ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាកំណាយស្រាវជ្រាវបុរាណវិទ្យានៅស្ថានីយកប់សពសម័យដែកក្នុងភូមិក្រសាំងថ្មី

កំណាយស្រាវជ្រាវបុរាណវិទ្យានៅស្ថានីយកប់សពសម័យដែកក្នុងភូមិក្រសាំងថ្មី

ភូមិក្រសាំងថ្មីមានទីតាំងនៅក្នុងឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ភាគពាយ័ព្យនៃព្រទេសកម្ពុជា។  ស្ថានីយនេះត្រូវបានរកឃើញ និងស្គាល់ថាជាស្ថានីយបុរាណតាមរយៈការស្ថាបនាផ្លូវថ្មី ក្នុងឆ្នាំ២០០០។ សំណល់វត្ថុសិល្បៈដែលរាយប៉ាយនៅលើផ្ទៃដីខាងលើ និងតាមរយៈសកម្មភាពលួចជីកកកាយ​បានបង្ហាញថា ស្ថានីយនេះមានអាយុកាលស្ថិតនៅក្នុងសម័យបុរេប្រវត្តិសាស្ត្រ។ តាមរយៈភស្តុតាងទាំងនេះ ធ្វើអោយអ្នកបុរាណវិទ្យាបានធ្វើកំណាយស្រាវជ្រាវចំនួន២លើក (ឆ្នាំ២០០៣ និង ២០០៤) ហើយផ្នូរកប់សពចំនួន១០ត្រូវបានរកឃើញនៅកន្លែង ឬរណ្តៅផ្សេងៗគ្នា ដោយមានកប់ជាមួយនូវវត្ថុសិល្បៈផ្សេងៗ រួមទាំងឆ្អឹងសត្វផងដែរ។

ដំណើរការធ្វើកំណាយ

កិច្ចការស្រាវជ្រាវ និងការធ្វើកំណាយបុរាណវិទ្យានៅភូមិក្រសាំងថ្មីក្នុងឆ្នាំ២០០៣ និង២០០៤នេះ គឺក្រោមការឧបត្ថម្ភថវិកាដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំង បានការអនុញ្ញាតិពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កំណាយនេះមាន២ដំណាក់កាលគឺ៖

         ១. កំណាយឆ្នាំ២០០៣៖ ជាកំណាយផ្ទាល់ខ្លួនរបស់លោក សុខ កែវ សុវណ្ណារ៉ា និងកញ្ញា អួន ស៊ីណាង ដើម្បីប្រមូលយកទិន្នន័យសរសេរអត្ថបទសារណាបញ្ចប់បរិញ្ញាប័ត្រនៃមហាវិទ្យាល័យបុរាណវិទ្យា។ កំណាយបានអនុវត្តលើទីតាំងរណ្តៅចំនួន៣កន្លែងផ្សេងគ្នា ហើយបានជួបប្រទះផ្នូរសពមនុស្សចំនួន១។ 

         ខ.កំណាយឆ្នាំ២០០៤៖ ជាកំណាយស្រាវជ្រាវបន្ថែម និងជាកម្មសិក្សាបែបអនុវត្តវិធីសាស្ត្រនៃការស្រាវជ្រាវ និងកំណាយបែបបុរាណវិទ្យាដល់និស្សិតបុរាណវិទ្យា។ កំណាយនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់បន្ថែម និងប្រមូលទិន្នន័យជាក់លាក់សម្រាប់  បកស្រាយអំពីស្ថានីយកប់សពមួយនេះ។

ជាលទ្ធផលបណ្តោះអាសន្ន ផ្នូរកប់សពចំនួន៨ ត្រូវបានជួបប្រទះ។ ផ្នូរសពមនុស្សគេកប់ភាគច្រើន បែរក្បាលទៅទិសពាយ័ព្យដែលគេជំនឿថាជាទិសនៃសេចក្តី ស្លាប់ និងមានការរៀបចំឥរិយាបថដេករបស់សពមានរបៀបទៅតាម ជំនឿ និងទំនៀម ទម្លាប់របស់មនុស្សសម័យនោះ។ ក្នុងនោះសពមួយចំនួនយើងឃើញ គ្រោងឆ្អឹងនៅល្អ ទាំងមូល និងខ្លះៗទៀតគ្រោងឆ្អឹងមានសភាពពុកផុយស្ទើរតែទាំងអស់។ រីឯផ្នូរសពមួយចំនួនទំនងជាផ្នូរសពអ្នកមានទ្រព្យសម្បត្តិធូរធា ដ្បិតអីយើងប្រទះឃើញ ក្នុងផ្នូរសពនោះ មានដាក់ភ្ជាប់នៅវត្ថុសិល្បៈជាច្រើនជាមួយនឹងសពដូចជា កុលាភាជន៍ និងគ្រឿងអលង្ការពីសំរឹទ្ធិ និងវត្ថុសិល្បៈផ្សេងៗទៀតធ្វើដែក។ ដោយឡែកផ្នូរសពខ្លះពុំ សូវឃើញមានច្រើននៅវត្ថុសិល្បៈ ដែលដាក់ភ្ជាប់ជាមួយនឹងសពនោះទេ នេះអាចជាសព ពុំសូវមានទ្រព្យធនធានច្រើន។

អំពីវត្ថុសិល្បៈដែលរកឃើញ

តាមរយៈកំណាយ វត្ថុសិល្បៈខុសៗគ្នាមួយចំនួនត្រូវបានរកឃើញដូចជា កុលាភាជន៌ ឧបករណ៍ធ្វើអំពីថ្ម សព្វាវុធធ្វើអំពីដែក គ្រឿងអលង្កាធ្វើអំពីសំរឹទ្ធនិងដែក វត្ថុធ្វើអំពីភ្លុក អង្កាំកែវ ឧបករណ៍ធ្វើអំពីដីដុត និងឆ្អឹងសត្វ។ល។ កុលាលភាជន៍ជាប្រភេទភាជន៍ផុយ មានបីបួនរូបរាង ដូចជាចានក្រឡោម ឆ្នាំង ក្រឡ និងក្អមទឹកជាដើម។ ភាជន៍ទាំងនេះជាទូទៅមានលម្អរដោយក្បាច់ជាច្រើនដូចជាក្បាច់ប្រថាប់ ខ្សែឆូត ខ្សែពក និងមួយចំនួនមានលាបទឹកដីឥដ្ឋ និងពណ៌ក្រហម។ ភាជន៍នៅស្រទាប់ដីលើមួយចំនួនបង្ហាញពីសិល្បៈសម័យអង្គរ ជាភាជន៍រឹង មានស្រទាប់រលោងពណ៌បៃតងពិសេសគឺក្អម។ វត្ថុធ្វើពីសំរឹទ្ធភាគច្រើនជាប្រភេទគ្រឿងអលង្កា ដូចជាចិញ្ចៀន កងដៃ អកកំបោរ និងកណ្តឹង។ ចំណែកវត្ថុធ្វើអំពីដែកមានដូចជា ដាវ កំាបិត ក្បាលព្រួញ ក្បាលលំពែង កងដៃ កងក និងស័ក្តលើស្មា។ អង្កាំកែវពណ៌ទឹកឃ្មុំតូច១រកឃើញក្នុងរណ្តៅទី១ក្នុងឆ្នាំ២០០៣ ហើយចំនុចនេះខុសពីស្ថានីយភូមិស្នាយដែលភាគច្រើនគេរកឃើញអង្កាំកែវនៅជាមួយសព។​   

ការកប់សព និងរចនាសម្ព័ន្ធផ្នូរ

ការរកឃើញផ្នូរសពមនុស្សបានផ្តល់នូវពត៌មានបឋមមួយចំនួនអំពីរចនាសម្ព័ន្ធផ្នូរដែលអាចអោយយើងបែងចែកជា២ប្រភេទ គឺផ្នូរតែឯង និងផ្នូរជាក្រុម។ រណ្តៅទី៣ក្នុងឆ្នាំ២០០៣បង្ហាញពីសពតែឯង ដែលកប់ក្នុងផ្នូរដែលគេជីកដីជារណ្តៅ។ ផ្នូរសពក្នុងរណ្តៅទី២ ទី៤ និងទី៦បង្ហាញពីវត្តមាននៃការកប់សពជាក្រុម ឬក្បែរៗគ្នា ដែលស្ទើតែក្នុងស្រទាប់ដីជាមួយគ្នា។ សពទាំងនេះ ជាទូទៅ គេកប់ដោយមានរៀបចំគ្រឿងបន្លុងផ្សេងៗ ដូចជាកុលាលភាជន៍ អង្កាំកែវ វត្ថុធ្វើពីសំរឹទ្ធ ឧបករណ៍ធ្វើពីដែកនិងដីដុត និងឆ្អឹងសត្វជាដើម។ សពត្រូវបានគេកប់ក្នុងទម្រង់២ គឺសពភាគច្រើនកប់ក្នុងទម្រង់ដេកសណ្តូកត្រង់  (ជួនកាលដៃឆ្វេងដាក់លើពោះ) ក្បាលបែរទៅទិសពាយ័ព្យ ច្រើនកប់ក្បែរគ្នា និងអមដោយកុលាលភាជន៍តែប៉ុណ្ណោះ។ សពទម្រង់ទី២ គឺគេកប់ដោយបែរក្បាលទៅទិសអាគ្នេយ៍      បញ្ច្រាស់ពីទម្រង់ទី១ ជួនកាលដេកអង្កុញ និងមានវត្ថុបន្លុងយ៉ាងច្រើន។

កាលបរិច្ឆេទស្ថានីយ និងការរស់នៅ

ការសិក្សាជាដំបូង ដោយពឹងផ្អែកលើការកំណត់អាយុកាលស្ថានីយដោយប្រៀបធៀបវប្បធម៌នៃវត្ថុសិល្បៈជាមួយស្ថានីយដទៃដែលមានលក្ខណៈស្រដៀងគ្នា បានបង្ហាញថា ស្ថានីយភូមិក្រសាំងថ្មីនេះស្ថិតនៅក្នុងសម័យវប្បធម៌ដែកនៃកម្ពុជា អាចចន្លោះពីឆ្នាំ២០០មុនគ្រឹស្គសករាជទៅឆ្នាំ១០០ក្រោយគ្រឹស្គសករាជ។ លោក Christophe Pottier បានគិតថាស្ថានីយនេះអាចមានអាយុកាលក្នុងសតវត្សទី១មុនគ្រឹស្គសករាជ។ បើតាមលទ្ធផលនៃការវិភាគលើឆ្អឹងសពរណ្តៅទី៣ (ឆ្នាំ២០០៣) ផ្តល់នូវលទ្ធផលកាលបរិច្ឆេទ គឺចន្លោះពីឆ្នាំ៥១មុនគ្រឹស្គសករាជទៅឆ្នាំ១២៨ក្រោយគ្រឹស្គសករាជ។ លទ្ធផល១ទៀត បានពីឆ្អឹងសពក្នុងរណ្តៅកំណាយឆ្នាំ២០០៤ បង្ហាញពីទន្និន័យឆ្នាំចន្លោះពី ១៣៧ដល់៣៤១នៃគ្រឹស្គសករាជ។ តាមរយៈលទ្ធផលនៃការវិភាគឆ្អឹងទាំង២នេះ យើងអាចសន្និដ្នានជាបណ្តោះអាសន្នថា ស្ថានីយភូមិក្រសាំងថ្មីដែលមានប្រពៃណីនៃការកប់សពដូចដែលបានឃើញតាមរយៈកំណាយនេះ គឺមានអាយុកាលក្នុងសម័យដែក ចន្លោះពីសតវត្សទី១មុនគ្រឹស្គសករាជ ទៅសតវត្សទី៤នៃគ្រឹស្គសករាជ អាចដូចគ្នាទៅនឹងស្ថានីយវត្តភ្នំបូរី។ ស្ថានីយនេះបានបន្តរស់នៅដោយមនុស្សរហូតមកដល់សព្វថ្ងៃ។ ចំនុចមួយផ្សេងទៀត បើយើងពិនិត្យមើលលើវត្ថុខុសៗគ្នា និងផ្នូរសពបង្ហាញថា ស្ថានីយនេះមានការរស់នៅដោយមនុស្សក្នុងសម័យកាលខុសៗគ្នាដែរ។ វត្តមាននៃឧបករណ៍ថ្ម បង្ហាញថាមានមនុស្សមកដល់ និងអាចរស់នៅ យ៉ាងហោចណាស់ក្នុងសម័យថ្មរំលីងដែរ។  

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!