ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿទិដ្ឋភាពទូទៅអំពីអ្នកតា និងជីវចលក្នុងសង្គមខ្មែរ

ទិដ្ឋភាពទូទៅអំពីអ្នកតា និងជីវចលក្នុងសង្គមខ្មែរ

តើអ្វីជាជំនឿលើអ្នកតា ឬជីវចល?

គ្រប់សាសន៌ទាំងអស់លើលោកភាគច្រើនតែងមានជំនឿផ្សេងៗតាំងពីបុរាណមក រហូតដល់ការទទួលឥទ្ធិពលសាសនាហើយក៏ដោយ ក៏ការគោរព និងប្រតិបត្តិលើអ្នកតា ឬជិវចលនៅតែមានបន្តឥតដាច់ក្នុងផ្នត់គំនិតរបស់ពួកគេ។ ជំនឿលើអ្នកតា ឬជីវចលគឺសំដៅទៅលើការជឿ និងគោរពទៅលើអ្វីដែលគេគិតថាជាអ្នកគ្រប់គ្រងថែរក្សាស្រុកទេស មនុស្ស សត្វ និងអ្វីដែលជាធម្មជាតិជុំវិញខ្លួនមនុស្ស។ ក្នុងសម័យដើម ប្រជាជនខ្មែររស់លើតំបន់ខ្ពស់ និងឆ្ងាយពីគ្នាពីភូមិ មួយទៅភូមិមួយក្នុងភូមិភាគអាស៊ីអាគ្នេយ៍នេះឯង ពោរពេញទៅដោយ ទន្លេ ដងអូរ ព្រៃភ្នំ ខ្មែរមានដើមកំណើតលើទឹកដីដ៏ស្រស់នេះជាម្ចាស់ស្រុក ទើបជ្រើសយកទីខ្ពស់ដូចជាភ្នំ-ដំបូក-ទួល។ល។

តើអ្នកតាមានដើមកំណើតមកពីណា?

យើងពុំដឹងច្បាស់អំពីវត្តមាននៃជំនឿលើជីវចល ឬអ្នកតាថាលេចឡើងក្នុងសង្គមខ្មែរតាំងពីពេលណាមកនោះទេ តែគេអាចដឹងថាមនុស្សលើលោកចាប់ផ្តើមជឿលើព្រលឹង ឬសេចក្តីស្លាប់តាមរយៈការអនុវត្តការកប់សពជាដើម។ ក្នុងតំបន់អាស៊ីអាគេ្នយ៌ ពិសេសក្នុងប្រទេសកម្ពុជា ការរកឃើញផ្នូរកប់សពចាស់ជាងគេអាចមានអាយុកាលរហូតដល់៤០០០ឆ្នាំមុនគ្រឹស្គសករាជ ដូចជាស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពានជាដើម។ នេះសបញ្ជាក់ឱ្យឃើញថា មនុស្សសម័យនោះបានមានជំនឿលើសេចក្តីស្លាប់ ឬជិវិតក្រោយសេចក្តីស្លាប់ អាចថាគេជឿលើព្រលឹងរបស់មនុស្ស។ ក្រោយមក ក្នុងសម័យដែលលេចចេញជាសង្គមខ្មែរមួយច្បាស់លាស់ ពេលខ្លះគេអាចដឹងតាមរយៈសិលាចារឹកដែលបង្ហាញ ថា ខ្មែរជឿលើអ្នកតា ដែលជាអធិធម្មជាតិ មានដូចជាភ្នំ ព្រៃ បឹង ទន្លេ និងរុក្ខជាតិផ្សេងៗផងដែរ។ ជាឧទាហរណ៌មួយ សិលាចារឺកអង្គរបុរី K.៦០០ មានកាលបរិច្ឆេទឆ្នាំ៦១១គ.ស បានបង្ហាញពីវត្តមានអ្នកតាក្នុងសង្គមខ្មែរ ដែលគេបានរៀបចំគ្រឿងរណ្តាប់សំរាប់សែនថ្វាយ នោះគឺជាអ្នកតាដែលគង់នៅដើមរុក្ខជាតិម៉្យាងមានឈ្មោះថា សុក្រំ ដែលក្នុងសិលាចារឹកនោះគេហៅថា កម្រតាងអញតេមក្រម។ យើងអាចនិយាយបានថា ដើមកំណើត ឬប្រភពនៃអ្នកតាភាគច្រើនចេញពីមូលហេតុសំខាន់ៗ៣ ដូចជា៖

     ១.ធម្មជាតិ គឺសំដៅទៅលើអ្វីៗដែលផ្តល់ជាជម្រក ភោគផល និងភាពសំបូររុងរឿងដល់អ្នកស្រុក ឧទាហរណ៌ភ្នំ ទន្លេ បឹង ត្រពាំង រុក្ខាជាដើម។ ក្នុងសង្គមខ្លះ ឬវប្បធម៌ខ្លះ គេជឿថាធម្មជាតិមួយចំនួនមានភាពរស់រវើក ឬដូចជាជិវិតមនុស្សសត្វដែលអាចមានញាណអាចដឹងបាននូវអ្វីៗដែលនៅបរិស្ថានជុំវិញនោះ។ ដូចនេះហើយ ទើបគេជឿលើធម្មជាតិ ឬអធិធម្មជាតិ ដែលជាអ្នកផ្តល់នូវទីជម្រ អាហារ និងការលូតលាស់របស់មនុស្ស និងសត្វ មនុស្សជឿលើកំលាំងថាមពលរបស់ធម្មជាតិទាំងនោះ ប្រសិនបើធម្មជាតិណាមួយមានវិបត្តិឬបញ្ហា វានិងបង្កភាពមិនប្រក្រតីដល់ជិវិតមនុស្សសត្វដែរ។ ឧទាហរណ៌ កក្តាធម្មជាតិទាំងនោះ គឺទាក់ទងទៅនឹងធាតុទាំងសំខាន់៥លើលោក ដូចជា ទឹក (ភ្លៀង សមុទ្រ ទន្លេ ស្ទឹង បឹង…) ដី (ភ្នំ ទួល ដំបូក…) ភ្លើង ខ្យល់ និងឈើ (ព្រៃ)។ គេតែងបន់ជាដំបូងទៅដល់ធាតុទាំងនោះ ឧទាហរណ៌ការហៅខ្យល់ ឬភ្លៀងជាដើម ដោយមិនបាច់ប្រារព្ធធ្វើពិធីអ្វីធំទេ គឺគ្រាន់តែសំពះបែរបន់តាមមាត់ ឬក្នុងចិត្តក៏បានដែរ។

     ខ.មនុស្ស គឺសំដៅទៅលើបុគ្គលដែលមានសណ្តានចិត្តល្អ ឬអ្នកដែលហ៊ានលះបង់អាយុជិវិត ដើម្បីអ្នកស្រុក ឬជាតិ ក្រោយពេលបុគ្គលនោះស្លាប់ទៅ គេនៅរំលឹក និងគោរពបូជាដូចជាអ្នកតាដែរ។ ការសាងអំពីល្អ ឬការលះបង់ជិវិតក្នុងបុព្វហេតុជាតិ ឬធំណាមួយ រមែងធ្វើអោយអ្នកភូមិស្រុកគោរពចងចាំ ហើយជួនកាលបានសាងជារូបសំណាក ឬយកវត្ថុអ្វីមួយជាតំណាង ដោយគោរពដូចជាអ្នកតា ឬព្រលឹងដ៏មានរិទ្ធីអំណាចនៅថែរក្សាពួកគេផងដែរ។ ទិដ្ឋភាពបែបនេះ យើងឃើញមានច្រើនណាស់ក្នុងសង្គមខ្មែរតាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន ឧទាហរណ៍ដូចជាការគោរពលើអ្នកតាឃ្លាំងមឿង អ្នកតាឌីនៅព្រះវិហារ លោកយាយម៉ៅជាដើម។ ចំនុចនេះ គឺគេជឿខ្លាំងទៅលើព្រលឹងរបស់មនុស្ស ដែលខុសបន្តិចពីការគោរពប្រតិ្តបត្តិលើធម្មជាតិ។

    គ.ទេព គឺសំដៅលើការកែប្រែពីទេពនៅក្នុងសាសនា ដែលធ្លាប់មានក្នុងសង្គមពីបុរាណ ហើយត្រូវបានគេគោរពដូចជាអ្នកតានាពេលបច្ចុប្បន្ន។ ក្នុងសម័យបុរាណ ខ្មែរមានការគោរពយ៉ាងមុតមាំលើសាសនា ពិសេសពុទ្ធសាសនាមហាយាន និងហិណ្ឌូសាសនា ដោយមានទេពជាច្រើនត្រូវបានគេបូជា និងគោរព ដោយរួមមានទាំងការស្ថាបនាបដិមានានាតំណាងអោយទេពទាំងនោះផង។ ដោយមានការផ្លាស់ប្តូររបត់សង្គម និងសាសនា ការគោរពលើទេពក្នុងសាសនាមុនៗបានសាបរលាប តែបដិមាមួយចំនួនត្រូវកែប្រែឱ្យទៅជាទេពក្នុងសាសនាថេរវាទ ហើយមួយចំនួនតូចត្រូវបានចាត់ទុកថាជារូបតំណាងឱ្យអ្នកតាក្នុងស្រុកភូមិរបស់ពួកគេវិញ។ យ៉ាងណាមិញ ការផ្លាស់ប្តូរបែបនេះ យើងឃើញមាននៅតាមតំបន់មួយចំនួនដែលធ្លាប់ជាទីប្រជុំជនសំខាន់ៗនាសម័យបុរាណ ជាទីទួលប្រាសាទដែលបានរលំបែកបាក់ហើយ ត្រូវបានគេប្រមូលគរទុកនូវរាល់បំណែកចំលាក់ សំខាន់ៗទាំងឡាយ រួចសង់ខ្ទមប្រក់ពីលើធ្វើជាអ្នកតា។ ទេពសំខាន់ៗមួយចំនួនដែលត្រូវបានបាត់បង់អត្តសញ្ញាណ ឬពុំត្រូវបានស្គាល់ដោយមនុស្សសម័យក្រោយ ក៏ត្រូវបានឧបកិច្ចជាអ្នកតា ឬលោកយាយផងដែរ។ ជាឧទាហរណ៌ ដូចជារូបសំណាក់លោកយាយទេពនៅខេត្តសៀមរាប ដែលជាបដិមាដើមគឺជាព្រះយមរាជ។ ឧទាហរណ៌១ទៀត លោកតារាជ្យនៅអង្គរវត្ត ដើមឡើយជាអវលោកិតេស្វរៈក្នុងពុទ្ធសាសនាមហាយានក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។

រឿងពេ្រងមួយចំនួនទាក់ទងនិងប្រវត្តិអ្នកតា

ដោយសារតែជំនឿ និងការទាក់ទាញឱ្យអ្នកដទៃជឿក្នុងជំនឿរបស់ខ្លួន ឬតំបន់របស់ខ្លួន រឿងព្រេងជាច្រើនត្រូវបានគេបង្កើតឡើង ដោយពុំមានប្រភពច្បាស់លាស់ ជួនកាលគ្រាន់តែជាការនិយាយតៗគ្នារៀងមក។ រឿងពេ្រងទាំងនោះមានដូចជា៖ ប្រវត្ដិអ្នកតាឃ្លាំងមឿងអ្នកតាកងជុំ អ្នកតាម៉ឺនគង់ អ្នកតាត្រងោល អ្នកតាពុំសែន អ្នកតាគណេស អ្នកតាទួលស្លឹង អ្នកតាយាយខ្មៅ អ្នកតាភ្នំជី អ្នកតាទ្វារសុក អ្នកតាបាពាល រឺព្រះកន្លោង អ្នកតាសិង្ហនិងអ្នកតាព្រះឥន្ទ អ្នកតាសំពៅធ្លាយ អ្នកតាមេសនៅស្រុកបាភ្នំ អ្នកតាមហេសក្ខ ឬ អ្នកតាមាតគិត អ្នកតាបេង អ្នកតាតាស្រី និងយាយបុស អ្នកតាក្រហមក អ្នកតាជំទាវម៉ៅ អ្នកតាកង្ហារដែ អ្នកតាព្រះគណេស អ្នកតាយាយងួន អ្នកតាយាយខ្មៅ (នៅ​ស្រុក​បាសាក់ ភូមិ​សង្កែ ឃុំ​ទ្រឿង​ខាញ ខេត្ត​ឃ្លាំង) អ្នកតាតាលាក់ អ្នកតាតាថង អ្នកតាតានុង អ្នកតាព័ទ្ធសាឡី និងអ្នកតាតន់ជាដើម។

ប្រភេទ ឬឋានៈអ្នកតា

ជាធម្មតា មនុស្សរស់នៅតាមតំបន់ផ្សេងគ្នា តែងតែមានការគោរពខុសគ្នាបន្តិចបន្តួចលើអ្នកតា។ តែជាទូទៅ សំរាប់ជនជាតិខ្មែរ អ្នកតាទាំងឡាយច្រើនទទួលបានតាមការគោរពពីអ្នកក្នុងតំបន់ និងអ្នកដែលបានដឹង និងទៅដល់។ ចំនុចនេះ យើងឃើញថា ក្នុងសង្គមខ្មែរមានការគោរពលើអ្នកតាផ្សេងៗ រួមមានអ្នកតាភ្នំ អ្នកតាព្រៃ អ្នកតាចាស់ស្រុក អ្នកតាទឹក អ្នកតាដី អ្នកតារុក្ខា អ្នកតាទិសជាដើម។ អ្នកតាទាំងនោះមានឋានៈដូចគ្នាៗ តែគ្រាន់តែគង់នៅតាមតំបន់រៀងៗខ្លួន និងមានតួនាទីផ្សេងៗគ្នាដែរ។  

