ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទគុកខាងត្បូង (ភ្នំហាន់ជ័យ)

ប្រាសាទគុកខាងត្បូង (ភ្នំហាន់ជ័យ)

ប្រាសាទគុកខាងត្បូង មានទីតាំងស្ថិតនៅលើភ្នំហាន់ជ័យ ត្រង់ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជាទីកន្លែងសក្ការបូជាប្រមូលផ្តុំដោយសំណង់ប្រាសាទបុរាណសាងអំពីឥដ្ឋ ថ្មភក់ និងថ្មបាសាល់។ ពាក្យ “គុក” គឺជាពាក្យដែលជនជាតិខ្មែរហៅសំដៅដល់ប្រាសាទ ជាពិសេស នៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងកំពង់ធំ (ឧទាហរណ៍ គុកយាយហម គុកល្វាទេរ គុកព្រះធាតុ ។ល។)។ ដូច្នេះហើយ “គុកខាងត្បូង” សំដៅដល់ប្រាសាទដែលស្ថិតនៅទិសខាងត្បូងនៃបរិវេណលើភ្នំហាន់ជ័យ។ តើប្រាសាទគុកខាងត្បូង (ភ្នំហាន់ជ័យ) មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?

ដោយហេតុថា ភ្នំហាន់ជ័យស្ថិតនៅមិនឆ្ងាយពីទីប្រជុំជន និងងាយស្រួលទៅដល់ផងនោះ នៅរវាងដើមទសវត្សរ៍១៨៨០ ជនជាតិបារាំងបានទៅដល់ទីនេះជាច្រើនលើកច្រើនដង។ ក្នុងនោះ គេបានផ្តិតសិលាចារឹកនៅលើមេទ្វារប្រាសាទគុកខាងត្បូងផ្ញើទៅប្រទេសបារាំង ដើម្បីភាសាវិទូដែលមានចំណេះដឹងភាសាសំស្រ្កឹតជ្រៅជ្រះបកប្រែអត្ថន័យ។ អ្នកដំបូងគេដែលបានសិក្សាសិលាចារឹកនេះ គឺលោក Johan Hendrik Caspar Kern (ជនជាតិហូរឡង់) នៅក្នុងឆ្នាំ១៨៨២។ ក្រោយមក សិលាចារឹកដ៏ល្បីល្បាញនេះ មានការសិក្សាបន្ថែមដោយភាសាវិទូជនជាតិបារាំងឈ្មោះ Auguste Barth នៅក្នុងឆ្នាំ១៨៨៥ និងអ្នកជំនាន់ក្រោយជាច្រើនទៀត។ នៅដើមស.វ.ទី២០ លោក Etienne Aymonier និងលោក Lunet De Lajonquière (អ្នកស្រាវជ្រាវជនជាតិបារាំង) បានចាប់ផ្តើមចុះផ្សាយអំពីក្រុមប្រាសាទភ្នំហាន់ជ័យ។ ក្រោយមក មត៌កបុរាណនៅលើភ្នំហាន់ជ័យនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិជាបន្តបន្ទាប់។

