ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យារបកគំហើញផូស៊ីលនៅតំបន់ភ្នំ​សំពៅ

របកគំហើញផូស៊ីលនៅតំបន់ភ្នំ​សំពៅ

ភ្នំ​សំពៅ​ស្ថិតនៅ ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណន់ ខេត្តបាត់​ដំបង ដោយយើង​អាច​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​បាត់​ដំបង​តាមផ្លូវ​លេខ​៥៧​ មាន​ចម្ងាយ​ប្រមាណ ​១២​គីឡូ​ម៉ែត្រ។ បច្ចុប្បន្នតំបន់ នេះមាន​ប្រជាជនរស់​នៅ​ពាស​ពេញ​ និងជា​តំបន់ដ៏មានសក្តា​នុពលខាងផ្នែក​ទេស​ចរណ៍​ធម្មជាតិ ​ដ្បិតអីទីតាំងនេះសំបូរដោយភ្នំ​ថ្ម​កំបោរ និងមាន​រូង​ភ្នំ​ជា​ច្រើន​ដូ​ច​ជា​ល្អាង​ផ្កា​ស្លា​ ល្អាង​ខ្យល់​ ល្អាង​ស្ថានីយ​។ ភ្នំថ្មកំបោរជាច្រើនដែលយើងឃើញនៅជុំវិញតំបន់ភ្នំសំពៅ នោះមានដូចជា ​ភ្នំ​ក្រពើ, ភ្នំសំពៅ, ភ្នំក្ដោងសំពៅ, ភ្នំទ្រុងមាន់ទ្រុងទា, ភ្នំរំសាយសក់, សុវណ្ណមសា, ភ្នំសងក្បាល (នៅជិតស្រុកមង្គលបុរីសព្វថ្ងៃ ប៉ុន្តែអ្នកស្រុកហៅក្លាយមកថា “ភ្នំសងក្បាន”ទៅវិញ), ភ្នំសងក្បាន និងភ្នំក្រពាយនាង តែសព្វថ្ងៃគេហៅក្លាយមកថា “ភ្នំបន្ទាយនាង”។ ហើយម្យ៉ាងការហៅឈ្មោះភ្នំទាំងនេះ ក៏មានរឿង​និទាន​រៀបរាប់ពីមូលហេតុ នៃការកកើត​ភ្នំទាំងនេះផងដែរ​។ ក្នុងអត្ថបទនេះនឹងបង្ហាញអំពីការរកឃើញប្រភេទផូស៊ីល ដ៏កម្រនឹងជួបប្រទះនៅតំបន់ភ្នំសំពៅ ហើយនឹងធ្វើការស្វែងយល់ថាតើភ្នំ​សំពៅពិតជា​​មាន​ទំនាក់​ទំនង​នឹង​សមុទ្រយ៉ាងដូ ចម្តេច​?​

ភ្នំ​សំពៅ​​ជាប្រភេទភ្នំ​ថ្ម​កំបោរ ដែល​មាន​អតីតកាល​នៅ​ក្នុង​សមុទ្រ​។​​ ភ្នំ​នេះ​មាន​អាយុកាល​នៅ​ស័ក​ទី​១​ Paleozoic​ ក្នុង​សម័យ​ Permian ដែល​មាន​អាយុ​កាល​ ២៥១-២៩៩លាន​ឆ្នាំ​មុន។ ហើយប្រទេស​កម្ពុជាសម័យ​នោះ​​អាចនៅ​ជា​សមុទ្រ​នៅ​ឡើយ​ ដោយយោង តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មីៗ ​ស្តី​អំពី​ផូស៊ីល​នៅ​កម្ពុជា​របស់​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ អគ្គនាយកដ្ឋានសហគមន៍​មូលដ្ឋាន នៃ​ក្រសួង​បរិស្ថាន​។​ យើង​បាន​រក​ឃើញ​ភស្តុតាង​មួយ​ចំនួន​ដែល​អាច​​បញ្ជាក់​ថា​ ភ្នំ​សំពៅ​ពិតជា​ធ្លាប់​នៅ​ក្នុង​សមុទ្រ​។​ នៅ​​តាមដង​ផ្លូវ​​​ឡើង​ទៅ​កាន់​ព្រះ​វិហារ​មួយ​នៅ​លើ​កំពូល​ភ្នំសំពៅ​ យើងបាន​ជួបប្រទះ​ពពួក​សត្វ​សមុទ្រ​ដែល​កប់​នៅ​ក្នុង​ថ្ម​ ដោយពពួកសត្វប្រភេទនេះមាន​ឈ្មោះ​ថា​ Brachiopods ដែល​ជា​ប្រភេទ​សត្វ​សមុទ្រ​មាន​សណ្ឋាន​ប្រហាក់ប្រហែលនឹងងាវ​​បច្ចុប្បន្ន​ តែវាមាន​រូបរាងស្ទើរមូល និង​មាន​សំបក​ឆ្នូតៗ​។​ ពពួក​នេះ​​​ស្ថិត​នៅ​ក្នុង​ក្រុម​ជា​មួយ​សត្វ​កាឈីវ ដែល​មាន​សំបក​ដូច​គ្រំ​តែ​មាន​ជើង​មួយ​ដុះ​ចេញ​មក​ ក្រុម​នេះ​មាន​ច្រើន​នៅ​ស័កទី​១​ ចាប់​ពី​ស័ក​ទី​២ និង​បន្ត​មក​ពេល​បច្ចុប្បន្ន​មាន​តិ​ចតួច​ដែល​នៅ​រស់​រាន​មាន​ជី​វិត​។​ ​

ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា​ យើង​សង្កេត​ឃើញ​មាន​ពួក​កាឈីវ​ដែល​នៅ​មាន​លើ​ទីផ្សា​រ​លក់​ គ្រឿង​សមុទ្រ​ តែ​ក៏មិន​ទាន់​ដឹង​ថា​នៅ​ក្នុង​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​នៅ​មាន​ប៉ុន្មាន​ប្រភេទ​នោះ​ទេ? ដ្បិតពួកកាឈីវ​ជា​ប្រភេទ​សត្វ​ដ៏​ចំណាស់​មួយ​។​ ក្រៅ​ពី​នេះ​យើង​ក៏បាន​ជួប​ប្រទះ​ ពពួក​​ផ្កា​ថ្ម​២​ប្រភេទ​ផ្សេងគ្នា​​ដែល​បានកប់​ជាប់​នៅ​ក្នុង​ថ្ម​ផ្នែក​នៃ​កំពូល​ភ្នំ​ ​(រូបលេខ៣​-៤)។​ ពពួក​ខ្លះ​ទៀត​យើង​ក៏​ពុំ​ទាន់​បាន​កំណត់​​អត្ត​សញ្ញាណ​វា​បាន​នៅ​ឡើយ ដូច​ជា​ពពួកផូស៊ីល​ម៉្យាង​មាន​រាង​មូល​ដូច​គ្រាប់​ឃ្លី​ មាន​ទំហ៊ំ​ប៉ុន​កូន​ដៃ​ ផ្នែកខាង​ក្នុង​មាន​រាង​ជា​ស្រទាប់​ដូច​ជា​រង្វង់​ច្រើន​ជាន់​(រូប​លេខ៥)។​ ផូស៊ីល​មួយ​ប្រភេទ​ទៀត​មាន​រាង​ដូច​គ្រប់​អង្ករ​ ដែល​ពេល​ខ្លះ​គេ​ច្រ​ឡំ​ថា​វា​ជា​គ្រាប់​ធញ្ញជាតិ​ និង​ពេល​ខ្លះ​គេ​ថា​ពួក​នេះ​ជា​ផូស៊ីល​ស្រូវ ដែល​យើង​ឃើញ​កប់​ជាប់​នឹង​ថ្ម​នៅ​ភ្នំ​សំ​ពៅ​ដែរ។​ យើង​​ពិ​បាក​ក្នុង​ការ​ជឿថា​ទឹក​សមុទ្រ​អា​ច​ឡើង​ដល់​កំពូល​ភ្នំ​សំពៅ​ តែជា​ការ​ពិត​ណាស់​​សណ្ឋាន​ដី​មាន​ការ​ប្រែ​ប្រួល ខ្លះ​ក៏​ងើប​ឡើង​ ឬស្រុត​ចុះ​ក្នុង​ពេល​ណា​មួយ។​ រីឯសណ្ឋាន​ដីភ្នំ​សំពៅ​ក៏​ដូច​គ្នា​ មាន​ន័យ​ថា​ក្នុង​ពេល​មួយ​ក៏​មាន​ការ​រុញ​ឡើង​នៃ​ស្រទាប់​ផែន​ដី​ផង​ដែរ​(រូប​លេខ​៧​)។

ដូច្នេះ​យើង​អាច​យល់​បាន​ថា​ពពួក​សត្វ​ដែល​យើង​ឃើញ​កក​នៅ​ជាប់​ភ្នំ​នេះ​ ដើម​ឡើយ​ក្នុង​ពេល​ដែល​ពួក​វា​នៅ​មាន​ជីវិត​ អាច​ស្ថិត​នៅ​កម្រិតណាមួយដែលទាបជាង​ពេល​បច្ចុប្បន្ន​។​​ ភ្នំ​ទាំង​ឡាយ​ដែល​មាន​រៀបរាប់ខាងលើដូច​ជា ​ភ្នំ​សំពៅ​ ភ្នំ​ក្តោង​ ភ្នំបន្ទាយ​នាង​(ខេត្ត​បន្ទាយ​មាន​ជ័យ​) គឺ​ជា​ស្ថានីយ​ផូស៊ីល​​សត្វ​    សមុទ្រ​ ហើយបង្ហាញទាំង​នេះ​ជា​ពត៌មាន​បឋម​នៅ​ឡើយ​។

អត្ថបទដោយ៖ លោក លឹម វណ្ណាច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!