ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងប្រសើរ។ លោកអ្នកនឹងទទួលបានភាពរីកចម្រើន និងភាពរីករាយមិនដាច់នោះឡើយ។ បើទោះបីលោកអ្នកមានការលំបាកផ្ទាល់ខ្លួនបន្តិចបន្តួច ចូរព្យាយាមគិតវិជ្ជមានជានិច្ច។ សម្រាប់គូរស្នេហ៍ លោកអ្នកគួរមានការប្រុងប្រយ័ត្នពាក្យសំដីដែលនាំឲ្យរង្គាសចិត្តគ្នាទៅវិញទៅមក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចប្រកបការងារកស៊ីជួញដូរបានល្អប្រសើរ និងអាចរក្សាបាននូវប្រាក់កម្រៃចំណេញដូចធម្មតា ប៉ុន្តែសូមប្រយ័ត្នចំពោះការចំណាយធំ។ ចំពោះលោកអ្នកដែលប្រកបកិច្ចការងាររដ្ឋ និងឯនជននឹងសម្រេចបានផលជាទីគាប់ចិត្ត។ ប៉ុន្តែដើម្បីអាចសម្រេចការងារទាំងនេះ អ្នកត្រូវមានការអត់ធ្មត់ឲ្យបានច្រើន។ ចំពោះបញ្ហាសេ្នហាកំឡោះក្រមុំ ថ្ងៃនេះមិនមែនជាពេលវេលាល្អដើម្បីសាងទំនាក់ទំនងនោះទេ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនានានឹងទទួលបានជោគជ័យគ្រប់ភារកិច្ច។ ប៉ុន្តែលោកមិនត្រូវបោះបង់ចោលការខិតខំប្រឹងប្រែងបន្ថែមនោះទេ ពីព្រោះជោគជ័យធំរងចាំនៅខាងមុខ។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកក្នុងការរៀបចំគម្រោងការសម្រាប់អនាគត ដើម្បីទទួលបានជោគជ័យកាន់តែធំ។ សូមមេត្តាប្រុងប្រយ័ត្ន ឬពន្យាពេលក្នុងការធ្វើដំណើរ ពីព្រោះអាចមានហានិភ័យ ឬមានរបួសដោយយថាហេតុ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានាដំណើរទៅជាប្រក្រតី។ លោកអ្នកត្រូវរៀបចំផែនការអនាគតឲ្យបានច្បាស់លាស់ ទើបទទួលបានជោគជ័យកាន់តែធំ។ ចំណែកកំឡោះក្រមុំដែលមិនទាន់មានស្នេហា ឬមិនទាន់សម្រេចចិត្តកសាងគ្រួសារ លោកអ្នកគួរគិតគូរដើម្បីផ្លាស់ប្តូរស្ថានភាព ពីព្រោះការសម្រេចចិត្តនៅក្នុងថ្ងៃនេះ អាចនិងនាំឲ្យមានចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។ លោកអ្នកត្រូវចាប់យកឳកាសនានា កុំទុកឲ្យវារបូតបាត់បង់ទៅវិញឲ្យសោះ។ សម្រាប់សេចក្តីស្នេហា លោកអ្នកនឹងទទួលបានសេចក្តីស្រលាញ់ពីដៃគូ។ ដោយឡែកចំពោះបញ្ហាសុខភាព លោកអ្នកហាក់ដូចជាមានកំលាំងចុះទន់ខ្សោយបន្តិច ដូច្នេះសម្រាកលំហែកាយឲ្យបានច្រើន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាពស្មុគ្រស្មាញក្នុងការងារ។ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្នា ប៉ុន្តែសូមអត់ធ្មត់ ជៀសវាងការឈ្លោះប្រកែកគ្នា ដែលនាំឲ្យខាតប្រយោជន៍។ លោកអ្នកអាចទទួលបានប្រយោជន៍ពីមនុស្សកើតឆ្នាំចរ ប្រសិនបើលោកអ្នកចេះប្រយ័ត្នពាក្យសំដី។ សម្រាប់ដៃគូសេ្នហា ហាក់មានការសោះអង្គើយនឹងគ្នា សូមរឹងចំណងសេ្នហ៍ឡើងវិញ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការនានាដែលលោកអ្នកធ្វើ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើមិនដូច្នោះទេអាចនឹងខាតលាភធំ។ ប្រសិនបើអស់លោកអ្នកមានគម្រោងធ្វើដំណើរទៅទីជិត ឬឆ្ងាយត្រូវធ្វើដំណើរដោយយកចិត្តទុកដាក់ជាទីបំផុត។ នៅថ្ងៃនេះរាសីលោកអ្នកហាក់មិនសូវស៊ីសង្វាក់គ្នា និងមនុស្សឆ្នាំកុរឡើយ ដូច្នេះជៀសវាងការប្រាស្រ័យទាក់ទងច្រើន។ ចំពោះបញ្ហាសេ្នហាកំឡោះក្រមុំ ថ្ងៃអាទិត្យនេះជាពេលវេលាល្អ គឺជាពេលវេលាយោគយល់អធ្យាស្រ័យដល់គ្នាទៅវិញទៅមក ប៉ុន្តែលោកអ្នកក៏ត្រូវទប់អារម្មណ៍ជៀសវាងការឆាប់ខឹង។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ រាល់កិច្ចការនានានឹងចាប់ផ្តើមរីកចម្រើនជាបណ្តើរៗ ហើយការជជែកពិភាក្សាជាមួយមិត្តភក្តិក្នុងថ្ងៃនេះ គឺជាវិធីដ៏វិជ្ជមានដើម្បីទទួលបានផលលាភសម្រាប់អាជីវករ និងបើកផ្លូវទទួលឳកាសថ្មីចំពោះមន្ត្រីរាជការនានា។ ដោយឡែករាល់អ្នកប៉ុនប៉ងធ្វើអាក្រក់នឹងអ្នក គេនឹងផ្លាស់ប្តូរគំនិត។ ចំពោះបញ្ហាសុខភាព លោកអ្នកគួរជៀសវាងបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើននៅថ្ងៃនេះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបអាជីវកម្ម និងទទួលបានអតិថិជនជាច្រើនគាំទ្រ ហើយទទួលបានផលចំណេញច្រើន។ ចំពោះលោកអ្នកប្រកបកិច្ចការឯកជន និងរដ្ឋនានានឹងទទួលបានការលើកសរសើរពីថ្នាក់ដឹកនាំ ហើយបើទោះបីលោកអ្នកនិយាយការងារអ្វីគង់នឹងបានសម្រេចមិនខានឡើយ។ ប៉ុន្តែលោកអ្នកគួរប្រុងប្រយ័ត្នបន្តិចក្នុងការចិញ្ចឹមថែរក្សាបុត្រាបុត្រី ពីព្រោះកំហុសអាចនឹងកើតមានឡើងជាយថាហេតុ។ សម្រាប់សុខភាព ចូរគិតគូរពីការសម្រាកឲ្យបានច្រើន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកមានការលំបាកក្នុងការប្រកបការងារដើម្បីឲ្យទទួលបានផលល្អខ្លាំងណាស់ បើទោះបីលោកអ្នកមានការខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏ប៉ុន្តែលោកអ្នកនៅមានថាមពលវិជ្ជមានជានិច្ច ដែលនឹងជួយកែប្រែស្ថានការណ៍ឡើងវិញ។ លោកអ្នកត្រូវមានការប្រុងប្រយ័ត្នឲ្យមានច្រើន ដើម្បីជៀងវាងជំលោះជាមួយដៃគូជីវិតរបស់លោកអ្នក។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការងាររកស៊ីខាតបង់ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗអាចនឹងមិនបានសម្រេចតាមបំណងប្រាថ្នាឡើយ។ គួររកពេលវេលាផ្តល់ភាពរីករាយឲ្យខ្លួនឯងឲ្យបានច្រើន ពីព្រោះក្នុងស្ថានភាពនេះ មានតែលោកអ្នកផ្ទាល់ទេដែលអាចជួយលោកអ្នកបាន។ លោកអ្នកក៏មិនគួរប្រញាប់ប្រញាលចំណាយលុយកាក់ទ្រព្យធនទិញរបស់ដែលមានតម្លៃថ្លែនោះទេ ពីព្រោះអាចបណ្តាលឲ្យបានបញ្ហាសេដ្ឋកិច្ច។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារកស៊ីនានារបស់លោកអ្នកក្នុងថ្ងៃនេះ នឹងទទួលបានផលចំណេញ និងជោគជ័យ។ លោកអ្នកអាចចាប់ផ្តើមកិច្ចការងារថ្មីនៅថ្ងៃនេះ ព្រមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីអ្នកនៅជុំវិញខ្លួន។ ថ្ងៃនេះក៏ជាពេលវេលាល្អសម្រាប់លោកអ្នកដើម្បីរៀបចំផែនការនានាសម្រាប់ជីវិតផងដែរ។ លោកអ្នកគួរគិតគូរក្នុងការចំណាយដែលមិនបានគ្រោងទុកជាមុន ទើបលាភសំណាងអាចនៅរក្សាបានយូរ។ គូស្នេហ៍មានភាពល្អូកល្អឺននឹងគ្នាណាស់។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព