ទំព័រដើមប្រវត្តិសាស្ត្ររបៀបចាត់ចែងពេលហ្លួងសុវណ្ណគត

របៀបចាត់ចែងពេលហ្លួងសុវណ្ណគត

អត្ថបទលើកមកបង្ហាញនាពេលនេះ គឺ​ជាអត្ថបទ​កំណត់ត្រាអំពីទំនៀម ឬរបៀបចាត់ចែងពេលហ្លួងសុវណ្ណគត​។ កំណត់​​ត្រា​នេះ រក្សា​ទុកនៅបណ្ណាល័យអាឡាំងសុង (Bibliothèque municipale d’Alençon) ប្រទេសបារាំង​ ដែលលោក អាដេម៉ារដ៍ ឡឺក្លែរ (Adhémard Leclère) បានប្រមែ​ប្រមូល​ពីស្រុកខ្មែរទៅ ដែល​ឯកសារ​ភាគច្រើន ជាឯកសារ​លោកបញ្ជាឱ្យគេសរសេរតាក់តែង ឯកសារខ្លះទៀត​លោកឱ្យគេ​ចម្លងឡើងវិញតាមច្បាប់​ដើម​។ កំណត់ត្រានេះ បានរៀបរាប់ពីដំណើររៀបចំតាំងពីហ្លួងរៀបនឹងសុវណ្ណគតរហូតដល់ពេលហ្លួងសុវណ្ណគត របៀបចាត់ចែងព្រះបរមសព​មុន និងពេលបញ្ចូលកោដ្ឋ និងបែប​បទ​ពិធីបុណ្យជាដើម។ អត្ថបទនេះពុំមានចុះកាលបរិច្ឆេទនោះទេ​ ប៉ុន្ដែយើង​ដឹងថាសរសេរក្នុងរាជ្យ​ព្រះបាទនរោត្តម។

ពាក្យ “សុវណ្ណគត” ជាពាក្យមានប្រភពដើមមកពីពាក្យសំស្ក្រឹតថា “ស្វគ៌ត” ដែលឃើញមាន​ប្រើក្នុងសិលាចារឹកខ្មែរតាំងពីសម័យមុនអង្គរ មានន័យថា “ដែលទៅកាន់ឋានសួគ៌ហើយ”។ នេះជាទំនៀមតាំងពីបរមបុរាណដែលយល់ថាក្រោយពីស្ដេចសោយទិវង្គតហើយព្រះអង្គយាង​ទៅកាន់ឋានសួគ៌។ ខាងក្រោម​នេះជា​ឧទាហរណ៍ខ្លះៗតាមរយៈ​សិលាចារឹកដូចតទៅ៖

– តគិរាជ្យវ្រះកម្រតាង៑អញ៑តទៅស្វគ៌ឝិវបុរ = នៅរាជ្យព្រះបាទគម្ដែងអញដ៏ទៅ​ឋាន​សួគ៌សិវបូរ ឬសម្រាយឱ្យងាយ​ថា នៅ​ក្នុង​រាជ្យព្រះបាទ​ជ័យវម៌្មទី១។ វ្រះកម្រតាង៑អញតទៅស្វគ៌ឝិវបុរ ជាបច្ឆាមរណនាមព្រះបាទជ័យវម៌្ម​ទី១។​ (សិលាចារឹកតាំងក្រាំង K.​7​2​6​​)

– វ្រះបាទបរមេឝ្វរស្វគ៌តអ្នៅនគរហរិហរាលយ = ព្រះបាទ​បរមេសូរ (ព្រះបាទ​ជ័យ វម៌្មទី២) សូគ៌ត​នៅនគរហរិហរាល័យ។ (សិលាចារឹក​ស្ដុកកក់ធំ K.235)

ពាក្យ “ស្វគ៌ត” នេះក្លាយមកជាពាក្យខ្មែរទំនើបពីរពាក្យ។ ទីមួយ គឺក្លាយមកជាពាក្យ “សុគត” ដែលតាមលំនាំពាក្យបុរាណ ជើងវ “្វ” ប្រែប្រួលមកជាស្រៈ “ូ” និង ស្រៈ “ួ” ដូចជា​ពាក្យ “ឥឝ្វរ” ក្លាយមកជា “ឥសូរ” និង “ស្វស្ដិ” ក្លាយមកជា “សួស្ដី” ជាដើម។ ដូច្នេះហើយទើបពាក្យនេះ ក្លាយមកជា “សូគ៌ត” និង “សួគ៌ត” ប៉ុន្ដែក្រោយមកមានការកំណត់សំណេរផ្លូវការជា “សុគត” ដែលពាក្យនេះមានន័យ​ថា ​ដែលទៅហើយដោយស្រួល​។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “ទទួលមរណភាពទៅកើតឯឋានល្អហើយ”។ ទីពីរ គឺក្លាយមកជា “សុវណ្ណគត” ដែលសៀមបានយកពាក្យខ្មែរ​បុរាណ​ “ស្វគ៌ត” នេះទៅប្រើ និងបញ្ចេញសំឡេងតាមប្រព័ន្ធសម្ដីសៀម  រួចខ្មែរយកពាក្យនោះពីសៀមមក​ប្រើវិញជា “សុវណ្ណគត” ប៉ុន្ដែ​ពាក្យ​នេះ​ពុំមាន​កត់​ត្រា​នៅក្នុងវចនានុក្រមខ្មែរ​ឡើយ។ សព្វថ្ងៃ យើងនិយមប្រើពាក្យ “សោយទិវង្គត” ជំនួសវិញ។

អត្ថបទដើមសម្រួលតាមអក្ខរាវិរុទ្ធសម័យទំនើប

(ទំព័រ១) កាលហ្លួងម្ចាស់ជីវិតរៀបនឹងសុវណ្ណគត នោះលោកកុង្សិយ៍សេនាបតី​ និងនាម៉ឺនធំតូច​ និងពួកអស់អ្នកក្នុងវាំងមានចៅចម ឃុនចម ចៅឃុន និងឃុន អ្នកម្នាង អ្នកនាងជាដើម និងពួកខ្ញុំរាជការខាងក្រៅ​សម្រាប់បុណ្យព្រះបារមីហ្លួង​ធំតូចទាំងប៉ុន្មាន​ក៏សឹងតែមក​ដេក​នៅត្រៀមចាំ​ហ្លួងតែសព្វថ្ងៃជានិច្ចពុំដែលដាច់ ហើយរៀបចាត់ចែង​ឱ្យពួក​ជាងទង​យក​មាសសុទ្ធ​ យីឆុងអីម​យ៉ាងល្អចំនួនមាស​៩ជី យកទៅផែ​ឱ្យស្ដើង​ រួចយកមកចៀរសម្រាប់ទុក​ធ្វើ​ជាសុពណ៌បដ ឱ្យពួករាជបណ្ឌិត១ សង្ឃរី១ នឹងលោកសង្ឃរាជាគណៈ មានល្អង​ធូលីលោកគ្រូ​ស្ដេច​ជាដើមឱ្យចារ សរសេរបាលីធម៌ឈ្មោះសុពណ៌បដ សម្រាប់ដាក់​នៅទ្វារ​ទាំង​៩ លុះដល់ហ្លួងម្ចាស់ជីវិតមានកម្លាំងនោះក៏ថយតិចណាស់ គេយកសំពត់ទេសឯក​ពាសពីលើ​ដំបូលដំណាក់​ទាំងអស់ រួចឱ្យគេយកព្រះបដ​ឱ្យជាងគំនូរគូរជា រឿងឋាន​សួគ៌​ទាំងអស់​ រួចគេយកទៅបិទបាំងដំបូលដំណាក់ពីលើឱ្យជិតជុំវិញ ឱ្យហ្លួង​ក្រឡេកមើល​ទៅ​ឃើញសប្បាយវិញ្ញាណហ្លួង​ទៅដូចចាប់អារម្មណ៍ជាប់នៅទីនោះ លុះដល់ហ្លួង​ទ្រង់យាងចូលចុះកាន់ផ្លូវសុវណ្ណគតប្រាកដ​​ មាន​មនុស្ស​អ្នកចេះធម៌ ស្គាល់ដំណើរ ស្គាល់​ផ្លូវ​ដែល​នៅប្រចាំការ​នៅទីនោះ​ ស្រែកប្រាប់ធម៌ប្រាប់ផ្លូវហ្លួង​ រួចគេដាក់ហ្លួងឱ្យ​ផ្ទំផ្ងារ​ រួច​គេយក​មាស​ដែល​ចារសរសេរ​បាលីធម៌ឈ្មោះសុពណ៌បដ ដាក់នៅ​មាត់១អន្លើ ច្រមុះ១អន្លើ​ ថ្ងាស១អន្លើ​ ត្រចៀក១អន្លើ ដើមទ្រូង១អន្លើ រួចគេយកទឹកអប់​ស្រោចដុសលាងហ្លួង​ឱ្យ​ជ្រះស្អាតល្អ រួចគេនិមន្តលោកសង្ឃ​ឱ្យសូត្រធម៌សត្តប្បករណ៍បង្សុកូល លុះដល់គេរៀបនឹងរុំសពហ្លួង​ឱ្យចូលក្នុងព្រះស្ថាន​ នោះគេរើលាងរូបហ្លួង​ម្ដងទៀត រួចគេយកទឹកបារតចាក់​ក្នុងមាត់ហ្លួង រួចគេយកមកុដ​គ្រឿងមាសសុទ្ធមកបំពាក់រូបហ្លួង​ និងគ្រឿង

