ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ទី២២ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរការងាររកស៊ីជួញដូររបស់លោកអ្នកមិនទាន់អាចសម្រេចបាននៅក្នុងពេលនេះទេ។ ហើយថ្ងៃនេះក៏មិនមែនជាពេលវេលាល្អសម្រាប់ការចរចារ និងការធ្វើទំនាក់ទំនងនានាដែរ។ ចំណែកការងារដែលមានគម្រោងគួរកុំទាន់ធ្វើដំណើរការ គួរពន្យាពេលទើបប្រសើរជាង។ សម្រាប់ទំនាក់ទំនងសេ្នហា គូស្នេហ៍ហាក់មានការយល់ច្រលំលើទឹកចិត្តគ្នាបន្តិចបន្តួច។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងារនានានឹងសម្រេចទៅបានដោយគ្មានផលជំទាស់អ្វីឡើយ។ អ្នកអាចមានលទ្ធភាព ធ្វើទំនាក់ទំនងនឹងមនុស្សជុំវិញខ្លួនប្រកបដោយក្តីសោមន្សរីករាយ។ សូមព្យាយាមដោះស្រាយស្ថានការណ៍ក្នុងពេលនេះ ដោយមានការអត់ធ្មត់ និងអធ្យាស្រ័យខ្ពស់។ សូមលោកអ្នកកុំជឿទុកចិត្តលើនរណាម្នាក់ឡើយនៅពេលនេះ ពីព្រោះមន្ទិលសង្ស័យមានកំរិតខ្ពស់ណាស់។ សម្រាប់គូស្នេហ៍លោកអ្នកមានភាពសុខដុមរមនាជាប្រក្រតី។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសូមព្យាយាមកំណត់អាទិភាពនៃការងាររបស់អ្នក ហើយជឿទៅលើគំនិត និងសមទ្ធភាពខ្លួនឯង ដើម្បសម្រេចគោលដៅ និងទទួលបានសំណាង។ សូមចេញឲ្យឆ្ងាយពីជម្លោះនានា ហើយការជឿទុកចិត្តគេក៏មិនគួរធ្វើដែរ។ រាល់ការងារដែលមិនសូវច្បាស់ក្នុងចិត្ត គួរផ្អាកសិន។ សម្រាប់សុខភាពចូរពិសារទឹកឲ្យបាចច្រើន។ ចំពោះទំនាក់ទំនងសេ្នហាគូស្នេហ៍យល់ចិត្តយល់ថ្លើមគ្នាល្អណាស់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សម្រាប់ការងាររកស៊ីនានា សូមអ្នកត្រៀមខ្លួនទទួល និងឆ្លើយតបចំពោះការពិភាក្សាចរចារដោយមានភាពប្រទាក់ក្រឡាច្រើន។ សូមអ្នកអត់ធ្មត់សង្កត់ចិត្ត ការខឹងសម្បាបណ្តាលឲ្យលោកអ្នកខាតបង់លាភធំ។ បន្ថែមពីលើនេះ លោកអ្នកអាចមានហានិភ័យក្នុងការចាញ់បោកពីមនុស្សមកពីឆ្ងាយ។ សម្រាប់ទំនាក់ទំនងស្នេហា ភាពរកាំរកូសមានច្រើន ដូច្នេះចូរព្យាយាមអត់ធ្មត់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារប្រចាំថ្ងៃរបស់លោកអ្នកកំពុងស្ថិតក្នុងភាពចម្រើនលូតលាស់បន្ថែម ប៉ុន្តែគួររក្សាកិច្ចការងារដែលមានស្រាប់សិន។ សម្រាប់ការ បណ្តាក់ទុនលើរបរថ្មីគួរជៀសវាងសិន។ គួរធ្វើទំនាក់ទំនងនឹងមនុស្សឆ្នាំម្សាញ់ ដើម្បីកិច្ចការងារអាចទទួលបានការជួយជ្រៀមជ្រែង។ ចំណែកមនុស្សឆ្នាំកុរ គួរកុំទាន់ធ្វើទំនាក់ទំនងសម្រាប់ការងារធំដុំ។ ថ្ងៃនេះជាពេលវេលាដ៏ពិសេសសម្រាប់គូស្នេហ៍សំដែងអារម្មណ៍ក្នុងចិត្តចំពោះគ្នា។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកត្រៀមខ្លួនទទួលយកភាពរីករាយនឹងជោគជ័យចំពោះការងារ និងមុខរបរចុះនៅថ្ងៃនេះ ប៉ុន្តែអ្នកមិនចាំបាច់ចាប់យកការងារថ្មីនោះទេ។ លាភសំណាងជាច្រើននឹងនាំមកដោយមនុស្សពីឆ្ងាយ ប៉ុន្តែសំណាងនេះគួររក្សាដោយការចែករំលែក និងដាក់ទាន។ ពេលវេលាល្អសម្រាប់លោកអ្នក គឺមានពេញមួយថ្ងៃ ដូច្នេះអ្នកអាចសម្រេចចិត្តធ្វើអ្វីមង្គលអ្វីក៏បាន។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន លោកអ្នកមានភាពចុះសម្រុងគ្នាណាស់។ ចំពោះប្តីប្រពន្ធ នឹងទទួលមានសញ្ញាណលាភធំជាអំណោយនៃទំនាក់ទំនងនេះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាដំណើរការ និងចម្រើនលូតលាស់ជាប្រក្រតី ប៉ុន្តែសូមព្យាយាមរៀបចំកិច្ចការងារជាអាទិភាព។ នៅថ្ងៃនេះ សូមលោកអ្នកកុំសម្រេចចិត្តដោយឯកឯង ព្រោះហានិភ័យស្ថិតក្នុងកំរិតខ្ពស់ គួរពិភាក្សានឹងមនុស្សដែលលោកអ្នកជឿទុកចិត្ត។ បោះបង់ចោលគំនិតសង្ស័យច្រើនចោល ពីព្រោះបណ្តាលឲ្យលោកអ្នកបាត់បង់ជំនឿចិត្ត។ ចំពោះសុខភាព សូមលោកអ្នកប្រយ័ត្ន និងការរងរបួស គួរសម្រាកនៅផ្ទះសិនប្រសិនបើគ្មានភាពចាំបាច់។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន លោកអ្នកត្រូវព្យាយាមសាងអារម្មណ៍ល្អជាមួយគ្នាឡើងវិញ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់មុខរបរ និងការងាររបស់លោកអ្នកនឹងហុចផលផ្លែផ្កា មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមានសំណាងដែលនាំមកដោយមនុស្សជាទីស្រលាញ់ក្នុងក្រុមគ្រួសារ។ គួរប្រាស្រ័យទាក់ទងនឹងមនុស្សវ័យក្មេង ប៉ុន្តែត្រូវប្រយ័ត្នចំពោះអាកប្បកិរិយា។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ទិញចូលអចលនទ្រព្យនានា។ ប្រសិនបើអ្នកមានបញ្ហាសូមកុំបាក់ទឹកចិត្ត និងស្តីបន្ទោសចំពោះខ្លួនឡើយ ពីព្រោះបញ្ហានោះនឹងអាចដោះស្រាយបានយ៉ាងងាយ។ សម្រាប់ទំនាក់ទំនងស្នេហា មានភាពចុះសម្រុងគ្នាណាស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ីជួញដូររបស់អ្នកថ្ងៃនេះនឹងសម្រេចផលជាផ្កែផ្កាធំណាស់។ សូមកុំបោះបង់ឳកាសណាមួយឡើយ ទោះតូចធំក្តី ការងារទាំងនេះទាមទារត្រឹមតែគម្រោងមួយដែលច្បាស់លាស់ប៉ុណ្ណោះ។ សម្រាប់មនុស្សជុំវិញខ្លួនចាប់អារម្មណ៍លើអ្នកណាស់ ចូរប្រើពេលនេះទាញប្រយោជន៍។ សម្រាប់រឿងស្នេហាសូមកុំធ្វើឲ្យបាត់បង់ឳកាសក្នុងការចងមិត្តភាពជាមនុស្សជាទីស្រលាញ់ ហើយគួរផ្លាស់ប្តូរការតុបតែងខ្លួនបន្តិចទើបកាន់តែប្រសើរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពពេញលេញដើម្បីបំពេញការងារ និងរបររកស៊ីដោយជោគជ័យ។ ប្រសិនបើលោកអ្នកមិនមានភាពជឿជាក់លើកិច្ចការដែឡអ្នកកំពុងធ្វើទេ លោកអ្នកអាចផ្លាស់ប្តូរវាបាន។ នាពេលអនាគតដ៏ខ្លីនេះអ្នកនឹងចម្រើនរីកលូតលាស់ក្នុងផ្នែកអាជីវកម្ម និងការងារដែលរំពឹងទុកមិនខាន ដូច្នេះចូរប្រកាន់ខ្ជាប់ការព្យាយាម។ ចំពោះទំនាក់ទំនងសេ្នហាកំឡោះក្រមុំ ហាក់នៅទឹ្រងគ្មានអ្វីគួរឲ្យកត់សម្គាល់នោះទេ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលវេលារីកចម្រើនដែលល្អបំផុត គឺនៅពេលរសៀល។ មនុស្សដែលអាចជួយជ្រោមជ្រែងការងាររបស់អ្នកបាន គឺមនុស្សឆ្នាំឆ្លូវ និងមមែ។ ការងាររកស៊ីជួញដូរមានសកម្មភាពយ៉ាងរស់រវើក ប៉ុន្តែសូមកុំព្យាយាមហួស កំលាំងពេក គួរផ្តោតទៅលើភាពរីករាយខ្លះ។ អ្នកគួរគិតឡើងវិញផងដែរអំពីសេដ្ឋកិច្ច កុំចាយវាយហួសខ្ទង់។ សម្រាប់ទំនាក់ទនងស្នេហា លោកអ្នកមានភាពចុះសម្រុងគ្នាល្អណាស់។ សូមថែរក្សាសុខភាពដោយសម្រាកឲ្យបានច្រើន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកំណត់អាទិភាពសម្រាប់កិច្ចការងាររបស់លោកអ្នក។ អ្នកគួរយកចិត្តទុកដាក់រាល់ការងារ ដែលអាចធ្វើទៅបាន ព្រោះអ្នកមានសមត្ថភាពដើម្បីការពារទស្សនយោបល់របស់ខ្លួនកុំឲ្យមានជម្លោះ តែប្រយ័ត្នចាញ់បោកគេ។ ចំពោះមុខតំណែងដែលលោកអ្នករំពឹង គឺមិនទាន់បាននៅថ្ងៃនេះ ប៉ុន្តែកុំទាន់បាក់ទឹកចិត្ត។ ចំពោះគូស្នេហ៍បើអ្នកមិនច្បាស់អំពីអារម្មណ៍របស់ខ្លួន ចូរកុំទាន់សម្រេចចិត្ត។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព