ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿជំនឿ និងកិច្ចប្រតិបត្តិនៅបុរាណដ្ឋានបារាយណ៍អណ្តែត

ជំនឿ និងកិច្ចប្រតិបត្តិនៅបុរាណដ្ឋានបារាយណ៍អណ្តែត

បុរាណដ្ឋានបារាយណ៍អណ្ដែត មានទីតាំងស្ថិតនៅភូមិបារាយណ៍​លិច​ សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង មានចម្ងាយប្រហែល​ ៣ គីឡូ​ម៉ែត្រពី​ទីរួម​ខេត្តព្រៃវែង ដែលមានទំហំផ្ទៃដីសរុបចំនួន ៩.៩៥ ហិចតា។ កាលដើមឡើយ ទីតាំងនេះគឺជាប្រាសាទទេវស្ថានព្រហ្មញ្ញសាសនាមួយកន្លែង ដែលទំនងឧទ្ទិសដល់ព្រះវិស្ណុ បើពិនិត្យមើលទៅតាមឈ្មោះទីតាំង និងបដិមាព្រះវិស្ណុដែលបានរកឃើញនៅលើទីតាំង។ ទោះបីជាសព្វថ្ងៃនេះ លែងមានសំណល់ប្រាសាទបុរាណដូចមុនក៏ដោយ បុរាណដ្ឋានបារាយណ៍អណ្តែត នៅតែជាទីសក្ការបូជាដ៏ស័ក្តសិទ្ធិចំពោះអ្នកស្រុក​យ៉ាងរឹងមាំដដែល។ តើបុរាណដ្ឋានបារាយណ៍អណ្តែត មានជំនឿ និងកិច្វប្រតិបត្តិដូចម្តេចខ្លះ?

បច្ចុប្បន្ននេះ ដោយហេតុថា អ្នកស្រុកមានជំនឿគោរពបូជាយ៉ាងមុតមាំចំពោះទួលបារាយណ៍អណ្តែត ពុំមាននរណាហ៊ានទៅរស់នៅ ឬបំពានទីនោះឡើយ ព្រោះគេខ្លាចបារមីអ្នកតាដែលអាចនាំឱ្យមានជំងឺឈឺថ្កាត់ផ្សេងៗ ហើយម្យ៉ាងទៀតទីតាំងនេះជាកន្លែងសម្រាប់ធ្វើកិច្ចពិធីបុណ្យផ្សេងៗទៅតាមទំនៀមទម្លាប់ផង។ ក្នុងនោះ ពិធីបុណ្យទៀងទាត់ប្រចាំឆ្នាំ​មានចំនួន ៣ ដែលបុណ្យខ្លះប្រារព្ធឡើងនៅពេលប្រមូលផលស្រូវរួចរាល់ រួមមាន ពិធីបុណ្យដារលាន (ខែមាឃ) ពិធីបុណ្យសុំទឹកភ្លៀង (ខែពិសាខ) និងពិធីបុណ្យចម្រើនបារមីអ្នកតា (ខែជេស្ឋ)។ ក្រៅពីនេះ មានកិច្ចផ្សេងទៀត ដូចជា កិច្ចលាបំណន់ កិច្ចបួងសួងសុំសេចក្តីសុខចម្រើន ។ល។ កិច្ចពិធីបុណ្យចម្រើនបារមីអ្នកតាទួលបារាយណ៍អណ្ដែត ប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅសំណង់ធំមួយឈ្មោះថា “ព្រះអង្គធំ” ដែលមានតម្កល់ពុទ្ធបដិមាសម្រាប់អ្នកស្រុកជិតឆ្ងាយគោរពប្រណិប័តន៍។ គោលបំណងនៃកិច្ចចម្រើនបារមីអ្នកតា គឺដើម្បីបួងសួងសុំសេចក្ដីសុខចម្រើន បណ្ដេញឧបទ្រពចង្រៃឬអពមង្គល បណ្ដេញជំងឺរាតត្បាតចេញពីភូមិស្រុក ជាពិសេសបង្កើនបារមីទៅលើរូបស្នងអ្នកតា។ ពិធីនេះតែងធ្វើឡើងនៅក្នុងខែជេស្ឋ និងមានរយៈពេលពេញមួយថ្ងៃ។ ក្នុងថ្ងៃនៃកិច្ច ពេលព្រឹក អ្នកស្រុកដែលមកចូលរួមតែងយកតង្វាយមកពីផ្ទះរៀងៗខ្លួនដាក់នៅតាមខ្ទមអ្នកតា។ ក្នុងនោះ តាមទំនៀមអ្នកស្រុកត្រូវយកតង្វាយ រួមមាន ចេកមួយស្និត ភេសជ្ជៈ និងផ្លែឈើផ្សេងៗយកទៅថ្វាយអ្នកតាទាំងអស់នៅតាមអាស្រមដែលមាននៅលើទួល ដោយផ្ដើមចេញពីអ្នកតាលំពែងជ័យនៅខាងមុខទួល បន្ទាប់មកទៀតទើបដាក់នៅតាមអាស្រមអ្នកតាផ្សេងទៀង ដូចជាអ្នកតាខ្លោងទ្វារ អ្នកតាដំបងដែក យាយទេព យាយម៉ៅ និងលោកយាយអាកាសជាដើម។ ក្រោយពីថ្វាយរួច អ្នកស្រុកត្រូវត្រឡប់មកចូលរួមធ្វើកិច្ចពិធីនៅក្នុងអាស្រមព្រះអង្គធំវិញ ដោយធ្វើកិច្ចពិធីបង្វិលពពិល សូត្រមន្ត បង្សុកូល រាប់បាត្រ និងដារឆ្លងជាកិច្ចបង្ហើយបុណ្យ ហើយកិច្ចពិធីទាំងនោះតែងមានអាចារ្យមួយរូបជាអ្នកនាំមុខសូត្រ និងរៀបចំដើម្បីឱ្យមានសណ្ដាប់ត្រឹមត្រូវតាមទំនៀមទម្លាប់។ ការបង្វិលពពិលត្រូវធ្វើពីទិសទក្សិណ ក្នុងន័យដើម្បីបង្កើនបារមីទៅលើរូបស្នងអ្នកតាដែលនៅក្នុងរង្វង់ពពិលឱ្យកាន់តែស័ក្ដិសិទ្ធិឡើង។ ក្នុងកិច្ចបង្វិលពពិលនេះមានព្រះសង្ឃបួនអង្គ អាចារ្យម្នាក់ និងអ្នកភូមិអង្គុយព័ទ្ធជុំវិញរូបអ្នកតានៅក្នុងអាស្រម ដោយបង្វិលចំនួនបីជុំ និងសូត្រនមស្ការតាមទម្លាប់ក្នុងតំបន់។ បញ្ចប់កិច្ចបង្វិលពពិលនេះត្រូវចូលដល់កិច្ចពិធីបង្សុកូលនៅអាស្រមលោកតាលោកយាយ ដើម្បីឧទ្ទិសកុសលដល់ញាតិសន្ដានដែលបែកបាក់ចែកឋានទៅលោកខាងមុខឱ្យមកទទួលផលដែលបានធ្វើនេះ និងងាកក្រោយឱ្យពរជ័យដល់កូនចៅដែលបានឧទ្ទិសមគ្គផលទាំងនោះ។ កិច្ចពិធីនេះរៀបចំឡើងជាទូទៅដោយនិមន្តព្រះសង្ឃគង់នៅក្នុងរោង រួចអ្នកចូលរួមទាំងអស់រាប់បាត្រ បង្សុកូលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន បន្ទាប់មកព្រះសង្ឃសូត្រធម៌តាមបែបព្រះពុទ្ធសាសនាជាកិច្ចបង្ហើយ។ ក្រោយពីចប់កម្មវិធីអ្នកស្រុកនាំគ្នាពិសារ អាហារជុំគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាល និងបរិយាកាសរីករាយក្រោយពេលដែលធ្វើពិធីបុណ្យរួមគ្នារួច។

ក្រៅពីកិច្ចពិធីចម្រើនបារមីអ្នកតា អ្នកស្រុកតែងធ្វើពិធីបុណ្យសុំទឹកភ្លៀង ដែលជាប្រក្រតីធ្វើឡើងនៅពេលមុនចុះធ្វើស្រែចម្ការ ក្នុងគោលបំណងសុំឱ្យមានទឹកភ្លៀងពេញបរិបូណ៍ស្រោចស្រពដល់ផលដំណាំ ហើយជាពិសេសសូមឱ្យទទួលបានភោគផលខ្ពស់សម្រាប់ហូប និងលក់យកកម្រៃចិញ្ចឹមជីវិត។ ជាធម្មតា​ អ្នកមកចូលរួមពិធីនេះមិនត្រឹមតែជាអ្នកភូមិក្នុងតំបន់ឡើយ ពោល គឺមានអ្នកស្រុកមកពីតំបន់ជាប់ទន្លេមកចូលរួមផង ដូចជា អ្នកមកពីព្រែកជ្រៃ អន្លង់ទ្រា ព្រែកអន្ទះ ដាក់ដាវ វាលព្រៅ​ ។ល។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្កាល់ និងក្តីបារម្ភនោះគឺ អ្នកមកចូលរួមពិធីនេះមិនសូវមានក្មេងៗឡើយ ពោល គឺច្រើនតែជាកសិករវ័យចំណាស់ដែលតែងតែមានក្តីកង្វល់អំពីទឹកភ្លៀងសម្រាប់ស្រោចស្រពស្រែចម្ការរបស់ពួកគាត់។ កិច្ចសុំទឹកភ្លៀង ប្រារព្ធឡើងរយៈពេលមួយថ្ងៃ ដោយមានកិច្ចចូលរូប (បញ្ជាន់រូប) មានរូបស្នង មានភ្លេងសម្រាប់លេងបង់បត់ (វង់ភ្លេងអារក្ស) ហើយកិច្ចទាំងអស់នេះគឺដើម្បីសុំសេចក្ដីសុខ និងសុំទឹកភ្លៀងស្រោចស្រពផលដំណាំ។ ក្នុងកិច្ចនេះ គេអន្ទងហៅអ្នកតាទាំងអស់ដែលមានបារមីនៅលើទួលបារាយណ៍អណ្តែត ជាពិសេសអន្ទងហៅលោកយាយម៉ៅចំៗ ព្រោះនៅទីនេះមានទាំងរូបសំណាកយាយម៉ៅ និងអ្នកតាដំបងដែក។ ក្រោយពីកិច្ចពិធីនេះចប់ អ្នកស្រុកដែលមានចង្ហាន់អាចយកទៅប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លា ដើម្បីសុំសេចក្តីសុខជាកិច្ចបង្ហើយបុណ្យ។ ក្រៅពីពិធីបុណ្យនានា អ្នកស្រុកនៅក្នុងតំបន់មានជំនឿខ្លាំងណាស់ទៅលើបារមីអ្នកតាបារាយណ៍អណ្ដែត។ អ្នកស្រុកតែងនាំគ្នាទៅបុណ្យស្រន់សុំសេចក្ដីសុខចម្រើន សុំឱ្យប្រកបកិច្ចការងាររកស៊ីលក់ដូរបានផលចំណេញច្រើន ចំពោះអ្នកធ្វើកាងារវិញសុំឱ្យឆាប់បានឡើងឋានៈតួនាទី ចំណែកឯអ្នករៀបចំកម្មវិធីតូចធំក្ដីតែងមកបន់សុំឱ្យរៀបចំទៅមានដំណើរការល្អ ជៀសឆ្ងាយពីបញ្ហារារាំងទាំងឡាយ។ ជាទូទៅ អ្នកស្រុកនិយមបន់ស្រន់ គួបផ្សំនឹងខសន្យាជាមួយអ្នកតាថា “នឹងថ្វាយជូននូវគ្រឿងរណ្ដាប់ផ្សេងៗ”។ អ្នកខ្លះមានថ្វាយជូនភ្លេងខ្មែរ មាន់ស្ងោរ ជ្រូកខ្វៃ ក្បាលជ្រូក ផ្លែឈើគ្រប់មុខ អាហារ ភេសជ្ជៈជាដើម។ ការថ្វាយជូននោះទៅតាមជីវភាពរៀងៗខ្លួន អ្នកខ្លះមានតិចថ្វាយតិច អ្នកមានច្រើនថ្វាយច្រើន។ នៅពេលដែលបំណងប្រាថ្នាបានជោគជ័យតាមចិត្តប៉ងហើយ គេតែងមកធ្វើកិច្ចពិធីលាបំណន់ជាមួយអ្នកតា ដោយនាំយកមកនូវគ្រឿងដង្វាយផ្សេងៗដែលបានសន្យាពីមុនមក ព្រោះខ្លាចមានបញ្ហាផ្សេងៗកើតឡើងជាយថាហេតុនៅពេលដែលពុំបានមកលាបំណន់នោះ។ ក្រៅពីនេះ នៅពេលដែលមានប្រផ្នូលអ្វីមិនល្អកើតឡើងនៅក្នុងភូមិស្រុក អ្នកស្រុកតែងយកសត្វផ្សេងៗមកលែងនៅលើទួលបារាយណ៍អណ្ដែត ដើម្បីសុំនូវសេចក្ដីសុខចម្រើន និងបញ្ជៀសនូវឧបទ្រពចង្រៃ។ អ្នកខ្លះទិញចាបមួយទ្រុងមកលែង ខ្លះទៀតយកត្រីមកលែងក្នុងស្រះលើទួល ខ្លះទៀតចាប់សត្វពស់ថ្លាន់ដែលវារចូលភូមិស្រុកមកលែងលើទួល ខ្លះទៀតយកស្វា និងសត្វមួយមួយចំនួនទៀតមកលែង។ ការលែងសត្វបែបនេះមកពីគេយល់ថា សត្វខ្លះអាចនាំចង្រៃ ឬបញ្ហាផ្សេងៗដល់ភូមិស្រុក ដូច្នេះការលែងសត្វទាំងនេះ គឺដើម្បីជៀសឆ្ងាយពីមន្ទិលសៅហ្មងនានា និងសុំឱ្យមានតែសេចក្ដីស្រណុកសុខសប្បាយចូលទៅក្នុងភូមិស្រុក។

ជារួមមក មត៌កបេតិកភណ្ឌតាំងពីសម័យមុនអង្គរ (ប្រាសាទបារាយណ៍អណ្តែត) ដែលបានបាត់រូបរាងទៅហើយពិតមែន ប៉ុន្តែជំនឿ និងកិច្ចប្រតិបត្តិចំពោះទេវស្ថានទួលបារាយណ៍អណ្តែតនៅតែបន្តវត្តមានយ៉ាងរឹងមាំដដែល។ បុរាណដ្ឋាននេះបានផ្សាភ្ជាប់នូវជំនឿយ៉ាងខ្ជាប់ខ្ជួនជាមួយអ្នកស្រុកក្នុងតំបន់គ្រប់ស្រទាប់វណ្ណៈ រាប់តាំងពីរាស្រ្តសាមញ្ញរហូតដល់អ្នកមុខអ្នកការគ្រប់លំដាប់ថ្នាក់ជុំវិញខេត្ត ជាពិសេស អ្នកប្រកបរបរស្រែចម្ការ និងនេសាទ។ ដោយសារតែជំនឿនៅទីនេះនៅតែរឹងមាំ កិច្ចពិធីជាទៀងទាត់ប្រចាំឆ្នាំ ដូចជា ពិធីបុណ្យដារលាន ពិធិបុណ្យចម្រើនបារមីអ្នកតា និងពិធីបុណ្យសុំទឹកភ្លៀង នៅតែប្រារព្ធឥតដែលខកខាន និងរក្សាបាននូវទំនៀមទម្លាប់ដ៏ផូរផង់មិនអាចកាត់ថ្លៃបាន។ អ្វីដែលគួរកត់សម្គាល់នោះគឺ អ្នកតាដែលមាននៅលើទួលបារាយណ៍អណ្តែតជាច្រើន គេបានធ្វើរូបស្នងជាព្រះពុទ្ធបដិមា ដែលសបញ្ជាក់ឱ្យឃើញថា ជំនឿជីវចល និងជំនឿព្រះពុទ្ធសាសនានៅតំបន់នេះ បានវេញត្របាញ់បញ្ចូលធ្លុងគ្នា និងដើរទន្ទឹមគ្នាតែមួយកាន់តែស្អិតរមួតទៅហើយ។

អត្ថបទដោយ៖ លោក សរ សុផៃ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!