ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹករកឃើញថ្មីនៅភូមិក្រសាំង ខេត្តកំពង់ធំ

សិលាចារឹករកឃើញថ្មីនៅភូមិក្រសាំង ខេត្តកំពង់ធំ

ភូមិក្រសាំង មានទីតាំងស្ថិតនៅក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបុរាណភ្ជាប់ពីតំបន់ប្រាសាទសំបូរព្រៃគុក ឆ្ពោះទៅកាន់តំបន់អង្គរ (កាត់តាមកំពង់ក្តី) ហើយនៅក្នុងតំបន់នោះសម្បូណ៌ដោយបុរាណដ្ឋានជាច្រើនកន្លែង។ សិលាចារឹករកឃើញថ្មីភូមិក្រសាំងដែលលើកយកមករៀបរាប់នៅក្នុងអត្ថបទនេះ សព្វថ្ងៃរក្សាទុកនៅក្នុងចេតិយឯកជនមួយកន្លែង ហើយរូបខ្ញុំផ្ទាល់ក៏មិនធ្លាប់បានឃើញសិលាចារឹកនេះផ្ទាល់ដែរ ពោល គឺខ្ញុំទទួលបានរូបថតសិលាចារឹកនេះពីលោក ហែម ថែល។ តើសិលាចារឹករកឃើញនៅភូមិក្រសាំង ខេត្តកំពង់ធំ មានអត្ថន័យ និងខ្លឹមសារយ៉ាងណាខ្លះ?

សិលាចារឹកនេះ ចារឹកឡើងជាភាសាខ្មែរមានចំនួន ២ ជ្រុង ដែលជ្រុងទី១ មានអក្សរចំនួ១៧ បន្ទាត់ និងជ្រុងទី២ មានអក្សរចំនួន ១៨ បន្ទាត់ ដោយចារឹកលើថ្មភក់មានរាងជាស្លឹកសីមា។​ យើងមិនមានរូបភាពណាមួយដែលមានគុណភាពច្បាស់ល្អដើម្បីអានសិលាចារឹកនេះទេ។ ប៉ុន្តែ បើយើងពិនិត្យទៅលើគោរម្យងាររបស់ព្រះមហាក្សត្រ ដែលបានលើកនៅក្នុងខ្លឹមសារសិលាចារឹកពោល គឺ “កម្រតេង កំត្វន អញ” អាចបង្ហាញឱ្យយើងដឹងថា សិលាចារឹកនេះទំនងសាងនៅស.វ.ទី១១ ក្នុងរជ្ជកាលរបស់ព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស.១០០២ ដល់ ១០៤៩)។ ផ្នែកដំបូងរបស់ចារឹក​នេះចាប់ផ្តើមឡើងដោយការប្រាប់កាលបរិច្ឆេទ ប៉ុន្តែផ្នែកខាងស្តាំនៃកាលបរិច្ឆេទនេះបានរលុបអក្សរបាត់ទៅហើយ ពោល គឺនៅសល់ត្រឹមតែពាក្យថា “សក” ដែលចង់បញ្ជាក់អំពីឆ្នាំសាច់រឿង ឬឆ្នាំដែលគេចារសិលាចារឹកនេះឡើង។

សិលាចារឹកនេះ ជាប្រភេទព្រះរាជសាសន៍ (ព្រះរាជឱង្ការត្រាស់បង្គាប់ ឬសេចក្តីណែនាំ) របស់ព្រះបាទសូរ្យវរ្ម័នទី១ (ព្រះបាទកម្រតេងកំត្វនអញស្រីសូរ្យវម៌្មទេវ) ត្រាស់បញ្ជាដល់មន្រ្តីរបស់ទ្រង់ ដើម្បីចុះទៅអភិវឌ្ឍន៍ ឬចេញរាជានុគ្រោះដល់ទេវស្ថាន។ ទ្រង់បានចេញរាជានុគ្រោះដល់ដីភូមិស្រុកមួយ ដែលជាដីភូមិធ្លាប់ទទួលបានសេចក្តីអនុគ្រោះការប្រទានតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (ព្រះបាទកម្រតេងកំត្វនអញស្តេចយាងទៅបរមេស្វរ) មកម្ល៉េះ ដោយគោរពតាម និងធ្វើដូចអ្វីដែលធ្លាប់ទទួលបានក្នុងរាជ្យព្រះរាជាអង្គមុនដែរ។ ព្រះបាទស្រីសូរ្យវរ្ម័នទី១ បានបង្គាប់ដល់ព្រះសភា (ប្រធានតុលាការ) ឱ្យដាក់ដីភូមិនោះមិនស្ថិតនៅក្រោមចំណុះមន្រ្តីភ្នាក់ងាររាជការខាងប្រមូលពន្ធអាករស្រូវ ប្រេង ឬអភិបាលខេត្តនៅទីនោះឡើយ។ ដីភូមិដែលបានទទួលព្រះរាជា នុគ្រោះពីព្រះរាជាអាចមានសិទ្ធិពេញលេញក្នុងការប្រមូល និងទទួលផលឱ្យរួចផុតពីពន្ធអាករទាំងឡាយ។ ព្រះបាទស្រីសូរ្យវរ្ម័នទី១ ទ្រង់នឹងដាក់ទោសទណ្ឌ (និណ៌្នយ) ដល់ជនទាំងឡាយណាដែលហ៊ានល្មើសមិនគោរពនិងអនុវត្តតាមព្រះរាជបញ្ញត្តិ ហើយទ្រង់បានត្រាស់បញ្ជាមន្រ្តីថ្នាក់ក្រោមបោះបង្គោលសីមាព្រំដីឱ្យបានត្រឹមត្រូវ ដោយក្នុងនោះមានកំណត់ព្រំគោលសីមាថែមទៀតផង ទាំងទិសខាងលិច ខាងជើង ខាងត្បូង និងខាងកើត។

អត្ថបទពាក្យចារឹក

ជ្រុងទី១

           ១.       ………………ឝក នុ មាន [វ្រះឝាសន ]

           ២.       [ធូលី វ្រះ ] បាទ ធូលី [ជេង៑ វ្រះ ]

           ៣.       [កម្រតេង៑ កំត្វ ]ន៑ អញ៑ ត ………..

           ៤.       ……………វ្រះ ក ……………….

           ៥.       ………….ការ នុ ភូ[មិ] ……………

           ៦.       ……………….តាញ៑ យោក

           ៧.       ………………ច នុ ម្រតាញ៑ ..

           ៨.       …………………នុ ម្រតាញ៑

           ៩.       ……………………ក្ឫឞ្ណប

           ១០.     [ក្ឞ ]…..អាចាយ៌្យ វ្រះ ស

           ១១.     [ភា]……….វ្រះបាទ កម្រតេង៑

           ១២.     ………….ត ស្តច៑ ទៅ បរមេ

           ១៣​.    [ឝ្វរ] ……..វ្រះករុណា ប្រសាទ ស្រុ

           ១៤.     [ក៑]…………………..ភូមិ លេង៑ វ្វំ អាច្តិ

           ១៥.     ……………….ខ្លោញ៑ វិឝៃយ វ្វំ អាច្តិ

           ១៦.     ………….ក៑ នុ ចញ៑ចូល ផោង

           ១៧.     វ្វំ អាច្តិ អាយត្វ ត ខ្លោញ៑ ស្រូ វ្វំ អាច្តិ

ជ្រុងទី២

           ១.       ..ស្រុ វ្រិហិ វ្វំ អាច្តិ ទារ ច

           ២.       ញ្ចូល ផោង្ង៑ វ្វំ អាច្តិ អាយត្វ ត ខ្លោ

           ៣.       ញ៑ ភូតាឝ បយ៌្យង៑ …..ខ្លោ

           ៤.       ញ៑ វិឝៃយ នុ ខ្លោញ៑ ស្រុ នុ

           ៥.       ខ្លោញ៑ ភូតាឝ បយ៌្យង៑ ៙ ត វ្វំ ថ្វេ

           ៦.       តោយ៑ រោះហ វ្រះ ឝាសន មន៑

           ៧.       វ្រះបាទ កម្រតេង៑ កំត្វន៑ អញ៑

           ៨.       [ត រាជ្យ ស្តច] ទៅ បរមេឝ្វរ បន្ទ្វល្ល បិ

           ៩.       ……..តោយ៑ ប្រេ អាចាយ៌្យ វ្រះ ស

           ១០.     [ភា]……វលិ បង្គំ ថ្ប្វង៑ និវេទន

           ១១.     ត វ្រះបាទ កម្រតេង៑ កំត្វន៑ អញ៑

           ១២.     ប្រេ និណ៌្នយ………….

           ១៣.    បាឝ្ចិម ជំន្យ …………….

           ១៤.     ហលតោ[យ] ឧត្តរ

           ១៥.     ..ច៑ ល្វះហ ត គិ …………ត គិ

           ១៦.     ត្រវាង៑ ទៅ ឧត្តរ …………….បូ

           ១៧.     វ៌្វ លោះ ត គិ ត្រវាង៑ ម្រតាញ៑ ប

           ១៨.     រ តោយ៑ ទាក្ឞិន អថិន ត្រវាង៑ ប្រ

បំណកប្រែ

ជ្រុងទី១

(បន្ទាត់ទី១ ដល់ ១៧)៖ នៅក្នុងឆ្នាំ ….. ស.ក. ព្រះមហាក្សត្រទ្រង់មានព្រះរាជសាសន៍ (រាជឱង្ការត្រាស់បង្គាប់ ឬសេចក្តីណែនាំ) ធូលីព្រះបាទធូលីជើងព្រះកម្រតេងកំត្វនអញ ទ្រង់មានសេចក្តីតម្រាស់ដល់ …. ព្រះ ….និងដីភូមិ … [ម្រតាញ] យក … និងម្រតាញ …. និងម្រតាញ ….. ខាងខែរនោច អាចារ្យ ព្រះសភា ….. ព្រះបាទកម្រតេងអញ ….. ដែលព្រះអង្គស្តេចបានយាងទៅកាន់បរមេស្វរ (ព្រះបាទស្រីជ័យវរ្ម័នទី២) ហើយ ….. ព្រះអង្គទ្រង់មានសេចក្តីសណ្តោសករុណាប្រទានស្រុក …. ដីភូមិ ដោយមិនឱ្យស្ថិតនៅ …. ក្រោមចំណុះ ខ្លោញវិសយ (អភិបាលខេត្ត) មិនអាច ….. និងចញ្ចូល (ប្រេង) ផង ដោយមិនស្ថិតនៅក្រោមចំណុះខ្លោញស្រូវ មិនចំណុះក្រោម…..។

ជ្រុងទី២

(បន្ទាត់ទី១ ដល់ ៥)៖ មិនចំណុះក្រោម ខ្លោញស្រូវ (វ្រិហិ មានន័យថា ស្រូវ) ដោយមិនអាច ដើម្បីទទួលចញ្ចូលផង (ចញ្ចូល មានន័យថា ប្រេង) ដោយមិនស្ថិតនៅក្រោមចំណុះខ្លោញភូតាស(អ្នកដកហូតពន្ធអាករ) ប្រេង …. ខ្លោញវិសយ និងខ្លោញស្រូវ និងខ្លោញភូតាស ប្រេង។

(បន្ទាត់ទី៥ ដល់ ១៨)៖ បើជនណាមិនគោរពអនុវត្តធ្វើតាមព្រះរាជឱង្ការណែនាំរបស់ព្រះបាទកម្រតេងកំត្វនអញ… រាជស្តេចដែលទ្រង់យាងទៅកាន់បរមេស្វរ ព្រះអង្គបានមានបន្ទូលប្រើដើម្បី….ដោយប្រើអាចារ្យព្រះសភា….. បានចូលបង្គំក្រាបថ្វាយសូមស្នើដល់ព្រះបាទកម្រតេងកំត្វនអញ ត្រាស់បង្គាប់ប្រើនិណ៌្នយ (ដាក់ទោស) ….. ខាងលិច ជំន្យ ….. ខាងជើង…. រហូតដល់ ….. គឺត្រពាំង ទៅខាងជើង…. ខាងកើត រហូតដល់ត្រពាំងម្រតាញ បរ ខាងត្បូង អថ៌ិន ត្រពាំងប្រ។

សរុបជារួមមក សិលាចារឹករកឃើញថ្មីនៅភូមិក្រសាំង ខេត្តកំពង់ធំ គឺជាព័ត៌មានថ្មីមួយបន្ថែមពីលើទិន្នន័យចាស់ ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នយោបាយរបស់ព្រះបាទស្រីសូរ្យវរ្ម័នទី១ ដែលជាស្តេចដ៏ល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្តខ្មែរ។ លើសពីនេះ សិលាចារឹកនេះ ក៏ផ្តល់ព័ត៌មានឱ្យយើងបានដឹងខ្លះៗអំពីព្រឹត្តិការណ៍នយោបាយរបស់ព្រះបាទជ័យវរ្ម័នទី២ទៀតផង។ ចំណុចទាំងនេះនាំឱ្យយើងដឹងថា បើទោះបីព្រះបាទស្រីសូរ្យវរ្ម័នទី១ មិនជាប់ស្រឡាយជាមួយព្រះបាទស្រីជ័យវរ្ម័នទី២ ក៏ដោយ ក៏ទ្រង់នៅតែបង្ហាញការគោរពដល់ព្រះរាជាអង្គមុនយ៉ាងខ្ជាប់ខ្ជួន។

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!