ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទក្តីតាគាម

ប្រាសាទក្តីតាគាម

យោងតាមសិលាចារឹកប្រាសាទតាព្រហ្ម K.273 នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វ.ទី១២ ដើមស.វ.ទី១៣ (គ.ស.១១៨១ – ១២២០) មានមន្ទីរពេទ្យយ៉ាងតិច ១០២ ស្ថិតនៅ​រាយប៉ាយពាសពេញនគរ។ រាល់មន្ទីរពេទ្យនីមួយៗច្រើនតែស្ថិតនៅទីប្រជុំជន ឬស្ថិតនៅតាមបណ្តោយផ្លូវសំខាន់ៗ ហើយជាទូទៅមន្ទីរមួយត្រូវមានហោរបន់ស្រន់ចំនួន ១ (ប្រាសាទ)។ អគារមន្ទីរពេទ្យនៅសម័យនោះទំនងសាងសង់ឡើងអំពីឈើ រីឯហោរបន់ស្រន់ច្រើនសាងឡើងអំពីថ្មភក់ ឬថ្មបាយក្រៀម។ នៅក្នុងអត្ថបទមុនៗ យើងធ្លាប់បង្ហាញប្រាសាទដែលជាហោរបន់ស្រន់នៃមន្ទីរពេទ្យមួយចំនួនរួចមកហើយ ដូចជា ប្រាសាទព្រះធាតុរកា (ខេត្តកំពង់ធំ) និងប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារ (ខេត្តព្រះវិហារ) ជាដើម។ ដូច្នេះហើយ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញហោរបន់ស្រន់នៃមន្ទីរពេទ្យមួយទៀតដែលស្ថិតនៅតាមបណ្តោយផ្លូវបុរាណចេញពីអង្គរឆ្ពោះទៅតំបន់ភិមាយ ដែលមានឈ្មោះថា “ប្រាសាទក្តីតាគាម”។ ប្រាសាទក្តីតាគាម មានទីតាំងស្ថិតនៅចម្ងាយ ៤០០ ម៉ែត្រ ខាងកើតប្រាសាទគោល (ធំ) ដែលស្ថិតនៅភូមិគោល ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប។ តើប្រាសាទនេះ​មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?

