ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់សសរភ្លើង (លិង្គោទ្ភវ)

ចម្លាក់សសរភ្លើង (លិង្គោទ្ភវ)

ក្នុងសង្គមអ្នកស្រាវជ្រាវ ឬអ្នកសិក្សាប្រវត្តិសិល្បៈ គេតែងដឹងឮនិងស្គាល់ស្ទើរគ្រប់ៗគ្នាអំពី​ផ្តែរទ្វារមួយឈ្មោះថា “ផ្តែរវត្តអង្គខ្នារ” ដ្បិតនៅផ្នែកខាងលើនៃផ្តែរទ្វារនោះមានចម្លាក់​រឿងសសរភ្លើង ឬរឿងទេវកថាកំណើតលិង្គ ដែលជាភាសាសំស្រ្កឹតហៅថា “លិង្គោទ្ភវ”។ តាមពិត​ទៅផ្តែរទ្វារនេះមានប្រភពដើមនៅវត្តមហរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយគេដឹកយកទៅ​វត្តឥន្ទកុមារ ឬហៅឥន្ទខ្មារ ចុងក្រោយក៏ដឹកយកទៅរក្សាទុកនិងដាក់តាំង​បង្ហាញនៅសារមន្ទីរ​ជាតិភ្នំពេញ។ ពាក្យ “ឥន្ទខ្មារ” នេះហើយដែលបារាំងច្រឡំទៅជា “អង្គខ្នារ”។ ជាទូទៅចម្លាក់​សសរ​ភ្លើងនៅសម័យមុនអង្គរស.វ.ទី៧មានលក្ខណៈកម្រខ្លាំងណាស់នៅក្នុងសិល្បៈខ្មែរ ពោល បើរាប់ឲ្យមែនទែនទៅគេស្គាល់តែ​​ចម្លាក់លើផ្តែរទ្វារនេះមួយប៉ុណ្ណោះ។ សសរភ្លើងនេះហើយដែលយើងស្គាល់​គ្រប់គ្នាថា “លិង្គ” ដែលជារូបស្នងនៃព្រះឥសូរ។ ព្រះឥសូរ គឺជាអាទិទេពធំបំផុតដែលជាអ្នកបង្កើតលោក និងបំផ្លាញលោក ដែលគេចាត់ទុកដូចជាលោកធាតុនៃចក្រវាលជីវិតកើតនិងស្លាប់នៃជីវិតទាំងឡាយដែលរស់នៅលើផែនដី ដ្បិតលិង្គតែងមានទម្រជាយោនី ដូចក្នុងជំនឿជីវចល​គេជឿថា ដុំថ្ម ទីទួល កូនភ្នំ គេចាត់ទុកជាអ្នកតាឬអាទិទេពប្រុស ហើយចំណែកអាទិទេពភេទស្រី​វិញគេប្រៀបធៀបទៅនឹងរូងភ្នំឬដីដែលជានិម្មិតរូបនៃផ្ទៃមាតា។

តាមពិតទៅ ផ្តែរទ្វារមានចម្លាក់សសរ​ភ្លើងរបៀបនេះ ខ្ញុំធ្លាប់ឃើញមួយទៀតនៅវត្តស្លែង ដែលមានទីតាំងស្ថិតនៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ផ្តែរទ្វារនេះ គេទើបយកចេញពីទួលប្រាសាទបុរាណមួយនៅ​ទិសនិរតីវត្តស្លែង ដែលមានឈ្មោះថា “ទួលអន្សាស្លែង” ចម្ងាយប្រមាណ ៥០០ម៉ែត្រពីវត្តស្លែង។ ទីតាំងវត្តស្លែងនេះ ហាក់ដូចនៅឆ្ងាយពីក្រសែភ្នែកអ្នក​ស្រាវជ្រាវមកពីតំបន់អឺរ៉ុបកាលពីរវាងដើមស.វ.ទី២០ ដ្បិតបើយើងយោងលើបញ្ជីសារពើភណ្ឌ​របស់អ្នកស្រាវជ្រាវល្បីល្បាញពីររូបគឺលោក Étienne Aymonier និងលោក Lunet De Lajonquière មិនមានចុះបញ្ជីបុរាណដ្ឋានវត្តស្លែងឡើយ។ តែយ៉ាងណានៅទសវត្សរ៍១៩៧០ លោកស្រី Mireille Bénisti ធ្លាប់បានសិក្សាផ្តែរទ្វារមួយនៅវត្តស្លែងនេះដែរ គ្រាន់តែមិនមែនផ្តែរដែលមានចម្លាក់សសរភ្លើង ដ្បិតផ្តែរនេះគេទើបយកមកដាក់សម័យក្រោយនេះទេ។

