ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទត្រពាំងខ្នារសែនកែវ

ប្រាសាទត្រពាំងខ្នារសែនកែវ

ប្រាសាទត្រពាំងខ្នារសែនកែវស្ថិតនៅក្នុងភូមិស្រឡាយ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ដែលសព្វថ្ងៃព័ទ្ធជុំវិញដោយចម្ការដំឡូង និងចម្ការស្វាយចន្ទី។ ប្រាសាទនេះមានចម្ងាយ៤០០ម៉ែត្រពីភូមិស្រឡាយ និង៤៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។

កន្លងមក ប្រាសាទត្រពាំងខ្នារសែនកែវមានការសិក្សាស្រាវជ្រាវតាំងពីចុងសតវត្សទី១៩មកម្ល៉េះ ដែលអ្នកស្រាវជ្រាវដែលបានទៅដល់ដំបូងគេគឺលោក Aymonier ក្រោយមកមានលោក Lunet De Lajonquière។ នៅឆ្នាំ១៩២៩ លោក Henri Parmentier បានទៅសិក្សាពីប្រាសាទនេះ រយៈពេល៥ថ្ងៃដោយបានសម្អាតចម្លាក់ ព្រមទាំងលើកផ្តែរមួយចំនួនដាក់កន្លែងដើម និងបានកាយដីដែលចាក់បង្គរចេញពីប្រាង្គកណ្តាលជាដើម។ ក្រៅពីនេះមានអ្នកស្រាវជ្រាវមួយចំនួនទៀតដែលបានសិក្សាពីចម្លាក់និងរចនាសម្ព័ន្ធប្រាសាទនេះដែរ។ ក្នុងអត្ថបទនេះ យើងនឹងរៀបរាប់ពីលក្ខណៈសំណង់ស្ថាបត្យកម្មពីក្រៅចូលក្នុង ក្បាច់លម្អ និងចម្លាក់ផ្សេងៗក្នុងប្រាសាទ។

ប្រាសាទត្រពាំងខ្នារសែនកែវ មានរចនាសម្ព័ន្ធប្លង់គួរឱ្យចាប់អារម្មណ៍ និងលាតសន្ធឹងតាមអ័ក្សលិចកើត។ ប្រាសាទនេះចូលពីទិសខាងកើត ដោយចាប់ផ្តើមដោយកម្រាលថ្មភក់រាងកាក​បាទ មានប្រវែងជាង២៥០ម៉ែត្រពីគោបុរខាងកើត ដែលសម័យមុនប្រហែលជាសំណង់ឈើ និងប្រកក្បឿងពីលើ។ ផ្លូវចូលមានប្រវែង២៥០ម៉ែត្រ គិតចាប់ពីកម្រាលថ្មភក់មកដល់បរិវេណខាងមុខគោបុរខាងកើតដែលមានបង្គោលថ្មនៅអមសងខាង និងឃ្លាតពីគ្នាជាមធ្យមមានប្រវែង២ម៉ែត្រកន្លះ ហើយសព្វថ្ងៃបង្គោលទាំងនោះបានដួលតម្រៀបគ្នានៅផ្លូវចូលស្ទើរតែទាំងអស់។ ប្រាសាទត្រពាំងខ្នារសែនកែវ ព័ទ្ធជុំវិញដោយកំពែងថ្មភក់រាងចតុកោណកែង បណ្តោយ៥៥ម៉ែត្រ និងទទឹង៤៥ម៉ែត្រ មានកម្ពស់ជាង២ម៉ែត្រកន្លះ កម្រាស់ជាមធ្យម៥០សង់ទី​ម៉ែ​ត្រដែលមានគោបុរពីរ គឺខាងកើត និងខាងលិច។ គោបុរខាងកើត មានច្រកចូលចំនួនបី សព្វថ្ងៃមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ចំណែកឯគោបុរខាងលិចមានច្រកចូលបី​ដូចគ្នាដែលមានសភាពទ្រុឌទ្រោមខ្លាំង។ ដោយឡែកអ្វីដែលប្លែកនោះ ប្រាសាទនេះមានគោបុរបញ្ឆោទនៅខាងជើង និងខាងត្បូង ពោលគឺគេសង់បិទជិតមិនឱ្យចេញចូលបាន។ ផ្នែកខាងក្នុងកំពែង យើងឃើញថាផ្នែកខាងកើតមានហោត្រៃ២សង់ពីថ្មភក់ ហើយជាទូទៅសំណង់ប្រភេទនេះបែរបញ្រ្ចាសនឹងប្រាង្គកណ្តាល ដែលសព្វថ្ងៃរលំអស់ហើយ។ ប្រាសាទត្រពាំងខ្នារសែនកែវ មានប្រាង្គកណ្តាលមួយ រាងបួនជ្រុងស្មើ សង់ពីថ្មភក់ បែរមុខទៅទិសខាងកើត ដែលលម្អដោយទ្វារបញ្ឆោទតាមទិសទាំង៣ផ្សេងទៀត សព្វថ្ងៃនៅសល់តែខាងលិចប៉ុណ្ណោះ។ ប្រាង្គកណ្តាលសង់ភ្ជាប់មណ្ឌបដោយអន្តរមណ្ឌប និងបើកច្រកចេញចូលចំនួន៣នៅទិសខាងកើតខាងជើង និងខាងត្បូង។

