ៉ាងច្បាស់ថា តាំងពីស.វ.ទី៧ មក ពួកឥសីបានក្លាយជាចំណែកមួយយ៉ាងសំខាន់សម្រាប់ការទ្រទ្រង់អាណាចក្រខ្មែរឱ្យរុងរឿងរហូតដល់សម័យអង្គរ៕

———————

This antefix shows an image of an ascetic, and it was found in the Prasat Preah Ko temple, Siem Reap province, which was built in the style of Preah Ko in the 9th century. The image of the ascetic is sitting in the form of yoga or meditation, called “Yogapatta” that is, sitting cross-legged, surrounded by a string of silk. This posture of practicing tapas or meditation is one of the images of the ascetics of Shaivism to purify the mind, clear the filthy thoughts, and meditate on the Lord in order to release the bonds of suffering from the mind and body to ascend to heaven in the future. This relief depicts the presence of an ascetic of the Saiva sect of Hinduism in the ancient times of Cambodia, where they were always highly educated and played a pivotal role in the Khmer court.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!