ឈ្មោះថា “ក្តីតាគាម” គឺជាឈ្មោះដែលយើងស្គាល់តាមរយៈអត្ថបទស្រាវជ្រាវរបស់អ្នកស្រាវជ្រាវដំបូងៗ ជាពិសេសអ្នកស្រាវជ្រាវជនជាតិបារាំង។ ប៉ុន្តែ អ្នកស្រុកសព្វថ្ងៃគេមិនដែលឮឈ្មោះក្តីតាគាមនេះឡើយ ហើយប្រាសាទនេះឈ្មោះអ្វីក៏គេមិនដឹងដែរ តែគេច្រើនហៅឈ្មោះដូចឈ្មោះភូមិដែលមានឈ្មោះថា “គោល”។ ប្រាសាទក្តីតាគាម ចាប់ផ្តើមមានការសិក្សាស្រាវជ្រាវដំបូងនៅរវាងចុងស.វ.ទី១៩ តែពេលនោះគេសង្កត់ធ្ងន់តែលើសិលាចារឹក ជាក់ស្តែង ការសិក្សារបស់លោក Abel Bargaigne បោះពុម្ពនៅឆ្នាំ១៨៨៤។ ក្រោយមក មានការសិក្សាជាបន្តបន្ទាប់ដោយលោក Etienne Aymonier និងលោក Lunet De Lajonquière នៅឆ្នាំ១៩០០ (ដើមស.វ.ទី២០)។ ប្លង់ជាទូទៅរបស់ប្រាសាទក្តីតាគាម គឺមានប្រាង្គកណ្តាលមួយធ្វើអំពីថ្មបាយក្រៀម ដែលរៀបចំឡើងជាបន្ទប់មានរាងបួនជ្រុងស្មើ និងមានយ៉លយចេញមកក្រៅឆ្ពោះទៅទិសខាងកើត ហើយយ៉នេះមានបង្អួចតូចមួយនៅខាងជើង។ អគារប្រាង្គកណ្តាលនេះ មានទ្វារចូលនៅទិសខាងកើត ហើយមានទ្វារបញ្ឆោតចំនួន ៣ នៅទិសផ្សេងទៀត។ សព្វថ្ងៃ នៅផ្នែកខាងលិច យើងអាចនៅមើលឃើញតិចតួចអំពីចម្លាក់នៅលើហោជាង ដែលបង្ហាញអំពីតួអង្គពីរនាក់កំពុងអង្គុយគោរពទៅកាន់នរណាម្នាក់។ ប៉ុន្តែនៅខាងក្រោម គឺមាននៅសល់ផ្តែរទ្វារមួយដែលលម្អជាក្បាច់សន្លឹកភ្ញីទេស និងមានដងធ្នូជាមែកធាង ដែលជាលក្ខណៈទូទៅនៃផ្តែរទ្វាររចនាបថកំពង់ព្រះ ដូច្នេះ វាមានន័យថា ប្រាសាទកសាងឡើងនៅសម័យអង្គរ តែបានយកផ្តែរទ្វារចាស់នៅសម័យមុនអង្គរ (ស.វ.ទី៨) មកប្រើប្រាស់ឡើងវិញ។ ចំណែក នៅទ្វារចូលយ៉ខាងកើត យើងមិនឃើញនៅសេសសល់ចម្លាក់ផ្តែរទ្វារទេ ប៉ុន្តែបើតាមការរៀបរាប់របស់លោក Lunet De Lajonquière បង្ហាញថា មានផ្តែរទ្វារមួយដែលនៅកណ្តាលមានចម្លាក់ទេពសំខាន់មួយ (ទំនងជាវិស្ណុ) អមដោយតួអង្គទេពស្រីមានសក់វែងចំនួន ២ អង្គ កំពុងអង្គុយលត់ជង្គង់នៅក្រោមជើងរបស់ព្រះវិស្ណុ និងព្រមទាំងមានសេះចំនួន ២ ក្បាលកំពុងកាន់កម្រងផ្កា។ ជាងនេះទៅទៀត លោកក៏បានបញ្ជាក់ថា នៅទ្វារបញ្ឆោតខាងត្បូង និងខាងជើង ក៏មានចម្លាកនៅលើហោជាង និងផ្តែរទ្វារដូចគ្នាដែរ ប៉ុន្តែចម្លាក់ទាំងនោះមិនមាននៅសល់សព្វថ្ងៃទេ។ ហោជាងនៅប្រាង្គកណ្តាលនេះ គឺមានទម្រង់ជាហោជាងរាងទ្រនង់នាគ ដែលយើងច្រើនឃើញមានតាំងពីស.វ.ទី១១ ដល់ទី១៣។ ប្រសិនបើយើងប្រៀបធៀបប្រាង្គកណ្តាលនេះ គឺមានលក្ខណៈដូចនៅប្រាសាទព្រះធាតុរកា តែមិនដូចនៅប្រាសាទក្រពុំឈូកឡើយ ដ្បិតប្រាង្គកណ្តាលនៅប្រាសាទក្រពុំឈូកមានទ្វារចេញចូលបួនទិស។

ក្រៅពីប្រាង្គកណ្តាល អគារមួយទៀតនៅទិសអាគ្នេយ៍ គឺជាសមាសធាតុផ្សំដ៏សំខាន់នៃរចនាសម្ព័ន្ធរបស់ហោរបន់ស្រន់នៃមន្ទីរពេទ្យ។ អគារនេះ អ្នកស្រាវជ្រាវច្រើនហៅថា “ហោរត្រៃ” ឬ “បណ្ណាល័យ” ដែលជាទូទៅច្រើននៅទិសអាគ្នេយ៍នៃប្រាង្គកណ្តាល ហើយជានិច្ចកាលអគារនេះត្រូវបែរមុខបញ្ច្រាសទិសមករកប្រាង្គកណ្តាល ពោល គឺបែរមុខទៅទិសខាងលិច។ អគារហោរត្រៃនៅប្រាសាទក្តីតាគាម ក៏សាងឡើងអំពីថ្មបាយក្រៀមដូចគ្នា មានប្លង់ជារាងបួនជ្រុងទ្រវែង ប៉ុន្តែមានយ៉លយមកខាងមុខដូចគ្នា គ្រាន់តែលយមកខាងលិច។ ដោយឡែក កំពែងប្រាសាទក្តីតាគាម គេរៀបចំឡើងជាថ្មបាយក្រៀមត្រួតលើគ្នាយ៉ាងរឹងមាំ មានកម្ពស់ប្រមាណ ២,៥០ ម៉ែត្រ ហើយមានច្រកចូលតែទិសខាងកើតមួយប៉ុណ្ណោះ ដែលមានរាងជាបួនជ្រុងទ្រវែងប្រវែងបណ្តោយ ២៧ ម៉ែត្រ និងទទឹង ២២ ម៉ែត្រ។ បន្ថែមពីនេះ បើពិនិត្យមើលទៅលើស្រះទឹកនៅទិស​ឦសានវិញ គឺគេបានតម្រៀបជាថ្មបាយក្រៀមថ្នាក់ៗព័ទ្ធជុំវិញ មានលក្ខណៈស្រដៀងស្រះទឹកនៅប្រាសាទជាច្រើនទៀតទូទាំងស្រុកខ្មែរ។ ម្ល៉ោះហើយ យោងទៅតាមរចនា    សម្ព័ន្ធរបស់ប្រាសាទក្តីតាគាម គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីប្លង់ជាទូទៅនៃសំណង់ហោរបន់ស្រន់យ៉ាងពិត​ប្រាកដ ពោល គឺ ទី១ មានសំណង់ប្រាង្គកណ្តាលរាងបួនជ្រុង ហើយមានយ៉លយទៅខាងកើត, ទី២ មានសំណង់ហោរត្រៃបែរមុខទៅទិសខាងលិច, ទី៣ មានកំពែងព័ទ្ធជុំវិញនិងមានច្រកចូលនៅទិសខាងកើត និងទី៤ គឺមានស្រះទឹកមួយនៅទិសឦសាន។

