ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទព្រះបាលីល័យ

ប្រាសាទព្រះបាលីល័យ

ព្រះបាលីល័យស្ថិតនៅក្នុងបរិវេណអង្គរធំ ផ្លូវទៅទ្វារដីឆ្នាំង នៅពីក្រោយវត្តទេព ប្រណម។ ប្រាសាទនេះមានតួប៉មតែមួយធ្វើអំពីថ្មភក់សាងនៅលើខឿនខ្ពស់ព័ទ្ធជុំវិញដោយកំពែងមួយជាន់ធ្វើអំពីថ្មបាយក្រៀម និងមានខ្លោងទ្វារចូល ពីខាងកើតធ្វើអំពីថ្មភក់និងថ្មបាយក្រៀម។ លក្ខណៈសំណង់នៃប្រាសាទនេះហាក់ខុស ប្លែកពីប្រាសាទខ្មែរដទៃទៀត។ សូមបញ្ជាក់ថា បើយោងតាមសិលាចារឹកមួយនៅក្នុងរាជ្យ ព្រះបាទយសោវរ្ម័នទី១ ដែលគ្រងរាជ្យនៅចុងស.វទី៩ ដល់ដើមស.វទី១០ បាននិយាយ ថាមានអាស្រមពុទ្ធសាសនាឈ្មោះ “សៅគតាស្រម” (Saugatāśrama) ដែលមានទីតាំងនៅ ប្រាសាទព្រះបាលីល័យ និងទេពប្រណម។

ដោយសារប្រាសាទនេះគ្មានសិលាចារឹក ដូច្នេះពិបាកនឹងកំណត់កាលបរិច្ឆេទពិត ប្រាកដនៃឆ្នាំដែលសាងប្រាសាទនេះ។ យោងតាមលោក ហង់រី ម៉ាសាល់ (Henri Marchal) ដែលសិក្សាអំពីការវិវត្តន៍នៃស្ថាបត្យកម្ម និងសិល្បៈ លោកសន្និដ្ឋានថាតួប៉មនិងខឿនបាន សាងនៅស.វទី១២ ហើយខ្លោងទ្វារចូល និងចម្លាក់ទាក់ទងនឹងពុទ្ធសាសនាថេរវាទ គឺសាង នៅស.វទី១៣។ បើទោះបីមានសេចក្ដីសន្និដ្ឋាន ខ្លះថាប្រាសាទ នេះអាចសាងនៅក្នុងរាជ្យ របស់ព្រះបាទ ធរនិន្ទ្រវរ្ម័ន (ស.វទី១២) ដែលជាព្រះបិតារបស់ ព្រះបាទជ័យវរ្ម័នទី៧ក្ដី ប៉ុន្តែអ្នកស្រាវជ្រាវភាគច្រើនបានកំណត់ថាប្រាសាទនេះសាងនៅ ស.វទី១៣ ឧទ្ទិសដល់ព្រះពុទ្ធសាសនា។

ចម្លាក់នៅលើហោជាង និងផ្ដែនៃខ្លោងទ្វារចូល (ខ្លះនិយមហៅ “គោបុរៈ Gopura”?) បង្ហាញអំពីដំណើររឿងរបស់ព្រះពុទ្ធ ដូចជាចម្លាក់នៅលើផ្ដែបង្ហាញអំពីព្រះពុទ្ធចូល និព្វានស្រាប់។ យើងពុំដឹងឈ្មោះដើមរបស់ប្រាសាទនេះទេ ប៉ុន្តែឈ្មោះ “បាលីល័យ” ដែលគេហៅសព្វថ្ងៃនេះ ប្រហែលក្លាយមកពីឈ្មោះនៃព្រៃមួយដែលព្រះ ពុទ្ធអង្គ លោកគង់បន្ទាប់ពីនិមន្តចេញពីព្រះរាជវាំងកោសម្ពិ ពោលគឺព្រៃ “បាលិល័យក” (Palilayaka) ហើយជាទីដែលមានដំរីពីរឈ្មោះ “បាលិល័យ” មកបម្រើព្រះអង្គ។ សេចក្ដី សន្និដ្ឋាននេះ គឺផ្អែកលើចម្លាក់នៃហោជាងនៃខ្លោងទ្វារ (ផ្នែកខាងជើង) របស់ប្រាសាទ នេះផ្ទាល់ បង្ហាញអំពីវគ្គមួយពេលដែលព្រះអង្គគង់នៅក្នុងព្រៃទទួលចង្ហាន់ពីដំរីទាំងពីរនោះ។ ឈ្មោះនៃប្រាសាទនេះ ខ្លះហៅ “ព្រះប៉ាលីល័យ” ដែលប្រហែលជាការបញ្ចេញ សំឡេងតាមភាសាថៃ “ប៉ា” ជាងសំឡេង “បា” ប៉ុន្តែបើតាមមាត់ខ្មែរ គឺត្រូវហៅ “ព្រះបាលីល័យ”

អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!