ផ្តែរទ្វារ៖ ប្រាសាទនេះមានផ្តែរទ្វារច្រើនរហូតដល់៣៩ ប៉ុន្តែសព្វថ្ងៃឃើញតិចតួចប៉ុណ្ណោះ សុទ្ធសឹងតែស្ថិតក្នុងរចនាបថបាភួន មានកាលបរិច្ឆេទក្នុងសតវត្សទី១១ ដោយមានឆ្លាក់ជាតួអង្គអាទិទេព និងរឿងទេវកថាផ្សេងៗ។ ផ្តែរគោបុរខាងកើត៖ ផ្តែរច្រកកណ្តាលស្ថិតនៅទីតាំងដើម ប៉ុន្តែមានការខូចខាតគួរសមដោយសារឫសឈើ និងរបេះសាច់ថ្ម ដែលនៅបន្សល់ក្បាច់ដងធ្នូ និងក្បាលនាគនៅផ្នែកខាងឆ្វេងនៃផ្តែរ។ ចំណែកឯផ្តែរច្រកខាងជើងមានសភាពល្អ លើកលែងតែចម្លាក់នៅចំកណ្តាលផ្តែរ ដែលត្រូវបានគេដាប់ចេញ។ យើងឃើញថានៅពីលើផ្តែរមានលម្អដោយចម្លាក់មនុស្សអង្គុយប្រណម្យក្នុងអង្កែ។ ដោយឡែកផ្តែរច្រកចូលខាងត្បូង បានជ្រុះ ហើយខ្ទាតមកមុខគោបុរ។ ផ្តែរទ្វារប្រាង្គកណ្តាល៖ ផ្តែរទ្វារខាងលិច ស្ថិតនៅលើទ្វារបញ្ឆោទ ចំកណ្តាលផ្តែរគេឆ្លាក់ព្រះនារាយណ៍ជិះគ្រុឌ ឬវិស្ណុវាហនៈ។ ផ្តែរនេះសព្វថ្ងៃមិនស្ថិតនៅទីតាំងដើមទេ ហើយក៏មិនប្រទះឃើញក្នុងបរិវេណប្រាសាទនោះដែរ ឬអាចកប់នៅក្រោមគំនរថ្មក៏ថាបាន។ ផ្តែរទ្វារខាងជើង ស្ថិតនៅលើទ្វារបញ្ឆោទដែលចំកណ្តាលផ្តែរ គេឆ្លាក់ឈុត ឧមាមហេស្វរ ដែលមានវត្តមានព្រះឥសូរ និងនាងឧមាគង់លើគោឈ្មោះនិន្ទិនជាយាន្ត​ជំនិះនៅលើក្បាលព្រះកាល។ ខាងត្បូងប្រាង្គកណ្តាលមានផ្តែរមួយឆ្លាក់រឿងព្រះក្រឹ-ស្ណាទ្រភ្នំគោវ៌ធន នៅចំកណ្តាលដែលប្រហែលជាផ្តែរខាងត្បូង ហើយបានជ្រុះខ្ទេចពីទីតាំងដើម។ ចំពោះផ្តែរខាងកើត ស្ថិតនៅទីតាំងដើម ហើយនៅសេសសល់ក្បាច់លម្អច្រើន ប៉ុន្តែចម្លាក់កណ្តាលផ្តែរបានខូចខាតទៅហើយ ដែលសព្វថ្ងៃត្រូវបានថ្មផ្សេងទៀតធ្លាក់បាំងស្ទើរទាំង​ស្រុង។ ផ្តែរទ្វារមណ្ឌបផ្តែរទ្វារខាងកើត សព្វថ្ងៃបានខ្ទាតមកត្បូងបន្តិចពីទីតាំងដើម ហើយបាក់ជា២កំណាត់ និងត្រូវបានគេដាប់ចម្លាក់នៅចំកណ្តាលចេញបាត់ហើយ។ ផ្តែរទ្វារខាងជើង ឆ្លាក់ឈុត ព្រះក្រឹស្ណាសម្លាប់កាំស នៅចំកណ្តាលក្នុងទម្រង់ចាប់ហែកខ្លួនកាំសជា២។ ចំណែកឯផ្តែរទ្វារខាងត្បូង ឆ្លាក់រឿងកូរសមុទ្រទឹកដោះ នៅពេញផ្ទៃផ្តែរតែម្តង ហើយផ្តែរនេះក៏មិនឃើញនៅទីតាំងដើមនោះដែរ។ ចុងក្រោយផ្តែរទ្វារខាងក្នុងមណ្ឌ​ប ឆ្លាក់ឈុតរឿង ព្រះក្រឹស្ណាសម្លាប់ដំរីកុវលយ នៅចំកណ្តាលផ្តែរ។ យ៉ាងណាមិញអ្វីដែលគួរឱ្យសោកស្តាយនោះ នៅលើផ្តែរនេះ ពីមុនមានហោជាងមួយយ៉ាងស្រស់ស្អាត ហើយសព្វថ្ងៃបានរលំធ្លាក់អស់ហើយ។ ហោជាងនេះលម្អដោយនាគក្បាល៣ចំនួន២អមសង​ខា​ងដែលនៅចំកណ្តាលហោជាងឆ្លាក់រូបទេពធំមួយ ទំនងជាព្រះនារាយណ៍លុតជង្គង់។ សសរពេជ្រ៖ មានរាង៨ជ្រុង និងជាទូទៅលម្អដោយក្បាច់ចិញ្ចៀន។ ចម្លាក់តូចៗ៖ ប្រាសាទនេះមានចម្លាក់ជាច្រើនដែលឆ្លាក់នៅជញ្ជាំងផ្នែកខាងក្រៅ នៃមណ្ឌបស្រដៀងគ្នានឹងចម្លាក់នៅប្រាសាទបាភួនដែរ ហើយលក្ខណៈចម្លាក់ទាំងនេះ គេឆ្លាក់ជាសាច់រឿងតូចៗដែលមានបន្ទាត់ខណ្ឌចែកសាច់រឿងពីគ្នា។ លោក Henri Parmentier បានសិក្សាលម្អិតអំពីចម្លាក់ទាំងនេះអំឡុងពេលនៅសេសសល់។ ចម្លាក់ទាំងនេះគេឆ្លាក់រឿងរ៉ាវរបស់ព្រះក្រឹស្ណាដូចជា ក្រឹស្ណាលួចប័រ ក្រឹស្ណាទ្រភ្នំគោវ៌ធន ក្រឹស្ណាសម្លាប់បិសាច និងក្រឹស្ណាសម្លាប់នាគកាលិយជាដើម។ ក្រៅពីនេះមានបង្ហាញពីការគោរពលិង្គព្រះឥសូរ និងចម្លាក់បង្ហាញពីការប្រយុទ្ធគ្នារវាងមនុស្សនិងមនុស្ស មនុស្សនិងសត្វ សត្វនិងសត្វ ព្រមទាំងជីវភាពរបស់នៅរបស់មនុស្ស និងបង្ហាញពីការបរបាញ់សត្វ។ល។ មកទល់បច្ចុប្បន្ន ឃើញមាននៅសល់ចម្លាក់នៅតែ៥កន្លែងប៉ុណ្ណោះដែលនៅទីតាំងដើម ហើយនៅសល់មិនពេញលេញនោះទេ។ នៅខាងជើងប្រាសាទ បន្សល់ត្រពាំងមួយ សព្វថ្ងៃប្រជាជនហៅថាត្រពាំងខ្នារ។ ជារួម ប្រាសាទត្រពាំងខ្នារសែនកែវជាសំណង់ធំមួយឧទ្ទិសទៅទេពក្នុងព្រហ្មញ្ញសាសនា ត្បិតយើងមិនអាចកំណត់ពីការឧទ្ទិសទៅទេពអង្គណាបានច្បាស់នោះឡើយ ដោយសារពុំមាន   ភស្តុតាងជាសិលាចារឹក ឬរូបបដិមា ដើម្បីបញ្ជាក់ច្បាស់នោះទេ។ តាមរយៈគ្រឿងលម្អស្ថាបត្យកម្មនិងចម្លាក់ យើងអាចកំណត់ថាប្រាសាទនេះស្ថិតក្នុងរចនាបថបាភួន នៅសម័យអង្គរ នាសតវត្សទី១១ ក្នុងរាជព្រះបាទឧទ័យាទិត្យវរ្ម័នទី២ (គ.ស.១០៤៩គ.ស.១០៦៦)។ សព្វថ្ងៃត្រពាំងខ្នារសែនកែវនេះមានសភាពទ្រុឌទ្រោមជាខ្លាំង ដោយសារកត្តាមនុស្ស និងធម្មជាតិ៕

————————–

Prasat Trapeang Khnar Sen Keo

Prasat Trapeang Khnar Sen Keo is an Angkorian period temple which constructed of sandstone and located in Preah Vihear Province. This temple was constructed in the 11th century in the Baphuon style during the reign of King Udayadityavarma II (1049-1066 C.E.), based on architectural decoration and bas-relief remains. It is probably dedicated to a Hindu God but we don’t know exactly who the main god is dedicated to this temple because there hasn’t remained any evidence like the inscriptions or statues to verify. In the present time, we observed that this temple is in bad condition due to human and natural destruction.

អត្ថបទដោយ៖ លោក ណែម ឆារ៉ាន់

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!