ប្រាសាទគុកខាងត្បូង ជាសំណង់ទោលកសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើប្រវែង ៦,៤ម៉ែត្រ កម្រាស់ជញ្ជាំង ១,៣ម៉ែត្រ និងកម្ពស់ប្រមាណ ១៤ ម៉ែត្រ។ ប្រាសាទនេះ មានទ្វារចូលនៅទិសខាងកើត និងទិសចំនួនបីផ្សេងទៀតលម្អជាទ្វារបញ្ឆោត។ តាមរយៈរូបថតរបស់សាលាបារាំងចុងបូព៌ាប្រទេស នៅក្នុងឆ្នាំ១៩៣៦ ផ្តែរទ្វារមួយដែលធ្វើអំពីថ្មភក់ស្ថិតនៅលើច្រកទ្វារចូលខាងកើត និងមានស្ថានភាពចម្លាក់នៅល្អប្រសើរនៅឡើយ។ ប៉ុន្តែ មកទល់សព្វថ្ងៃផ្តែរទ្វារនេះបានបាត់បង់ពីទីតាំងដើមហើយ។ យោងទៅតាមរូបថតចាស់ ផ្តែរទ្វារនេះលម្អដោយរូបសត្វមករបែរមុខចូលក្នុងឆ្លាក់នៅលើក្បាលសសរនៅចុងសង​ខាងផ្តែរ និងមានអង្កត់ធ្នូរាងកោងដែលមានលម្អរូបព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌តនៅចំកណ្តាល និងមានចម្លាក់គ្រុឌកំពុងត្រដាងស្លាបនៅអមសងខាង។ កាន់តែពិសេសជាងនេះ នៅលើជួរខាងលើរបស់ផ្តែរទ្វារនេះ មានរំលេចដោយរូបភាពតួអង្គ (បង្ហាញតែផ្នែកខាងលើ) ជាច្រើនតម្រៀបជួរគ្នានៅអមសងខាងចម្លាក់ព្រះឥន្រ្ទ (ម្ខាងមាន១២ សរុប២៤) ដែលអាចជានិម្មិតរូបនៃកងទ័ពនៅស្ថានសួគ៌ ឬបើធៀបមកស្ថានមនុស្ស ព្រះឥន្រ្ទទំនងជានិម្មិតរូបនៃព្រះរាជាខ្មែរ (ព្រះបាទភវវរ្ម័នទី២) និងចម្លាក់អមសងខាងជានិម្មិតរូបនៃកងទ័ពរបស់ព្រះនគរ។ ការបង្ហាញចម្លាក់តួអង្គនៅជួរខាងលើរបៀបនេះ គេធ្លាប់ឃើញមានដូចគ្នាលើផ្តែរប្រាសាទព្រះធាតុធំ (បន្ទាយព្រៃនគរ ខេត្តត្បូងឃ្មុំ) ប៉ុន្តែផ្តែរនៅព្រះធាតុធំបង្ហាញក្នុងកាយវិការកំពុងសំពះព្រះព្រហ្មដែលនៅចំកណ្តាល។ បន្ថែមពីនេះ នៅផ្នែកខាងក្រោមរបស់ផ្តែរទ្វារនៅប្រាសាទគុកខាងត្បូង មានបង្ហាញចម្លាក់រំយោលផ្កាដែលមានផ្នែកខាងចុងជារាហូ ឬកិត៌ិមុខ ដូចធ្លាប់ឃើញមាននៅលើផ្តែរទ្វារប្រាសាទវត្តសូភាស និងប្រាសាទភ្នំធំ ខេត្តកំពង់ចាម។

ក្រៅអំពីផ្តែរដែលបាត់បង់ដូចបានរៀបរាប់ខាងលើនេះ សព្វថ្ងៃគេឃើញមានផ្តែរទ្វារមួយកំពុងតម្កល់នៅក្បែរប្រាសាទ ក្នុងទម្រង់ជាសិល្បៈរចនាបថសំបូរព្រៃគុក តែចម្លាក់ស្ទើរតែទាំងអស់បានរលុបមើលលែងចង់យល់ទៅហើយ។ ជាងនេះទៅទៀត នៅតាមទ្វារបញ្ឆោតនីមួយៗ មាននៅសល់ស្លាកស្នាមផ្តែរទ្វារទាំងអស់ ដែលផ្តែរនីមួយៗជាចម្លាក់ឥដ្ឋតែម្តង ដូចធ្លាប់ឃើញមាននៅតំបន់ប្រាសាទសំបូរព្រៃគុក តួយ៉ាងដូចជា ប្រាសាទសណ្តាន់ ប្រាសាទគក់ទ្រូង និងប្រាសាទតាមុំ ជាដើម។ ក្រៅអំពីនេះ សសរពេជ្រដែលធ្វើអំពីថ្មភក់បាក់ធ្លាក់មកក្រោម និងក្បាច់ហោជាងនៅតាមទិសទាំងបួននៅមានសភាពល្អប្រសើរនៅឡើយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែម សំណល់បាយអរបស់ប្រាសាទ យើងឃើញនៅរក្សារូបភាពដើមល្អនៅឡើយនៅលើសសរផ្អោបនិងសសរពេជ្រនៅមុខខាងត្បូង។

តាមរយៈការសិក្សាស្រាវជ្រាវកន្លងមក គេធ្លាប់រកឃើញសិលាចារឹកនៅលើមេទ្វារទាំងសងខាងរបស់ប្រាសាទនេះ រួមផ្សំទាំងភស្តុតាងក្បាច់ចម្លាក់នៅលើផ្តែរទ្វារបន្ថែមនោះ នាំឱ្យការសិក្សាស្វែងយល់អំពីប្រវត្តិ តួនាទី និងអាយុកាលរបស់​ប្រាសាទនេះមិនពិបាកឡើយ។ សិលាចារឹកដែលកំពុងស្ថិតនៅលើមេទ្វារនេះ មានលេខបញ្ជី K.81 ជាប្រភេទសិលាចារឹកសរសេរជាអក្សរខ្មែរបុរាណ និងប្រើប្រាស់ភាសាសំស្រ្កឹត ដែលមានរហូតដល់ ៤៧ ស្លោក។ ខ្លឹមសារជារួមរបស់សិលាចារឹកនេះ គឺរៀបរាប់អំពីមន្រ្តីម្នាក់ដែលមានភក្តីភាពចំពោះព្រះបាទស្រីភវវរ្ម័នទី២ (គ.ស.៦៣៧ – ៦៥៧) មានតួនាទីជាអភិបាលក្រុងឧគ្របុរ បានកសាងប្រាសាទគុកខាងត្បូងនេះឡើង ដើម្បីតម្កល់សិវលិង្គមួយក្រោមព្រះនាមថា “ស្រីភទ្រេស្វរ” និងបានរៀបរាប់សរសើរពីកិត្យានុភាព និងព្រះរាជបូជនីយកិច្ចរបស់ព្រះបាទស្រីភវវរ្ម័នទី២ ចាប់តាំងពីទ្រង់នៅវ័យកុមារភាពរហូតដល់ទ្រង់សោយទិវង្គត។ បន្ថែមពីនេះ សិលាចារឹកបានរៀបរាប់ឱ្យដឹងអំពីតង្វាយសម្រាប់ទេវស្ថាននេះ និងដាក់បណ្តាសាដល់ជនទាំងឡាយណាដែលហ៊ានលួចយកតង្វាយទាំងនេះផង។ ហេតុដូច្នេះហើយ យោងទៅតាមខ្លឹមសារសិលាចារឹកនេះ យើងអាចសន្និដ្ឋានថា ប្រាសាទនេះពុំមែនកសាងឡើងដោយព្រះរាជានោះទេ តែបានកសាងឡើងដោយអភិបាលក្រុងម្នាក់នៅទីក្រុងឧគ្របុរ ដែលជាមន្រ្តីមានភក្តីភាពយ៉ាងជ្រាលជ្រៅនិងឥតវៀចវេរចំពោះព្រះរាជា (បង្ហាញនៅស្លោកចុងក្រោយនៃមេទ្វារខាងជើង)។ ចំណែក នៅខាងក្នុងប្រាសាទវិញ តាមខ្លឹមសារសិលាចារឹកបង្ហាញថា គឺតម្កល់សិវលិង្គមួយក្រោមព្រះនាមថា “ស្រីភទ្រេស្វរ” ពោល គឺមានន័យថាប្រាសាទនេះកសាងឡើងឧទ្ទិសដល់ព្រហ្មញ្ញសាសនា ក្នុងនិកាយសៃវ។ ជាងនេះទៅទៀត យើងអាចសន្និដ្ឋានថា ប្រាសាទនេះទំនងកសាងឡើងនៅពេលដែលព្រះបាទស្រីភវវរ្ម័នទី២ ទើបតែសោយទិវង្គត ពោល គឺនៅរវាងពាក់កណ្តាលស.វ.ទី៧។

———————–

The Prasat Kuk Khang Tbong

Temple is situated on the Han Chei Mountain, in Han Chei village, Han Chei commune, Kampong Siem district, Kampong Cham province. The temple is a single brick tower, square, and facing to the east. According to an inscription on the doorframe, this temple was built by the governor of Ugrapura in the reign of King Bhavavarman II (637 – 657 CE) and housed a Sivalinga named ‘Srîbhadresvara’.

អត្ថបទដោយ៖ លោក ម៉ង៉ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!