ខ្លែងឯក

ល្បែងបង្ហើរខ្លែង គឺជាល្បែងប្រពៃណីមួយក្នុងសង្គមខ្មែរតាំងពីបុរាណ និងជាការ ពេញនិយមណាស់ សម្រាប់អ្នកស្រុកស្រែចម្ការ ពិសេសជាចំណូលចិត្តរបស់ក្មេងៗដែល តែងបង្ហើរខ្លែងតាមវាលស្រែ។ ខ្លែង​ខ្មែរ គឹ​មានច្រើន​ប្រភេទ​ណាស់​ ហើយការ រចនា និងការច្នៃប្រឌិតរូបរាងខ្លែងវាអាស្រ័យទៅតាមចំណូលចិត្ត របស់អ្នកភូមិស្រុកតាម តំបន់រៀងៗខ្លួន។ ក្នុងចំណោមប្រភេទខ្លែងទាំងនោះ ភាគច្រើនឃើញគេនិយមបង្ហើរតែ ខ្លែងកណ្តូង និងខ្លែងឯកតាំងពីសម័យបុរាណកាលមកម្ល៉េះ។ ចំពោះខ្លែងឯក ដើមឡើយមានឈ្មោះថាជា “ខ្លែងមេកូន ឬខ្លែងព្នង” ដែលមាននិយាយ តាំងពីមុនគ្រិស្តសករាជមកម្ល៉េះ ដ្បិតគេបង្កើតឡើងសម្រាប់ បង្ហើរពេល រដូវប្រមូលផលស្រូវ ចូលមកដល់ និងជាពេល នៃរដូវរំហើយផង ហើយការបង្ហើរខ្លែងឯកនេះ ទំនងជាផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។

ម្យ៉ាង​ទៀត ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង មិន​មែនធ្វើឡើងគ្រាន់​​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​ក៏​ជា​ពិធី​មួយសម្រាប់​គោរពបូជា​ដល់​សាសនា​សំខាន់​ទាំង​ពីរ​ផង​ដែរ ដែល​ប្រជាជន​ខ្មែរ​ធ្លាប់​ជឿ និង​គោរព​តាំងពី​ដើម​រៀង​មក គឺព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា។ បើតាម ជំនឿរបស់ខ្មែរតាំងពីបុរាណ  បើកាលណាបង្ហើរខ្លែងឯក ហើយខ្លែងនោះធ្លាក់ទៅលើដំបូល ផ្ទះអ្នកណា គេចាត់ថាជាការចង្រៃ ឬក៏នាំគ្រោះដល់ម្ចាស់ផ្ទះ ដោយម្ចាស់ផ្ទះតម្រូវឱ្យម្ចាស់ ខ្លែងនោះរៀបចំពិធីនិមន្តព្រះសង្ឃសូត្រមន្តបញ្ជៀសនៅគ្រោះចង្រៃទាំងនោះ។ មួយវិញ ទៀតក្នុងពិធីទ្វារទសមាស ដែលជាពិធីទាក់ទងនឹងពុទ្ធសាសនា ក៏មាននិយាយពីការបង្ហើរ ខ្លែងឯកដែលគេច្រើនធ្វើនៅខែមិគសិរ។ រីឯក្នុងរជ្ជកាលព្រះអង្គឌួងទ្រង់ក៏មានប្រតិបត្តិទំនៀមទម្លាប់បង្ហើរខ្លែងឯកនេះដែរ ដើម្បីជាការគោរពបូជាចំពោះព្រះចូឡាមណីចេតិយ។

ចំណែកឯរឿង​ព្រេង​និទាន​ជា​ច្រើន បានតំណាលអំពី​ដើម​កំណើត​ និង​ការ​បង្ហើរខ្លែងឯកឧទាហរណ៍ក្នុងរឿងធនញ្ជ័យ​ គឺដោយសារតែការបង្ហើរខ្លែងឯកនេះហើយ ដែល ធ្វើឱ្យធនញ្ជ័យរួចផុតពីការជាប់ឃុំឃែងនៅស្រុកចិន ដ្បិត​សម្លេង​ឯករបស់​ខ្លែងបានបង្ហើរ សូរពីភាពសោកសៅតម្អូញតម្អែរយ៉ាងវែងអណ្លាយជារៀងរាល់យប់ និងលាន់ឮពាសពេញ នៃបរិវេណគុករហូតធ្វើឱ្យស្តេចចិនឮហើយមានការព្រួយបារម្ភភ័យខ្លាច។ បើពិនិត្យ ក្នុង សិលាចារឹកមួយផ្ទាំងដែលមាន​កាល​បរិច្ឆេទ​តាំង​ពី​ដើម​សតវត្ស​ទី​១០ ប្រែសម្រួលដោយ លោក​ ហ្ស៊​ក សឺ​ដែ​ស ជាបុរាណវិទូជនជាតិបារាំង ក៏មានបង្ហាញពីការរៀបចំព្រះរាជពិធី បង្ហើរខ្លែង និងមានគ្រឿងតង្វាយផ្សេងៗរួមទាំងថ្វាយខ្លែងចំនួន៥ជាមួយគ្រឿង ដង្វាយ ទាំងនោះ ប៉ុន្តែ​ក្នុងសិលាចារឹកនេះ​ពុំ​បាន​ប្រាប់​ឱ្យ​ដឹង​ថាតើ​ខ្លែង​នៅ​ក្នុង​គ្រឿង​តង្វាយ​នោះគេ​ប្រើប្រាស់​សម្រាប់​ធ្វើ​អ្វី​នោះ​ឡើយ។

