ទំព័រដើមនិទានកថាស័ង្ខសិល្បជ័យ (ភាគទី៦)

ស័ង្ខសិល្បជ័យ (ភាគទី៦)

ក្សត្រីទាំងប្រាំមួយគិតថាៈ “បើដូច្នោះ យើងគួរឲ្យថ្នាំឆីសម្លាប់វិញ”។ គិតស្រេច ក៏រៀបចំធ្វើនំយ៉ាងឈ្ងុយឆ្ងាញ់ដោយមានដាក់ថ្នាំប្រល័យសង្ខារផង។ លុះរៀបចំរួចហើយក៏ឲ្យបុត្រទាំងប្រាំមួយចេញដំណើរទៅ​ ដោយប្រាប់អាថ៌កំបាំងដល់បុត្រផង។ ស្តេចពាលទាំងប្រាំមួយ ក៏ឡើងជិះសេះដែលមានព្រានព្រៃជាអ្នកនាំផ្លូវ។ ធ្វើដំណើរអស់រយៈពេលប្រាំពីរថ្ងៃទើបទៅដល់មណ្ឌលស័ង្ខសិល្បជ័យ ស្តេចទាំងប្រាំមួយអង្គភ្លេចភ្លាំងស្មារតីដោយយល់ថាជាកន្លែងដែលល្អផុតវិស័យ។ ស្តេចទាំងប្រាំមួយអង្គក៏អែបក្បែរប្រាសាទលបមើលឃើញថា ព្រះពោធិសត្វពេលនេះកំពុងគង់លើរាជសីហ៍ មានទេវតាត្រៀបត្រា ហែហមជាជួរ មានបក្សាបក្សីបាំងម្លប់ព្រះអាទិត្យផង។ រាជកុមារទាំងប្រាំមួយឃើញដូច្នោះគិតគ្នាថា ត្រូវតែចូលឲ្យជិត ទើបនាំគ្នាបរសេះទៅក្បែរហើយនិយាយថាៈ

ហៃអ្នកចំណាប់       ទ្រង់រូបស្រៀបស្រាប់           ស្តេចនឹងទៅណា

អញ្ជើញមកអាយ     និយាយនឹងគ្នា                  ឲ្យដឹងនូវប្រា

ការកលសម្ទាយ។

ព្រះពោធិសត្វ ឮរាជកុមារទាំងនោះនិយាយហើយ ក៏តា្រស់សួរវិញថា “ហៃអ្នកអាយមកពីឋានណា?”។ រាជកុមារទាំងប្រាំមួយឆ្លើយថាៈ “យើងជាកូនក្សត្រ ព្រះបិតាព្រះនាមសេនាកុត្តរាជ ឯព្រះមាតាព្រះនាម ឯកមាល័យ ចតុរសី ស្រីសុន្ធរ ចតុរស្សធូរ សុបញ្ញា ឆកាមា លោកមានប្អូនពៅឈ្មោះបទុមា ដែលបានចាកចេញមកឆ្ងាយ ពេលនេះព្រះមាតាឲ្យពួកយើងមក ដើម្បីសួរសុខទុក្ខម្តាយមីងដែលមកនៅព្រៃ…”។

ព្រះពោធិសត្វទ្រង់យល់ថាៈ  “ទាំងនេះគឺសុទ្ធតែជាបង ទើបបររាជសីហ៍ចូលជិតដណ្តឹងសួរថា តើអ្នកមកទីនេះដឹងមកពីណា?”

គឺដឹងដោយព្រានព្រៃដែលបាននាំយើងមក ហើយក៏គ្មានអ្វីពិសេសពិសាលមកផ្ញើទេ មានតែនាំចំណីនេះឯងយើងយកមកផ្ញើព្រះមាតុច្ឆានិងប្អូន ព្រមទាំងសួរសុខទុក្ខ ក្រែងមានរោគាព្យាធិអ្វីកើតឡើង។

ស័ង្ខសិល្បជ័យ អង្គពោធិសត្វទ្រង់សណ្តាប់ហើយគិតថាៈ “គេមកលួងលោមនេះ ប៉ុនប៉ងធ្វើឲ្យអញក្ស័យហើយ”។ គិតស្រេចហើយ ទើបទ្រង់ឆ្លើយតបវិញថាៈ ខ្ញុំធ្លាប់តែឆីចំណីទិព្វ រីឯអាហារឋានមនុស្សខ្ញុំពុំដែលឆីឡើយ ហើយកាលដែលឆីចំណីប្លែកនោះក្រែងនាំឲ្យកើតហ្មងសៅ…។

បំណាច់ខ្ញុំខំមកពីឆ្ងាយមករកប្អូន គួរប្អូនសោយរួមគ្នានឹងបងទៅ…។ ស័ង្ខសិល្បជ័យក៏ឆ្លើយវិញថាៈ ហៃអ្នកបងខ្ញុំខ្លាចឈឺផ្ទៃ ខ្លាចពាក្យទេវតារក្សាសព្វថ្ងៃ ដូច្នេះខ្ញុំមិនសោយទេ។

         ដោយមិនអាចបញ្ចុះបញ្ចូលបាន ពួកស្តេចបងទាំងនោះ ក៏ត្រលប់ទៅវិញទូលមាតាតាមដំណើររឿង…។ ក្សត្រីទាំងប្រាំមួយដឹងហើយ ខឹងណាស់ “នេះប្រហែលជាវាដឹងខ្លួនហើយ”។ បន្ទាប់ពីប្រើចំណីសម្លាប់ពោធិសត្វមិនបាន ក្សត្រីអប្រិយទាំងប្រាំមួយក៏យកព្រះស្រីបង្កប់ថ្នាំពិស ហើយឲ្យបុត្រទាំងប្រាំមួយនាំទៅ។ ​លុះបានទៅដល់ ក៏ចូលទៅក្រាបបង្គំព្រះមាតុច្ឆា ឯស័ង្ខសិល្បជ័យគង់លើពិស្ណុនគរ។ បន្ទាប់ពីក្រាបបង្គំរួចហើយ ស្តេចពាលក៏យកស្លាថ្វាយព្រះពោធិសត្វៗ ទទួលស្លាហើយនិយាយថាៈ “ហៃអ្នកបង ស្លានេះល្អណាស់ អ្នកមេឯនាយយល់ខ្ញុំជាក្មួយទើបផ្ញើមក តែខ្ញុំនឹងសោយពុំបានព្រោះទេវតាបានផ្តាំ ឥឡូវខ្ញុំក្រាបបង្គំវន្ទាទៅដល់ព្រះមាតុច្ឆាទាំងអស់ស្មើនឹងខ្ញុំសោយហើយ…”។ ដោយអស់ចំណេះនឹងនិយាយ ស្តេចទាំងនោះក៏លាត្រលប់ទៅវិញ ហើយទូលមាតាតាមដំណើររឿង។ មាតាចិត្តមារទាំងនោះគិតថាៈ “យើងប្រើចំណីស្លាមិនបាន ឥឡូវនេះវាធំហើយ មិនយូរឡើយនឹងជ្រាបដល់មហាក្សត្រ ប្រាកដជាទទួលវាចូលនគរ និងឲ្យរាជសម្បត្តិទៅវាមិនខាន”។ គិតហើយក៏ហៅបុត្រទាំងប្រាំមួយមកប្រាប់ថា គួរតែទៅសុំរាជសម្បត្តិពីបិតាមុន ទោះបីទទួលស័ង្ខសិល្បជ័យចូលនគរវិញក៏អាសារឥតការដែរ។ បុត្រទាំងប្រាំមួយស្តាប់ហើយ ក៏រៀបចំខ្លួនឡើងគាល់បិតា ហើយនិយាយថាៈ “ពួកយើងខ្ញុំមកនេះ គឺសូមឲ្យព្រះបិតាប្រគល់រាជសម្បត្តិមកពួកយើងស្នងចុះ ព្រោះថាពេលនេះព្រះបិតាក៏ចាស់ហើយ កុំឲ្យព្រះអង្គព្រួយព្រះទ័យពេក”។ ព្រះអង្គសេនាកុត្តរាជទ្រង់សណ្តាប់រួចគិតថាៈ​ កូនទាំងនេះគ្មានបុត្របារមីបន្តិចទេ អ្នកដែលសោយរាជ្យបានគឺមានតែស័ង្ខសិល្បជ័យប៉ុណ្ណោះ។ គិតហើយទើបទ្រង់មានបន្ទូលថា ”កូនអើយពេលនេះបានៅក្មេងសេចក្តីនៅឡើយ ធ្វើជាស្តេចលុះត្រាតែចេះដឹងសុខទុក្ខប្រជារាស្រ្ត កាន់ទសពិធរាជធម៌…ឥឡូវនេះបិតាមិនទាន់ឲ្យបាសោយរាជ្យគ្រងរេហ៍ពលបានឡើយ ព្រោះថាបិតាមិនទាន់បានដឹងពីប្ញទ្ធីបារមីរបស់បាទេ បើដូច្នេះចូរបុត្រទៅរកសត្វបក្សាពីព្រៃហេមពាន្តមក បិតាមើលសិនណា”។

បុត្រទាំងអស់ស្តាប់ហើយ ក៏ប្រញាប់រៀបចំដំណើរចេញទៅរកសត្វ។ ពួកគេនាំគ្នាធ្វើដំណើរសំដៅទៅ មណ្ឌលពោធិសត្វដែលគង់នៅប្រាសាទ។ លុះបានទៅដល់ហើយ ក៏ចូលទៅសំណេះសំណាលចរចាថាៈ “អ្នកប្អូនអើយ ឥឡូវនេះព្រះបិតាប្រើយើងឲ្យរកសត្វនៅឯព្រៃហេមពាន្ត ពួកយើងនឹងទៅរកម្តេចបាន ព្រោះគ្មានប្ញទ្ធិតេជបារមីអ្វីសោះ ដូច្នេះសូមប្អូនជួយម្តងទៅ…”។ ព្រះពោធិសត្វទ្រង់សណ្តាប់រួច ព្រះឳស្ឋញញឹមឆ្លើយថាៈ “សូមអស់អ្នកបងកុំបារម្ភថ្វី ព្រោះសត្វទាំងនោះនៅក្នុងសរខ្ញុំហើយ”។ ថាហើយព្រះពោធិសត្វ ក៏បានថ្លែងសរទៅលើអាកាស ហើយក៏បានចេញជារូបហង្សបក្សា ហើយក៏បាននាំពួកក្សត្រជាបងនាំយកទៅ។ ពួកអស់ស្តេចបងក៏បាននាំហង្សទៅថ្វាយព្រះបិតា ហើយអួតអាងចេស្តាដែលខ្លូនបានទៅដល់ព្រៃហេមពាន្ត។

