ទំព័រដើមប្រវត្តិសាស្ត្រសទាសិវៈក្នុងសិល្បៈខ្មែរ

សទាសិវៈក្នុងសិល្បៈខ្មែរ

ក្នុងទេពកថា សទាសិវៈ​ជាការធ្វើបដិហារបស់ព្រះឥសូរ មានន័យថាទ្រង់ជាទេពធំជាងគេបំផុត និងជាប្រភពនៃអ្វីៗគ្រប់យ៉ាង។ ជាពិសេសទ្រង់មានកំលាំងសក្តិក្នុងព្រះកាយដែលកំលាំងសក្តិនេះហើយ បង្កើតបានជាព្រះនាងអាទិសក្តិ (មហាទេវី)ឡើង និងមានន័យថាថាមពល​ ឬអំណាចដែលអាចអោយអ្វីៗមានចលនាឡើង ដើម្បីរួមគ្នាបង្កើតចក្រវាឡ។ សទាសិវៈមានឈ្មោះផ្សេងទៀតថាជាបរមេស្វរ (Parameśvara) នៅក្នុងគម្ពីសិវៈនិកាយ។ ជាធម្មតាការបង្ហាញរូបសទាសិវៈ គឺបង្ហាញមានព្រះភក្រ្ត៥ និងព្រះហស១០ ដែលទាក់ទងទៅនឹងទេពមួយក្នុងចំណោមរឿងសិវៈមហាស្វរមុរតិទាំង២៥រឿង។ ឧទាហណ៍មួយចំនួនដូចជារឿង ឧមាមហេស្វរ (Uma​Maheshwara) ហរិហរ (Harihara) សិវរាំ (Siva Nataraja) សោមាស្កន្ត (Somaskanda) ឯកបទ (Ekapada) ជាដើម។ល។ ការគោរពភាគច្រើនប្រទះឃើញមាននៅឥណ្ឌាខាងត្បូង ដែលបង្ហាញជារូបមុខលឹង្គមានមុខមួយ បួន ឬប្រាំ និងបង្ហាញរូបអង្គុយព្រះភក្រ្តប្រាំ ព្រះហស១០ និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ជាពិសេសចម្លាក់ខ្មែរក្នុងសតវត្សទី១០នៃគ.ស។ ដូច្នេះសទាសិវៈជួនកាលមានបង្ហាញជាមុខលឹង្គ (Mukhalingam) ដែលមានមុខ៤ ឬ៥។ សទាសិវៈដែលបានបង្ហាញទម្រង់បែបមុខលឹង្គនេះមាននៅប្រទេសឥណ្ឌាខាងត្បូងតាំងពីសតវត្សទី២នៃគ.សមកម្លេះ។ ប៉ុន្តែសទាសិវៈដែលបានឆ្លាក់ជាចម្លាក់នៅលើផ្ទាំងថ្ម និងចម្លាក់ទោលនៅដើមសតវត្សទី១០ និង១១នៃគ.ស មានសារៈសំខាន់សម្រាប់ជំនឿខ្មែរ ជាពិសេសព្រះមហាក្សត្រ។ អត្ថបទនេះនឹងបង្ហាញចម្លាក់សទាសិវៈមួយចំនួននៅសម័យអង្គរ មានជាចម្លាក់លើផ្ទាំងថ្ម និងចម្លាក់ទោល។ ត្បិតអីប្រទះឃើញមាននៅឥណ្ឌា ភាគច្រើនបង្ហាញតែក្នុងគម្ពី និងបង្ហាញជារូបចម្លាក់ខុសគ្នាខ្លះជាមួយសិល្បៈខ្មែរ។