ជាទូទៅ រាល់ប្រាសាទដែលជាសំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យ គឺគេតែងតម្កល់សិលាចារឹកមួយផ្ទាំង ដែលច្រើនតែមានអត្ថន័យនៃសំណេរស្ទើរតែដូចគ្នាបេះបិទ ឧទាហរណ៍ សិលាចារឹកប្រាសាទព្រះធាតុរកា សរសេរជាសំស្រ្កឹតស្ទើរតែដូចគ្នាបេះបិទជាមួយសិលាចារឹកប្រាសាទសាយហ្វុង ដ្បិតទីតាំងទាំងពីរ គឺជាហោរបន់ស្រន់នៃមន្ទីរពេទ្យដូចគ្នា។ ដោយឡែក នៅប្រាសាទក្តីតាគាម គេធ្លាប់រកឃើញសិលាចារឹកចំនួន ២ ផ្ទាំង ចុះបញ្ជីលេខ K.244 និង K.245 ប៉ុន្តែសិលាចារឹកទាំងពីរនេះបានបាត់បង់បាត់ទៅហើយ។ សិលាចារឹកទី១ K.244 សរសេរជាភាសាសំស្រ្កឹត មានចំនួន ២ បន្ទាត់ ចារឹកឡើងនៅម.ស.៧១៣ (ត្រូវនឹងគ.ស.៧៩១) រៀបរាប់អំពីការប្រតិស្ថានព្រះពោធិសត្វលោកេស្វរនៅក្នុងឆ្នាំម.ស.៧១៣។ សិលាចារឹកទី២ K.245 ចារឹកជាភាសាខ្មែរនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ មានចំនួន ៣៥ បន្ទាត់ ដែលរៀបរាប់អំពីព្រះរាជសាសន៍របស់ព្រះបាទស្រីសូរ្យវរ្ម័នទី១ ឱ្យប្រគល់ឱ្យដល់កូនដោយសម្រេចឥតវាទ (មិនពោស្តីជំទាស់), រៀបរាប់អំពីការប្តូរឈ្មោះមនុស្សស្រីម្នាក់ និងរៀបរាប់រំឭកអំពីការកសាងសិវលិង្គ សិតព្រះព្រហ្ម សិតព្រះវិស្ណុ និងយានជំនិះរបស់ទេព នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ហើយចុងក្រោយរៀបរាប់អំពីតង្វាយថ្វាយព្រះ និងដាក់បណ្តាសាដល់ជនណាដែលហ៊ានបំផ្លាញទ្រព្យសម្បត្តិរបស់ទេព។ តាមអាយុកាល និងអត្ថន័យនៃសិលាចារឹកទាំងពីរនេះ អាចឱ្យយើងសន្និដ្ឋានថា សិលាចារឹកនេះទំនងមិនមែនជាសិលាចារឹកដើមរបស់ប្រាសាទឡើយ ពោល គឺទំនងអាចគេយកមកពីទីតាំងសក្ការបូជាណាមួយនៅក្បែរៗនេះ មកប្រើប្រាស់ជាមេទ្វារឡើងវិញ ដ្បិតសំណង់មានលក្ខណៈជាស.វ.ទី១២ ឬដើមស.វ.ទី១៣ ប៉ុន្តែសិលាចារឹកបង្ហាញអំពីព្រឹត្តិការណ៍មុនការកសាងប្រាសាទ។

សព្វថ្ងៃ យើងមិនឃើញមានភស្តុតាងបដិមាសាស្រ្តដែលគេតម្កល់នៅប្រាង្គកណ្តាលរបស់ប្រាសាទក្តីតាគាមឡើយ ប៉ុន្តែតាមព័ត៌មានបង្ហាញនៅក្នុងសិលាចារឹកប្រាសាទផ្សេងៗទៀតដែលជាហោរបន់ស្រន់នៃមន្ទីរពេទ្យដូចគ្នានោះបង្ហាញថា នៅក្នុងប្រាង្គកណ្តាលគឺតម្កល់អាទិទេពនៃព្រះពុទ្ធសាសនាមហាយានចំនួន ៣ អង្គ រួមមាន​ ព្រះភៃសជ្យគុរុ (ព្រះពុទ្ធគ្រូថ្នាំ) ព្រះសូរ្យ (ព្រះអាទិត្យ) និងព្រះវៃរោចន (ព្រះចន្រ្ទ)។ ព័ត៌មាននៃសិលាចារឹក​ព្រះធាតុរកា មន្ទីរពេទ្យទាំងអស់មិនត្រឹមតែជាកន្លែងព្យាបាលរោគប៉ុណ្ណោះទេ ពោល វាជាកន្លែងដែលផ្តល់ជម្រករក និងម្ហូបអាហារដល់ជនដាច់សង្វែងថែមទៀតផង ហើយចំណាយរ៉ាប់រងក្នុងការព្យាបាលជំងឺនាសម័យនោះ គឺជាបន្ទុករបស់រាជការទាំងស្រុង។           

ជារួមមក ប្រាសាទក្តីតាគាម ទំនងជាសំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យ ដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧។ ប៉ុន្តែ ទីតាំងប្រាសាទនេះ អាចមានសំណង់ចាស់មួយនៅរវាងស.វ.ទី៨ ដល់ទី១១ ហើយប្រហែលជាអាចប្រមូលវត្ថុធាតុថ្មភក់មួយចំនួនមកពីប្រាសាទចាស់មកប្រើប្រាស់ឡើងវិញ។ រចនាសម្ព័ន្ធទាំងមូលរបស់ប្រាសាទ គឺមានទម្រង់ស្រដៀងគ្នាច្រើនជាមួយសំណង់ហោរបន់ស្រន់ផ្សេងទៀតដែលរកឃើញនៅក្នុងតំបន់អង្គរ ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ។ល។ សំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យ គឺជាសក្ខីភាពមួយនៃការរីកចម្រើនវិស័យសុខាភិបាលនៅសម័យអង្គរ ក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧ ដែលគេបានរួមបញ្ចូលទាំងការព្យាបាលផ្នែកវិទ្យាសាស្រ្ត (ការប្រើប្រាស់ថ្នាំច្នៃចេញពីរុក្ខជាតិ) និងការប្រើប្រាស់ការព្យាបាលតាមបែបជំនឿ ដោយមានសាងជាហោរបន់ស្រន់មួយតម្កល់ទេពនៃព្រះពុទ្ធសាសនាមហាយាន ដើម្បីឱ្យអ្នកជំងឺ អាចចូលបន់ស្រន់ដល់ទេពទាំងនោះបាន។

—————-
Prasat Kdei Ta Keam

Prasat Kdei Ta Keam is an Angkorian laterite temple​​ or ‘chapel’ of one of the 102 hospitals built by King Jayavarman VII throughout the kingdom. This temple probably housed the God Bhaisajyaguru, Surya, and Vairocana of Mahayana Buddhism. This temple can be distinguished as a chapel of one of the 102 hospitals built by King Jayavarman VII due to the structure of the temple includes, firstly, the central tower is a square structure with a balcony to the east, secondly, there is a rectangular library building in the southeast and facing to the west, the thirdly has a laterite wall and has an entrance to the east, and the fourthly has a small pond to the northeast (outside the temple walls). The chapel building of the hospital is a testament to the growth of healthcare service in the Angkorian period during the reign of King Jayavarman VII, which included scientific therapies (the use of herbal remedies) and the use of faith therapies with a building of chapel to house the deities of Mahayana Buddhism so that patients can enter to pray to those deities.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,900SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!