ទំព័រដើមសិល្បៈតន្ត្រីវង់ភ្លេងអារក្ស

វង់ភ្លេងអារក្ស

កម្ពុជា ជាព្រះរាជាណាចក្រនៃវប្បធម៌ មានទម្រង់សិល្បៈទស្សនីយភាពភាពសម្បូណ៌បែប រួមមានរបាំ ល្ខោន និងតូរ្យតន្ត្រី តួយ៉ាងដូចជាតន្ត្រី អាពាហ៍ពិពាហ៍ ពិណពាទ្យ មហោរី អាយ៉ៃ ចាប៉ីដងវែង ក្លងខែក ប៉ីកែវ និងអារក្ស។ល។

អារក្សឬអារក្ខ មានន័យថា “ការបីបាច់ ការថែទាំ ឬការថែរក្សាដោយយកចិត្តទុកដាក់” ។ ខ្មែរយើងហៅខ្មោចល្បាក់សា ខ្មោចមេមត់ឬបិសាច អសុរកាយដែលកាន់កាប់ថា «អារក្ស» ដោយសំដៅថា «ខ្មោចអ្នកបីបាច់រក្សា»។ ខ្មែរយើងគោរពអារក្សច្រើនប្រភេទ មានអារក្សទឹក អារក្សព្រៃ អារក្សត្បាល់ អារក្សទេវតា និងអារក្សទេព។ល។ ខ្មែរអ្នកកាន់ជំនឿអរូបី ខ្មោចឬព្រលឹង ជឿថាខ្មោចឬព្រលឹងចេះខឹងសម្បារឬសប្បាយរីករាយ។ ដូច្នេះហើយបានជាគេរៀបចំធ្វើពិធីលៀងអារក្សដើម្បីឲ្យអារក្សសប្បាយរីករាយ។

ខ្មែរអ្នកកាន់ជំនឿអរូបីនិងមានជំនឿលើអារក្ស ប្រារព្វពិធីសុំភ្លៀងនៅពេលរីងស្ងួត ពេលស្រុកកើតជំងឺរាតត្បាត ទុរ្ភិក្ស ឬមហន្តរាយ។

គេរៀបចំពិធីបញ្ជាន់អារក្សដើម្បីបញ្ចូលរូប សាកសួរអំពីមូលហេតុសូមឲ្យខ្មោចឬព្រលឹងរៀបរាប់ប្រាយប្រាប់អំពីបញ្ហាឬផលវិបាក ដែលនាំឲ្យមានទុរ្ភិក្សឬគ្រោះថ្នាក់ដល់សមាជិកក្រុមគ្រួសារឬសហគមន៍។ ដូច្នេះ គេប្រគំវង់តន្ត្រីអារក្សដើម្បីបំពេញតម្រូវចិត្ត លួងលោមអង្វរនិងដឹងគុណដល់ព្រលឹងអ្នកថែរក្សា ក្នុងគោលបំណងសូមសេចក្តីសុខសិរីសួស្តីជ័យមង្គលឲ្យផុតគ្រោះថ្នាក់ចង្រៃផ្សេងៗ។ នៅពេលមានជំងឺឈឺស្កាត់ គេក៏បញ្ជាន់រូបដើម្បីអញ្ជើញខ្មោចអ្នកថែរក្សាឲ្យមកប្រាប់អំពីបញ្ហាដែលនាំឲ្យមានជំងឺ។ ក្រោយពេលជាសះស្បើយ ផុតទុក្ខចង្រៃ គេរៀបចំធ្វើពិធីឡើងរោង ដើម្បីអញ្ជើញអស់ខ្មោចអ្នកថែររក្សាមកពិសាភោជនាហារនិងស្តាប់ភ្លេងកម្សាន្ត។

ពិធីបញ្ជាន់អារក្ស ឧទាហរណ៍ ចែកចេញជាបីតំណាក់៖ (១) ពិធីបើកនិងអញ្ជើញអារក្ស (២) ពិធីបញ្ជាន់និងបញ្ចូលរូបដើម្បីសាកសួរ និង(៣) ពិធីបិទនិងថ្លែងអំណរគុណដល់ខ្មោចឬព្រលឹងអ្នកថែរក្សា។

វង់តន្ត្រីអារក្ស មានឧបករណ៍ ទ្រខ្មែរឬទ្រខ្សែ៣ ខ្សែ១ ចាប៉ីដងវែង ប៉ីពក ប៉ីប្របុស ឈឹង ស្គរដៃពីពីរឡើងទៅ និងអ្នកច្រៀង​ ប្រគំនិងច្រៀងជាង៥០បទកំដរពិធីលៀងអារក្ស បញ្ជាន់អារក្ស ឡើងអ្នកតា និងដារលាន ជាដើម ដែលជាជំនឿអរូបីបុរាណរបស់ខ្មែរនិងមានអាយុកាលជាច្រើនពាន់ឆ្នាំមកហើយ តាំងពីពេលមុនព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាហូរចូលមកក្នុងតំបន់ជ្រោយសុវណ្ណភូមិនេះម៉្លេះ។ គេរៀបចំនួនស្គរនៅក្នុងវង់តន្ត្រីអារក្សពី២ទៅ១២ ទៅតាមថានៈនិងតួនាទីតូចឬធំរបស់ខ្មោចឬព្រលឹង។ គេប្រគំបទសុរិន្ទសម្រាប់បើកពិធីនិងអញ្ជើញខ្មោចឬព្រលឹងអ្នកថែរក្សា បទនិមន្ត ដើម្បីអញ្ជើញ និងបទកែ ដើម្បីអរគុណនិងបិទពិធី។

នាថ្ងៃអនាគត តន្ត្រីនិងវង់តន្ត្រីអារក្សនឹងត្រូវប្រឈមនឹងការបាត់បង់ប្រសិនបើប្រជាជនខ្មែរលែងមានជំនឿអរូបី ព្រោះវង់តន្ត្រីអារក្សនៅរស់រានមានជីវិតបាន ក៏ដោយសារប្រជាជនប្រារព្វពិធីពាក់ព័ន្ធនឹងជំនឿអរូបី ដើម្បីបួងសួងសុំឱ្យខ្មោចឬព្រលឹងមកជួយយកអាសារអ្នកដែលមានបញ្ហា។ ជាមួយគ្នានេះដែរ ចំនួនបទភ្លេងអារក្សក៏នឹងត្រូវរួញចុះថយចំនួន ដោយគ្មានគេត្រូវការនិងក៏គ្មានសិស្សណាចង់រៀន។ ពេលនោះ តន្ត្រីនិងវង់តន្ត្រីអារក្ស នឹងរស់រានមានជីវិត គ្រាន់តែបានគេយកទៅសម្តែងជាការបង្ហាញនិងរៀនសូត្របន្តិចបន្តួចតែប៉ុណ្ណោះ។ ជាពិសេសអ្នកជំនាន់ក្រោយ នឹងបានត្រឹមតែឮឈ្មោះ «អារក្ស» តែមិនបានស្គាល់ ក៏ដូចជាខ្មែរនាពេលបច្ចុប្បន្នភាគច្រើនគ្រាន់ត្រឹមតែបានឮឈ្មោះ ល្ខោនប្រាមោជ្ជទ័យ ល្ខោនពោលស្រី ល្ខោនស្បែកពណ៌ ល្ខោនគែន ឬល្ខោនភ្លេងការ​ តែធាតុពិត គឺមិនបានឃើញ ឮនិងស្គាល់ឡើយ។

អត្ថបទដោយ៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!