ព្រះរាជាណាចក្រកម្ពុជា សម្បូណ៌ទៅដោយជនជាតិដើមភាគតិច ដែលរស់នៅក្នុងតំបន់ខ្ពង់រាបតាមដងភ្នំក្រវ៉ាញ ភ្នំឱរ៉ាល់ ភ្នំដងរែក និងតំបន់ភ្នំផ្នែកទិសឦសានក្នុងខេត្តមណ្ឌលគិរីនិងរតនគិរី។ ជនជាតិដើមភាគតិចទាំងនេះ មានស្អូច ស្ទៀង ក្រោល សម្រែ រ៉ាអុង (រអួង) ព័រ សួយ គួយ គ្រឹង ទំពួន លុន ចារ៉ាយ ព្រៅ កាចក់ កាវ៉ែត ថ្មូន ស្មឹល ជង អាណុង រ៉ូដេរ ខា និងព្នង ដែលមានវប្បធម៌ពិសេសរៀងៗខ្លួនប្រចាំក្រុមនិងជាតិសាសន៍របស់ខ្លួន។
ឧបករណ៍តន្ត្រីជនជាតិដើមភាគតិច
ឧបករណ៍តន្ត្រីជនជាតិដើមភាគតិចសម្បូណ៌បែប មាន៖ ព្លយ ម៉ិម ហ្កងណាក់ (រនាតបំពង់ឫស្សីតូចៗ) កាណី (ទ្រឃ្លោក) ប្រក (កូតក៏បាន ឬ ដេញក៏បាន) ហ្កងទីង ហ្កងរីង (កេះឬដេញ) ហ្កង-ប (កំណាត់ឫស្សីវាយផ្ទប់នឹងដីឲ្យឮសូរ) ដ្រួ (ខ្លុយ) ហេតហូត (បំពង់ឫស្សីតូចៗចងភ្ជាប់គ្នាផ្លុំជាសូរ) ប៊ុមប៊ុក (ឫស្សីទះ) ជីងរៀង (ចាប៉ីឃ្លោក) គងញីនិងគងឈ្មោល ព្រមទាំងវង់គង៣ផ្លែ ៥ផ្លែ ៧ផ្លែ ១២និង១៣ផ្លែ។
យើងគួរមានចំណាប់អារម្មណ៍ និងការយល់ដឹងអំពីចំណុចសំខាន់មួយ និងជាប្រវត្តិសាស្ត្រផងដែរ ដែលពាក់ព័ន្ធនឹងវប្បធម៌ជាជាតិដើមភាគតិចគឺ ឧបករណ៍តន្ត្រី ម៉ិម ជាប្រភេទឧបករណ៍ខ្សែមួយ ដែលគេឃើញមាននាពេលបច្ចុប្បន្ន នៅក្នុងចំណោមជនជាតិ ដើមភាគតិចនៃតំបន់ភ្នំផ្នែកទិសឦសាន នៃប្រទេសកម្ពុជាក្នុងខេត្តរតនគិរី និងមណ្ឌលគិរី។ បុព្វបុរសខ្មែរយើងបានឆ្លាក់រូបឧបករណ៍ម៉ិមមួយនៅលើជញ្ជាំងប្រសាទបាយ័នតាំងពីចុងសតវត្សទី១២ ឬដើមសតវត្សទី១៣ មកម៉្លេះ។ នេះជាកត្តាសំខាន់ណាស់នៅក្នុងព្រឹត្តិការណ៍ភស្តុតាង និងអំណះអំណាងដ៏ពិសិដ្ឋ ដែលប្រទេសឯទៀតគ្មាននៅក្នុងពិភពលោក។
របៀបធ្វើ
ឧបករណ៍តន្ត្រីដែលបានរៀបរាប់ខាងលើ ជាគ្រឿងផ្លុំ កេះ កូត និងដំ ធ្វើពីវត្ថុដើមធម្មជាតិដែលមាននិងជាចំណែកមួយដ៏សំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់គេ មានប្ញស្សី ដើមឈើនិងផ្លែឈើស្ងួត ឆ្អឹង ស្នែង ដីឥដ្ឋ វល្លិ ដែក ស្ពាន់ លង្ហិន ជ័រឈើ ស្បែកសត្វ និងស្រកាសត្វ ជាដើម។
