មានយប់មួយនៅវេលាអាធ្រាត្រនាងវិធាវីដែលនិទ្រ្ទាមិនលក់សោះនោះ ក៏ក្រោកឡើងបើកបង្អួចក្បាលដំណេក។ ខ្យល់ត្រជាក់បោកបក់ក្លិនរុក្ខជាតិ ស្ទុះចូលមកអង្អែលភក្ត្រានាង។ នៅខាងក្រៅ លោកខែបញ្ចាំងរស្មីទន់ត្រជាក់ដូចព្រែមកគ្របលើសាកលទ្វីប។ នៅក្នុងមេឃពណ៌ខៀវផ្លាត្រយង់ ដុំពពកសៗដូចកប្បាសរសាត់បន្តគ្នា ជួនកាលមកបាំងវង់ព្រះច័ន្ទបណ្តា្យស្រទំស្ងប់មួយភ្លែត។ កាលណាពពកនោះអណ្តែតផុតទៅ ពន្លឺរាជនីនៃរាត្រីមកចាំលើធាងដូងដែលយោលរេរាដោយវាយោ ហើយដែលភ្លឺភ្លែតៗ ដូចជាបន្ទះដែកស្មិត។
នៅក្នុងសន្ធិយាស្ងាត់នោះ នាងវិធាវីនៅកណ្តែងកណ្តោចឈឺអួលផ្សាតែម្នាក់ឯង។ ចិត្តនាងនឹកទៅដល់ប៊ុនធឿនមិនលោះវេលា។ ឳម្លេះនៅពេលមួយនេះ សមអ្នកបងនិទ្រ្ទាសុខសំរាន្ត ឬមួយក៏មានចិត្តគិតមកនាងខ្លះដែរក៏មិនដឹង។ នៅពេលដែលនាងគិតឃើញដូច្នេះ ទឹកភ្នែកពីរដំណក់ហូររមៀលចុះមក។ នាងនឹកដល់ពពួកទេវតាដែលមានគេជាអនុភាពម្តេចក៏ទុកនាងឲ្យរងកម្មអ្វីដល់ម្លេះ? ម្តេចក៏មិនរំលាយជីវិតនាងនៅគ្រាដែលទៅមើលប្រាសាទអង្គរទៅ?…អង្គរ? នាងនឹកឡើងសែនគ្នាន់ក្នាញ់ក្តៅរោល ដូចឃើញនៅនឹងមុខថ្មីៗ។ យីអាណៃស៊តនេះ ចំជាព្រហើន ថ្លើមធំមែនហើយហ្ន៎! វាហ៊ានទៅរលុករលុយឯងកំពុងថ្វាយបង្គំព្រះអង្គ។ នាងនឹកឃើញវេលាដែលឡើងជិះរទេះមកទាំងភ្លៀង នាងនឹកឃើញកាលដែលនាងដេកញ័រកន្ត្រាក់ទទូរផួយពីរ បីជាន់ដោយនាងចាប់គ្រុនយ៉ាងធ្ងន់។ នាងនឹកឃើញដល់នាងសុចិត្រាដែលជួយបីបាច់ថែរក្សានាងក្នុងពេលនោះ។ នាងនឹកដល់ថៅកែបេងជុន ដែលរត់រកពេទ្យទាំងរាត្រី ដើម្បីយកថ្នាំមកចាក់ឲ្យនាង…លុះតែនាងបានគ្រាន់ស្រយាល។ ឳបើប្រសិនណាជានាងមានសំណាងទៅថ្ងៃក្រោយ នាងនឹងមិនភ្លេចគុណជនទាំងពីរនាក់នេះឡើយ។
លុះឃើញថានាងបានគ្រាន់ស្រួលបួលបន្តិចហើយ ម្តាយនាងក៏បាននាំនាងវិលមកផ្ទះសំបែងវញដោយរួសរាន់។ ចំណែកយាយនួនដែល មានព្រួយដោយខ្លាចក្រែងទាស់អធ្យាស្រ័យនៃនាងថូ ព្រោះយល់ឃើញថាកូនគាត់មានកិរិយាមិនគប្បីក្នុងកំពែងអង្គរធំនោះ គាត់ក៏បានទៅនិយាយសុំចិត្តកុំឲ្យនាងថូគេចាប់ថ្នាក់ប្រកាន់អ្វីសោះឡើយ។ ស្រី្តនោះឮហើយក៏សើចកាច់កក្អាកក្អាយហើយថា ចែកុំព្រួយអីយ៉ាងនោះក្មេងនៅព្រហ្មចារីតែងអៀនគូស្រករយ៉ាងនេះឯង។ យាយនួនគាត់បានធូរដើមទ្រូងពីរឿងនេះ ហើយក៏ពាំសំដីនេះដោយមានទឹកមុខរីករាយ មកប្រាប់កូនគាត់ភ្លាម។
នាងវិធាវីដែលអង្គុយក្នុងយប់ស្ងាត់ កាលបើនឹកឃើញកិរិយាយ៉ាងនេះនៃម្តាយនាងហើយ នាងក៏សែនក្នាញ់តូចចិត្ត ដោយនឹកខ្មាសគេពន់ប្រមាណ។នាងមានចំបែងជាអនេក។ បានពេលណា នាងរៀបតែរបូតមាត់ជំរាបម្តាយពីហេតុដែលនាងស្អប់ឈ្មោះណៃស៊ត តែសេចក្តីអៀន និងដំណើរទាស់ខុសប្រពៃណីមកសង្កត់អណ្តាតនាងឲ្យស្ងៀមទៅវិញ ព្រោះយល់ឃើញថាតាំងពីបុរាណនាយមក ស្រ្តីខ្មែរមិនមានអំណាចរើសប្តីលើខ្លួនឯងទេ។ បើឪពុកម្តាយទុកដាក់ល្អអាក្រក់ដូចម្តេច ក៏ត្រូវតែទទួលយកជានិច្ច។ ទំលាប់យ៉ាងនេះ នាងយល់ឃើញថា ជាការមិនប្រកបនឹងយុត្តិធម៌សោះ។ ព្រះឥន្ទ្រ ព្រះព្រហ្ម ដែលមានប្ញទ្ធានុភាពក្រៃលែង ម្តេចឡើយក៏មិនមកជួយខ្ញុំឲ្យផុតពីទុក្ខទម្ងន់នេះចេញ? ឳបងប៊ុនធឿនសំឡាញ់អើយ! ទ្រូងអូនគ្មានធូរស្បើយវេលាណាទេ។ បើនៅតែចុកណែនអួលផ្សាយ៉ាងនេះទៅ ឃើញថានឹងធន់ធារមិនបានយូរប៉ុន្មានឡើយ។
នាងវិធាវីនៅត្រាំក្នុងទុក្ខសង្រេងយ៉ាងនេះ ទាល់តែឮមាត់ក្អែក ដែលប្រស្រ័យនៅដោយចុងអម្ពិល តាមជួរមាត់កំពង់ ស្រែកខ្វកឡើងទ្រហឹងអឹងអាប់។ នាងងាកទៅខាងកើតក៏ឃើញពន្លឺព្រាងៗ របស់ព្រះសុរិយាដែលរះបំភ្លឺលោក។ នាងក្រោកឡើយមានដៃជើងរួយស្រពន់ ហើយដើរទៅបើកមុងចូលដំណេក។
នាងវិធាវី កើតទុក្ខឥតដំណេកអង្គុយយ៉ាងនេះសព្វទិវារាត្រី។ ខ្លួននាងល្ហិតល្ហៃស្គមនៅតែស្បែកដណ្តប់ឆ្អឹង។ យាយនួនឃើញដូច្នេះហើយ ក៏បង្ខំឲ្យខាងប្រុសគេរៀបចំឲ្យបានក្នុងពេលឆាប់ ដើម្បីឲ្យបុត្រីគាត់បានស្វាមីហើយនឹងអាលនាំគ្នាដើរលេងកំសាន្តរំហែចិត្ត។ ដូច្នោះហើយនាងថូ ដែលសមចិត្ត និងគំនិតយ៉ាងនេះផងក៏ប្រើគូលីមកជំរះស្មៅយកទីកន្លែងទុកធ្វើរោងផ្កាស្លា រោងចុងភៅ ហើយជញ្ជូនដើមស្លានៅទាំងមូលខ្លះ ពុះជារនាបខ្លះ ព្រមទាំងស្បូវកណ្តបដែលយកបង្គរទុកបំរុងជាស្រេច។
នាងវិធាវីកាលបើឃើញវត្ថុទាំងនោះហើយ ក៏រឹតតែសុបសៅខ្លាំងឡើងៗ។ នាងលែងចេញវាចាស្តីថាអ្វីសោះ បើគេដេញដោលសួរពីសុខពលនាងច្រើនពេក នាងក៏ញញឹមដោយស្រពោន ហើយបែរមុខចេញទៅ។
ប្រហែលពីរបីថ្ងៃមក ចាប់មានក្អកស្ងួតមកអង្រួនដើមទ្រូងឲ្យនាងឈឺផ្សារអស់ប្រាណ។ នៅព្រហាមយប់មួយដែលឥតបាននិទ្ទ្រាសោះ ស្រាប់តែនាងក្អកឃុះមកមានធ្លាក់លោហិត ស្រស់ៗ គេយកកន្ថោរមកត្រងឈាមនោះបានចំនួនពីរពែង។ ឯនាងអស់កំលាំងពេក ក៏ដួលស្រប៉ូបនៅត្រង់កន្លែងអង្គុយ។
យាយនួន និងយាយផៃ ភ័យស្រឡាំងកាំង ក៏នាំគ្នាលើកគ្រាហ៍នាងវិធាវី ទៅដាក់លើគ្រែ ហើយម៉ែផៃរត់ទៅពឹងអ្នកជិតខាងម្នាក់ឲ្យគេអាណិត ទៅអញ្ជើញគ្រូពេទ្យមកជា ប្រញាប់។
នៅពេលដែលគ្រូពេទ្យមកដល់ នាងវិធាវីនៅតែស្តូកស្តឹងមិនទាន់ដឹងខ្លួននៅឡើយ។ គ្រូពេទ្យចូលទៅចាប់ដៃ ឆ្វេងអ្នកឈឺមកពិនិត្យជីពចរ ហើយយល់ថាស្រ្តីក្រមុំនេះមានកម្លាំងខ្សោយពេកណាស់។ ដូច្នេះហើយ គេបើកប្រអប់យកថ្នាំមួយបំពង់មកចាក់ឲ្យ ទើបគេនិយាយសុំឲ្យអ្នកជំងឺទៅសម្រាកកម្លាំងកុំឲ្យមានផលរមាស់ ឬមានអ្នកណាធ្វើឲ្យឃ្នើសចិត្តអ្វីឡើយ។
លុះគ្រូពេទ្យចុះទៅបានមួយស្របក់ នាងវិធាវិក៏ភ្ញាក់ដឹងខ្លួនឡើង។ យាយនួនគាត់អររខិបរខុប លើកបបរ និងត្រីងៀតដែលបំរុងទុកមកឲ្យនាងអាស្រ័យ។ យុវតីនេះឮម្តាយលួងលោមឲ្យញ៉ាំពេក ក៏កើតមានចិត្តអាណិត ហើយខំត្រដរមកអង្គុយជិតម្តាយ ទើបលើកស្លាបព្រាចូកអាហារ។ នាងទើបតែនឹងលេបបានពីរបីមាត់ប៉ុណ្ណោះស្រាប់តែមានរថយន្តមួយបើកមកឈប់នៅមុខផ្ទះ ហើយគេឃើញនាងថូចុះប្រញិបប្រញាប់មកស្រែកពីចម្ងាយ។
ចែអើយ ចែ ខ្ញុំទើបឮគេនិយាយអំបាញ់មិញនេះសោះ។ នាងវិធាវី ឮសូរមាត់នោះក៏ងាកមើលទៅ ស្គាល់ជានាងថូក៏នឹកអួលក្នាញ់ភ្លាម។ សម្បុរមុខនាងឡើងក្រហមច្រាលដោយសេចក្តីខឹង ឯរោគក្អួតក៏ងើបឡើងទាញអង្រួនខ្លួននាង។ លុះនាងស្តោះទៅក្នុងកន្ថោរគេឃើញធ្លាក់សុទ្ធតែឈាមក្រហមឆ្អៅ។
ឃើញដូច្នោះហើយ នាងថូក៏ស្ទុះទៅត្រកងនាងវិធាវីៈ
យីក្មួយអញឈឺអីដល់យ៉ាងនេះហ្ន៎? ចែបានអញ្ជើញគ្រូណាមើលហើយ ឬនៅ? យាយនួនដែលភ័យស្ទើរគ្មានស្មារតីនោះ ក៏ហាមាត់ឆ្លើយឡើងទាំងប៉ប៉ិបប៉ប៉ុប។
គ្រូពេទ្យបារាំងគេទើបនឹងចុះទៅមុន នាងអញ្ជើញមកដល់បន្តិចនេះ។
ឳចែកុំរកពេទ្យ! ពេទ្យគេមើលមិនពូកែដូចគ្រូខ្មែរទេ។ ខ្ញុំស្គាល់លោកាសង្ឃមួយអង្គដែលតែចង្រ្កមភាវនា នៅក្នុងគុហាភ្នំសំពៅ។ លោកចេះមន្តវិជ្ជាពូកែណាស់។ លោកធ្វើទឹកមន្តឲ្យភ្ងូត បើបានងូតទឹកម្តងនឹងឃើញស្បើយ បីដងនឹងជាស្រឡះ។
យីលោកនៅឆ្ងាយអីម្ល៉េះ តើបានរណាគេទៅនិមន្តលោកមក?
ចែព្រួយអី ឡានខ្ញុំឈឹបទៅឈឹបមក ពីនេះទៅភ្នំសំពៅឆ្ងាយប៉ុន្មាន!
យាយនួនក៏ស្រែកហៅម៉ែផៃឲ្យដកហូត ពីខ្លាក់យកទៀនមួយគូ និងធូបមួយសំណុំមកជូននាងថូ។ ស្រ្តីនេះក៏ម្នីម្នាចុះទៅថា ដើម្បីនឹងចាត់ចែងឲ្យគេទៅនិមន្តព្រះសង្ឃពូកែនោះមក។
នៅល្ងាចត្រជាក់ ឡាននាងថូក៏ត្រឡប់មកឈប់នៅមុខផ្ទះយាយនួនវិញ ស្រ្តីនេះឃើញហើយ ក៏មានវាចារទៅកាន់ជនម្នាក់ក្នុងបណ្តាភ្ញៀវទាំងឡាយ ដែលមកសួរដំណឹងត្រៀបត្រា ឲ្យចុះទៅអារាធនាភិក្ខុឡើងលើផ្ទះ។ ព្រះសង្ឃរូបនេះមានវ័យចាស់គ្រាន់បើហើយ ដំណើរកោងច្រត់ទៅលើឈើមួយ ហើយមានសាច់ជ្រីវជ្រោកដណ្តប់ ដោយចីពរជ្រលក់ខ្លឹមខ្នុរ។
លុះគេបាននិមន្តលោកឲ្យឡើងរួចហើយ លោកក៏មកគង់កន្លែងមួយដែលគេរៀបបំរុងជាមុន។ ក្រោយដែលគេលើកទឹកតែ បារី ម្លូ ស្លាមកប្រគេនលោក លោកក៏មានថេរដីកា សួរដោយសំដីស្អកៗមួយៗ៖
ញោមនិមន្តអាត្មាមកនេះ តើមានការដូចម្តេចខ្លះ?
យាយនួនគាត់ក៏ខិតចូលជិត ហើយនិយាយពិតលោកតាមដំណើរ។ ភ្ញៀវម្នាក់ដែលនៅជិតខាងក៏លើកថាំងមកដាក់ទឹកពេញមកប្រគេនលោក។ ក្នុងភាជន៍មានផ្កាម្លិះក្រពុំៗអណ្តែតសក្បុស។ លោកយកធូបបីសរសៃមកផ្គុំគ្នានឹងដុំក្រមួនមួយប៉ុនកូនដៃ ហើយយកទៅបិទភ្ជាប់នឹងមាត់ធុងទឹក។
(សូមរងតាមដានរឿង ផ្កាស្រពោន ភាគទី១៣ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព