ទំព័រដើមនិទានកថាស័ង្ខសិល្បជ័យ (ភាគទី១)

ស័ង្ខសិល្បជ័យ (ភាគទី១)

កាលពីព្រេងនាយកន្លងយូរយារមកហើយ មានស្តេចមួយអង្គទ្រង់ព្រះនាមកុត្តរាជ សោយរាជនៅបញ្ចាលបុរី។ ​ទ្រង់ជាស្តេចដែលមានអំណាចរឹទ្ធីបារមីលើសអស់ក្សត្រផងនានាសព្វនគរ។ ទ្រង់មានមហេសីមួយអង្គព្រះនាមសុមន្ទាទេវី ដែលមានរូបឆោមលោមពណ៌ល្អបំផុត ព្រមទាំងចរិយាសមសួស្តីធ្វើឲ្យទ្រង់សព្វព្រះទ័យជាងគេ ហើយទុកជាច្បងក្នុងចំណោមស្រីស្នំទាំង១៦០០០នាក់ផង។ ទ្រង់មានបុត្រាមួយអង្គ ព្រះនាមសេនាកុត្តរាជ លុះអំឡុងយូរទៅទ្រង់បានបង្កើតបុត្រីមួយអង្គ​ ដែលមានរូបឆោមលោមពណ៌យ៉ាងស្រស់សោភា ព្រះនាមកេសរសុមន្ទា។ ព្រះអង្គកុត្តរាជសព្វព្រះទ័យនឹងបុត្រទាំងពីរណាស់ តែងនាំបុត្រទៅកំសាន្តនៅឩទ្យានស្រះស្រង់ពុំដែលមានលោះថ្ងៃឡើយ។