បើនិយាយពីរបៀបធ្វើខ្លែងឯក គឺមានការលំបាកជាងធ្វើខ្លែងធម្មតារបស់ក្មេងៗ ដែលបង្ហើរតាមវាលស្រែ ដោយមុន​នឹង​ធ្វើ​ខ្លែងឯក ចាំបាច់​គេ​ត្រូវ​ជ្រើសរើស​រក​សម្ភារៈ​ដែល​ជា​គ្រឿងផ្សំ​ផ្គុំ​នោះ​ឱ្យ​មានគុណ​ភាពល្អ និងគ្រប់មុខ​តាម​សេចក្តី​ត្រូវការ។ ការដែល ពោលថាលំបាកធ្វើខ្លែងឯកនោះ ពុំមែនតួខ្លែងឡើយ គឹលំបាកធ្វើឯក ដោយគេធ្វើយ៉ាង ម៉ត់ចត់ណាស់ ដ្បិតអីគេចង់ឱ្យសម្លេងឯកពិរោះ មិនស្អក រីឯគ្រឿងបង្គុំគេធ្វើពីឫស្សីពុត ទៅជាដងឯកឱ្យមាំល្អ និងអណ្តាតសំនៀងធ្វើពីស្លឹកត្នោត ឬដើមផ្តៅបិតឱ្យស្តើងជាដើម បន្ទាប់ពីធ្វើដងឯករួចគេត្រូវសាកល្បងចងខ្សែគ្រវីដង ឯកជាច្រើនដង ទល់តែសម្លេងឯកឮ ពិរោះទើបយកទៅភ្ជាប់ នឹងក្បាលខ្លែង។

រីឯការ​បង្ហើរ​ខ្លែងឯកវិញ ពុំមែន ចេះតែអាច​បង្ហើរ​នៅ​គ្រប់​ទីកន្លែង​នោះ​ឡើយ គេ​ត្រូវ​រក​កន្លែង ​ណា​ដែលសម​ស្រប​​ ​ពោល គឺមាន ​វាល​ធំ​ស្រឡះ​ល្អពុំមានដើមឈើដូចជាតាមវាលស្រែ​ធំៗដែលច្រូតកាត់រួច ពិសេសតាម​​ជនបទ​។ ម្យ៉ា​ង​ទៀត​ទីវាល​នោះ ត្រូវជា​កន្លែង​ដែល​មានខ្យល់​បក់​​ជាប់​ជា​ប្រចាំ ​ដើម្បី​ខ្លែង​អាច​ហោះ​បាន​ខ្ពស់​ល្អ ​ហើយបើកាលណា​ខ្លែង​ហោះ​បាន​កាន់តែ​ខ្ពស់នោះ​សំឡេង​ឯក​ក៏​លាន់ឮសាយ​ទៅ​បាន​កាន់តែ​ឆ្ងាយ។

កាលដើមឡើយការបង្ហើរខ្លែងឯកមាននិយមខ្លាំងក្នុងសង្គមខ្មែរ ដែលគេតែងបង្ហើរលេងនៅរដូវចម្រូត ​ប៉ុន្តែមកដល់បច្ចុប្បន្ននេះ គេ​​សម្គាល់​ឃើញ​ថាការបង្ហើរខ្លែងឯកមានការ​ថយចុះ​បន្តិច​ម្ដងៗ​ពីអ្នកភូមិស្រុក​ ហើយ​ចំនួន​ក្មេង​លេង​ខ្លែងក៏កាន់​តែ​តិច​ទៅៗ ​ចំណែក​នៅ​តាម​ខេត្ត​ខ្លះ​រក​អ្នក​ចេះ​ធ្វើ​ខ្លែង​ឯក​ស្ទើរ​តែពុំ​មាន​ផង។​ ទោះបី​គេ​ពិនិត្យ​ឃើញ​ថា​ នៅ​សម័យ​នេះ​ការ​បង្ហើរ​ខ្លែង​មិន​សូវ​មាន​សកម្មភាព​ខ្លាំង​ក្លា​យ៉ាង​ណាក្តី​ ក៏​គេ​នៅ​តែ​ឃើញ​មាន​សកម្មភាពបង្ហើរខ្លែង​នៅ​ក្នុង​សុ្រក​យើង​ជា​ដរាប​ ដោយ​មានរៀបចំ​ព្រឹត្តិការណ៍​បង្ហើរ​ខ្លែង​នេះជា​រៀងរាល់​ឆ្នាំ​តាមបណ្តាក្រុងខេត្តមួយក្នុងស្រុកខ្មែរ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!