ទំព័រដើមសិល្បៈសិល្បៈទស្សនីយភាពឧបករណ៍តន្ត្រីខ្មែរ "ខ្សែមួយ"

ឧបករណ៍តន្ត្រីខ្មែរ “ខ្សែមួយ”

ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសម្បត្តិវប្បធម៌សម្បូណ៌បែប រួមមានទាំងឧបករណ៍តន្ត្រីជាងមួយរយនិងវង់តន្ត្រីជាងម្ភៃដែលប្រើឧបករណ៍តន្ត្រីទាំងនេះ។ ប្រជាជនខ្មែរ ជាទូទៅនិយមហៅឧបករណ៍តន្ត្រីខ្សែមួយថា “ខ្សែដៀវ សាយដៀវ ឬសាដៀវ” ជាភាសាថៃឬខ្មែរលាយថៃ។ ធាតុពិតឧបករណ៍តន្ត្រីនេះ ជាមរតកតន្ត្រីកេរតំណែលដូនតាខ្មែរសុទ្ធសាធ។ យើងគួរកត់សម្គាល់ថា ឧបករណ៍ខ្សែមួយ ត្រូវបានបុព្វបុរសខ្មែរឆ្លាក់ជាប់នៅលើជញ្ជាំងប្រាសាទបុរាណ មានប្រាសាទបាយ័នជាតឹកតាង (ចុងសតវត្សទី១២ ឬដើមសតវត្សទី១៣) ។

សាយ” មានន័យថា “ខ្សែ” គឺសំណុំសរសៃសូត្រតូច ដែលចងតពីក្បាលស្លាបឯកភ្ជាប់នឹងចុងដង ពោលគឺសាយឯកឬឯកដាច់សាយ។ រីឯពាក្យ “ដៀវ” មានន័យថា​ “មួយឬតែមួយ”។ បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ឱ្យនិយមន័យលើឧបករណ៍តន្ត្រីនេះថា ជាឈ្មោះគ្រឿងតន្ត្រីមួយប្រភេទ មានខ្សែលួសស្ពាន់តែមួយ មានសំបកឃ្លោកមូលមួយកំណាត់ទ្រភ្ជាប់ពីក្រោមដង មានប៉ោលសម្រាប់រឹតឬបន្ធូរខ្សែ ប្រើជាគ្រឿងដេញ មានសូរសព្ទមូលរងំ។ សម្តេចព្រះសង្ឃរាជក៏បានណែនាំថា យើងគួរហៅឧបករណ៍តន្ត្រីនេះថា “ខ្សែមួយឬឯកតន្ត្រី, ដេញឯកតន្ត្រី សូរឯកតន្ត្រី”

ឧបករណ៍

ឧបករណ៍ខ្សែ១ មានបណ្តោយដងធ្វើពីឈើក្រញូង បេងឬនាងនួន ប្រវែង ០.៨០ម​ ដែលនៅខាងចុងមានរាងកោងបន្តិចនិងមានឆ្លាក់ក្បាច់រូបសត្វដូចជានាគឬហង្ស ធ្វើពីឈើ ស្មាច់ ឆ្អឹង ឬភ្លុកជាគ្រឿងលម្អ។ ឯប្រអប់សូរធ្វើដោយសំបកឃ្លោកទុំស្ងួត មានវិជ្ឈមាត្រឬបន្ទាត់ផ្ចិត ប្រវែង ០.២០ម និងមានខ្សែស្ពាន់តែមួយសរសៃសន្ធឹងពីចុងដងទៅព្រលួត

 នៅប្រហែលជាពីរភាគបីពីចុងដង ជិតទៅខាងព្រលួត គេចងសំបកឃ្លោកភ្ជាប់ទៅនឹងដង ដោយមានខ្សែដាក់បញ្ចូលទៅក្នុង តាមរន្ធផ្លែឃ្លោកភ្ជាប់ដោយកន្លាស់ពីខាងក្នុង ហើយយកខ្សែលួសមួយសរសៃចងរឹតខ្សែស្ពាន់ឲ្យជាប់ទៅនឹងដង ធ្វើជាខ្សែក ត្រង់កន្លែងដែលភ្ជាប់សំបកឃ្លោក ដោយមិនមានពាសស្បែកអ្វីទេ។ នៅក្នុងវង់តន្ត្រីអារក្សឬអាពាហ៍ពិពាហ៍ឧបករណ៍ខ្សែមួយ រឹតទៅតាមឧបករណ៍ប៉ីប្របុសដែលជាឧបករណ៍មានសូរនឹង មិនផ្លាស់ប្តូរ (Fixed pitch)។​

របៀបសម្តែង

នៅពេលសម្តែង អ្នកដេញយកសំបកឃ្លោកមកផ្ទប់នឹងដើមទ្រូង ហើយបង្ហើបឬផ្អឹបសំបកឃ្លោកទៅនឹងទ្រូង ដើម្បីផ្លាស់ប្តូរសូរទៅតាមបទ។ គេកេះខ្សែស្ពាន់តែមួយនោះ ដោយប្រើក្រចកដែកដែលអ្នកដេញពាក់ស៊កទៅលើម្រាមដៃមួយដើម្បីឱ្យឮសូរខ្លាំង “តូម តូម” ផ្តក់មួយៗនៅមុនឬក្រោយចង្វាក់បន្តិច (Syncopation)។

របៀបប្រើ

គេប្រើឧបករណ៍ខ្សែមួយ ដែលមានសូរតម្អូញលន្លង់លន្លោចនៅពេលយប់ស្ងាត់ ឬនារដូវស្រូវទុំ ដែលខ្មែរយើងអ្នកស្រែចម្ការនិយមដេញលេងកម្សាន្តនៅពេលចាំស្រូវនៅខ្ទមស្រែ។ ក្រៅពីការសម្តែងទោល គេប្រើឧបករណ៍ខ្សែមួយ នៅក្នុងវង់តន្ត្រីអារក្សនិងអាពាហ៍ពិពាហ៍។

តាមការស្រាវជ្រាវផ្នែកជាតិពន្ធុតន្ត្រីវិទ្យា (Ethnomusicology) គេអាចសន្មតថាឧបករណ៍តន្ត្រីដែលមានខ្សែតែមួយ ដូចជាឧបករណ៍ “ធ្នូតន្ត្រី” (Musical bow) ជាឧបករណ៍តន្ត្រីចាស់ជាងគេ ដែលឧបករណ៍តន្ត្រីឯទៀតៗកើតឡើងនិងបំបែកខ្លួន។ ឈរនៅលើទស្សនៈនេះ ឧបករណ៍តន្ត្រីខ្មែរមានម៉ិមនិងខ្សែមួយ ដែលបុព្វបុរសយើងបានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន យើងក៏អាចសន្មតថាជាឧបករណ៍តន្ត្រីពីរ ដែលមានអាយុកាលចាស់ជាងឧបករណ៍តន្ត្រីគ្រឿងខ្សែនៅប្រទេសកម្ពុជាដែរ។

អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!