         លុះចំណេរតមក ព្រះអង្គកុត្តរាជទ្រង់ប្រឈួន។​ ទ្រង់ហៅរាជបុត្រទាំងពីរមកផ្តែផ្តាំថាៈ

ហៃចៅសេនា កុត្តរាជពុំងា សម្លាញ់បិតា

កូនអើយជម្ងឺ រែងឈឺខ្លោចផ្សា ម្យ៉ាងព្រះបិតា ពុំរស់នៅបាន។

កូនអើយបើបិ តាក្ស័យជីវី អង្គអន្តរធាន

សូន្យសោះទៅណា បិតាមែនមាន តែបាបុត្របាន ប្រុសជាតិជាច្បង។

ចូរចៅបេតី រក្សាជននី នូវប្អូនស្នេហ៍ស្នង

ឥតនឹងបិតា កំព្រាហើយហោង មានបាស្ងួនគ្រង ស្មើឪពុកសោត។

ទោះបីប្អូនខុស ឆ្គាំឆ្គងលើសលប់ កុំបាក្រេវក្រោធ

ទ្រគោះពាក្យរឹង ខេខឹងពិរោធ បាអត់ទោសសោត អាសូរប្អូនណា៎។

រីអស់រាស្ត្ររដ្ឋ រម្យរាជសម្បត្តិ អាពុកឲ្យបា

ឯងអាចសេពសោយ រាជ្យដោយសុច រិតទសធម្មា ជាច្បាប់ប្រពៃ។

ធម្មតាមហាក្សត្រ ដោយរាជ្យសម្បត្តិ អម្បូរថ្លាថ្លៃ

ឲ្យដឹងបាបបុណ្យ ទោសគុណផងនៃ ដឹងទុក្ខរាស្រ្តព្ធ កំឡុងធានី។

ផ្តែផ្តាំស្រេចដល់ត្រឹមនេះ ព្រះអង្គកុត្តរាជទ្រង់ក៏សោយទីវង្គតរលត់ជីវីសោះសូន្យបាត់ទៅ។ អង្គក្សត្រទាំងបីអង្គ ទ្រង់ព្រះកន្សែងសោយសោកយ៉ាងខ្លាំង។ អស់មន្ត្រីស្រីស្នំក្រមការទាំងអស់ខ្សឹកខ្សួលអួលណែនក្នុងឳរានឹងវាចារមិនបាន។ លុះធ្វើពិធីថ្វាយព្រះភ្លើងរួចហើយ​ អង្គក្សត្រសេនាកុត្តរាជ​ ទ្រង់ឲ្យជាងសាងសង់ព្រះចេតិយដែលមានរចនាក្បាច់ក្បូរបិទមាសយ៉ាងល្អប្រណិត ដើម្បីដាក់តម្កល់ព្រះ  ធាតុ។ បន្ទាប់ពីរៀបចំបញ្ចុះព្រះធាតុរួចហើយ ព្រះមាតាសុមន្ទាទេវីព្រមទាំងមន្រ្តី អាមាត្យទាំងអស់ ក៏រៀបចំពិធីអភិសេករាជបុត្រសេនាកុត្តរាជឡើងគ្រងរាជ្យសម្បត្តិគ្រប់គ្រងអស់អាណាប្រជានុរាស្រ្ត ទ្រង់មានរឹទ្ធិអំណាចខ្លាំងក្រៃ ប្រជារាស្រ្តសឹងបានសុខសាន្តទូទាំងនគរ។ ព្រះអង្គសេនាកុត្តរាជសោយរាជ្យលុះអំឡុងយូរទៅ ក៏ទ្រង់ព្រះចិន្តាថា អនុជប្អូនអង្គអញពេលនេះនាងធំពេញរូបរាងហើយ រូបសម្បត្តិល្អសមសួស្តី អញអាណិតប្អូនណាស់…។ ទ្រង់ព្រះចិន្តារួចហើយ ទ្រង់បានត្រាស់ហៅព្រាហ្មណ៍ហោរាមក ដើម្បីគន់គូរមើលថាតើអនុជមានវាសនាយ៉ាងណា បានស្វាមីជាក្សត្រ ឬមន្ត្រី ជាសេដ្ឋី ឬក៏រាស្ត្រធម្មតា ចូរព្រាហ្មណ៍ទាយកុំគិត កុំកោតចិត្តអញឡើយនៃ។ ទាយដោយហោរាសាស្រ្តសៃយ ឲ្យទៀងទាត់កាលនេះម្តង។ ស្តាប់បន្ទូលព្រះរាជាហើយ ព្រាហ្មណ៍ក៏ចាប់គន់គូរមើល​ រួចហើយក៏លើកដៃបង្គំវន្ទាទូលថា បពិត្រក្សត្រក្សាន្តឥសូរៈ

យើងខ្ញុំពិចារណា ដោយហោរាត្រាគំនូរ

ព្រះកេតុសូន្យសេសសូរ រាហ៊ូបៀតព្រះលក្ខណា។

ច័ន្ទចូលចាប់រាសី ជោគផងក្តីមិនសូវជា

ព្រះគ្រោះអនុជណា ទំនាយថាសឹងកាចក្តាត់។

លុះព្រះជន្មគម្រប់ ប្រាំដណ្តប់ឆ្នាំទៀតទាត់

ហើយព្រះប្អូននឹងព្រាត់ ពីចោមចៅនៃក្សត្រា។

នឹងមានយក្សមួយនៅនាព្រៃព្រឹក្សាមកចាប់យក ព្រះអនុជទៅទុកជាភរិយា…។ ព្រះអង្គសេនាកុត្តរាជ ទ្រង់ព្រះសណ្តាប់ព្រាហ្មណ៍ហោរាទូលហើយ ទ្រង់ព្រះកន្សែងព្រួយព្រះហរទ័យនឹកអាណិតដល់អនុជជាពន់ពេក។ ទ្រង់យាងចូលក្រឡាបន្ទំហើយទ្រង់ឲ្យយាងអនុជមក។ ព្រះនាងកេសរសុមន្ទាយាងមកដល់វន្ទាព្រះរាម។ ព្រះអង្គសេនាកុត្តរាជ យល់អនុជមកដល់ទ្រង់លើកព្រះករកៀក   សុរង ទ្រង់ព្រះកន្សែង ហើយទ្រង់មានព្រះបន្ទូលយ៉ាងអួលអាក់ៈ ថាហៃប្អូនមាសតន់ ស្ងួនសំលាញ់មាសបងអើយ។

ថ្ងៃនេះឯងណាចៅ បងឲ្យហៅព្រាហ្មណ៍មកហើយ

មើលគ្រោះប្អូនត្រាណត្រើយ នៅសព្វគ្រោះជន្មវស្សា។

ព្រាហ្មណ៍មើលគ្រោះប្អូនរ័តន៍ ថាកាចក្តាត់ក្រៃពេកណា

នឹងមានចោរយក្សា មួយមកលបលួចយកទៅ។

កណ្តាលព្រៃជ្រៅដល់ហេមពាន្ត ដើម្បីទុកជាមហេសី។ ឲ្យប្អូនមាសស្នេហា តើកម្មពារវេរាអ្វីឲ្យយើងប្រាស់ព្រាត់គ្នាយ៉ាងដូច្នេះ យើងព្រាត់បិតាហើយមានតែមាតា ពេលនេះប្អូនព្រាត់ប្រាស់ទៅ តើបាននរណានឹងថែរក្សាមាតាឲ្យដូចប្អូន…។

លុះរយៈពេលកន្លងទៅ មានថ្ងៃមួយព្រះនាងកេសរសុមន្ទានឹកអផ្សុកក្នុងព្រះកាយក៏ឡើងទៅក្រាបបង្គំព្រះរាម ដើម្បីសុំចេញទៅលេងឯឩទ្យានឋាននាយ។ ព្រះអង្គសេនាកុត្តរាជមានបន្ទូលថាៈ “ហៃប្អូនមាសមិត្ត គ្រោះនាងកាចណាស់ចូរកុំគិតងាយព្រលឹងបងអើយ ក្រៃងគ្រោះមកដល់ នេះបើច្បាំងនឹងមនុស្សា នោះបងនឹងប្រើពលសេនាដណ្តើមឲ្យបានជ័យជំនះ តែនេះគឺជាយក្សាដែលមានរឹទ្ធិខ្លាំងក្លាណាស់នរណានឹងអាចតទល់បាន”។

ព្រះនាងកេសរសុមន្ទាស្តាប់បន្ទូលព្រះរាមហើយ ទ្រង់ព្រះកន្សែងរៀបរាប់ដល់បិតាថាៈ ឳបិតា បើព្រះអង្គគង់នៅ ទ្រង់ថ្នាក់ថ្នមបុត្រីមិនឲ្យមានហ្មងទេ ពេលនេះឥតពីបិតាឥតមាននរណាមេត្តាបុត្រទេ សូមបិតាយកបុត្រីទៅផង។

ព្រះអង្គសេនាកុត្តរាជយល់អនុជសោយសោកដូច្នោះ ទ្រង់ត្រាស់ថាៈ “ហៃប្អូនឩត្តមនាងកុំសោយសោកាថ្វី ចាំបងជូនប្អូនទៅ បងមិនហ៊ានឃាត់ប្អូនទេ ឥតពីបិតាទៅមានបងស្មើនឹងឪពុក បើសត្រូវចង់មកបៀតបៀន មិនថាយក្ស ឬមនុស្សទេបងនឹងច្បាំងឲ្យអស់ពីកាយចិត្ត…”។ មានបន្ទូលរួចទ្រង់ត្រាស់បញ្ជាទៅអាមាត្យថាៈ “ចូរទៅប្រាប់អស់មន្រ្តីឲ្យរៀបពល ត្បិតអញនឹងចេញទៅស្រះស្រង់ ឩទ្យានក្នុងថ្ងៃនេះ”។ អាមាត្យស្តាប់ហើយក៏ក្រាបបង្គំលាចេញទៅប្រាប់អស់មន្ត្រីឲ្យរៀបចំប្រដាប់ប្រដាពលសេនា ត្បិតស្តេចនឹងចេញទៅស្រះស្រង់ឩទ្យាននាយនាថ្ងៃនេះ។

លុះរៀបចំរួបហើយ ក៏យាងស្តេចទាំងពីរអង្គមកដើម្បីចេញដំណើរ។ ព្រះអង្គសេនាកុត្តរាជគង់លើគជសារមង្គល ចំណែកឯកេសរសុមន្ទាគង់ក្នុងប្រាសាទមាស ហែរហមដោយពលសេនាយោធាជាច្រើន ចេញពីនគរសំដៅស្រះស្រង់ឩទ្យាននាយ…។ ក្នុងកាលនោះដែរមានយក្សមួយឈ្មោះថា កុម័្ភណ្ឌ រស់នៅក្នុងព្រៃហេមពាន្ត។ កុម័្ភណ្ឌមានមាឌធំអស្ចារ្យណាស់ មានរឹទ្ធិខ្លាំងក្លាពេកក្រៃ រស់នៅក្នុងប្រាសាទយ៉ាងល្អស្អាតតែមួយអង្គឯង ឥតមានបុត្រភរិយាអ្វីឡើយ…។ កុម្ភ័ណ្ឌតែងតែទៅបម្រើព្រះឥសូរមិនដែលខានឡើយ។ មានរាត្រីមួយ កុម្ភ័ណ្ឌគិតក្នុងចិត្តថាៈ “អង្គអញនេះណាមិនមានបុត្រ ឬភរិយាគ្រាន់រួមរស់ជាមួយគ្នាសោះ អញគួរតែរកស្រីស្អាតម្នាក់ មកគ្រាន់ធ្វើជាភរិយា មិនថាយក្ស កិន្នរ ឬមនុស្សាទេ គួរតែមានរូបល្អស្អាតល្មមមកធ្វើជាភរិយា…”។ យក្សគិតក្នុងចិត្តហើយក៏ចាប់ដំបងគ្រវីហោះផ្លោះផ្លោងឆ្លងដល់នគរបញ្ចាល។ កាលនោះដែរ ព្រះអង្គសេនាកុត្តរាជស្តេចនាំអនុជទៅដល់ឩទ្យានស្រះស្រង់ ពេលនោះយក្សក៏បានពួនក្នុងព្រៃលបមើលព្រះនាងកេសរសុមន្ទា នឹកសរសើរក្នុងចិត្តថាៈ នាងនេះគួរជាភរិយាសម្លាញ់យើងហើយ…។ លុះគិតរួចស្រេចហើយ កុម្ភ័ណ្ឌ ក៏ប្រែប្រាណជាមនុស្សចូលទៅក្នុងជំនុំដោយពុំមាននរណាម្នាក់ដឹងឡើយ។ កាលនោះ សេះដែលជាយានដង្ហែបានធំក្លិនយក្សក៏ស្រែកកងរំពងពេញព្រៃ។ ព្រះអង្គសេនាកុត្តរាជយល់ហេតុការណ៍ដូច្នោះក៏ត្រាស់សួរថាៈ “ហៃអាមាត្យមន្ត្រី តើមានហេតុការណ៍អ្វី បានជាសេះស្រែកយ៉ាងដូច្នេះ?”។ មន្ត្រីទូលស្តេចវិញថាៈ “បពិត្រព្រះអង្គ នេះសមមានហេតុភេទហើយ សូមព្រះអង្គហៅហោរគន់គូរមើលរាសីក្នុងពេលនេះទៅព្រះអង្គ”។ ព្រះអង្គសេនាកុត្តរាជបានឲ្យហោរគន់មើល ហោរថាៈ “ត្បិតពេលនេះមានយក្សចូលក្នុងកន្លែងនេះ នឹងនាំយកព្រះនាងចេញពីព្រះអង្គឥឡូវនេះហើយ”។ ភ្លាមនោះដែរ កុម្ភ័ណ្ឌ ក៏បានប្រែប្រាណជាយក្សធំសម្បើម ស្ទុះទៅចាប់បីពព្រះនាងកេសរសុមន្ទាហោះចេញទៅ។ ព្រះអង្គសេនាកុត្តរាជយល់ដូច្នោះសោយសោកយ៉ាងខ្លាំងពេកក្រៃរហូតដល់សន្លប់បាត់ ស្មារតី។ អស់អាមាត្យមន្រ្តីឃើញហេតុការណ៍ហើយភ្លេចភ្លាំងអស់ស្មារតី នឹកអាណិតដល់ក្សត្រីកេសរសុមន្ទា។

យើងងាកមកមើលកុម្ភ័ណ្ឌវិញម្តង កាលដែលហោះនាំកេសរសុមន្ទាមក នោះ ធ្វើឲ្យព្រះនាងភិតភ័យរហូតសន្លប់បាត់ស្មារតី។ កុម្ភ័ណ្ឌបានបីថ្នមក្សត្រីយកទៅដាក់លើក្រឡាបន្ទំ…។

(សូមរងតាមដានរឿង ស័ង្ខសិល្បជ័យ ភាគទី២ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!