របៀបប្រើប្រាស់
ជនជាតិដើមភាគតិច លេងឧបករណ៍តន្ត្រី ដើម្បីកែកម្សាន្តឬចែរចង់ទំនាក់ទំនងស្នេហារវាងបុរស និងស្ត្រី កំដរអ្នកច្រៀង ឬក្នុងវង់ភ្លេងដើម្បីកំដរចម្រៀងមួយចំនួននៃអាយ៉ៃហាំប៊ុង និងរបាំដូចជារបាំយុវ័នរួមសាមគ្គី និងប៊ុនហ៊ា ជាដើម។ លើសពីនេះទៅទៀតវង់តន្ត្រីទាំងនេះ មានតួនាទីសំខាន់បម្រើឲ្យពិធីពាក់ព័ន្ធនឹងជំនឿអរូបី ប្រពៃណី និងជីវិតប្រចាំថ្ងៃរបស់គេ មានដូចជាពិធីដាំស្រូវ សែនស្រូវ សែនភូមិ លៀងអារក្ខ កាប់ក្របី អាពាហ៍ពិពាហ៍ និងបុណ្យសព។ ប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌រមែងមានការវិវត្តដែលជាកត្តាធម្មជាតិ និងប្រករតីភាព។ ដូចគ្នានេះដែរ វប្បធម៌ និងតន្ត្រីជនជាតិដើមភាគតិចនៅកម្ពុជាក៏រងការផ្លាស់ប្តូរ និងវិវត្តទៅតាមកាលវេលា និងកាលៈទេសៈ ជាពិសេសនៅក្នុងបរិបទសកលភា-វូបនីយកម្មជឿនលឿន និងរហ័សនាពេលបច្ចុប្បន្ន។ អ្វីដែលគួរចាប់អារម្មណ៍នោះគឺ ជាមួយនឹងការហូរចូលមកនូវវប្បធម៌អរិយធម៌ថ្មីបូកនឹងវប្បធម៌ប្រជាប្រិយ យើងក៏ឃើញមានការបាត់បង់វប្បធម៌ប្រពៃណីដើម ដោយយុវជន-នារីនាពេលបច្ចុប្បន្ន បានចោលរបស់ចាស់ និងចាប់យករបស់ថ្មីមកបដិបត្តិ រួមផ្សំនឹងអភិវឌ្ឍន៍ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី ទោះបីជាយើងធ្លាប់បានឮពាក្យពោលថា “យើងចង់បានអភិវឌ្ឍន៍ដែលថែរក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណី” ក៏ដោយ។ ពោលគឺ និយាយស្រួលជាងធ្វើ។ ចំណុចទាំងអស់ខាងលើនេះ គ្រាន់តែជាគតិនិងសេចក្តីរំឭកដល់ខ្មែរ ជាពិសេសយុវជន-នារីឲ្យផ្ចង់ស្មារតី ពង្រឹងមនសិការជាតិនាំគ្នាគិតត្រេះរិះពិចារណា អភិរក្ស ថែរក្សា និងអភិវឌ្ឍបណ្តុះបណ្តាល លើកស្ទួយ និងការពារវប្បធម៌អរិយធម៌ខ្មែរឲ្យនៅគង់វង្ស ស្ថិតស្ថេរចីរកាលជានិរន្តររៀងទៅអនាគត ដោយនាំគ្នាសិក្សារៀនសូត្រ យល់ដឹង ស្រឡាញ់ និងគោរព សិល្បៈវប្បធម៌ជាតិរបស់ខ្លួន។
អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង