អាយ៉ៃ

ទម្រង់អាយ៉ៃ យកតាមឈ្មោះអ្នកច្រៀង “ពូយ៉ៃ ​ហើយមានដើមកំណើតពីចម្រៀងប្របកៃ ដែលជាចម្រៀងឆ្លើយឆ្លងគ្នារវាងស្រីម្ខាងនិងប្រុសម្ខាង ឈរតម្រៀបជាជួរទល់មុខគ្នា ហើយទះដៃព្រមៗគ្នាជាចង្វាក់។ អ្នកច្រៀងស្រីប្រុសទាំងសងខាង ច្រៀងឆ្លើយឆ្លងតគ្នាទៅវិញទៅមក ជាពិសេសនៅពេលលេងល្បែងប្រជាប្រិយចោលឈូងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្មែរយើង។

ទៅតាមពេលវេលា ចម្រៀងប្របកៃក៏មានការវិវត្តដោយសិល្បករសិល្បការិនីដែលមានទេពកោសល្យបានច្នៃប្រឌិតឱ្យក្លាយទៅជាចម្រៀងច្រៀងឆ្លើយឆ្លងគ្នារវាងស្រីនិងប្រុស កំដរដោយតន្ត្រីវង់ធំ ដែលមានឧបករណ៍ទ្រខ្មែរឬទ្រខ្សែ៣ ចាប៉ីដងវែង ទ្រសោ ទ្រអ៊ូ ក្រពើ (តខេ) ខ្លុយ ប៉ីប្របុស ស្គរដៃ និងក្រាប់។ល។

តាមឯកសារស្រាវជ្រាវនិងលោកសាស្ត្រាចារ្យព្រឹទ្ធាចារ្យ ម៉េង ហ៊ុន (ត្រូវជាស្វាមីរបស់អ្នកស្រី សង្វារពេជ្រ សិល្បការិនីចម្រៀងអាយ៉ៃដ៏ល្បីនាមុនសម័យខ្មែរក្រហម និងជាលោកឳពុក និងអ្នកម្តាយរបស់អ្នកនាង ម៉េង កែវពេជ្ជតា)  ជាបរមគ្រូនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាតន្ត្រីករដ៏ចំណានល្បីល្បាញនៅប្រទេសកម្ពុជាប្រកបដោយទេពកោសល្យខ្ពស់នាមុននិងក្រោយសម័យខ្មែរក្រហម លោកមានប្រសាសន៍ថា ទម្រង់អាយ៉ៃ កើតចេញមកពីតន្ត្រីប្របកៃ ដែលមាននៅប្រទេសកម្ពុជាយើងជាយូរយារណាស់មកហើយ។ មកដល់អំឡុងចុងសតវត្សទី១៩ ឬដើមសតវត្សទី២០ ទើប «ពូយ៉ៃ» (១៨៧៨១៩៥៨) ដែលមានដើមកំណើតនៅភូមិឈើនាងខ្ពស់ ឃុំព្រះពុទ្ធនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាសមាជិកសម្តែងនៅក្នុងតន្ត្រីវង់ធំមួយក្រុមនៅភូមិត្រពាំងទា ឃុំពងទឹក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើឱ្យមានព្រឹត្តិការណ៍ថ្មី សម្រាប់ទម្រង់សិល្បៈនេះ។

ដោយសារការប៉ិនប្រសប់របស់ពូយ៉ៃ ដែលជាអ្នកចម្រៀងដ៏ពូកែកាព្យឃ្លោងសំឡេងក៏ពីរោះ ពោរពេញទៅដោយសំនួនវោហារចោទឆ្លើយលែបខាយដោយឥតព្រាងទុក ចេះរាំ និងចេះសម្តែង កំប្លុកកំប្លែង ថែមទាំងចេះក្បាច់គុនផងនោះ បានធ្វើឱ្យទស្សនិកជនទូទៅចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបគាត់ រហូតដល់ក្រោយៗមក ពេលដែលគេទៅមើលសិល្បៈតន្ត្រីវង់ធំ ដែលមានពូយ៉ៃជាសមាជិកនោះ គេក៏តែងនិយាយថា៖ ទៅមើលពូយ៉ៃ​ ឬ ទៅមើលតាយ៉ៃ តៗមក។

នាពេលបច្ចុប្បន្ន វង់តន្ត្រីអាយ៉ៃ មានអ្នកច្រៀងស្រីម្នាក់និងប្រុសម្នាក់ ច្រៀងឆ្លើយឆ្លងគ្នា ចោទឆ្លើយ ផ្លែផ្កា ដោយវោហារឥតព្រាងទុកបង្កប់នូវពាក្យផ្តោះផ្តងបញ្ឆិតបញ្ឆៀងក្នុងអត្ថន័យស្នេហា កំដរដោយវង់តន្ត្រីដែលមានឧបករណ៍ទ្រសោ ទ្រអ៊ូ ឃឹម ក្រពើ ខ្លុយ ស្គរដៃនិងឈឹងធ្វើឱ្យទស្សនិកជនសើចក្អាកក្អាយសប្បាយរីករាយ។

ទម្រង់ឬសិល្បៈអាយ៉ៃ មានពីរប្រភេទ៖ អាយ៉ៃឆ្លងឆ្លើយ និងអាយ៉ៃរឿង។ អាយ៉ៃឆ្លងឆ្លើយសម្តែងឡើងដោយអ្នកច្រៀងស្រីម្នាក់និងប្រុសម្នាក់ ច្រៀងឆ្លងឆ្លើយគ្នាលែបខាយដោយវោហារឥតព្រាងទុកនៅលើគំនិតឬប្រធានបទអ្វីមួយ។ ឯអាយ៉ៃរឿងវិញ គឺអ្នកច្រៀងទាំងពីរនាក់ច្រៀងរៀបរាប់ហូរហែបកស្រាយពីរឿងអ្វីមួយ។ លោក ពេជ្រ ទុំក្រវ៉ិល ហៅប្រភេទសិល្បៈនេះថា “ល្ខោនធ្វើពើ”។ យើងគួរកត់សម្គាល់ផងដែរថា ដោយយោងទៅតាម អនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក្រោមចក្ខុវិស័យនិងគោលដៅថែរក្សានិងបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរឲ្យគង់វង្ស និងរីកដុះដាល មហាវិទ្យល័យតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបញ្ចូលមុខវិជ្ជា សិល្បៈអាយ៉ៃ ទៅក្នុងកម្មវិធីសិក្សារបស់មហាវិទ្យល័យនៅឆ្នាំ២០០០ ជារៀងរហូតមក។

អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!