ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹករកឃើញថ្មីនៅទួលត្រពាំងទាល

សិលាចារឹករកឃើញថ្មីនៅទួលត្រពាំងទាល

ទួលត្រពាំងទាល មានទីតាំងស្ថិតនៅភូមិសុរិយា ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ ភាគអាគ្នេយ៍តំបន់ប្រាសាទសំបូរព្រៃគុក។ ទួលត្រពាំងទាល ជាប្រាសាទឥដ្ឋកសាងនៅសម័យមុនអង្គរ ស្ថិតនៅខាងជើងត្រពាំងទាល តែសព្វថ្ងៃប្រាសាទនេះបានបាត់រូបរាង និងនៅសល់តែគ្រឹះប៉ុណ្ណោះ។ សិលាចារឹកទួលត្រពាំងទាល រកឃើញដោយលោក ហ៊ន ស៊ីហឹង រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីខែមិថុនា ឆ្នាំ២០១៨ ហើយមកទល់សព្វថ្ងៃសិលាចារឹកនេះពុំទាន់មានការសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សាយនៅឡើយទេ។ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានទទួលយកសិលាចារឹករកឃើញថ្មីមួយផ្ទាំងនេះមករក្សាទុកនៅសារមន្ទីរខេត្ត។ តើសិលាចារឹករកឃើញថ្មីនៅទួលត្រពាំងទាល មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?

សិលាចារឹកនេះ ចារឹកជាភាសាសំស្ក្រឹត មានចំនួន ៤ បន្ទាត់ ស្មើនឹង ២ ស្លោក ជាប្រភេទ ត្រិស្តុភឆន្ទ បែបបទឧបជាតិ។ សិលាចារឹកនេះមិនមានបន្សល់ទុកនូវកាលបរិច្ឆេទនោះទេ ប៉ុន្តែបើយោងតាមសំណេរ និងអក្ខរាវិរុទ្ធ សិលាចារឹកនេះចារឹកឡើងនៅក្នុងរវាងពាក់កណ្តាលស.វ.ទី៧។ អត្ថន័យរបស់សិលាចារឹកនេះមិនពេញលេញនោះទេ ដោយហេតុថានៅផ្នែកខាងលើ ត្រង់បាទទី១ និងបាទទី២ បានរលុបបាត់អក្សរស្ទើរតែទាំងស្រុង។ ចំណែកបាទទី៣ ត្រង់ខាងដើមបាទ បានរលុបបាត់ ដោយបន្សល់ទុកត្រឹមតែពាក្យថា “អថ៌នាមា”  ដែលប្រែជាភាសាខ្មែរថា “ឈ្មោះថាអថ៌”។ ចំណែកបាទទី៤ នៅរក្សាអក្សរពេញទាំងស្រុង ប៉ុន្តែនៅតែពិបាកយល់ន័យ ព្រោះអ្វីដែលនៅសេសសល់បានដាច់សាច់រឿង ហើយអាចឱ្យយើងយល់បានត្រឹមតែឈ្មោះ (អថ៌) បានច្យុតមកអំពីស្ថានសួគ៌ទេវលោកមកកើតនៅលើផែនដីយើងនេះ។

ចំណែកឯស្លោកទី២ បានបែករលុបបាត់អក្សរអស់ចំនួន ៤ ព្យាង្គ  ហើយនៅត្រង់បាទទី៣បានបែករលុបបាត់អស់ ២ ព្យាង្គទៀត។ សរុបរួមមក ស្លោកទី២នេះ បានពណ៌នាអំពីទេពនៃស្តេចផែនដី រួមជាមួយនិងទេវីផង បានកើតឡើងដោយបុណ្យដ៏ច្រើនក្រៃលែងនៅក្នុងទីនេះឯង និងការកសាងបារាយណ៍ដ៏ធំមហិមាផង។ អ្វីដែលគួរឱ្យសោកស្តាយ នៅត្រង់បាទទី៣ បាត់អក្សរត្រង់ឈ្មោះត្រពាំង (តដាក) តែម្តង ដែលជាហេតុនាំឱ្យយើងមិនអាចដឹងថា ត្រពាំងទាល មានឈ្មោះដើមថាយ៉ាងណាឡើយ។

អត្ថបទចារឹក និងសេចក្តីប្រែ

            ១. ……………ប្រវ្ឫត្ត្យា                           ……………………….

            ………..យថាថ៌នាមា                          ឝ្រីស្ស្វគ៌្គលោកាទវនៅច្យុតេវ។

ប្រែថា៖  …..កាប្រព្រឹត្ត……យ៉ាងណា …ឈ្មោះថា អថ៌ …ព្រះអង្គបានច្យុតមកអំពីស្ថានស្រីសួគ៌ាលោក មកចាប់កំណើតនៅលើផែនដីនេះឯង។

            ២. ………ត្រាធិកបុណ្យលព្ធ្យៃ         ទេវ្យាស្សទេវxប្ឫថិវីឝ្វរាណាម៑

            ……តដាកាខ្យមិមំ មហាន្ត              ញ្ជលាឝយំ ការិតវាន្តភីរម៑។

ប្រែថា៖  ….ក្នុងទីនេះ ដោយមានបុណ្យដ៏ច្រើនក្រៃលែង ទេពស្តេចផែនដីទាំងឡាយរួមជាមួយនិងទេវីផង ព្រះអង្គបានកសាងនូវអាងស្តុកទឹកដ៏ធំនេះ (ត្រពាំង) ឈ្មោះថា ……..តដាក។            

ជារួមមក សិលាចារឹករកឃើញថ្មីនៅទួលត្រពាំងទាល បានផ្តល់ព័ត៌មានឱ្យដឹងអំពីទំនៀមមួយនៃការជីកត្រពាំងសម្រាប់យកទឹកប្រើប្រាស់ក្នុងកិច្ចពិធីផ្សេងៗនៅសម័យបុរាណ (ស.វ.ទី៧) ពោល គឺមិនសូវខុសគ្នាប៉ុន្មានអំពីសិលាចារឹករកឃើញនៅវត្តគូរដែលបានរៀបរាប់នៅក្នុងអត្ថបទមុនដែរ។ ដូចដែលមកហើយថា គ្រប់ប្រាសាទទាំងអស់ ទាំងនៅក្នុងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា តែងតែមានកសិន្ធុ ឬត្រពាំង នៅហ៊ុមព័ទ្ធជុំវិញ ឬនៅមិនឆ្ងាយពីប្រាសាទ​ ក្នុងន័យតំណាងឱ្យទឹកពិសិដ្ឋនៅស្ថានសួគ៌។

—————-

Inscription found at Toul Trapeang Teal Village

The Toul Trapeang Teal in Suriya village, Taing Krasau commune, Prasat Sambor district, Kampong Thom province, is where this inscription was discovered. The inscription is four lines long and is written in ancient Sanskrit writing on sandstone. It portrays a pond that is patronized by the Gods of King and Devi and was inscribed in the 7th century, perhaps during the reign of King Isanavarman I or Bhavavarman II.

អត្ថបទដោយ៖ លោក កំ វណ្ណរ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,400SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!