ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទស្នែងក្របីខាងត្បូង

ប្រាសាទស្នែងក្របីខាងត្បូង

ប្រាសាទស្នែងក្របីខាងត្បូង មានទីតាំងស្ថិតនៅភូមិស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលស្ថិតនៅចម្ងាយប្រមាណ ១,៥ គ.ម. ភាគខាងត្បូងប្រាសាទស្នែងក្របីខាងជើង។ លោក Lunet De Lajonquière យល់ឃើញថា ការដែលអ្នកស្រុកហៅឈ្មោះប្រាសាទនេះថា “ស្នែងក្របី” មកពីការហៅក្បាច់ដងធ្នូដែលឆ្លាក់នៅលើផ្តែរទ្វារ ព្រោះផ្តែរទ្វារទាំងបីដែលរកឃើញនៅប្រាសាទនេះ សុទ្ធសឹងតែមានការលម្អក្បាច់ដងធ្នូមានរាងដូចស្នែងក្របី។ តើប្រាសាទស្នែងក្របីខាងត្បូង មានប្រវត្តិ និងលក្ខណៈទូទៅដូចម្តេចខ្លះ?

ប្រាសាទស្នែងក្របីខាងត្បូង សិក្សាស្រាវជ្រាវដំបូងដោយអ្នកស្រាវជ្រាវជនជាតិបារាំង គឺលោក Lunet De Lajonquière កាលពីរវាងចុងស.វ.ទី១៩ ដើមស.វ.ទី២០។ ដោយហេតុថា ប្រាសាទនេះស្ថិតនៅមិនឆ្ងាយពីប្រាសាទមួយទៀតដែលនៅខាងជើង ទើបបានជាលោកហៅប្រាសាទនេះថា “ស្នែងក្របីខាងត្បូង” និង “ស្នែងក្របីខាងជើង”។ ដោយឡែក នៅកំឡុងពេលលោក Etienne Aymonier មកសិក្សា លោកពុំបានបរិយាយអំពីប្រាសាទនេះឡើយ ពោល គឺរៀបរាប់ដោយសង្ខេបតែប្រាសាទស្នែងក្របីខាងជើងប៉ុណ្ណោះ ដោយលោកហៅប្រាសាទនោះថា “ក្បាលក្របី”។ ប្រាសាទនេះមិនសូវខុសគ្នាពីប្រាសាទស្នែងក្របីខាងជើងប៉ុន្មានឡើយ ដ្បិតប្រាសាទនេះមានប្រាង្គចំនួន ៣ បែរមុខទៅទិសខាងកើត និងកសិន្ធុហ៊ុមព័ទ្ធជុំវិញដូចគ្នា។ ប៉ុន្តែ ប្រាសាទស្នែងក្របីខាងត្បូង កសាងឡើងអំពីឥដ្ឋ ខុសគ្នាពីប្រាសាទស្នែងក្របីខាងជើងដែលកសាងឡើងអំពីថ្មភក់។ សំណង់ប្រាង្គទាំងបី សុទ្ធសឹងមានរាងបួនជ្រុងស្មើ ប្រវែង ៥ ម៉ែត្រ x ៥ ម៉ែត្រ កម្ពស់ប្រមាណ ៨ ម៉ែត្រ ដោយកសាងឡើងនៅលើខឿនធ្វើពីថ្មបាយក្រៀម និងមានគម្លាតពីគ្នាប្រវែង ៣,៥ ម៉ែត្រ។ ពោល គឺមានទំហំធំជាង និងគម្លាតពីគ្នាឆ្ងាយជាងប្រាសាទស្នែងក្របីខាងជើង។ ដោយឡែក នៅទិសខាងកើតប្រាសាទ យើងឃើញមានត្រពាំងបុរាណធំមួយដែលមានប្រវែងប្រមាណ ៣០០ ម៉ែត្រ x ១៧០ ម៉ែត្រ។ ស្ថានភាពបច្ចុប្បន្នរបស់ប្រាសាទ យើងមើលឃើញថា ក្នុងចំណោមប្រាង្គទាំងបីនេះ ប្រាង្គចំនួន ២ ដែលនៅឈរអមសងខាងនៅមានស្ថានភាពល្អប្រសើរច្រើន ប៉ុន្តែប្រាង្គកណ្តាលបានបាក់បែកផ្នែកកំពូលទៅហើយ។

អ្វីដែលគួរកត់សម្គាល់នោះ ប្រាង្គទាំងអស់សុទ្ធសឹងមានច្រកចូលនៅខាងកើត និងជញ្ជាំងនៅបីទិសផ្សេងទៀត សិល្បករបានលម្អជាទ្វារបញ្ឆោត។ គ្រប់មុខទាំងអស់ សុទ្ធតែមានលម្អក្បាច់ហោជាងរាងទ្រនង់នាគឆ្លាក់នៅលើឥដ្ឋប្រាសាទតែម្តង ដែលមានទម្រង់ជាងហោជាងនៅស.វ.ទី១០ ឬទី១១។ ចំណែក នៅមុខខាងកើតគេលម្អជាផ្តែរទ្វារដែលធ្វើអំពីថ្មភក់ តែសព្វថ្ងៃផ្តែរទាំងបីបានជ្រុះធ្លាក់ចុះមកក្រោមហើយ។ ផ្តែរទ្វារនៅប្រាង្គខាងជើង លម្អជាក្បាច់បន្ទាត់ធ្នូរាងកោង ដែលផ្នែកកណ្តាលលម្អដោយចម្លាក់ព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌ត (ខាងក្រោមដំរីទ្រដោយផ្កាឈូក) អមសងខាងដោយចម្លាក់រាហូខាំជាប់ជាមួយដងធ្នូខ្ជាក់កម្រងផ្កា។ ផ្តែរទ្វារនៅប្រាង្គកណ្តាល មានចម្លាក់ដូចគ្នានឹងផ្តែរទ្វារនៅប្រាង្គខាងជើងដែរ ប៉ុន្តែសព្វថ្ងៃផ្នែកកណ្តាលដែលមានរូបព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌ត បានរបកថ្មអស់ទៅហើយ។ ដោយឡែកផ្តែរទ្វារនៅប្រាង្គខាងត្បូង មានលក្ខណៈប្លែកពីផ្តែរទ្វារនៅប្រាង្គកណ្តាល និងប្រាង្គខាងជើង ដោយលម្អជាសត្វតោពីរនៅកណ្តាលត្រង់ផ្នែកខាងក្រោម កំពុងខ្ជាក់កម្រងដងធ្នូ ហើយនៅខាងលើមានចម្លាក់តោមួយទៀត កំពុងទ្រចម្លាក់មួយទៀតដែលយើងមិនដឹងថាជាអ្វីឱ្យប្រាកដឡើយ ដ្បិតបច្ចុប្បន្នចម្លាក់នៅត្រង់កណ្តាលផ្នែកខាងលើនេះបានរបេះថ្មបាត់ទៅហើយ។ ផ្តែរទ្វារទាំងបីនេះ (ពិសេសផ្តែរទ្វារនៅប្រាង្គកណ្តាល និងប្រាង្គខាងជើង) មានលក្ខណៈដូចគ្នាខ្លាំងទៅនឹងផ្តែរទ្វារនៅប្រាសាទបន្ទាយស្រី ដែលជាទម្រង់សិល្បៈខ្មែរនៅចុងស.វ.ទី១០ (គ.ស.៩៦៥ – ១០០០)។ ក្រៅអំពីផ្តែរទ្វារ គេធ្លាប់រកឃើញសសរពេជ្ររាងប្រាំបីជ្រុង និងបដិមាតោ ប៉ុន្តែបច្ចុប្បន្ន​មិនស្ថិតនៅទីតាំងដើមទៀតឡើយ។

តាមរយៈការស្រាវជ្រាវកន្លងមក គេពុំធ្លាប់រកឃើញសិលាចារឹកនៅប្រាសាទស្នែងក្របីខាងត្បូងឡើយ ដូច្នេះដើម្បីកំណត់អាយុកាល និងតួនាទីរបស់ប្រាសាទ គឺពឹងផ្អែកទាំងស្រុងទៅលើប្រវត្តិសិល្បៈ។ យោងទៅតាមប្លង់ រូបរាង បដិមាតោ ទម្រង់ហោជាង និងជាពិសេសចម្លាក់នៅលើផ្តែរទ្វារ។ ដូចបានបង្ហាញខាងលើហើយថា ផ្តែរទ្វារទាំងបីមានទម្រង់ជាសិល្បៈខ្មែរនៅរចនាបថបន្ទាយស្រី ដែលអាចឱ្យយើងអាចសន្និដ្ឋានបានថា ប្រាសាទស្នែងក្របីខាងត្បូង ទំនងកសាងឡើងនៅចុងស.វ.ទី១០ រវាងរជ្ជកាលព្រះបាទជ័យវរ័្មនទី៥ (គ.ស.៩៦៨ – ១០០០)។ ដោយឡែកតួនាទីរបស់ប្រាសាទវិញ យើងមិនមានព័ត៌មានអ្វីដែលអាចឱ្យសន្និដ្ឋានបានស៊ីជម្រៅឡើយ។

—————–

The Prasat Snaeng Krabei Khang Tbong

The temple is situated in Srae village, Rumdoh Srae commune, Choam Khsant district, Preah Vihear province. The temple consists of three towers of bricks that are firmly positioned next to each other on an elevated platform, facing to the east, and surrounded by the moat. The Prasat Snaeng Krabei Khang Tbong Temple was most likely constructed in the Banteay Srei style in the tenth century, possibly during the reign of King Jayarvarman V (968–1000 CE), according to the carvings on the lintels and the pediments of the temple.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!