     ក.អ្នកតាចាស់ស្រុក

អ្នកតាចាស់ស្រុកគឺសំដៅទៅលើអ្នកតាដែលធំជាងគេក្នុងស្រុក ឬភូមិ ដែលមានតួនាទីជាអ្នកថែរក្សាស្រុកភូមិ មនុស្ស និងសត្វពាហនៈទាំងឡាយ។ អ្នកតាចាស់ស្រុកច្រើនកើតចេញពីបុគ្គលដែលមានកេរ្តិឈ្មោះល្បីល្បាញក្នុងស្រុកភូមិ ភាគច្រើនជាមេទ័ពសម័យបុរាណ ដែលគេគិតថាជាអ្នកខ្លាំងពូកែបានជួយសង្រោ្គះដល់មាតុភូមិ ហើយនៅពេលស្លាប់ទៅត្រូវបានគេគោរព និងជឿថាព្រលឹងរបស់គាត់បានក្លាយជាអ្នកតាដែលមានឫទ្ធិអំណាចអាចការពារភូមិស្រុកនិងមនុស្សតទៅទៀតបាន។ អ្នកតាចាស់ស្រុកមានស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ពិសេសនៅតាមភូមិដ្ឋានដែលជាស្ថានីយបុរេប្រវត្តិសាស្រ្ត ឧទាហរណ៌ភូមិមូល គឺអ្នកតាចាស់ស្រុករបស់គេច្រើនតែនៅចំផ្ចិតកណ្តាលនៃភូមិ និងតាមតំបន់ជនជាតិភាគតិច គឺច្រើននៅតាមជាយភូមិ ឬក្នុងព្រៃក្បែរភូមិកររបស់គេ។ នៅតំបន់ខ្លះ គេហៅអ្នកតាចាស់ស្រុកថា អ្នកតាគង់ស្រុកផងដែរ។

     ខ.អ្នកតាភ្នំ

អ្នកតាភ្នំ គឺសំដៅអ្នកតាដែរនៅថែរក្សា​ ឬគ្រប់គ្រងតំបន់ភ្នំ។ អ្នកតាភ្នំមានប្រភពពីរ គឺអ្នកតាភ្នំដែលគេគោរពនិងដាក់ឈ្មោះអោយជាលក្ខណៈធម្មជាតិ និងអ្នកតាភ្នំដែលកើតឡើងពីមនុស្ស ឬបុគ្គលណាមួយ។ ក្នុងប្រទេសកម្ពុជាយើងនេះ អ្នកតាភ្នំមានស្ទើរគ្រប់តំបន់ណាដែលមានភ្នំ ជួនកាលនៅលើភ្នំតែមួយគឺអាចមានអ្នកតាពីរ ឬច្រើនទៀតផង។ គេច្រើនធ្វើការបន់ស្រន់ដល់អ្នកតាភ្នំនៅពេលគេទៅលេងកំសាន្ត ពិសេសគឺដំណើរស្វែងរកសត្វ ឬរុក្ខជាតិនានា។

     គ.អ្នកតាទឹក

អ្នកទឹកគឺសំដៅលើអ្នកតាដែលរក្សានៅតាមបឹងបួរ អូរ ស្ទឹង ទន្លេ និងសមុទ្រ។ អ្នកខ្លះបានចាត់ទុកថា ឬហៅអ្នកតាទឹកថា អារក្ខទឹក គឺជាអ្នកដែលនៅចាំយាមនៅក្នុងទឹក។ អ្នកស្រុកមួយចំនួនជឿថា នៅពេលមានមនុស្សលង់ទឹកលិចបាត់រកមិនឃើញ គេតែតែងធ្វើពិធីបួងសួងសុំដល់អារក្ខទឹកប្រគល់មនុស្សដែលលង់ទឹកនោះមកវិញ ព្រោះគេជឿថាអារក្ខទឹកបានលាក់រូបកាយរបស់បុគ្គលនោះ ដោយសារបុគ្គលនោះបានប្រព្រឹត្តិខុសដោយទង្វើ ឬដោយពាក្យសំដីអ្វីមួយ។ ចំពោះប្រជានេសាទទាំងទឹកសាប និងទឹកសមុទ្រ គេតែងធ្វើការបួងសួងដល់អ្នកតាទឹក ដើម្បីអោយគេបានទទួលសុខសប្បាយ និងភោគផលពីការនេសាទរបស់ពួកគេ។

     ឃ.អ្នកតាដី

អ្នកតាដីគឺសំដៅលើអ្នករក្សាដីធ្លី ផ្ទះសំបែង គឺគេអាចហៅថាព្រះភូមិ។ ព្រះភូមិ ឬអ្នកតាដី ជាទូទៅមានច្រើន ពោលគឺនៅតាមផ្ទះមួយ គេតែងនិមន្តអញ្ជើញអ្នកតាម្នាក់អោយមកធ្វើជាព្រះភូមិរបស់ពួកគេ ដោយមានតួនាទីរក្សាភូមិករ ផ្ទះសំបែងនៅក្នុងព្រំរបងជាកំណត់។ ជាធម្មតា គេតែងធ្វើរានតូចមួយ ឬជាផ្ទះតូចមួយដែលទ្រដោយសសរមួយដើម ឧទ្ទិសដល់អ្នកតាដី ហើយផ្ទះឬរាននោះជាទូទៅគឺត្រូវបែររកទ្វារចូលផ្ទះ។ អ្នកតាដីឬព្រះភូមិត្រូវបានគេគោរពយ៉ាងខ្ជាប់ខ្ជួន ទាំងនៅជនបទ និងទីក្រុង។ នៅតំបន់ខ្លះ អ្នកតាដីឬព្រះភូមិត្រូវបានគេអញ្ជើញអោយមកចាំរក្សាដីធ្លីនៅពេលអាចារ្យរៀបចំធ្វើពិធីសែនក្រុងពាលីមុនសាងសង់ផ្ទះសំបែង។

     ង.អ្នកតាដើមឈើ ឬអ្នកតាព្រៃ

អ្នកតាដើមឈើ ឬអ្នកស្រុកខ្លះហៅថា អារុក្ខទេវតា គឺជាអ្នករក្សានៅតំបន់ព្រៃធំៗ។ ជាទូទៅ អ្នកតាដើមឈើតែងតែពួកស្នាក់អាស្រ័យនៅតាមដើមឈើធំៗដែលមានមែកម្លប់ត្រសុងត្រសាយ ដូចជាដើមពោធិ ឬដើមជ្រៃជាដើម។ គេ​ច្រើន​នាំ​គ្នា​សន្មត​ថាទេ​ព្រ័​ក្សអ្នកតា​ទាំងនោះ​ស្នាក់​នៅ​អាស្រ័យ​នៅ​លើ​ដើមឈើ​ធំ​ខ្ពស់​ជាងគេ នៅ​លើ​ថ្ម​ធំ នា​កំពូលភ្នំ ឬ​នៅ​ត្រពាំង​ធំ​នៅ​ក្នុង​ព្រៃ​នោះ។ ការ​សន្មត​នេះ​ពុំ​មាន​កិច្ចធានា​ជាក់លាក់ ធ្វើ​ឱ្យ​អ្នកស្រុក​កត់ សម្គាល់​ច្បាស់លាស់​ថា កន្លែង​នោះ ពិតជា​លំនៅ​ឋាន​របស់​អ្នកតា​នោះ​ឡើយ។ គេ​នៅ​តែ​មានការ​សង្ស័យ​ជាប់​ជា​និច្ច​ គឺ​ក្នុង​ស្មារតី​ចង់​ដឹង​ច្បាស់លាស់ ចង់​ឃើញ​ទីតាំង​ពិតប្រាកដ​របស់​ទេ​ព្រ័​ក្ស អ្នកតា​នេះ​ហើយ បានជា​មាន​ដុះ​គំនិត​ឧបកិច្ច​ឱ្យ​កើត​មាន​ទីលំនៅ​របស់​អ្នកតា​ព្រៃ។ ​

សរុបមក នេះជាសេចក្តីសង្ខេបអំពីទិដ្ឋភាពអ្នកតាឬជីវចលក្នុងសង្គមខ្មែរ ដែលតែងតែឋិតនៅក្នុងផ្នត់គំនិតប្រជាជនជាប់ជានិច្ច។ ការគោរព និងប្រតិបត្តិចំពោះអ្នកតាតែងមានលក្ខណៈខុសគ្នាតិចតួចតាមតំបន់ និងឋានៈ។

អត្ថបទដោយ៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!