រទេះគោ

យើងនិយាយអំពីរទេះគោ ពិតណាស់ថាមនុស្សមួយចំនួនប្រាកដជាស្គាល់ ពិសេសប្រជាកសិករ ប្រកបរបបធ្វើស្រែចម្ការ ដ្បិតថាប្រទេសខ្មែរជាប្រទេសពឹងផ្អែកលើវិស័យកសិកម្មតាំងពីសម័យដើមមកម្លេះ។ រទេះគោជាទូទៅគេប្រើសម្រាប់ជាយានជំនិះ ឬជាមធ្យោបាយដឹកជញ្ជូនផលិតផលកសិកម្ម ដែលអ្នកស្រុកទាំង ឡាយតែងប្រើរទេះគោនេះ ដើម្បិដឹកស្រូវ, កណ្តាប់, ចំបើង, ថ្នាំជក់ជាដើម និងសម្រាប់ធ្វើដំណើរ និងដឹកសម្ភារៈ ផ្សេងៗទៅតាមទីជិតឆ្ងាយតាមតម្រូវការ។

វត្តមានរទេះគោក្នុងស្រុកខ្មែរ គឺមានតាំងពីសម័យបុរាណ មកម្ល៉េះ ដែលខ្មែរចេះប្រើរទេះគោតាមឥណ្ឌាចាប់​តាំង​ពី​សតវត្ស​ទី​១​នៃ​គ្រិស្តសករាជ​​។ តាមរយៈសិលាចារឹក K.448 គ.ស៦៧៤ មាននិយាយពាក្យ “រទ្ទេហ” ដែលសព្វថ្ងៃសរសេរជា “រទេះ” រីឯសិលាចារឹកK.720 សតវត្សទី១១ មាននិយាយពាក្យថា “រទេះជើង” និងសិលាចារិក K.158 សតវត្សទី១១មាននិយាយពាក្យថា “រទេះរុង”(រទេះធំ)។ ថ្វីដ្បិតក្នុងសិលាចារឹកមាននិយាយពាក្យថា “រទេះ” តែពុំដឹងថារទេះក្នុងសិលាចារឹកទាំងនោះមានសណ្ឋាន របៀបណា និងអូសដោយមនុស្ស ឬសត្វនោះទេ (គោ ឬសេះ)។

បើមើលចម្លាក់តាមជញ្ចាំងប្រាសាទបុរាណ មួយចំនួនក្នុងតំបន់អង្គរ ឧទាហរណ៍ចម្លាក់នៅប្រាសាទបាពួន និងប្រាសាទបាយន្តជាដើម មានបង្ហាញពីចម្លាក់រទេះគោដែលមានទ្រង់ទ្រាយស្រដៀងគ្នាទៅនឹងរទេះគោបច្ចុប្បន្នដែរ ហើយរទេះគោទាំងនោះប្រើជាមធ្យោបាយ សម្រាប់ដឹកអីវ៉ាន់ផ្សេងៗ និងធ្វើដំណើរទៅទីឆ្ងាយរបស់អ្នកស្រុកសម័យនោះ។

រទេះគោក្នុងស្រុកខ្មែរ មានបង្ហាញ ជាច្រើនប្រភេទ និងឈ្មោះផ្សេងៗ ពីគ្នាមានដូចជា រទេះគោត្រីបក រទេះគោចាម្ប រទេះគោឡុកឡាក់ រទេះគោកាច់ រទេះគោសាឡី និងរទេះគោមានដំបូលជាដើម ហើយរទេះគោទាំងនោះ សុទ្ធតែមានតួនាទីដឹក សម្ភារៈដូចមានរៀបរាប់នៅខាងលើ។

លុះមកដល់បច្ចុប្បន្នការប្រើរទេះគោបុរាណតាមស្រុកសែ្រចម្ការបានបាត់បង់បន្តិចម្តងៗ ព្រោះវត្តមាន គ្រឿងចក្រគោយន្តចូលមកស្រុកខ្មែរ ជំនួសការប្រើរទេះគោបុរាណ។ ការផ្លាស់ប្តូរនះ គឺប្រហែលជាអ្នកស្រុកយល់ថាវត្ថុទាំងនោះមានភាពងាយស្រួលប្រើជាងរទេះគោបុរាណ ហើយអាចប្រើបានពេលយូរអង្វែងជាងក៏ថាបាន។

ការប្រើប្រាស់រទេះគោបុរាណពិតមែនតែមានការថយចុះ ប៉ុន្តែយើងនៅឃើញមានប្រពៃណីប្រណាំងរទេះគោដែលជា​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរនៅមានបន្តជាហូរហែមកដល់សព្វថ្ងៃនេះ គឺតាមបណ្តាក្រុង និងខេត្តមួយចំនួនក្នុងស្រុកខ្មែរ ដែលជាទូទៅគេ​និយម​ប្រារព្ធ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ។ ក្រៅពីនេះ រទេះគោបុរាណក៏មានការពេញនិយមសម្រាប់ដឹកភ្ញៀវទេសចរនៅតាមតំបន់ទេចរណ៍បែបវប្បធម៌ និងធម្មជាតិ នៃតំបន់សហគមន៍មួយចំនួនក្នុងស្រុកខ្មែរ ឧទាហរណ៍តំបន់ទេសចរណ៍វប្បធម៌សៀមរាបអង្គរ និងតំបន់ទេសចរណ៍ ធម្មជាតិចំប៉ក់ខេត្តកំពង់ស្ពឺជាដើម។ ទាំងនេះ គឺជាប្រភពចំណូលមួយជួយលើកតម្កើងជីវភាពរស់នៅរបស់អ្នកស្រុក ក្រៅតែពីការធ្វើស្រែចម្ការដែលជាមុខរបរប្រពៃណីរបស់ពួកគាត់។

ក្នុងនោះរទេះ​គោ​បុរាណ ក៏មានបង្ហាញ​ជា​គ្រឿង​តាំង​លម្អ​ក្នុង​ភូមិគ្រឹះ​ ឬតាមផ្ទះបុរាណ ភោជនីយដ្ឋាន​ និងតាម​សណ្ឋាគារ​ធំៗ​ជាដើម ដ្បិតអ្នកមានធនធាននៃម្ចាស់ទីតាំងទាំងនោះ មានគំនិតចង់រចនា និងច្នៃប្រឌិតទីតាំងរបស់ខ្លួនឱ្យដូចជាកន្លែងបុរាណ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!