រឿងទេវកថាកំណើតសសរភ្លើងនេះមាននិយាយនៅក្នុងគម្ពីរ Vayu Purana ហើយ បើ​សង្ខេបមកមានសេចក្តីដំណាលថា៖

ដល់កាលវេលាមួយដែលលោកទាំងបីបានរលាយអស់ គឺ​ត្រូវដល់ពេលបង្កើតអ្វីៗ ឡើងវិញពោល គឺត្រូវបង្កើតលោកទាំងបីឡើងវិញ ហើយលោកដែល​ចាប់កំណើតក្រោយ គេនោះ គឺស្ថានមនុស្ស។ ពេលនោះហើយដែលព្រះវិស្ណុផ្ទុំលើនាគអនន្តកណ្តាល​មហាសមុទ្រ ដើម្បីបង្កើតលោក ហើយមានផ្កាឈូកមួយផុសចេញពីផ្ចិតព្រះវិស្ណុ ដែល​ខាងលើផ្កា​ឈូក នោះ គឺព្រះព្រហ្ម ពោល គឺមានន័យថាព្រះព្រហ្មកើតចេញពីផ្ចិតរបស់ព្រះវិស្ណុ។ មាន ពេលមួយព្រះ​វិស្ណុ និងព្រះព្រហ្ម បានឈ្លោះប្រកែកគ្នាថា “តើនរណា​ជាអាទិទេពធំជាង គេ? ប្រកែកចុះប្រកែកឡើងក៏កើតជាឆាកប្រយុទ្ធគ្នាកើតឡើងអស់រយៈកាល១០០០ឆ្នាំ នៅតែមិន​ឈ្នះ​មិនចាញ់។ ​កំពុងតែ​ប្រយុទ្ធក៏មានសសរភ្លើងមួយផុសឡើងបំបែកទេព ទាំងពីរអង្គឲ្យឃ្លាតឆ្ងាយពីគ្នា ដែលសសរភ្លើង​នោះជាលិង្គមានព្រះនាមថា “ឥស្វរ” ពោល

គឺជាព្រះនាមទីមួយនៃព្រះសិវក្នុងចំណោមព្រះនាម​ទាំង១០៨​។ ព្រះវិស្ណុភ្ញាក់ព្រះ​កាយ សម្លឹងមើលទៅសសរភ្លើងដែលមាន​ភ្លើងចម្រុះពណ៌ ហើយលើកដៃប្រណម្យ​សំពះ និង មានបន្ទូលប្រាប់ព្រះព្រហ្មថា សសរភ្លើងនេះជាអ្នកបង្កើតលោកទាំងបី តែព្រះព្រហ្មមិន ជឿឡើយ​ ហើយពេលនោះសសរភ្លើងមានព្រះបន្ទូលទៅទេពទាំងពីរថា “បើអ្នក​មិនជឿ យើងដាក់បន្ទរពីរយ៉ាងឲ្យអ្នក​ស្រាយ បើអ្នកណាទៅរក​​ភស្តុ​តាងនៅ​កំពូលសសរភ្លើង និង គល់សសរភ្លើងយើងថាកំពូល និងគល់សសរនេះហោះដល់ស្ថាន​ណារកបានភស្តុ​តាង យើងនឹង​ជឿថាអ្នកនោះជាអ្នកបង្កើតលោក”។ ព្រះព្រហ្ម និងព្រះ​វិស្ណុក៏​យល់​ព្រម ហើយ ពេលនោះព្រះព្រហ្ម​បានក្រឡាខ្លួនជាសត្វហង្សហោះទៅរកកំពូលសសរភ្លើង រីឯ​ព្រះវិស្ណុ ក៏ក្រឡាខ្លួនជាជ្រូកព្រៃខ្មុរចុះ​ផែនដីទៅរកគល់សសរភ្លើង។ ទេពទាំងពីររកចុះរកឡើង​យ៉ាងណាក៏នៅតែពុំឃើញ ហើយព្រះវិស្ណុក៏ព្រមចុះចាញ់ រីឯព្រះព្រហ្មបានប្រើល្បិចថា ខ្លួនបានរកឃើញកំពូលសសរភ្លើង។ ដោយព្រះព្រហ្មនៅតែមិនព្រមចុះចាញ់ ព្រះឥស្វរក៏ បានដាក់បន្ទរ​ពីរបន្ថែមទៀត ពោល គឺទី១ ឲ្យទេពទាំងពីរចូលក្នុងសសរភ្លើង និងទី២ឱ្យ ទេពទាំងពីរចេញពី​សសរភ្លើង។ ចុងក្រោយទេពទាំងពីរក៏យល់ព្រមចុះចាញ់ និងទទួល ស្គាល់ថាសសរភ្លើងនេះ​ហើយដែលជាអ្នកបង្កើតលោកទាំងបី។

ផ្តែរទ្វារនៅវត្តស្លែងគេឆ្លាក់ រឿងទេវកថាសសរភ្លើងនៅផ្នែកខាងក្រោមចំពាក់កណ្តាល នៃ​ផ្តែរដែលក្នុងនោះមានចម្លាក់តួអង្គចំនួន៥ ហើយនៅកណ្តាលជារូបសសរភ្លើងមានមុខ ព្រះឥស្វរ នៅខាងស្តាំសសរភ្លើងជារូបព្រះព្រហ្ម នៅខាងឆ្វេងសសរភ្លើងជារូបព្រះវិស្ណុ និងនៅសងខាងមាន​ទេពពីរអង្គទៀតដែលយើងមិនដឹងថាជាទេពអង្គណានោះទេ។ ចម្លាក់ រឿងសសរភ្លើង នៅវត្ត​ស្លែង​មានភាពសឹករិចរិលច្រើន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ចម្លាក់រឿងសសរភ្លើងនៅលើផ្តែរ​ទ្វារទាំងពីរស្ថិតនៅក្នុងសម័យកាលតែមួយ ពោល គឺ រចនាបថព្រៃក្មេង នាស.វ.ទី៧ដូចគ្នា។ ប៉ុន្តែលក្ខណៈខុសគ្នានោះ គឺចម្លាក់រឿងទេវកថា សសរភ្លើងនៅលើផ្តែរទ្វារវត្តអង្គខ្នារ គេឆ្លាក់នៅផ្នែក​ខាងលើនៃផ្តែរ ពោល គឺត្រង់ក្បាច់ត្បូង ខ្លះហៅក្បាច់រាងរង្វង់ ឬខ្លះហៅក្បាច់មេដាយ៉ុង ក្នុង​លក្ខណៈសសរភ្លើងមានព្រះភក្រ្ត ព្រះឥស្វរនៅកណ្តាល នៅខាងឆ្វេងជាព្រះវិស្ណុ និងខាងស្តាំ​ជារូបព្រះព្រហ្ម ហើយនៅ ខាងចុងផ្តែរមានទេពពីរអង្គដូចផ្តែរទ្វារនៅវត្តស្លែងដែរ។

ផ្តែរទ្វារទាំងពីរនេះ គឺជាតឹកតាងយ៉ាងសំខាន់មួយដែលបញ្ជាក់ថានៅសម័យបុរាណ ខ្មែរ​ជ្រួតជ្រាបព្រហ្មញ្ញសាសនារឹងមាំណាស់ ហើយជានិច្ចកាលខ្មែរតែងតែយករឿងទេវកថា ដែល​មានចែងនៅក្នុងគម្ពីរផ្សេងៗមកឆ្លាក់លើថ្មបង្ហាញអំពីខ្សែរឿងទាំងនោះ។ ផ្តែរទ្វារចម្លាក់ សសរ​ភ្លើងនៅវត្តស្លែង គឺភស្តុតាងមួយថ្មីដែលស្តែងឲ្យឃើញអំពីឥទ្ធិពលនៃរឿងសសរ ភ្លើងក្នុងសង្គម​ខ្មែរនាស.វ.ទី៧។

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!