ក្បួនដង្ហែក៏បានមករាជវាំង ពួកភ្លេងចាប់ផ្តើមប្រគំទទួលស្វាគមន៍នាងទាំងប្រាំពីរ ហើយស្តេចក៏ត្រាស់បញ្ជាឲ្យរៀបបណ្ណាការ និងរៀបអភិសេកឥឡូវនេះ។ ព្រះអង្គសេនាកុត្តរាជបានត្រាស់បញ្ជាឲ្យសាងប្រាសាទយ៉ាងល្អប្រណិតសម្រាប់មហេសីទាំងប្រាំពីរអង្គ។ កន្លងពេលក្រោយមក មហេសីទាំងប្រាំមួយក៏ទ្រង់គភ៌ហើយប្រសូតបានបុត្រម្នាក់មួយសុទ្ធតែប្រុស…។ រាជបុត្រទីមួយឈ្មោះ ស្រីសុន្ទរា ទីពីរព្រះនាមសីលព័ត្ត ទីបីព្រះនាមស្រីមន្ទារថ្វាត់ ទីបួនព្រះនាមស្រីសុរនាថសោភ័ណ ទីប្រាំព្រះនាម ស្រីសុជាតិហេមវន្ត ទីប្រាំមួយព្រះនាមស្រីខន្ទកុមារ…។ ព្រះបិតាថ្នាក់ថ្នមបុត្រទាំងប្រាំមួយអង្គមិនឲ្យមានហ្មងឡើយ។ លុះចំណេរក្រោយមក ស្នំឯកកេសរបុប្ផាក៏មានផ្ទៃពោះកន្លងទៅជាងមួយខែ ទើបនាងនាងពៅបទុមាទ្រង់គភ៌។ ពេលដែលបទុមាទ្រង់គភ៌ អស់ប្រាណមានរស្មីយ៉ាងត្រកាលនាំឲ្យព្រះអង្គសេនាកុត្តរាជពេញព្រះទ័យថ្នាក់ថ្នមមិនឲ្យហ្មងឡើយ…។ លុះកេសរបុប្ផាមានផ្ទៃគ្រប់ខែហើយ ក៏ប្រសូតមកកើតជារាជសីហ៍មានប្ញទ្ធិខ្លាំងក្រៃ អស់អ្នកផងយល់ថាជារឿងចម្លែកពេកណាស់។ រីឯអគ្គមហេសីបទុមា ទ្រង់ប្រសូតបុត្រមកជារាជបុត្រល្អភ្លឺត្រកាលមានកាន់ធ្នូសិល្ប៍ជ័យ និងមានខ្យងស័ង្ខប្រសូតមកជាមួយគ្នាផងដែរ។ អស់ភីលៀងអ្នកវាំងទាំងអស់យល់ថាជាហេតុអស្ចារ្យណាស់ ទើបនាំគ្នាទៅទូលដល់ព្រះមហាក្សត្រ។ ព្រះអង្គសេនាកុត្តរាជទ្រង់ជ្រាបហើយមានព្រះទ័យរីករាយជាពន់ពេក ទ្រង់យាងទៅទតមើល រួចទ្រង់យល់ថាបុត្រដែលមានបារមីខ្លាំងក្លាពេកក្រៃ ទើបទ្រង់ត្រាស់បញ្ជាភីលៀង យាយអករ៍ ចាស់ទុំថែរក្សាឲ្យបានល្អ…។ កាលនោះដែរ ពួកនាងជាបងៗបានមកមើលឃើញហើយ ស្ញប់ស្ញែងបារមីរាជកុមារណាស់។ លុះវិលមកដល់ប្រាសាទវិញ ក៏ប្រជុំគ្នាថាៈ “កូននាងពៅបទុមាមានប្ញទ្ធិបារមីណាស់ ធំឡើងនឹងគ្មាននរណាប្រៀបស្មើបានទេ ហើយកូនយើងជាបងនឹងពុំអាចប្រៀបផ្ទឹមបានឡើយ ដូច្នេះហើយគូររកវិធីកម្ចាត់វាពីតូចឲ្យហើយទៅ”។ កាលនោះនាងម្នាក់ឈ្មោះថា ស្រីសុន្ទារាមានប្រាជ្ញាជាងគេបានហៅអស់ហោរាមកជួបជុំ ហើយថាៈ
ហៃហោរទាំងបួន យើងទុកស្មើខ្លួន ស្មើឯកអង្គា
ពាក្យណាសុខុម ហោរកុំចរចារ ឲ្យលេចឮជា
ត្រចៀកទៀតបាន។
បើមហាក្សត្រា ព្រះបាទសេនា កុត្តរាជប្រធាន
ត្រាស់ឲ្យហៅមក ហោរទៅគ្រប់ប្រាណ ដល់ព្រះរាជឋាន
ឲ្យគូរជតា។
កូនតូចឯក្រោយ កុំហោរទាយដោយ នូវពាក្យសត្យា
ហោរទូលអសត្យ បំភ្លាត់វិញថា កូនកើតពុំជា
ឧត្បាតកើតមាន។
រីឯសរកាន់នៅដៃនោះនឹងត្រូវព្រះអង្គពុំខាន។ ឯស័ង្ខវិញនោះច្បាស់ជាកើតជាទឹកលិចអស់អាណាប្រជានុរាស្រ្តស្លាប់គ្មានសល់…។ ចំណែកឯរាជសីហ៍សត្វវិញនោះ ស្រុកទេសនេះនឹងស្ងាត់ជាព្រៃព្រឹក្សាវិនាសគ្មានសល់…។ គឺទុកកូននោះនៅមិនបានទេ ទាល់តែបំបរបង់ចោលទើបស្រុកទេសបានសេចក្តីសុខចម្រើនរុងរឿង។ ចូរហោរទូលព្រះអង្គថា កូនយើងគ្រប់គ្នានេះមានបុណ្យបានស្នងរាជសម្បតិ្ត បានសុខពេកហោង។ បើហោរធ្វើបានសម្រេចនោះ ពួកយើងនឹងឲ្យរង្វាន់ម្នាក់ប្រាំពីរពាន់តម្លឹង…។
លុះកំណត់រួចស្រេចហើយ ហោរទាំងអស់ក៏ក្រាបលាត្រលប់ទៅផ្ទះវិញ។ ដោយសេចក្តីលោភ ហោរមិនបានគិតថានឹងមានរឿងអកុសលកើតឡើងនៅថ្ងៃក្រោយឡើយ។ រំលងបានប្រាំពីរថ្ងៃ ព្រះអង្គសេនាកុត្តរាជ ក៏ត្រាស់ឲ្យហៅហោរាទាំងបួន មកទាយជោគជតារាសីរាជបុត្រពៅ។ ដោយបានកំណត់រួចស្រេចនោះ ហោរទាំងបួនក៏ធ្វើជាយំគក់ទ្រូងរៀបរាប់។ ទតឃើញដូច្នោះ ព្រះអង្គសេនាកុត្តរាជទ្រង់ត្រាស់សួរៈ “តើហេតុអ្វីបានជាហោរយំដូច្នេះចូរនិយាយមកចុះ”។ ហោរទាំងបួនក៏បានរៀបរាប់តាមពាក្យដែលបានកំណត់រួចជាស្រេចថាៈ “នឹងមានគ្រោះកាចចង្រៃពេកណាស់ មិនដូចជាកូនក្សត្រីបងទាំងប្រាំមួយទេ មានជតារាសីល្អឥតសង្ស័យទេ”។ ទ្រង់ព្រះសណ្តាប់ដូច្នោះហើយ ស្តេចសេនាកុត្តរាជកើតក្តីក្រោធមហិមា ត្រាស់ថាៈ “ អញគិតស្មានថាគាប់ អញរាប់អានវា បើកូនពុំជាតើទុកធ្វើអ្វី កូនកាចអប្រិយបែបនេះ យកទៅប្រហារជីវិតចោលទៅ…”។ ឮដូច្នោះព្រាហ្មណ៍ទាំងអស់ក៏ទូលថាៈ “សម្លាប់មិនបានទេព្រះអង្គ នឹងកើតកាចកំណាចមហិមា ព្រោះថាឈាមដែលធ្លាក់ដល់ដីនឹងឆាបឆេះ ហើយខ្មោចរក្សាទីនោះ នឹងផុសឡើងឲ្យកើតទុក្ខទោសខ្លាំងណាស់ ដូច្នេះសូមព្រះអង្គបំបរបង់ទៅ ហើយទូលបង្គំនឹងធ្វើពិធីបូជាយញ្ញ នោះនឹងបានសេចក្តីសុខរុងរឿងហើយ”។ លុះហោរទាំងបួនចេញទៅ អង្គសេនាកុត្តរាជទ្រង់ព្រះចិន្តាថាៈ
អាសូរបំណាច់ កើតជាកូនស្តេច ទោះកាចទោះជា
