គំនូរមារព័ន្ធ

១- ព័ត៌មានទូទៅ

ការគោរពប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទនៅប្រទេសកម្ពុជា ក្រៅពីបានទទួលឥទ្ធិពលក្នុងផ្នែកជំនឿ ផ្នត់គំនិត ទស្សនៈវិជ្ជា គម្ពីរ ក្បួនខ្នាត ទម្រង់សិល្បៈ ជាច្រើនប្រភេទតាមរយៈគម្ពីរជាតកផ្សេងៗមាន៖ គម្ពីរពុទ្ធវង្ស គម្ពីរទីបវង្ស គម្ពីរមហាវង្ស គម្ពីរទសជាតក គម្ពីរបញ្ញាសជាតក និងគម្ពីរបឋមសម្ពោធិជាដើម។ បណ្ដាគម្ពីររឿងសាសនាទាំងអស់នោះសុទ្ធសឹងតែបានពោលរៀបរាប់អំពីសាវតារព្រះពុទ្ធជាម្ចាស់កាលមិនទាន់បានត្រាស់ ក្នុងជាតិដែលបានត្រាស់​ និងតំណសាសនារុងរឿង ធ្លាក់ចុះរហូតដល់ព្រះពុទ្ធសាសនាផ្សាយនៅកោះលង្កា។ ដំណើររឿងក្នុងគម្ពីរខាងលើនេះ យើងសង្កេតឃើញថាគេតែងនិយមស្រង់យកកណ្ឌណាមួយនៃរឿងមកស្ដែងចេញជាសិល្បៈគំនូរនៅតាមវត្តអារាមខ្មែរគឺនៅក្នុងសាលាឆាន់ ធម្មសភា និងព្រះវិហារដែលបង្ហាញពីដំណើរជីវិតព្រះពោធិសត្វប្រកបដោយលក្ខណៈអភិនីហារ អស្ចារ្យយ៉ាងក្រៃលែង។ ផ្ទាំងគំនូរទាំងនេះយើងអាចចែកជាពីរផ្នែកធំៗ៖

ក.គំនូរទសជាតក៍៖ គឺជាដំណើរពីជីវិតព្រះពោធិកំពុងបំពេញបារមីទាំង១០ក្នុងជាតិទាំង១០ខុសៗគ្នា។ ជាទូទៅគំនូរទសជាតក៍គេតែគូរនៅផ្នែកខាងក្រោមតាមចន្លោះទ្វារ និងបង្អួចរៀងគ្នាពីរឿងព្រះតេមិយជាជាតិទី១ រហូតដល់រៀងព្រះវេស្សន្ដរជាជាតិទី១០។

ខ.គំនូរបឋមសម្ពោធិ៍៖ គំនូរប្រភេទនេះគេច្រើននិយមហៅថាគំនូរពុទ្ធប្បវត្តិ។ ករណីដែលយើងហៅថាគំនូរពុទ្ធប្បវត្តិព្រោះគំនូរតាមដំណើររឿងក្នុងគម្ពីរបឋមសម្ពោធិ ជាគម្ពីររឿងនិទានសាសនានិយាយរៀបរាប់ពីដំណើរជីវិតរបស់ព្រះពុទ្ធតាំងពីមង្គលការព្រះមាតាបិតាព្រះពុទ្ធរហូតទល់គ្នានឹងការវិនាសសាសនាក្នុងវស្សាទី៥០០០។

ប៉ុន្តែទីតាំងគំនូរទាំងពីរប្រភេទនេះ មិនមានដំណើររឿងរៀងគ្នាតាមលំដាប់លំដោយដូចសេចក្ដីបរិយាយក្នុងគម្ពីរ ព្រោះផ្ទៃគំនូរអាចខុសលំដាប់គ្នាហើយអត្ថន័យគំនូរក៏អាចប្រែប្រួលខុសប្លែកគ្នាទៅតាមសម័យកាល តាមរបត់សង្គម និងរបត់ប្រវត្តិសាស្ត្រ។ ហេតុផលទាំងអស់នេះហើយបានជាគំនូរនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា ខុសប្លែកពីគ្នាសូម្បីរឿងដែលដកស្រង់ចេញពីប្រភពគម្ពីរតែមួយ ប៉ុន្តែដំណើររឿងខុសគ្នា ហើយការនិយមលើកយកសាច់រឿងតាមកណ្ឌក្នុងគម្ពីរក៏មិនបានចប់ចុងចប់ដើម។ ជាក់ស្ដែងក្នុងគំនូរបឋមសម្ពោធិ៍ជាការអង្កេតទូទៅយើងឃើញថាមិនមានទីអារាមណាមួយដែលគូរគំនូរបឋមសម្ពោធិ៍គ្រប់ទាំង៣០បរិច្ឆេទ ឬ៣០កណ្ឌ។ ស្ថិតក្នុងបរិបទនេះគំនូររឿងមារព័ន្ធ៍ជាកណ្ឌជិតចុងបញ្ចប់ ហើយក៏កម្រមានគំនូរដែលបរិយាយអំពីរឿងនេះ ប៉ុន្តក្នុងប្រព័ន្ធជំនឿបែបសៃយសាស្ត្រខ្មែរដែលចាស់ទុំអ្នករៀនរបៀនសឹងតែស្គាល់គ្រប់គ្នាគឺព្រះអហន្តមួយអង្គព្រះនាម ឧបគតត្ថេរ ដែលបានចង់មារជាប់នឹងគម្រង់ស្បែកឆ្កែជាប់នឹងភ្នំ។ លុះចំណេរក្រោយមកគេហៅថារឿងឧបគតចងមារ។ ដំណើររឿងត្រង់នេះខ្មែរបានបង្កើតជាមន្តចងព័ទ្ធអមនុស្សការពារខ្លួនឈ្មោះថា ចំណងព្រះឧបគត។ មានដំណើររឿងដូចខាងក្រោម៖

មារព័ន្ធបរិច្ឆេទ កណ្ឌទី២៩ (សេចក្ដីសង្ខេបរឿងព្រះឧបគតចងមារ)

នៅក្នុងគម្ពីរបឋមសម្ពោធិ៍ចាប់ពីការចែកព្រះបរមសារីរិកធាតុ រហូតមកដល់ការបញ្ចុះព្រះបរមធាតុនៅតាមនគរទាំង៨ដែលបានចំណែកព្រះធាតុពីទោណព្រាហ្មណ៍ហៅថា ធាតុនិធាន ។ កណ្ឌនេះមានសេចក្ដីរៀបរាប់យ៉ាងពិស្ដារអំពីរតនៈដែលត្រូវបញ្ចុះជាមួយព្រះធាតុ របៀបប​ញ្ចុះព្រះធាតុ ជាពិសេសសេចក្ដីជ្រះថ្លារបស់ព្រះមហាក្សត្រព្រះនាម ធម្មាសោក ជាស្ដេចធំសោយរាជ្យនៅបាត្តលីបុត្តមហានគរដែលបានស្ដាប់ឱវាទនិគ្រោធសាមណេរមានព្រះទ័យជ្រះថ្លាក្នុងព្រះពុទ្ធសាសនាបានសាងវិហារ៨៤០០០ ព្រះចេតិយ៨៤០០០ ទ្រង់ចង់បានព្រះបរមធាតុមកបញ្ចុះក្នុងព្រះចេតិយទាំង៨៤០០០ទុកជាទីសក្ការៈបូជាដល់មនុស្សទូទៅ ទើបទៅអារធនាព្រះសង្ឃប្រជុំគ្នារើរកព្រះមរបធាតុនៅតាមព្រះចេតិយដែលស្ដេចបុរាណទាំង៨នគរធ្លាប់បញ្ចុះ។ លុះសម្រេចតាមព្រះទ័យហើយទ្រង់ ក៏អញ្ជើញព្រះបរមធាតុដាក់ក្នុងមហាចេតិយជាទីបូជាហើយក៏ប្រារព្ធបុណ្យធ្វើពិធីឆ្លងព្រះចេតិយទាំង៨៤០០០នោះ។ ព្រះសង្ឃក៏បានទៅនិមន្តព្រះឧបគតដែលលោកនិមិ្មតប្រាសាទកែវនៅផ្ទៃសមុទ្រគង់អាស្រ័យនៅទីនោះ លោកជាព្រះថេរៈដែលសម្ដេចព្រះមហាមុនីត្រាស់ទំនាយទុកក្នុងសាសនាកន្លងបាន២១៨ឆ្នាំមានតែព្រះឧបគតត្ថេរមួយអង្គដែលអាចទប់ទល់នឹងមារាធិរាជឱ្យបាក់បបខ្លបខ្លាចអស់ពុតត្បុតកំណាចហើយនឹងប្រាថ្នាពុទ្ធភូមិទៅអានាគត។ ព្រះសង្ឃក៏ដាក់ទណ្ឌកម្មដល់ឧបគតត្ថេរឱ្យមកការពាមាររាមាធិរាជ កុំឱ្យមានអន្តរាយដល់បុណ្យឆ្លងចេតិយ៨៤​០០០ និងព្រះស្តូបក្នុងព្រះនគរអស់៧ឆ្នាំ៧ខែ៧ថ្ងៃ។

កាលព្រះបាទធម្មាសោកសម្ពោធឱ្យគ្រប់៧ឆ្នាំ៧ខែ​៧ថ្ងៃក្នុងនោះមានខន្តិវង្ស មន្ត្រី សេដ្ឋី នៅព្រាហ្មណ៍ទៅដោយទ្រង់ប្រដាប់សម្រាប់ព្រះអង្គ ទាំងព្រះសង្ឃ នាំគ្នាមកថ្វាយបង្គំបូជាមហាចេតិយបូជាប្រទីប ធូប ទៀន ​បំភ្លឺរន្ទាលព្រោងព្រាយជាអនេក​មានទាំងរបាំ រាំច្រៀង ប្រគុំដេញ។ គ្រានោះមារាធិរាជមានចិត្តកាលបានដឹងថាព្រះបាទធម្មាសោករាជ ព្រះអង្គធ្វើកុសលឡើងធំមិនមាននរណាប្រៀបបាន ទើបចុះមកធ្វើជាភ្លៀង ព្យុះ ខ្យល់មកពីចម្ងាយ ប៉ុន្តែដោយកម្លាំងរឹទ្ធិរបស់ព្រះឧបគតបានបក់យកទៅបាត់អស់។ មារាធិរាជបណ្ដាលឱ្យងងឹតអន្ធការសព្វទិសហើយប្រែខ្លួនជាតោធំបោលទៅជល់ប្រទីបឱ្យរលត់អស់ព្រះមហាថេរក៏និម្មិតជារូបខ្លាធំដេញខាំតោ តោភិតភ័យក៏ប្រែទៅជានាគក្បាល៧​បោលទៅខាំខ្លាធំ ព្រះឧបគតក៏ប្រែជាស្ដេចគ្រុឌទៅឆាបក្បាលនាគអូសទៅអូសមក ស្ដេចនាគរាជក៏ត្រឡប់ទៅជាយក្ខកាន់ដំបងប៉ុនដើមត្នោតក្រវីក្រវាត់ចូលមករកស្ដេចគ្រុឌ ឯគ្រុឌក៏ប្រែក្រឡាត្រឡប់ជាយក្ខកាន់ដំបងពីរឆេះជាអណ្ដាតភ្លើងដេញវាយក្បាលយក្ខមារបរាជ័យ មារាធិរាជក៏តូចចិត្តថាយើងនិម្មិតជារូបផ្សេង ព្រះឧបគតក៏និម្មិតបានគ្រប់ប្រការអាត្មាថានឹងចាញ់ព្រះថេរសម្ដែងជារូបរាមាធិរាជឱ្យអស់រឹទ្ធិអស់គំនិតនឹងកែខៃ ព្រះមហាថេរនិម្មិតជារូបឆ្កែស្អុយមានក្លិនអាសោចគួរឱ្យខ្ពើមពន់ប្រមាណហើយយកមកចងកមារាធិរាជផ្ទប់នឹងភ្នំ រួចអធិដ្ឋានមិនឱ្យ មនុស្សក្ដី ទេវតាក្ដី ព្រហ្មក្ដី ស្រាយបានឡើយ។ ឯមារាធិរាជកាលស្អុយគម្រង់ស្បែកឆ្កែជាប់នឹងកអស់រឹទ្ធិអស់តេជះ អស់ប្រាជ្ញាស្រាយពុំរួចខ្មាសក្នុងចិត្តដល់មនុស្សទេវតាទើបឡើងទៅចតុម្មហារាជការ ហោះទៅរកព្រះឥន្រ្ទ ហោះទៅទេវតា ហោះទៅរកព្រះព្រហ្មឱ្យជួយស្រាយសំអុយឆ្កែក៏ស្រាយមិនបាន ទើបប្រាប់មារាធិរាជឱ្យលោកទើបអាចស្រាយបាន។

មារាធិរាជបានហើយក៏អង្វរព្រះឧបគតឱ្យស្រាយ ទើបព្រះថេរឱ្យមារាធិរាជទៅកាន់ភ្នំមួយក៏ស្រាយសំអុយឆ្កែនោះចេញ រួចយកខ្សែវត្ថពន្ធមកចងមារាផ្អោបជាប់នឹងភ្នំអស់៧ឆ្នាំ៧ខែ៧ថ្ងៃរហូតដល់ធ្វើពិធីឆ្លងព្រះចេតិយទើបស្រាយចេញ។ មារាធិរាជក៏មានសេចក្ដីទោមនស្សធាក់កំពូលភ្នំទៅវិញទៅមកហើយក៏គិតដល់ព្រះសាសនាប្រាថ្នាព្រះពោធិញាណគ្នុងអនាគតកាលខាងមុខ។ ក្រោយមកព្រះឧបគតស្រាយចំណង ហើយផ្ដាំទៅមារាធិរាជឱ្យលះបង់នៅចិត្តបាបកុំគម្បីធ្វើអំពើបាប។ ម្យ៉ាងទៀតកន្លែងណាដែលមានកម្មពិធីបុណ្យចូលមារាអិរាជកុំចូលមកឆារឆៅធ្វើអន្តរាយ ហើយអាចសម្គាល់ទីនោះដោយមានទង់នោះនឹងមានព្រះឧបគត(រូបលេខ១)។

គំនូរមារព័ន្ធ

ដោយសារតែមានការនិយមស្ដាប់គម្ពីរបឋមសម្ពោធិ៍ក្នុងសង្គមខ្មែរ(ជាគម្ពីរសម្រាប់ទេសន៍រូបលេខ១)បានបង្កើតជាសិល្បៈគំនូរយ៉ាងវិចិត្រតាមបណ្ដាលវត្តអារាមមួយចំនួន ព្រោះកណ្ឌនេះហាក់ដូចជាមិនបានផ្សាយទូលំទូលាយ ទើបគំនូរក្នុងកណ្ឌនេះពុំសូវឃើញអ្នកសិល្បៈ(ជាងគំនូរ)លើកមកបង្ហាញ។ ខាងក្រោមនេះជាគំនូរតាមបណ្ដាលវត្តចាប់តាំងពីទ.វ.៤០មកបច្ចុប្បន្ន៖

ក.គំនូរវត្តប្រាសាទបាគង

គំនូរមារព័ន្ធ៍គេគូរនៅក្នុងព្រះវិហារពីខាងក្រោយបល្ល័ង្គព្រះជីវ៍ ដែលផ្ទែគំនូរបានបរិយាយថួនល្មមអាចយល់ដំណើររឿងបាន។

