ទំព័រដើមប្រវត្តិសាស្ត្រព្រះម៉ែធរណីតាមចម្លាក់ និងជំនឿផ្សេងៗ

ព្រះម៉ែធរណីតាមចម្លាក់ និងជំនឿផ្សេងៗ

សម្រាប់អត្ថបទនិយាយអំពីនាងគង្ហីង គឺធ្លាប់បានបង្ហាញរួចមកហើយក្នុងគេហទំព័រ AMS Khmer Civilization (https://ams.com.kh/khmercivilizations/detail/2863)ដោយផ្តោតសំខាន់អំពីពាក្យនាងគង្ហីងក្នុងសិលាចារឹក ពោល គឺពុំបានរៀបរាប់ឱ្យបានវែងឆ្ងាយតាមរយៈចម្លាក់សិល្បៈ និងជំនឿផេ្សងៗ។ ដូច្នេះសម្រាប់អត្ថបទបទនេះនឹងពិចារណាលើប្រវត្តិក្នុងការគោរព ចម្លាក់សិល្បៈ សិលាចារឹក និងជំនឿដែលបង្ហាញការគោរពប្រតិបត្តិក្នុងកិច្ចពិធីផ្សេងៗក្នុងប្រពៃណីខ្មែរ។

ព្រះម៉ែធរណីស្គាល់ថាជានាងគង្ហីង ឬជាទេពតំណាងអោយព្រះធរណី(ទឹកដី)នៅក្នុងសង្គមខ្មែរ។​ ប៉ុន្តែក្នុងជំនឿភូមា និងឥណ្ឌាវិញ គាត់មានឈ្មោះថា (Vasundhara ឬVasun dari) មានន័យថាទឹកដី។ ព្រះម៉ែក៏មានបង្ហាញក្នុងចម្លាក់ បដិមាទោល នៅតាមប្រាសាទ និងផ្ទាំងគំនូរវត្តអារាមនានាក្នុងស្រុកខ្មែរ ជាពិសេសប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀត។ ប៉ុន្តែព្រះម៉ែធរណីប្រទះឃើញមានក្នុងប្រពៃណីជាភាសាសឹស្ត្រឹតបុរាណទាំងខ្មែរ ឥណ្ឌា និងភូមា។ គាត់បង្ហាញជារូបភាពដំណាងឱ្យយធរណី ដែលយើងប្រទះឃើញមានបន្តក្នុងកិច្ចពិធីផ្សេងក្នុងសង្គមខ្មែរ ឧទាហណ៍ ឡើងគេហដ្ឋាន អភិសេកព្រះ និងជំនឿលើយ័ន្ត ជាដើម។ ជាពិសេសព្រះម៉ែ ជាព្រះពោធិសត្វការពារក្នុងពេលដែលផ្ចាញ់មារក្នុងប្រវត្តិព្រះពុទ្ធ។​ អត្ថបទបទនេះនឹងពិចារណាលើប្រវត្តិក្នុងការគោរព ចម្លាក់សិល្បៈ សិលាចារឹក និងជំនឿដែលបង្ហាញការគោរពប្រតិបត្តក្នុងកិច្ចពិធីផ្សេងៗក្នុងប្រពៃណីខ្មែរ។

ព្រះម៉ែធរណីនៅបន្តការគោរពប្រតិបត្តខ្លាំងក្នុងជំនឿខ្មែរ ភូមា ឥណ្ឌា និងប្រទេសអាស៊ីអាគ្នេយ៍រហូតដល់បច្ចុប្បន្ន។ អ្នកស្រាវជ្រាវមួយចំនួនបង្ហាញពីភស្តុតាងការគោរពព្រះម៉ែនៅក្នុងអត្ថបទជាភាសាបាលី។ លោកហ្សកសឺដេសបានសំគាល់ពាក្យ paṭhama- sambodhi និងព្រះម៉ែធរណី គឺប្រទះឃើញក្នុងភាសារបាលីពីសតវត្សទី១៤ និង១៦ គ.ស។ ប៉ុន្តែតាមពិតឃើញបង្ហាញច្បាស់លាស់ក្នុងអត្ថបទជាភាសាសឹស្រ្តឹត ដូចជានៅក្នុងគម្ពីជាពុទ្ធសាសនាមហាយាននៅប្រទេសចិន និងក្នុងសិលាចារឹកខ្មែរសម័យមុនអង្គរមកម្លេះ។ ជាពិសេសទៀតនៅក្នុងជញ្ជាំងសិល្បៈប្រទេសឥណ្ឌាហ្គានថារ៉ា (Gangdhara) នៅសតវត្សទី១គ.ស​ មានបង្ហាញព្រះម៉ែធរណីនៅខាងក្រោមបល្ល័ង្កព្រះពុទ្ធរូប និងប្រទះឃើញនៅហ្គុបតា (Gupta) សតវត្សទី៥គ.ស ក្រោយមកទៀត​។ សិល្បៈព្រះម៉ែធរណីនេះបង្ហាញជាចម្លាក់ស្រដៀងគ្នានៅសង្គមខ្មែរ និងភូមាក្នុងសម័យអង្គរ។ ដូច្នេះព្រះម៉ែធរណីល្បីល្បាញក្នុងទម្រង់ជារូបព្រះពុទ្ធផ្ចាញ់មាក្នុងសិល្បៈឥណ្ឌាតំបូងៗ ហើយប្រហែលមកដល់ភូមា និងខ្មែរពីសវទី១០គ.ស។

សិល្បៈព្រះម៉ែធរណីបង្ហាញស្រដៀងគ្នានៅក្នុងជំនឿខ្មែរ និងភូមា។​​ ប្រជាជនទាំងពីរបានអនុវត្តន៌ការគោរពព្រះពុទ្ធផ្ចាញ់មារ (bhūmisparśamudrā) ជាមួយរូបព្រះម៉ែធរណី។ ការប្រតិបត្តិព្រះម៉ែធរណីស្រដៀងគ្នាក្នុងសម័យអង្គរ និងបាហ្គាន (Pagan) ចាប់ពីសវទី១០ ដល់ទី១៣ គ.ស។ ប៉ុន្តែមានសិល្បៈព្រះម៉ែធរណីខ្លះបានគោរពក្នុងសម័យកាលផ្សេងៗគ្នា តែមានកាយវិការស្រដៀងគ្នា។ ឧទាហណ៍រូបនៅជញ្ជាំងប្រាសាទបន្ទាយឆ្មារជ្រុងហោជាងប្រាសាទតាព្រហ្ម ប្រាសាទជ្រុងកំពែងអង្គរ ហោជាងប្រាសាទបន្ទាយធំ (ទាំងចម្លាក់តូចៗតាមជញ្ជាំង) រូបបង្កាន់ដៃនាគនៅអភិរក្សដ្ឋានអង្គរ។ ចម្លាក់ហោជាងនៅក្នុងអភិរក្សដ្ឋានអង្គរសតវត្សទី១២គ.ស រូបសំរឹទ្ធនៅសារមន្ទីរជាតិភ្នំពេញ (Ga.5473 ស.វទី១៥គ.ស) ស្រដៀងគ្នាទៅនឹងរូបសំរឹទ្ធនៅភូមា (លេខN.72)  និងកាយវិកាទេពស្រីមួយចំនួនទៀតមកពីសម័យប៉ាហ្គាន។​ រីឯការបង្ហាញជាម៉ូតសក់វែង និងមុខមាត់ជាស្រ្តីស្រដៀងគ្នាទៅនឹងរូបអប្សរាក្នុងតំបន់អង្គរ និងបាហ្គាន។​ តែខុសគ្នាត្រង់ម៉ូតសក់របស់ព្រះម៉ែធរណីបង្ហាញជាលក្ខណៈមានកាយវិការ។

ផ្សេងពីនេះទៀតសិល្បៈព្រះម៉ែបង្ហាញនៅលើបង្គោលសីមា ពពិល និងយ័ន្តដែល បង្ហាញការគោរពខ្លាំងក្នុងជំនឿ និងពិធីផ្សេងៗរបស់ខ្មែរ។ ដូច្នេះរូបចម្លាក់ ឬជំនឿលើម៉ែធរណីប្រហែលមានតាំងពីមុនសម័យអង្គរ ពីព្រោះព្រះម៉ែធរណីបង្ហាញក្នុងសិល្បៈចិនតាំងពីដើមសតវត្សទី៧គ.សមកម្លេះ។ តាមសិលាចារឹក K.293-40 និងសិលាចារឹកមុនអង្គរក្រាំងព្រះពុទ្ធ K.1413 សរសេរពីព្រះម៉ែធរណីឬនាងគង្ហីង ដែលជាទេពក្នុងសាសនាព្រាហ្មណ៍។ នាងគង្ហីងមានន័យខ្លាំងពូកែ ខ្ពង់ខ្ពស់ ដែលប្រើច្រើនក្នុងឋានន្តរនាមរបស់នារី ឬក្សត្រីនៃវណ្ណៈអភិជន ឬរាជវង្សានុវង្ស។ ក្រោយមកទៀតចម្លាក់ព្រះម៉ែធរណីហាក់ ដូចជាពុំសូវមានការពេញនិយមខ្លាំងដូចមុនក្នុងភូមាចាប់ពីសតវត្សទី១៧គ.ស ដោយបាន ឆ្លាក់ចេញដាច់ពីរូបព្រះពុទ្ធផ្ចាញ់មារនៅលើបង្គោលសីមាជុំវិញព្រះវិហារវិញ។ ប៉ុន្តែនៅកម្ពុជាគេតែងឆ្លាក់រូបជាប់បល្ល័ង្ក និងនៅក្នុងព្រះវិហាររហូតដល់សម័យបច្ចុប្បន្ន។

លក្ខណៈពិសេសផ្សេងទៀត ព្រះម៉ែធរណី គឺល្បីល្បាញក្នុងពីធីអភិសេកព្រះនៅប្រទេសកម្ពុជា ដែលយើងពុំដែលឃើញអនុវត្តនៅប្រទេសភូមាទេ(រូបលេខ៩)។ នៅប្រទេសកម្ពុជាទាក់ទងនឹងព្រះម៉ែធរណី និងមារ គឺបានសំដែងក្នុងពិធីជាសាច់រឿងនៅតាមជនបទ។ ផ្ចាញ់មារ គឺសំដែងដោយក្រុមក្មេងប្រុស និងស្រីរាំក្នុងពេលធ្វើពីធីអភិសេកព្រះនៅក្នុងវត្តអារាម ឧទាហរណ៍នៅខេត្តបាត់ដំបង និងសៀមរាប។ ដូច្នេះប្រហែលខ្មែរស្គាល់ព្រះម៉ែធរណី និងការសម្តែងតាំងពីសម័យមុនអង្គរមក ហើយបន្តគោរពនៅក្នុងព្រះវិហារ ប៉ុន្តែនៅប្រទេសភូមាឆ្លាក់រូបព្រះម៉ែធរណីនៅខាងក្រៅជុំវិញព្រះវិហារវិញពេលក្រោយៗមក។

ចម្លាក់ព្រះម៉ែធរណីនៅពពិល ដែលខ្មែរប្រើប្រាស់ក្នុងពីធីផ្សេងៗជាពិសេសក្នុង ពិធីមង្គលការដូចជា ក្នុងពិធីបង្វិល។ ក្នុងនោះយើងក៏ឃើញរូបព្រះម៉ែធរណីមានសូនជារូបក្នុងពីធីប្រុងពលីផ្សេងៗជាពិសេសពិធីសាងសង់អាគាថ្មី គឺក្នុងន័យខាតបង់អ្វីមួយដើម្បីបានអ្វីមួយថ្មីដែលបញ្ជាក់ពីការដុះដាលចម្រុងចម្រើនទៅមុខ។ សរុបសេចក្តីមកចម្លាក់ព្រះម៉ែធរណី និងការគោរព គឺមានតាំងពីសម័យមុនអង្គរមកម្ល៉េះ ដោយយើង​ប្រទះឃើញមានក្នុងសិលាចារឹក។ ចម្លាក់នៅតាមប្រាសាទមួយចំនួនដូចជាតាព្រហ្ម បន្ទាយធំ បន្ទាយឆ្មារ ព្រះខ័ន​ ប្រាសាទជ្រុង បាយ័ន ដែលរូបមួយចំនួនបង្ហាញនៅលើហោជាងជាមួយព្រះពុទ្ធផ្ចាញ់មារ និងផ្សេងទៀតឆ្លាក់តាមជញ្ជាំងជាមួយព្រះពុទ្ធតូចៗ និងម៉ែធរណី ឬដូចអប្សរាឆ្បូតសក់។ រហូតដល់សតវត្សទី១៦ និង១៧គ.សទាំងខ្មែរ និងភូមានៅបន្តឆ្លាក់រូបម៉ែធរណី ឬគង្ហីងជារូបបដិមាទោលសម្រាប់គោរពបូជា និងមានបន្តសម្តែងក្នុងពិធីផ្សេងៗរហូតដល់បច្ចុប្បន្ន។ ព្រះម៉ែធរណីជាទេពទាក់ទងខ្លាំងជាមួយសាសនាហិណ្ឌូ និងពុទ្ធសាសនា។ រូបចម្លាក់ទោលភាគច្រើនតែងឆ្លាក់ជាមួយរូបក្រពើ និងដៃស្បូតសក់ដំណាងឱ្យម្ចាស់ទឹកដី។ ព្រះម៉ែធរណីមានឈ្មោះច្រើនទាំងក្នុងពុទ្ធសាសនា ​និងសាសនាហិណ្ឌូនៅប្រទេសឥណ្ឌា។ ព្រះម៉ែធរណីក៏ជាព្រះពោធិសត្វមួយអង្គហៅថា (Vasudhara) នៅក្នុងមហាយាន វជ្រះយាន និងជាទេពព្រះភូមិនៅក្នុងសាសនាហិណ្ឌូទាំងនៅឥណ្ឌា ភូមា និងអាស៊ីអាគ្នេយ៍ផងដែរ។

អត្ថបទដើម៖ លោក ថូ ថុន

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!