(ទំព័រ២)សង្វារ​មាសសុទ្ធគ្រប់ប្រដាប់មកតែងបំពាក់រូបហ្លួង​ រួចគេឱ្យហ្លួងស្លៀកសំពត់​​ចរបាប់យ៉ាង​ថ្លៃ រួចគេយកខ្សែក្រវាត់ខឹមខាត់ពេជ្រយ៉ាងថ្លៃ១ពាន់រៀល​ឱ្យហ្លួងក្រវាត់ រួចគេ​យកចិញ្ចៀន​ត្បូង​ពេជ្រ​ទាំងគ្រាប់យ៉ាងថ្លៃឱ្យហ្លួងពាក់គ្រប់ម្រាមដៃទាំងអស់ ឯដំណើរដែលគេនឹងតុបតែងរូបហ្លួងនោះ ដូចកាលហ្លួងគង់ព្រះជន្មរស់នៅឡើយ ហើយតែងព្រះអង្គ​ ដែលនឹងចេញទទួលគំនាប់​លោកហ្គូវែរន័រហ្សេណេរ៉ាល់ (gouverneur général) ឬចេញទទួលគំនាប់​លោកឡឺរេស៊ីដង់ត៍ (le résident) ណាៗ លុះតុបតែងរូបហ្លួងស្រេច គេដាក់​ឱ្យហ្លួងអង្គុយច្រហោង​ក្នុងកោដ្ឋមាស​ រួចគេ​យកស្លាត្រួយ​ឱ្យហ្លួងកាន់សំពះ​អង្គុយច្រហោង​ប្រណម្យ​ក្នុងកោដ្ឋមាសនោះ ឯកោដ្ឋមាសនោះគេធ្វើខ្ចៅឱ្យទឹកចេញចូល​បាន​ សម្រាប់ឱ្យទឹកសម្អុយ​ខ្ទុះឈាមអសោចលាមកស្រក់ហូរចេញបាន រួចគេ​យកចាន ​ឬ​កែវ​យ៉ាង​ធំ​ត្រងពីក្រោម ឯទឹកសម្អុយនោះសន្មតហៅថាទឹកព្រះបុព្វោ ឯរូបសពនោះមាន​មនុស្ស​ប្រុសស្រី​និងនាម៉ឺន​ធំតូច​ដេកវេននៅចាំរក្សា​ទាំងថ្ងៃយប់​ជាប្រក្រតី ​មើលថែ​ទាំ​រក្សា​ ចាំមើល​ត្រងទឹកសម្អុយ​នោះនាំយកទៅចាក់ចោលកណ្ដាលទន្លេ ហើយមានភ្លេង​ដង្ហែទឹក​សម្អុយ​នោះនាំយកទៅចាក់ចោលផង ឯទីកន្លែង​ដែលតម្កល់​សពនោះមាន​ពួក​ស្រីនៅប្រចាំ​ការ​យំយាម​គ្រប់ពេលទាំងថ្ងៃយប់​ក្នុង១ថ្ងៃយំយាម​៣ដង ១យប់​យំយាម៣ដង មានទំនុកនោះផ្សេងៗតទៅ ឯលោកសង្ឃក៏ផ្លាសគ្នាសូត្រធម្មទេសនា​ទាំងថ្ងៃយប់​ពុំដែលដាច់។  “ចប់”

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!