ទំព័រដើមនិទានកថាស័ង្ខសិល្បជ័យ (ភាគទី៣)

ស័ង្ខសិល្បជ័យ (ភាគទី៣)

កេសរសុមន្ទារឳបបុត្រី ទ្រង់ព្រះកន្សែងទាំងពីរអង្គ រៀបរាប់រហូតដល់សន្លប់។   កុម្ភ័ណ្ឌយក្សាយល់ក្សត្រទាំងពីសន្លប់ដូច្នេះ ក៏យកទឹកមន្តមកប្រោះព្រំ ហើយក៏បីពបុត្រីហោះជ្រែកទឹកជ្រែកដីរហូតដល់ឋាននាគ។ ស្តេចនាគយល់យក្សនាំបុត្រីមកដូច្នោះ ក៏ត្រាស់ឲ្យបរិវាររៀបចំបណ្តាការ ហើយយាងស្តេចយក្សនិងបុត្រីចូលដើម្បីរៀបអភិសេក្នុងពេលនោះ។ លុះរៀបចំពិធីរួចរាល់ហើយ ស្តេចយក្សក៏លាបុត្រទាំងពីរត្រឡប់ទៅឋានមណ្ឌលវិញ។ កេសរសុមន្ទាឃើញយក្សមកមិនឃើញបុត្រី ទ្រង់ព្រះកន្សែងយ៉ាងខ្លាំង  កុម្ភ័ណ្ឌយល់ដូច្នោះក៏លួងលោមមហេសី។  លុះពេលក្រោយមកកុម្ភ័ណ្ឌតែងទៅមកសួរសុខទុកបុត្រទាំងពីរមិនដែលខាន…។

យើងស្លេះពីយក្សមិននិយាយ សូមនិយាយពីសេនាកុត្តរាជ កាលដែលយក្សចាប់កេសរសុមន្ទាទៅ ទ្រង់សោយសោកយ៉ាងខ្លាំង ទ្រង់ត្រាស់បញ្ជាឲ្យពលសេនាឲ្យរកសព្វព្រៃព្រឹក្សា ជ្រោះជ្រងជ្រលងដងអូរសព្វភ្នំតូចធំ តែនៅតែមិនអាចរកឃើញឡើយ​ ទ្រង់សោយសោករៀបរាប់ថា:

ឳប្អូនស្ងួនមាសបង បងរែងគ្រងរក្សានៅ

ឥឡូវប្អូនឃ្លាតទៅ អ្នកណានឹងរក្សាស្ងួន។

ឯឥតនឹងបិតា បងរក្សាស្ងួនវរលក្ខណ៍

បងមិនដែលឲ្យអាក់ ចិត្តដល់ចំរៀកសក់គ្មាន។

ឥឡូវប្អូនមាសស្ងួន នាងប្រែប្រាស់ចាកឆ្ងាយឋាន

ឯប្អូនរ័ត្នកល្យាណ ព្រាត់ពីបងទៅទីទៃ។

មាសអើយបងធ្វើម្តេច ឈឺអស់សាច់សួតថ្លើមថ្លៃ

ផ្សាផ្សាយក្តៅក្រក្រៃ បងនឹងរកនាងត្រង់ណា។

ព្រះអង្គសេនាកុត្តរាជសោយសោកស្តាយអនុជក្សត្រី រហូតដល់សន្លប់បាត់ស្មារតី។ ពួកភីលៀងសេនាទាំងអស់ភិតភ័យ ក៏លើកដាក់លើរាជរថត្រឡប់មកវាំងវិញ។ លុះត្រង់ភ្ញាក់ស្មារតីឡើងមិនឃើញអនុជក្សត្រី ទ្រង់ក៏សន្លប់ម្តងទៀត។ ពួកនាហ្មឺនសព្វមុខមន្ត្រីទាំងអស់ឃើញដូច្នោះ ក៏ជំនុំគ្នាថាៈ “បើយើងទុកដូច្នោះមិនបានទេ យើងគូរតែនិមន្តរាជសង្ឃមក ដើម្បីសំដែងធម៌ទេសនាថ្វាយទ្រង់ឲ្យបានចាកផុតទុកខ្លះ”។ គិតសេ្រចហើយក៏ចាត់ចែងនិមន្តរាជសង្ឃៗនិមន្តមកដល់ ក៏សម្តែងធម៌ទេសនាសព្វគ្រប់សេចក្តីហើយថាៈ

បពិត្រមហាក្សត្រ អស់អង្គរូបសត្វ ទោះប្រុសទោះស្រី

កើតក្នុងសង្សា ភពការលោកិយ នឹងចាកចេញពី

ទុកសោកពុំបាន។

មានកាលជាទុក្ខ ហើយប្រែជាសុខ ហើយទុក្ខទៀតបាន

ពុំដែលនឹងប្រាស់ លាកលះលែងឋាន ជៀសចាកពុំបាន

កាយកម្មវេរា។

ដោយប្រមើលមើលយល់ក្តីប្រសើរ សូមទ្រង់បួសជាសង្ឃ សាងសិល្ប៍ផ្ចង់ចិត្តភាវនាវិបស្សនានឹងព្រះកម្មដ្ឋានចុះ នោះនឹងរំដោះកម្មពារវេរាបានហើយ។

កាលនោះព្រះអង្គសេនាកុត្តរាជ ទ្រង់សណ្តាប់រាជសង្ឃទេសនារួចហើយយល់ថាគាប់ប្រសើរណាស់ ទើបទ្រង់លើករាជសម្បត្តិគ្រប់គ្រងប្រជារាស្រ្តឲ្យព្រាហ្មណ៍ស្នងជំនួស ហើយព្រះអង្គទ្រង់សាងព្រះភ្នួស ដោយមានការហែហមពីសំណាក់មន្ត្រីសេនាព្រាហ្មណ៍ព្រឹទ្ធហោរាយ៉ាងច្រើន។ លុះដល់មណ្ឌលព្រឹទ្ធអាចារ្យហើយទ្រង់ក៏ឲ្យសេនានាម្មឺនទាំងអាស់ត្រឡប់ចូលនគរវិញ សល់តែឆ្មាំចាំការពារប៉ុណ្ណោះ។

ក្នុងការនោះដែរ មានតាយាយពីរនាក់ប្តីប្រពន្ធ រស់នៅក្នុងស្រុកនិគ្រោធគ្រាម។ តាយាយនោះមានកូនប្រាំពីរនាក់សុទ្ធតែស្រីដែលមានរូបឆោមលោមពណ៌ល្អស្អាតដូចទេពអប្សរ កូនទាំងនោះមានឈ្មោះថាៈ ទី១ឈ្មោះ ឯកមាល័យ ​ទី២ឈ្មោះ ចតុរសី ទី៣ឈ្មោះ ស្រីសុន្ធ ទី៤ឈ្មោះ ចតុរស្សធូរ ទី៥ឈ្មោះ សុបញ្ញា ទី៦ឈ្មោះ ឆកាំម៉ា ទី៧ឈ្មោះ បុទមា ទាំងប្រាំពីរអ្នកសុទ្ធសឹងស្រស់ស្អាតគ្មានទាស់ភ្នែកឡើយ។ មានកាលថ្ងៃសិល្ប៍មួយនាងទាំងប្រាំពីរអ្នកបានបេះផ្កាយកទៅថ្វាយពុទ្ធអង្គ។

         កាលនោះព្រះអង្គសេនាកុត្តរាជទ្រង់បានទតឃើញនាងទាំងនោះហើយ ទ្រង់ស្លុតស្លុងះអង់អង្គប្រាណស្ទើរតែស្ទុះទៅក្រសោបនាងទាំងអស់…។

លុះដល់នាងទាំងប្រាំពីរត្រលប់ទៅផ្ទះវិញ សង្ឃមហាក្សត្រក៏បានតាមទៅរហូតដល់ស្គាល់ផ្ទះ។ លុះបានស្គាល់ហើយ អង្កស្តេចសេនាកុត្តរាជក៏ត្រឡប់មកវិញហើយក៏ចូលទៅសំពះអាចារ្យសុំសឹក អាចារ្យក៏បានយល់ព្រមតាមការស្នើសុំរបស់ព្រះអង្គ…។ បន្ទាប់ពីលាចាកសិក្ខាបទរួចហើយ ព្រះអង្គសេនាកុត្តរាជ ទ្រង់យាងវិលទៅរាជវាំងវិញ លុះបានទៅដល់ហើយទ្រង់ក៏ត្រាស់បញ្ជាឲ្យរៀបចំក្បួនជាបន្ទាន់ព្រោះត្រូវត្រឡប់ទៅនិគ្រោធគ្រាមឥឡូវនេះ…។ ក្បួនដង្ហែព្រះអង្គកុត្តរាជក៏បានធ្វើដំណើរឆ្ពោះទៅកាន់និគ្រោធគ្រាម ដល់ហើយក៏បានបោះព្រះពន្លាជ័យនៅទីនោះ ហើយទ្រង់ត្រាស់បញ្ជាឲ្យទៅអញ្ជើញតាយាយមក។ ពួកសាវជៃស្តាប់បានហើយ ក៏ក្រាបបង្គំលាទៅផ្ទះតាយាយ ហើយក៏បានប្រាបើថាៈ  “ហៃតាយាយអើយពេលនេះពួកខ្ញុំកាន់ព្រះរាជអាជ្ញាមកអញ្ជើញតាយាយទៅក្នុងពេលនេះ”។ តាយាយស្តាប់ឮព្រះរាជអាជ្ញាដូច្នោះភិតភ័យជាខ្លាំងៈ

ដូនតានោះឆ្លើយ ថាហៃនាងអើយ យើងនៅសព្វថ្ងៃច័ន្ទ

ជាអ្នកជនបទ កំសត់ក្រក្រៃ ពុំស្គាល់ចៅនៃ

អាសូរអញផង។

ពួកសៅជៃក៏ប្រាប់ថា ព្រះអង្គត្រាស់ឲ្យហៅតាយាយទៅឥឡូវនេះ ចូរយាយរៀបចំខ្លួនស្លាម្លូសំពត់ស្បៃវែងគ្រប់ប្រដាប់ផង…។

ដូនតាសោតឆ្លើយ ថាឳនាងអើយ យើងបានពីណា

អាវផាយស្បៃវែង នឹងតែងអាត្មា ថង់នៃហិបស្លា ដូចនាងថានោះ។

ពួកសៅជៃឆ្លើយថា បើគ្មានថង់ស្លាអាវស្បៃវែងទេ ទៅទទេចុះ។ រួចហើយពួកនាងក៏បានបង្រៀនពីរបៀប និងច្បា់គាល់ស្តេច និងបានចំអែចំអន់តាយាយលេងយ៉ាច្រើនរហូតធ្វើឲ្យតាយាយខឹង រួចក៏នាំតាយាយសំដៅទៅព្រះពន្លាជ័យ…។

         ព្រះអង្គសេនាកុត្តរាជ យល់តាយាយខ្លាចដូច្នោះទ្រង់ឲ្យតាយាយឡើងព្រះពន្លាជ័យហើយត្រាស់ថាៈ

អញឲ្យហៅតា ដូនមកនេះណា បទអញប្រស្រ័យ

ស្រលាញ់កូនតា សោភាប្រពៃ ប្រាំពីរអង្គនៃ

សឹងស្រីកញ្ញា។

អញឥតទេពី អញសូមកូនស្រី ប្រាំពីរអង្គា

និងអភិសេក ជាឯកជាយា សូមដូននិងតា

ឲ្យអញនេះម្តង។

ដូនតាឮព្រះ បន្ទូលស្រលះ ក្រាបទូលវឹងស្នង

ថ្វាយដោយប្រពៃ ក្សត្រថ្លៃច្បាស់ច្បង ហ៊ានម្តេចក្រផង

អម្ចាស់មានបុត្រ។

“ទូលបង្គំជាខ្ញុំត្រេកអរពេកក្រៃ ដែលព្រះអង្គទ្រង់មានមេត្តាករុណាយ៉ាងនេះ…”។ បន្ទាប់ពីដូនតាយល់ព្រម ថ្វាយបុត្រីទាំងប្រាំពីរដល់ទ្រង់ហើយ ព្រះអង្គសេនាកុត្តរាជក៏ប្រញាប់ត្រាស់បញ្ជាពួកសាវជៃទៅអញ្ជើញនាងទាំងប្រាំពីរនាក់មក…។ លុះនាងទាំងប្រាំពីរបានមកដល់ហើយ ទ្រង់ក៏មានបន្ទូលថាៈ

ហៃនាងប្អូនស្រី ស្រស់ស្រេចឥន្រ្ទីយ៍ ប្រាំពីរអង្គា

អញឲ្យយកមក នឹងយកជាតិជា អឃ៌អគ្កជាយា

មហេសីឧត្តម។

“មាតាបិតានាងបានថ្វាយនាងដល់យើងហើយ ដូច្នេះនាងកុំបារម្ភទៅរស់នៅនឹងបង…”។  ពួកនាងទាំងប្រាំពីរស្តាប់បន្ទូលព្រះអង្គហើយទូលថាៈ “ពួកខ្ញុំម្ចាស់សព្វថ្ងៃប្រៀបបានមច្ឆាក្នុងគង្គា ហើយត្រូវទឹករីងហួតហែងអស់ ព្រះអង្គប្រៀបបាននឹងទឹកថ្មីដែលទើបមកដល់ថ្មីជួយប្រោះព្រំដល់ពួកខ្ញុំម្ចាស់ឲ្យរួចពីក្តីលំបាកទាំងឡាយ…”។ ព្រះអង្គសេនាកុត្តរាជបានរាជទានទ្រព្យជាច្រើន និងផ្តល់យសសក្តិដល់តាជាធំ និងបានអ្នកផងជិតជុំពឹងពាក់អាស្រ័យ។ កាលនោះតាបានប្រដៅនាងទាំងប្រាំពីរអ្នកៈ

ថាហៃអស់ស្រី នាងទាំងប្រាំពីរ​ ចូរចាំគ្រប់ប្រាណ

ក្រិត្យនៃច្បាប់ស្រី ពិតពីបុរាណ ពុំដែលឲ្យខាន

ទីទៃឃ្លាតឃ្លា។

ក្រឹត្យមួយកាលផ្ទំ កុំនាងឧត្តម​ ចូលមករាជា

ក្រឹត្យមួយកាលតើន ចូរតើនមុនណា កាលសោយសោតស្វា

មីសោយមុនហើយ។

មួយកាលស្តេចក្រោធ​ ទ្រគោះពិរោធ ពោលពាក្យឆ្គាំឆ្គង

កុំនាងតតប ទៅមកឆ្លើយឆ្លង ឲ្យអត់ក្សិណហោង

ដោយព្រះមាត្រា។

ទោះគិតអ្វីៗ ឲ្យព្រមស្វាមី គម្តែងក្រឡា

កុំដោយចិត្តឯង ពុំក្រែងលោកជា ស្វាមីនោះមហា

ពុំគួរពេកក្រៃ។

លុះដូនតាផ្តែផ្តាំកូនរួចស្រេចហើយ ស្តេចត្រាស់ឲ្យអស់សេនារៀបចំក្បួនដង្ហែនាងទាំងប្រាំពីរចុលរាជវាំង ដើម្បីអភិសេក…។

(សូមរងតាមដានរឿង ស័ង្ខសិល្បជ័យ ភាគទី៤ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!