ទំព័រដើមហោរាសាស្ត្រឆុតណាស់ ថ្ងៃនេះឆ្នាំទាំង៣ ឆ្លូវ រោង ចរ រាសីឡើងខ្ពស់ត្រដែតលោកអ្នកជាម្ចាស់ទ្រ...

ឆុតណាស់ ថ្ងៃនេះឆ្នាំទាំង៣ ឆ្លូវ រោង ចរ រាសីឡើងខ្ពស់ត្រដែតលោកអ្នកជាម្ចាស់ទ្រព្យ សំណាង និងគ្រឿងមង្គលនានា

ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការរដ្ឋឯកជននានាដំណើរទៅយ៉ាងល្អប្រសើរណាស់។ ថ្ងៃនេះសូមកុំទុកចិត្តមនុស្សប្រុសមកពីឆ្ងាយ។ ដោយឡែកដំណើរវែងឆ្ងាយ ក៏មិនគួរចេញដែរ។ រក្សាភាពស្ងប់ស្ងាត់ និងរស់ដោយមិនប្រមាថស្ថានការណ៍ណាមួយឡើយ។ រឹតចំណងទំនាក់ទំនងជាមួយកុមារ ពិសេសកូនចៅក្នុងផ្ទះ។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន លោកអ្នកគួរបង្កើនការអធ្យាស្រ័យទៅដល់ដៃគូ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបរអាជីវកម្មតូចធំមានដំណើរការទៅយ៉ាងរលូន និងទទួលបានជោគជ័យយ៉ាងខ្លាំង។ ប្រសិនបើអ្នកគិតបណ្តាក់ទុន សូមកុំស្ទាក់ស្ទើរ ព្រោះគ្មានអ្វីអាចបង្អាក់ដំណើរការអ្នកបានទេ។ ចូរជ្រើសរើសទិសបូព៌សម្រាប់ចាប់ផ្តើមកិច្ចការនានា។ ពិធីមង្គលអាចធ្វើទៅបាន ដោយមិនប្រកាន់ពេលនោះទេ។ សម្រាប់គូស្នេហ៍ លោកអ្នកមានភាពចុះសម្រុងគ្នាល្អណាស់ ​ចំណែកអ្នកមិនទាន់មានគូ និងទទួលបានដំណឹងល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ទាំងអាជីវករ និងអ្នករដ្ឋការ ព្រមទាំងបុគ្គលិកឯកជន ហាក់មិនទាន់អាចទទួលបានដំណឹង និងភាពជោគជ័យតាមការរំពឹងទុកនោះទេ។ លោកអ្នកអាចកែប្រែស្ថានការណ៍បានខ្លះ ដោយរក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន និងខំរិះរកមធ្យោបាយថ្មី ឆ្លើយតបនឹងស្ថានការណ៍។ លោកអ្នកអាចនឹងទទួលអារម្មណ៍ឆេវឆាវ ដូច្នេះចូរអត់ធ្មត់ ​និងអនុគ្រោះ។ ការពិភាក្សា គឺជាកូនសោរសំខាន់ក្នុងជំនួញ​ និងការងាររបស់អ្នក ប៉ុន្តែការជឿទុកចិត្តគឺត្រូវមានភាពវៃឆ្លាត។ សម្រាប់ដៃគូសេ្នហា ហាក់មានការសោះអង្គើយនឹងគ្នា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកមានការលំបាកក្នុងការប្រកបការងារដើម្បីឲ្យទទួលបានផលល្អខ្លាំងណាស់ បើទោះបីលោកអ្នកមានការខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏ប៉ុន្តែប្រសិនបើអ្នកសុំយោបល់ពីមនុស្សចំណាស់ក្នុងគ្រួសារ នោះអ្នកនឹងអាចកែប្រែស្ថានការណ៍បានប្រសើរឡើងបាន។ សូមបោះបង់គំនិតអវិជ្ជមាន និងកុំចូលទៅពាក់ព័ទ្ធនឹងរឿងរ៉ាវ ឬកិច្ចការដែលអ្នកមិនដឹងច្បាស់ ឬដែលគ្មានជំនាញ។ មនុស្សឆ្នាំម្សាញ់ អាចជួយជ្រោមជ្រែងអ្នកបានក្នុងពេលនេះ។ សម្រាប់គូស្នេហ៍ សូមរក្សាចិត្តថ្លើមគ្នាឡើងវិញ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារកស៊ីជួញដូររបស់លោកអ្នកនឹងទទួលបានផលចំណេញយ៉ាងច្រើនណាស់ ចំណែកភាពជោគជ័យគឺជារបស់អ្នក។ លាភសំណាងរបស់អ្នកធំណាស់ ដូច្នេះសូមរក្សាទឹកចិត្តសប្បុរស និងអនុគ្រោះដល់អ្នកផង ដើម្បីរក្សាផលលាភនេះ។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកដែលមានបំណងផ្លាស់ប្តូរការងារថ្មី។ សូមដំណែងបង្ហាញគំនិតរបស់អ្នកដោយភាពក្លាហាន ពីព្រោះគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេ។ រាសីអ្នកមិនត្រូវគ្នានឹងមនុស្សឆ្នាំចរទេ។ ភាពជោគជ័យរបស់អ្នក ក៏ជាទីមិនពេញចិត្តរបស់មនុស្សដែលចាំឈ្នានីសអ្នកដែរ ដូច្នេះចូររក្សាភាពស្ងៀមស្ងាត់។ សម្រាប់គូស្នេហ៍ មានភាពល្អូកល្អឺនណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ មុខរបរតូចធំ និងកិច្ចការនានា ហាក់មានផលជំទាស់ច្រើន ដូច្នេះសូមពិនិត្យ កែប្រែវិធីសាស្រ្តប្រតិបត្តិការងារឡើងវិញ។ សូមជៀសវាងទំនាក់ទំនង ឬជឿទុកចិត្តមនុស្សឆ្នាំវក និងរកជំនួយពីមនុស្សឆ្នាំរោង។ ការធ្វើដំណើរផ្លូវឆ្ងាយសូមមានការប្រុងប្រយ័ត្ន ចំណែកសំដីក៏រឹតតែប្រុងប្រយ័ត្នទ្វេរគុណ។ ចំពោះបញ្ហាសេ្នហា គូស្នេហ៍អាចនឹងមានភាពយល់ច្រលំគ្នាដោយសារអ្នកដទៃ។

 ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូរនឹងទទួលផលយ៉ាងប្រសើរ។ សូមកុំបោះបង់ចោលការខំប្រឹងប្រែង បើទោះបីជាអ្នកជួបឧបស័គ្គក៏ដោយ។ កិច្ចពិភាក្សាជាមួយមនុស្សជិតស្និទ្ធនឹងអាចជួយសម្រួលស្ថានការណ៍ និងបង្ហាញផ្លូវដល់អ្នកបាន។ សូមគិតគូរឡើងវិញពីទំនាក់ទំនងជាមួយកូនចៅ និងសមាជិកក្នុងក្រុមគ្រួសារ ពីព្រោះភាពសោះអង្គើយមិនហុចផលល្អសម្រាប់អ្នកទេ។ ដោយឡែកគូស្នេហ៍ មានភាពចុះសម្រុងនឹងគ្នាជាប្រក្រតី។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបការងាររដ្ឋឯកជន និងរករបរជួញដូរទទួលបានទិន្នផលយ៉ាងល្អប្រសើរណាស់។ ប៉ុន្តែសូមប្រយ័ត្នប្រយែង និងចេះចាយវាយឲ្យត្រូវខ្ទង់។ ការបណ្តាក់ទុននានា គឺអាចធ្វើទៅបាន ប៉ុន្តែប្រសិនបើអ្នកធ្វើការជាក្រុម លោកអ្នកនឹងអាចជៀសផុតពីហានិភ័យបាន។ សូមកុំចូលទៅពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ ពិសេសជម្លោះនៅក្នុងរង្វង់ការងារ។ សូមជៀសវាងមនុស្សឆ្នាំខាល។ ចំពោះសេ្នហា​      កំឡោះក្រមុំ ចម្លើយដែលរំពឹងចង់ឮមិនទាន់អាចទទួលបានទេ សូមចំណាយពេលបន្ថែម។ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកទទួលទិន្នផលគាប់ប្រសើរណាស់ ប៉ុន្តែសូមអ្នករៀបចំគម្រោងការងារជាថ្មីដើម្បីឲ្យទទួលបានផលកានតែប្រសើរ។ ការជឿទុកចិត្តមនុស្សដែលមិនស្គាល់ច្បាស់ គឺត្រូវហាមប្រាមជាដាច់ខាត។ សូមរក្សាការរស់នៅយ៉ាងស្ងៀមស្ងាត់បំផុត ពីព្រោះលោកអ្នកមានមនុស្សចាំឈ្នានីសច្រើនក្នុងថ្ងៃនេះ។ សូមលោកអ្នកគិតគូរជាថ្មីអំពីសុខភាពចំណីអាហារ ប្រយ័ត្នរោគរលាកប្រព័ន្ធរំលាយអាហារ។ សម្រាបគូស្នេហ៍ មានភាពអនុគ្រោះស្រលាញ់រាប់អានគ្នាណាស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការនានារបស់អ្នកដំណើរការទៅយ៉ាងប្រសើរណាស់ ហើយនឹងមានមនុស្សគាំទ្រច្រើនផងដែរ។ ប៉ុន្តែក៏សូមរក្សាទឹកចិត្តអ្នកដទៃផងដែរ ដោយទម្លាក់ចុះភាពរឹងរូសឆេវឆាវ។ ការយល់ច្រលំមានសញ្ញាណកើតឡើងក្នុងថ្ងៃនេះ ដូច្នេះសូមកែប្រែស្ថានការណ៍ឲ្យបានប្រសើរ និងដោយសន្តិវិធី។ មនុស្សដែលគួរជៀសវាង គឺមានកំណើតឆ្នាំរកា។ ចំពោះទំនាក់ទំនងគូស្នេហ៍ គ្មានអ្វីត្រូវបារម្ភនោះទេ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ  នាមឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបអាជីវកម្ម និងទទួលបានអតិថិជនច្រើន រួមទាំងផលចំណេញមហាសាល។ ចំពោះលោកអ្នកប្រកបកិច្ចការឯកជន និងរដ្ឋនានានឹងទទួលបានជោគជ័យយ៉ាងពេញចិត្ត។ សូមកុំមានមន្ទិកក្នុងការរៀបចំពិធីមង្គលនានា ពីព្រោះលោកអ្នកអាចធ្វើទៅបានគ្រប់ពេល ហើយសំណាងក៏នឹងកើតឡើងផងដែរ។ លោកអ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងកុមារ។ ទោះយ៉ាងណាក្តី លោកអ្នកមិនគួរប្រាស្រ័យមនុស្សឆ្នាំរោងនោះទេ។ សម្រាប់គូស្នេហ៍ស្រលាញ់រាប់អានគ្នាណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការងាររកស៊ីខាតបង់​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗអាចនឹងមិនបានសម្រេចតាមបំណងប្រាថ្នាឡើយ។ ការជឿទុកចិត្តមនុស្សដោយងាយ មិនត្រូវធ្វើជាដាច់ខាត ចំណែកភាពអាណិតអាសូររបស់អ្នកក៏មិនអាចទទួលផលល្អតបស្នងមកដែរ។ ដូច្នេះចូរប្រើប្រាស់ពេលវេលាថ្ងៃនេះស្ងៀមស្ងាត់ និងគិតគូរតែនឹងវិធីសាស្រ្តដើម្បីឆ្លើយតប និងដោះស្រាយស្ថានការណ៍។ សូមកុំបោះបង់គំនិតយោបល់មនុស្សដែលតែងនៅក្បែរអ្នក។ សម្រាប់គូស្នេហ៍ មានភាពអនុគ្រោះគ្នាជាធម្មតា។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!