សទាសិវៈដែលមានព្រះភក្រ្ត៥ គឺមានឈ្មោះព្រះភក្រ្តខុសៗគ្នាដូចជា៖ ឦសន(Ishana) តត្បុរុ (tatpurusha) វាមទេវ (Vamadeva) អឃោរ (Aghora)សត្យោជត (Satyojata)  ដែលគេស្គាល់ថាជាបញ្ចព្រហ្ម(Panchabrahmas)។ ព្រះភក្រ្តរបស់សទាសិវៈបានបង្ហាញតាមទិសទាំង៤ផ្សេងៗគ្នា និង១តំណាងឋានសួគ៌(និស្កល)។​  ព្រះហសខាងស្តាំទាំង៥កាន់ត្រីសូល៍ ពូថៅ កត្វង្គ វជ្រ អភ័យមុទ្រ និងព្រះហសខាងឆ្វេង៥ផ្សេងទៀតកាន់ពស់ ផ្លែឈើ ផ្កាឈូក ស្គរ អង្កាំ និងវរាទាមុទ្រ។ ជួនកាលសទាសិវៈបង្ហាញជារូបរួមគ្នាជាមួយទេពស្រី(ពរវតិ) នៅក្នុងគម្ពីសូត្ររបស់ឥណ្ឌា។ ប៉ុន្តែបញ្ចមុរតិព្រះភក្រ្តទាំង៥របស់សទាសិវៈនៅទីនេះបង្ហាញពីខ្លួន និងឈ្មោះទាំងប្រាំរបស់ព្រះសិវៈដូចជា មហេស្វរៈ រុទ្រៈ ព្រហ្ម វិស្ណុ និងសទាសិវៈផ្ទាល់​ ដែលទាក់ទងបញ្ចមុរិត (ព្រះភក្រ្ត៥) ក្នុងទម្រង់៥ដូចជាការបង្ហើត ការថែរក្សា ការបំផ្លាញ ការជឿខុស និងការរំដោះ។ រូបរាងរបស់គាត់ផ្សេងទៀត គឺស្គាល់ថាជាមហាសទាសិវៈដែលបង្ហាញព្រះភក្រ្ត២៥ ភ្នែក៧៧ និងព្រះហស៥០ ដែលមានក្នុងគម្ពីវេទសិវបុរាណ។​​​ ប៉ុន្តែនៅក្នុងសិល្បៈខ្មែរមិនមានបង្ហាញជារូបសទាសិវៈដែលមានព្រះភក្រ្ត២៥ទេ គឺមានបង្ហាញតែព្រះភក្រ្ត៥ និងព្រះភក្រ្ត១៥។         

សម្រាប់ការបង្ហាញព្រះភក្រ្ត៥ និងព្រះហស១០ មាននៅក្នុងសិល្បៈខ្មែរពីសតវត្សទី១០​និង១១ នៃគ.ស មាននៅប្រាសាទក្រហមកោះកេរ ភ្នំប្រាសាទវត្តភូ និងពើងត្បាលភ្នំគូលែន។ ប៉ុន្តែរូបសទាសិវៈមានបង្ហាញក្នុងសិល្បៈខ្មែរមាន៤ប្រភេទទាក់ទងនឹងការបង្កើត ភោគផលថ្មី ការឡើងគ្រង់រាជ និងការរៀបចំទីក្រុងថ្មីៗរបស់ព្រះមហាក្សត្រខ្មែរដែលមានក្នុងគម្ពីបុរាណឥណ្ឌាផងដែរ។ សទាសិវៈដែលបង្ហាញក្នុងសិល្បៈខ្មែរនេះមាន៤ទម្រង់ ប៉ុន្តែក្នុងគោលបំណងតែមួយ គឺបង្ហាញសម្រាប់ការបង្កើតចក្រវាឡ (លោកធាតុ) រាជធានី និងការឡើងសោយរាជរបស់ព្រះមហាក្សត្រខ្មែរ។ សិល្បៈទាំងអស់នេះបង្ហាញភាគច្រើនទាក់ទងនឹងរចនាសម្ព័ន្ធប្រាសាទសម្រាប់រាជ និងធ្វើពីធីសាសនាសម្រាប់រាជ ដែលមានឆ្លាក់នៅលើភ្នំប្រាសាទវត្តភូ (ប្រទេសឡាវសព្វថ្ងៃ) ប្រាសាទធំកោះកេរ (ប្រាសាទក្រហម) រចនសម្ព័ន្ធ ពើងត្បាល និងប្រាសាទរោងចិន (ភ្នំគូលែន) និងប្រាសាទពីរ៉ាមីតសម្រាប់រាជផ្សេងៗទៀតក្នុងតំប​ន់អង្គរ។ ចម្លាក់នៅលើថ្មភ្នំប្រាសាទវត្តភូបានបង្ហាញ សទាសិវៈអមដោយទេព២ទៀតអង្គុយសំពះ ក្នុងសតវត្សទី១០-១១នៃគ.ស។ សទាសិវៈមួយប្រភេទទៀតបង្ហាញជារូបឈរមានព្រះភក្រ្ត៥ ព្រះហស១០ កន្ធែកជង្គុងនៅប្រាសាទក្រហមកោះកេរ គឺបង្ហាញស្រដៀងទៅនឹងសិវៈរាំដើមសតវត្សទី១០គ.ស ប៉ុន្តែការរៀបចំរចនាសម្ព័ន្ធរបស់ប្រាសាទទាំងអស់នេះ គឺសម្រាប់រាជ (ព្រះមហាក្សត្រ) ដែលដូចគ្នា​​ប្រាសាទរោងចិនភ្នំគូលែនផងដែរ។ ក្រៅពីរូបចម្លាក់ជាថ្មភក់ទោល និងលើថ្មភ្នំ ព្រះសទាសិវៈមានជារូបសំរឹទ្ធដែលបង្ហាញជាព្រះភក្រ្ត៥ព្រះហស១០ដែរ។

សិល្បៈចម្លាក់សទាសិវៈមួយប្រភេទទៀតបង្ហាញជារូបឈរ មានព្រះភក្រ្ត១៥ ព្រះហស៣០ និងព្រះភក្រ្ត៥  ព្រះហស១០ ដែលប្រទះឃើញនៅពើងត្បាលភ្នំគូលែនក្នុងសតវត្សទី១០-១១នៃគ.ស។ ប៉ុន្តែចម្លាក់នៅលើពើងត្បាលនេះ គឺជាប់ទាក់ទងក្នុងការរៀបចំក្រុង លទ្ធិទេវរាជ និងប្រាសាទរោងចិន ដែលមានបង្ហាញរូបទេពសទាសិវៈ។ ជាពិសេសបង្ហាញការបង្កើតលោកធាតុថ្មី ដូចជាទេពអមជុំវិញ ឬបារាយណ៍ធំមួយខាងកើត និងក្រុមប្រាសាទនៅខាងកើតបារាយណ៍បែរមុខមកប្រាសាទពីរ៉ាមីត។

សិល្បៈសទាសិវៈមួយប្រភេទទៀត បង្ហាញជារូបឈរឬអង្គុយ មានព្រះភក្រ្ត៥ ព្រះហស១០ បញ្ចូលក្នុងរឿងឯកបទ (Ekapada) របស់រឿងមហាស្វរមុរតិមួយក្នុងរឿងទាំង២៥។​ ប្រភេទចម្លាក់ទាំងអស់ខាងលើនេះដែលអ្នកស្រាវជ្រាវនិយមហៅថាត្រីមុខតិ (Trimurti) ដែលមានរូបទេពសំខាន់ៗ៣ ព្រះសិវៈ ព្រះវិស្ណុ និងព្រះព្រហ្ម។ ប៉ុន្តែសិល្បៈដែលបង្ហាញជាសទាសិវៈ ជាពិសេសទាក់ទងក្នុងរឿងទាំង២៥របស់មហាស្វរមុរតិនេះ មានសារៈសំខាន់ផ្សងៗគ្នាដូចជា សទាសិវៈតែងតែប្រើជាមួយប្រាសាទសម្រាប់រាជ សម្រាប់ពិធីសាសនា និងការបង្កើតអ្វីថ្មីដំបូងរបស់ព្រះមហាក្សត្រ។ រូបឯកបទ (Ekapada) បញ្ចូលជាមួយរឿងព្រះភក្រ្តសទាសិវៈនេះ នៅសារមន្ទីរជាតិភ្នំពេញ និងប្រាសាទកោះកេរជាការបង្ហាញយ៉ាងច្បាស់ទាក់ទងរឿងបង្កើតទេពទាំងពីរ ព្រះវិស្ណុ និងព្រះព្រហ្មចេញពីព្រះសទាសិវៈ។

ចម្លាក់សិល្បៈព្រះសទាសិវៈមួយទៀត មានបង្ហាញជាទម្រង់មុខលឹង្គ ដែលមានឆ្លាក់ជាសាច់រឿងលើផ្តែរប្រាសាទអង្គខ្នារស្រុកកំពង់ស្វាយលើ ខេត្តកំពង់ធំ ក្នុងសម័យមុនអង្គរសតវត្សទី៧នៃគ.ស។ តើចម្លាក់សទាសិវៈឬមុខលឹង្គនេះ ជារឿងអាចឱ្យយើងយល់ពីអ្វីខ្លះ? ចម្លាក់ផ្តែរមកពីប្រាសាទវត្តអង្គខ្នារនេះ កាន់តែបន្ថែមពត៌មានកាន់តែច្បាស់ទៀតថា ជារឿងទាក់ទង់នឹងរឿងមហាស្វរមុរតិទាំង២៥។ ផ្តែរបង្ហាញពីរូប សទាសិវៈផុសចេញពីសសរភ្លើង(លិង្គោទ្ភវ) និងមានព្រះព្រហ្មនៅខាងស្តាំ ព្រះវិស្ណុនៅខាងឆ្វេង បន្ទាប់ពីការផ្នាល់គ្នារវាងព្រះព្រហ្មប្រែរូបជាហង្សទៅរកកំពូលសសរភ្លើង និងព្រះវិស្ណុប្រែខ្លួនជាជ្រូកព្រៃទៅរកគល់សសរភ្លើង។ បន្ទាប់មករូបសិវលឹង្គ និងសទាសិវៈព្រះភក្រ្ត៥ផុសចេញជាបន្តបន្ទាប់ ដើម្បីពន្យល់ពីការបង្កើតច្រក្រវាឡថ្មីទៅអទិទេពទាំងពីរដែលអមសង្ខាង។ ការបង្ហាញនេះខ្មែរបានយកមកអនុវត្ត និងប្រើប្រាស់សម្រាប់ធ្វើពីធីសំខាន់ៗសម្រាប់រាជ ការបូជាសាសនា និងការឡើងគ្រងរាជរបស់ព្រះមហាក្សត្រដែលប្រទះឃើញតាំងពីសតវត្សទី៧មក។ ឧទាហណ៍មួយទៀតការសង់ក្រុមប្រាសាទ(N)ជារចនាបថសំបូរព្រៃគុកក៏បានបង្ហាញពីការរៀបចំដំបូងរបស់​រាជធានីដែលយករឿងនេះមកស្ថាបនានៅលើដីផ្ទាល់ និងលើប្រាសាទសម្រាប់រាជ។

ដូច្នេះខ្មែរយករឿងសទាសិវៈមករៀបចំទាក់ទងនឹងប្រាសាទសម្រាប់រាជ ដូចមានបង្ហាញនៅប្រាសាទសំបូរព្រៃគុក ភ្នំគូលែន ប្រាសាទអកយំ ប្រាសាទបាគង ប្រាសាទភ្នំបាខែង ប្រាសាទធំកោះកេរ បក្សីចាំក្រុង និងបាពួនជាដើម គឺជារឿងសំខាន់តែមួយសម្រាប់ព្រះមហាក្សត្រ​ និងរាជ។ ប៉ុន្តែខ្មែរបានយល់ដឹង និងចេះចាំរឿងនេះតាំងពីមុនរហូតដល់មានឆ្លាក់រូបជាសាច់រឿងនៅលើផ្តែរនេះ។ តាមចម្លាក់ផ្តែរមកពីប្រាសាទអង្គខ្នារ បានបង្ហាញពីសទាសិវៈ ឬមុខលឹង្គអមដោយព្រះព្រហ្ម និងព្រះវិស្ណុ ដូចគ្នាជាមួយការរៀបចំប្រាសាទធំកោះកេរ រោងចិនភ្នំគូលែន និងប្រាសាទសម្រាប់រាជផ្សេងដ៏ទៃទៀតដែរ។ ចម្លាក់ផ្តែរនេះបង្ហាញយ៉ាងច្បាស់ដូចគ្នាទៅនឹងប្រាសាទសម្រាប់រាជដូចជា ការរៀបចំរបស់ទេពសំខាន់ៗទាំង៣ដំបូង ការធ្វើពិធីឡើងគ្រងរាជរបស់ព្រះមហាក្សត្រតំបូង និងសង់រាជធានីថ្មីដំបូងដូចប្រាសាទលើភ្នំគូលែនរបស់ជ័យវរ្ម័នទី២ និងប្រាសាទធំកោះកេររបស់ព្រះបាទជ័យវរ្ម័នទី៤ដែរ។ រឿងសំខាន់មួយទៀតដែលទាក់ទងនឹងរឿងនេះ គឺការរៀបចំបង្កើតទេពសំខាន់ៗ ចក្រវាឡ ផែនដី ទន្លេ ស្ទឹង សមុទ្រ មនុស្ស និងសត្វជាបន្តបន្ទាប់ដែលទាក់ទងនឹងគម្ពី (Vastu Shastra) ឥណ្ឌា។ ឧទាហណ៍ដូចជាការរៀបចំប្រាសាទរោងចិន មានបារាយណ៍ធំ មានរូបទេពលើពើងត្បាល រូបសទាសិវៈ រូបវស្ណុផ្ទំ ប្រាសាទបាល្ល័ង្ក ប្រាសាទលឹង្គនៅលើភ្នំគូលែន ដែលប្រមូលទឹកចូលក្នុងបារាយណ៍ខាងកើតប្រាសាទពីរ៉ាមីតនោះ។ មួយទៀតការរៀបចំប្រាសាទធំកោះកេរ មានប្រាសាទរួម ទេពក្នុងប្រាសាទក្រហម បារាយណ៍ ប្រាសាទលឹង្គទាំង៥តំណាងឱ្យព្រះភក្រ្តទាំង៥របស់សទាសិវៈ និងបន្ទាប់មកប្រាសាទមានចម្លាក់មួយចំនួនជុំវិញត្រពាំងខ្នារ និងរហាលជាការចាប់ផ្តើមបង្កើតទេពសំខាន់ៗមួយចំនួន និងជាចុងក្រោយបង្កើតជាក្រុង មនុស្ស និងរាជវាំង។ល។

អត្ថបទដើម៖ លោក ថូ ថុន

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!