ចិញ្ចឹមទុកទៅ ឲ្យនៅនេះណា មើលសិនរលា
រលាំងប្រោះថ្វី។
ហើយម្យ៉ាងបទុមាក៏គួរមហាសន្តោសពុំគួរនឹងបំបរបង់ឡើយ។ កាលនោះបុត្រីបទុមាបានឮទំនាយហោរដូច្នោះ ក៏ឡើងទៅក្រាបបង្គំទូលថាៈ
បពិត្រហោរគូរ ហើយហោរក្រាបទូល ពាក្យពុំសត្យា
ហោរទូលបំភ្លាត់ អស័ត្យវាចា កុំព្រះរាជា
ជឿហោរចង្រៃ។
បំណាច់កើតពីក្សត្រ ហើយម្យ៉ាងទើបតែបានប្រាំពីរថ្ងៃទៀត សូមព្រះអង្គមេត្តាផង បើបុត្រធំចេះស្រដីដឹងខ្លះនោះខ្ញុំម្ចាស់មិនថាទេ។ អង្គក្សត្រសេនាកុត្តរាជ ទ្រង់ព្រះសណ្តាប់ហើយក៏មានបន្ទូលថាៈ
មាសអើយកុំគិត អំពល់អាណិត អនាថសោកា
ចូរចុះទៅហោង ស្ងួនគ្រងរក្សា បុត្រយើងពុំងា
ដូចដែលប្រក្រតី។
ទោះកូនកាចជាយ៉ាងណា ក៏ចិញ្ចឹមតាមបុណ្យបារមីទៅចុះ…។ ព្រះនាងបទុមាឮក្សត្រមានបន្ទូលដូច្នោះ ក៏បានធូរស្រាលក្នុងចិត្ត ហើយក្រាបបង្គំលាត្រលប់ទៅវិញ…។ និយាយពីក្សត្រីប្រាំមួយអង្គ កាលបានដឹងរឿងហើយ ក៏ស្រុះស្រួលមូលមតិគ្នាឡើងទៅគាល់ស្តេច ហើយនាងជាបងឈ្មោះឯកមាល័យក៏ៈ
ទូលថាសូមទាន ឥឡូវនេះមាន ហេតុកលក្រក្រៃ
ហោរទូលព្រះអង្គ ដោយត្រង់វិស័យ ចៅស័ង្ខសិល្បជ័យ
កើតមកពុំជា។
មានទាំងរាជសីហ៍សោតក៏មិនល្អ កេសរបុប្ផាទាំងបទុមាប្អូនខ្ញុំម្ចាស់ សុទ្ធតែបង្កើតកូនមកពុំជា គួរអ្វីខ្ញុំម្ចាស់ឲ្យបំបរបង់ក្មួយឯង តែនេះជាពាក្យហោរាដែលសុទ្ធតែឆុតពេកក្រៃ ហេតុនេះសូមព្រះអង្គព្រះចិន្តាឲ្យបានហ្មត់ចត់ព្រះអង្គ…។ ព្រះអង្គសេនាកុត្តរាជទ្រង់ព្រះសណ្តាប់ហើយ មានមន្ទូលថាៈ “សូមនាងកុំគិតថ្វី ព្រោះថាក្មួយនាងនោះមិនមានវិស័យដូចជានាងគិតទេ យើងចិញ្ចឹមរក្សាសិន បើពុំជាសឹមបំបរបង់ក័បាន”។ ប៉ុន្តែបើតាមពាក្យហោរាទស្សន៍ទាយនោះ គឺគ្រោះចង្រៃមិនអាចគេចបានឡើយ ហើយបើចាំដល់ពេលកើតហេតុចាំបំបរបង់នោះ គឺហួសពេលហើយព្រះអង្គ។
ព្រះអង្គសេនាកុត្តរាជ ទ្រង់សណ្តាប់រួច ប្រឹងមិនមានបន្ទូលអ្វីសោះ ទ្រង់ព្រះចិន្តាសោយសោកាអាណិតដល់បុត្រ និងមហេសីណាស់។ ដោយគិតថាធ្វើអ្វីមិនបាន ទើបក្សត្រីទាំងប្រាំមួយក្រាបបង្គំលាត្រលប់ទៅវិញ ហើយរកមធ្យោបាយដើម្បីឲ្យស្តេចបំបរបង់ឲ្យបាន។
(សូមរងតាមដានរឿង ស័ង្ខសិល្បជ័យ ភាគទី៥ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព