បុរី​អូរស្វាយ

បុរី​អូរ​ស្វាយ​ត្រូវបាន​រាជរដ្ឋា​ភិបាល​​ចេញ​អនុក្រឹត្យ ស្តីអំពីការបង្កើត​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​ នៃ​ខេត្តស្ទឹង​ត្រែង​។​ តាម​អនុក្រឹត្យ​លេខ​០៦អនក្រ.​បក​ ចុះ​ថ្ងៃ​ទី​៨​ ខែ​មករា​ ឆ្នាំ​២០១៩​។​ បុរី​អូរស្វាយ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ៧​ ពី​ទីរួម​ខេត្ត​ស្ទឹង​ត្រែង ឆ្លងកាត់តាម​ស្ពាន​ទន្លេ​សេកុង​ ឆ្ពោះ​ទៅ​​ព្រំប្រទល់​ប្រទេសឡាវ​ ប្រមាណ​៥០​គីឡូម៉ែត្រ មានប្រជុំ​ជនមួយ​ ភូមិ​ឫទ្ធីសែនជ័យ​​ និង​​ផ្លូវ​បំបែក​ទៅ​ខាង​ឆ្វេង​ដៃ ឆ្ពោះ​ទៅ​កាន់​​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​ ប្រមាណ​១០​​គីឡូ​ម៉ែត្រទៀត​​។​

តើ​បុរី​អូរ​ស្វាយ​មាន​ប្រវត្តិ​យ៉ាង​​ដូច​ម្តេច?​  

បុរី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នៅ​ដើម​ទសវត្សរ៍​ទី​៦០ ដើម្បី​ការពារ​ព្រំដែន​ប្រទេស​កម្ពុជា ពី​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ជិត​ខាង។ ដើម្បី​ការពារ​ព្រំដែន ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​ប្រកាស​ឱ្យ​កេណ្ឌ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គ្មាន​ដីធ្លី ផ្ទះសម្បែង ឱ្យ​ទៅ​រស់នៅ​បង្កបង្កើនផល​នៅ​ទីនោះ។ ជា​ការ​លើក​ទឹក​ចិត្ត និង​ដើម្បី​ជា​ការ​ចាប់​ផ្តើម​ជីវិត​ថ្មី ព្រះអង្គ​ក៏​បាន​ប្រគល់​ដី​ឱ្យ​ពលរដ្ឋ​មួយ​គ្រួសារ ៥​ហិចតា ព្រះអង្គ​សង់ផ្ទះ និង​ផ្ដល់​សត្វ​គោ​ក្របី​ឱ្យ​ពលរដ្ឋ។ ព្រះអង្គ​ក៏​បាន​កសាង​សាលារៀន មណ្ឌល​សុខភាព ប៉ុស្តិ៍​នគរបាល មន្ទីរ​កសិកម្ម និង​វត្ត​អារាម​នៅ​ទីនោះ​ផង​ដែរ ហើយ​ត្រូវបាន​សម្ភោធ​ នៅ​ថ្ងៃ​ ១៧ ខែឧសភា ឆ្នាំ​១៩៦៨។

អតីត​បុរី​អូរ​ស្វាយបាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦២ តាម​រយៈ​ផែនការ៥​ឆ្នាំ​របស់​សម្ដេច ព្រះ​នរោត្តម សីហនុ។ ភស្តុតាង​សំខាន់ៗ​មួយ​ចំនួន​ដែល​បន្សល់​ទុក​ពី​សម័យ​នោះ មាន​ដូចជា​ស្តូប​ដែល​ព្រះអង្គ​បាន​កសាង​នៅ​ឆ្នាំ​១៩៦៤ ​មាន​រាង​ដូច​ជា​ជួង កម្ពស់​ប្រមាណ៤​ម៉ែត្រ នៅ​ក្បែរមាត់​​ទន្លេ​មេគង្គ​​ ចម្លាក់​នៅ​៤ជ្រុង​នៃ​ទឹស​ធំទាំង​៤​។​ ជ្រុងខាង​ត្បូង​ មាន​ចម្លាក់​ព្រះ​បាទ​នរោត្ត​សីហនុ​ ពេល​ព្រះ​អង្គ​គ្រងរាជ្យ ​​និងមាន​រូប​វិមានឯករាជ្យ។​ ​នៅ​ខាង​កើត ​ជារូប​ព្រះ​រាជ​សកម្មភាព​ព្រះ​អង្គ​កំពុង​កាន់​ញញួរ​ដំ​ដែក​គោល​លើ​ជញ្ជាំង​ផ្ទះ​ឈើ​។​ រូប​ចម្លាក់​នៅ​ជ្រុង​ខាង​ជើង​ជាព្រះរាជសកម្មភាព​ពេល​ព្រះ​អង្គ​កំពុង​​រត់​កីឡា​។​ រូប​ ចម្លាក់​នៅ​ជ្រុងខាង​លិច ​ជា​ព្រះរាជសកម្ម​ភាព​ព្រះ​អង្គ​កំពុងធ្វើពលកម្ម​កើប​ដី​ក្នុង​ព្រះ​រាជសកម្មភាព​ណា​មួយ។ បូរីនេះ​​​​មាន​ចំងាយ​ប្រមាន​៧​គីឡូ​ម៉ែត្រ​ពី​ព្រំ​ប្រទល់​ប្រទេស​លាវ​។​

បើតាមការសាកសួរពី ​លោក​ ភោក និមល​ ប្រធាន​ស្នាក់​ការ​តំបន់​រ៉ាម់​សា​រ​ លោក​បាន​និយាយថាកាត់​មាន​ស្រុក​កំណើតនៅ​ទីនេះ​​ កាល​ពី​ដើ​ម​មក​ជីតារបស់​គាត់​ជា​ទាហាន​ដែល​ចូល​និ​វត្ត​ន៍ ជា​អ្នក​ព្រែក​ដំបង​ ខេត្តកណ្តាល ដែល​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​ គេ​ឱ្យគាត់​​មក​រស់ដោយ​បាន​ចែក​ផ្ទះ​ និង​ដី​៥​ហិចតា​។​ សំណង់​ជា​ច្រើន​នៅ​ទីនេះ​ត្រូវ​បាន​សាង​សង់ ដែលមាន​សំណង់​ផ្ទះ​ល្វែង​ សាលា​ស្រុក​ ផ្សារ​សំណង់​នានា​ ខ្លះ​ត្រូវ​បាន​បាក់​​ចូល​ក្នុងទន្លេ​ សំណង់​ខ្លះ​សាង​មិនទាន់​រួច​ ​​ត្រូវ​បានផ្អាក​នៅ​ឆ្នាំ​១៩៧០​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។​

នយោបាយ​ការពារ​ជាតិ​តាម​រយៈ​ការ​យក​ព្រលឹង​វប្បធម៌​ជាតិ​ខ្មែរ​ទៅ​ដាក់​នៅ​ព្រំដែន និង​តាម​រយៈ​ការ​បញ្ជូន​ពលរដ្ឋ​ដែល​គ្មាន​ដីធ្លី ផ្ទះសម្បែង ហើយ​ផ្ដល់​លទ្ធភាព​គ្រប់គ្រាន់ ឱ្យ​ពួកគេ​មាន​ឱកាស​កសាង​ជីវិត​ថ្មី តាម​រយៈ​ការ​ឧបត្ថម្ភ​ផ្សេងៗ​របស់​រដ្ឋ ឱ្យដូច​អ្វី​ដែល​អតីត​ព្រះ​មហា​វីរក្សត្រ ព្រះអង្គ​បាន​ធ្វើ​នេះ គឺ​ជា​រឿង​មួយ​ដែល​បាន​បន្សល់​ស្នាដៃ​គួរ​ឱ្យ​គោរព និង​កោត​សរសើរ។ ការ​រៀបចំ​ឱ្យ​មាន​បុរី​នៅ​ជាយ​ដែន​នេះ ក៏​បាន​រួម​ចំណែក​ពង្រឹង​ព្រំដែន​ប្រទេស​ឱ្យ​រឹង​មាំ​។ តំបន់​បូរី​អូរស្វាយ​ជា​តំបន់ដែលមាន​ ​សក្តា​នុពល​ទេសចរណ៍​ធម្មជាតិ​ដូចជា​ ទស្សនាសត្វផ្សោតទន្លេមេគង្គ​ ស្ទូច​ត្រី​បែប​ធម្មជាតិ​ និង​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់់​ស្អាត​នារដូវ​ប្រាំង​ ព្រមទាំង​រូប​រៀង​​ដើម​ឈើ​ដែល​ដុះ​ក្នុង​ទឹក​បង្ហាញឫសឈើ​ដែល​ហូរ​តាមទឹក​ក្នុង​រដូវ​វស្សា​ បញ្ចេញ​ជារូប​​ភាព​អស្ចារ្យ​នៃធម្មជាតិ​។


អត្ថបទដើម៖ លោក លឹម វណ្ណច៍ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!