ខ.គំនូរវត្តពិសីវរារាម

វត្តពិសីស្ថិតនៅក្នុងខេត្តព្រះត្រពាំង(កម្ពុជាក្រោម)មានអាយុកាលជាង៣០០ឆ្នាំ។ គំនូរមារព័ន្ធ៍គេគូរនៅលើជញ្ជាំងខាងកើត ផ្នែកខាងក្រៅព្រះវិហារ ផ្ទែគំនូរបានបរិយាយអំពីបុណ្យឆ្លងចេតិយរបស់ស្ដេចធម្មាសោក និងព្រះឧបគតចងមារ។

គ.គំនូរវត្តចុងបឹងក្នុង

គំនូរមារព័ន្ធ៍នៅវត្តចុងបឹងក្នុងខេត្តកំពង់ចាម គេគូរនៅលើជញ្ជាំងជ្រុងឦសានផ្នែកខាងកក្នុងព្រះវិហារជាប្រភេទគំនូរទំនើបគូរនៅឆ្នាំ២០១៥ក្នុងគម្ពីរអនាគតទសពុទ្ធវង្ស។ ផ្ទែគំនូរបង្ហាញអំពីសកម្មភាពព្រះឧបគតចងមារ។

ឃ.គំនូរវត្តស្វាយពក

វត្តស្វាយពកស្ថិតនៅក្នុងខេត្តព្រះត្រពាំង(កម្ពុជាក្រោម) គេគូរមារព័ន្ធ៍នៅលើជញ្ជាំងជ្រុងឦសានផ្នែកខាងកក្នុងព្រះវិហារជាប្រភេទគំនូរទំនើបគូរនៅឆ្នាំ២០១៥។ គំនូរមារព័ន្ធ៍គេគូរនៅលើជញ្ជាំងខាងកើតផ្នែកខាងក្រៅព្រះវិហារ ផ្ទែគំនូរបានបរិយាយអំពីបុណ្យឆ្លងចេតិយរបស់ស្ដេចធម្មាសោក និងព្រះឧបគតចងមារ។

ង.គំនូរវត្តរកាកណ្ដាល

វត្តរកាកណ្ដាលគំនូរមារព័ន្ធ៍គេគូរនៅក្នុងព្រះវិហារលើហប់ខ្យល់។ គំនូរត្រូវរលុបដោយសំណឹកធម្មជាតិហើយមានស្នាកស្នាមទឹកថ្នាំគំនូរទាំងសងខាងដូចគ្នា ប៉ុន្តែយើងអាចកំណត់អត្តសញ្ញាណជាគំនូរមារព័ន្ធ៍បានដោយសារសំណេរសេសសល់នៅលើហប់ខ្យល់ថួនល្មមអាចយល់ដំណើររឿងបាន។

 

សរុបមកគំនូរមារព័ន្ធ៍ ឬគំនូររឿងព្រះឧបគតចងមារយើងឃើញថាដំណើររឿងដែលស្ដែងឡើងខុសៗ(ខ្លះខ្លី ខ្លះវែង) ទៅតាមការនិយមតាំងបុរាណ។ គំនូរនេះអាចទទួលឥទ្ធិពលអំពីរឿងនិទានក្នុងគម្ពីរបឋមសម្ពោធិ៍ រហូតកើតជារឿងព្រេងខ្មែរ បង្កើតបានជាការប្រតិបត្តិ ទំនៀមទម្លាប់ក្នុងសង្គមនៅពេលប្រារព្ធបុណ្យឆ្លងកុដិ សាលា ព្រះវិហារ បង្គន់ ទង់ សាស្ត្រា។ល។ មិនថាក្នុងវត្តអារាម ភូមិស្រុក និគមជនបទ ចុងកាត់មាត់ញកសុទ្ធតែមានលើកទង់ជាសញ្ញាពិធីដើម្បីការពារអន្តរាយពីពួកអមនុស្សកាចៗ។ ទោះបីទង់គេប្រើក្នុងន័យជោគជ័យ ឬចុះចាញ់ តែក៏អាចប្រើក្នុងទិដ្ឋភាពន័យជាសញ្ញាការពារអន្តរាយ បើយោងតាមសេចក្ដីនិទានក្នុងគម្ពីរបឋមសម្ពោធិ៍។

អត្ថបទដោយ៖ រឹម ទិត្យបញ្ញា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!