ល្ខោនមហោរី

បើយើងពិនិត្យឱ្យមែនទែនទៅសិល្បៈទស្សនីយភាពរបស់ខែ្មរគឺមានភាពសម្បូណ៌ បែបណាស់ដែលអ្នកស្រាវជ្រាវបានចងក្រងទុកជាឯកសារ  សម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយនិងជាពិសេសសម្រាប់ក្មេងៗទុកជាចំណេះដឹង តួយ៉ាងដូចជាតន្ត្រី អាយ៉ៃ ច្រៀងចាប៉ី ចាប៉ីរឿង និទានរឿង របាំ និងល្ខោនជាដើម។​ នៅទីនេះ ខ្ញុំសូមលើកយកតែល្ខោនមហោរីមកអធិប្បាយតែប៉ុណ្ណោះ។

​យើងចាត់ទុក «ល្ខោនមហោរី» ជាទម្រង់ល្ខោនច្រៀងរាំនៃប្រទេសកម្ពុជាកំដរដោយវង់តន្ត្រីមហោរី ដែលមានឧបករណ៍ រនាតឯក រនាតធុង ទ្រឆេ ទ្រសោតូច ទ្រសោធំ ទ្រអ៊ូ ខ្លុយ ឃឹម ក្រពើ ថូន រមនា ឈឹង និងអ្នកច្រៀង។ ឧបករណ៍នៅក្នុងវង់តន្ត្រីមហោរី សម្រាប់កំដរល្ខោនមហោរីអាចមានច្រើនឬតិចទៅតាមលទ្ធភាពចំណង់ចំណូលចិត្ត និងតម្រូវការ។វង់តន្ត្រីមហោរី ​ជាវង់តន្ត្រីដែលមានចរិតលក្ខណៈនិងសូរស្រាលដែលគេ​ច្រើនយកទៅប្រើកំដរពិធីជប់លៀង ជួបជុំកែកម្សាន្ត របាំប្រពៃណីខ្មែរនិងល្ខោនមហោរី។ ចំពោះអ្នករាំឬសម្តែងល្ខោនមហោរី ខ្លះរាំផង ច្រៀងផង និងនិយាយផង។

ឯកសារស្រាវជ្រាវមួយចំនួនបានអះអាងថា “ល្ខោនមហោរី” មានអាយុកាលជាយូរយារណាស់មកហើយ ដូចជាទម្រង់សិល្បៈទស្សនីយភាពឯទៀតមានល្ខោនយីកេ និងបាសាក់ជាដើម។ ក្រោយពីសាលារចនា បានប្តូរទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ១៩៦៥ដែលរៀបចំដោយលោក វណ្ណ ម៉ូលីវណ្ណ ទម្រង់ល្ខោនមហោរីនេះក៏មានឱកាសបានរំឭកនិងរំលេចឡើងវិញ ដោយបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាឱ្យសិស្ស រៀន ព្រមទាំងបង្កើតនិងតម្លើងជាស្នាដៃមានដូចជារឿងថ្មរាំនិងវិប្បដិសារីនៃព្រានព្រៃជាដើម។

         រឿងនិងស្នាដៃដែលបានបង្កើតនិងតម្លើងក្នុងទម្រង់ល្ខោនមហោរី មានជាអាទិគឺ៖

រឿងវិប្បដិសារីនៃព្រានព្រៃ និពន្ធ​ដោយលោក ពេជ្រ ទុំក្រវ៉ិល

រឿងប្រហែសបាត់ប្រយ័ត្នគង់ និពន្ធ​ដោយលោក ពេជ្រ ទុំក្រវ៉ិល

រឿងមិនខ្វះទេអ្នកស្រឡាញ់យុត្តិធម៌ និពន្ធ​ដោយលោក ពេជ្រ ទុំក្រវ៉ិល

រឿងតេមិយកុមារ តម្លើងដោយលោក ពេជ្រ ទុំក្រវ៉ិល

រឿងសុវណ្ណសាម តម្លើង​ដោយលោក ពេជ្រ ទុំក្រវ៉ិល

និងរឿងខ្លះមួយចំនួនទៀតនិពន្ធដោយសាស្ត្រាចារ្យនិងសិល្បករសិល្បការិនីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

បច្ចុប្បន្ន “ល្ខោនមហោរី” ក៏នៅមានប្រជាប្រិយភាពដែរ ប៉ុន្តែត្រូវប្រឈមនឹងការប្រកួតប្រជែងជាមួយនឹងសិល្បៈដទៃទៀត​ ជាពិសេសសិល្បៈកែកម្សាន្តសម័យទំនើបតាមរយៈបច្ចេកវិទ្យាថ្មីនិងគុណភាពខ្ពស់ ដែលធ្វើឱ្យល្ខោនមហោរី ក៏ដូចជាទម្រង់សិល្បៈប្រពៃណីឯទៀតៗដែរ គឺមានការលំបាកខ្លាំងក្នុងការធ្វើឱ្យមាននិរន្តភាពនិងការពេញនិយមឡើងវិញពីមហាជន។ នេះជាការព្រួយបារម្ភណាស់ចំពោះទម្រង់សិល្បៈប្រពៃណីខ្មែរដ៏ល្អផូរផង់ រួមទាំងល្ខោនមហោរី ដ្បិតអីទម្រង់សិល្បៈទាំងអស់នេះជាទ្រព្យដ៏ពិសិដ្ឋរបស់ដូនតាបានបន្សល់ទុកឱ្យខ្មែរជំនាន់ក្រោយ។ តែបើគ្មានការរៀនសូត្រ យល់ដឹង ស្រឡាញ់ គាំទ្រ បណ្តុះបណ្តាលថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយជាកម្មវិធីសិល្បៈវប្បធម៌ ប្រក្រតីតាមរយៈកម្មវិធីសិល្បៈសាធារណៈ កម្មវិធីសិក្សា និងតាមបណ្តាញផ្សព្វផ្សាយនានា ក្នុងគោលបំណងនិងគោលដៅបំផុសបំផុលពញ្ញាក់ស្មារតី ក្នុងចំណោម និងស្រទាប់យុវជន យុវនារី និងប្រជាពលរដ្ឋខ្មែរទេ ទម្រង់សិល្បៈប្រពៃណីទាំងនេះនឹងប្រឈមទៅនឹងការបាត់បង់ឬធ្លាក់ចុះនាពេលអនាគតជាក់ជាពុំខាន។

អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!