         ព្រះអង្គសេនាកុត្តរាជទតបក្សាហើយ ទ្រង់ព្រះចិន្តាថាៈ “ហង្សបក្សានេះល្អក្រៃនៅព្រៃហេមពាន្ត ចំណេះអ្វីវានឹងទៅយកមកបាន គឺមានតែស័ង្ខសិល្បជ័យប៉ុណ្ណោះ”។ គិតដល់ត្រឹមនេះទ្រង់ស្រក់ទឹកព្រះនេត្រ នឹកអាល័យដល់បុត្រ ទ្រង់គិតរកឧបាយទៀតដោយបន្ទូលថាៈ​ “កូនអើយ! ឥឡូវបក្សាកូនរកមកបានហើយ ពេលនេះបិតាឲ្យបុត្រទៅរកម្រឹគាវិញម្តង”។ ស្តេចទាំងប្រាំមួយ ក៏បានទៅរកស័ង្ខសិល្បជ័យឲ្យជួយ ហើយក៏បានយកមកថ្វាយបិតា។ បន្ទាប់បិតាក៏រកមច្ឆាម្តង ពួកស្តេចទាំងអស់ក៏ទៅរកស័ង្ខសិល្បជ័យដូចមុនហើយក៏បានយកមកថ្វាយ។ ស្តេចសេនាកុត្តរាជទតសព្វគ្រប់អស់ ទ្រង់ព្រះចិន្តាៈ “ឳស័ង្ខសិល្បជ័យ! បុត្រមានប្ញទ្ធិខ្លាំងពូកែណាស់”។ ទ្រង់ព្រះចិន្តាហើយក៏មានបន្ទូលថាៈ “កូនអើយស្តាប់បិតាណា បិតាមានម្តាយមីងបុត្រឈ្មោះកែវសុមន្ទា ដែលយក្សបានចាប់ទៅឯព្រៃហេមពាន្ត ពេលនេះចូរបុត្រទៅយកម្តាយមីងមក បើបុត្រយកម្តាយមីងមកបាន នោះបិតានឹងឲ្យរាជសម្បត្តិទៅបុត្រ”។ អស់បុត្រទាំងអស់ទទួលអាជ្ញាហើយ ក៏ទៅក្រាបបង្គំទូលមាតាតាមដំណើររឿង។ ក្សត្រីទាំងអស់ឃាត់ថាៈ “កូនអើយ! កុំទៅអី ផ្លូវឆ្ងាយព្រៃជ្រៅទៅមិនដល់ទេ”។ អស់បុត្រទាំងអស់ឆ្លើយថាៈ “ស័ង្ខសិល្បជ័យមានប្ញទ្ធិបារមីណាស់ យើងទៅពឹងទ្រង់ទៅ មិនអីឡើយមាតា”។ មាតាទាំងអស់ស្តាប់បុត្រហើយ ទ្រង់ព្រះកន្សែង បុត្រទាំងអស់ក៏ក្រាបបង្គំលាចេញទៅដោយមានព្រះខ័នទៅផង។ លុះបានទៅដល់មណ្ឌលស័ង្ខសិល្បជ័យ​ ក៏និយាយថាៈ “ហៃប្អូនស្ងួន យើងមកនេះគឺនាំព្រះរាជអាជ្ញាព្រះបិតាមក គឺព្រះបិតាប្រើឲ្យទៅរកព្រះមាតុច្ឆា ដែលយក្សបានចាប់យកទៅជាច្រើនឆ្នាំមកហើយ”។ ព្រះពោធិសត្វទ្រង់ព្រះសណ្តាប់ហើយដឹងអស់កល តែទ្រង់មានព្រះទ័យចង់ទៅរកព្រះមាតុច្ឆាផង ណាចង់ល្បងប្ញទ្ធិជាមួយយក្សផងក៏មានបន្ទូលថាៈ “ទូលបង្គំរីករាយណាស់ដែលព្រះបិតាប្រើ បានសេចក្តីថា ទ្រង់រាប់អានយើងហើយ ព្រោះថាយើងនៅឆ្ងាយថែមទាំងមិនដែលបានជួបគ្នាទៀតផង”។ អស់ក្សត្រទាំងប្រាំមួយខំលោមស័ង្ខសិល្បជ័យថាៈ “បំណាច់បិតាមានអាជ្ញាហើយ កុំឲ្យព្រះអង្គទុក្ខព្រួយ ម្យ៉ាងប្អូនមានប្ញទ្ធិល្បីអស់ផែនដីហើយ ចូរប្អូនទៅកុំខាន”។ ព្រះពោធិសត្វថាៈ “បើដូច្នោះ ខ្ញុំនឹងទៅក្រាបបង្គំលាមាតាសិន ខ្ញុំនឹងទៅចិត្តឯងមិនបាន ព្រោះមានមាតាចិញ្ចឹមរក្សារាល់ថ្ងៃ”។ កាលនោះរាជកុមារស័ង្ខសិល្បជ័យ បានទៅក្រាបបង្គំមាតាទូលតាមដំណើររឿង ព្រះនាងបទុមាស្តាប់ហើយក្រេវក្រោធជាខ្លាំងនិយាយថាៈ “ថាកុំៗទៅ គេខឹងបណ្តេញបាចេញពីសីមា ល្គឹកអ្វីអែបអប កុំទៅព្រមតាមវាអញមិនឲ្យទៅ ហេតុអ្វីកូនកូនវាមិនកាន់អាជ្ញាទៅរកមាតុច្ឆាមកថ្វាយព្រះអង្គទៅ មកប្រើកូនអញទៅកម្សត់ក្នុងព្រៃស្ងាត់ងងឹតសឹងក្ស័យជីវិតវិញនោះ”។ ព្រះពោធិសត្វឃើញមាតាក្រោធបែបនេះ ក៏លោមមាតាថាៈ “បពិត្រមាតា ខ្ញុំចង់យកអាសាថ្វាយព្រះបិតាពេលនេះឲ្យយល់ថ្វីដៃ…បុត្រទៅមិនយូរទេ សូមអ្នកមេកុំបារម្ភថ្វី…”។ ព្រះពោធិសត្វលោមមាតាដោយពាក្សផ្សេងៗ បទុមាដោយឃាត់បុត្រមិនបាន ក៏សោយសោកហើយផ្តែផ្តាំថាៈ

(សូមដានរឿង ស័ង្ខសិល្បជ័យ ភាគទី៧ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!