ទំព័រដើមប្រវត្តិសាស្ត្រប្រភពពាក្យ «វរ័្មន»

ប្រភពពាក្យ «វរ័្មន»

តាមរយៈសៀវភៅសិក្សាកន្លងមក យើងសង្កេតឃើញថាព្រះបរមនាមព្រះមហាក្សត្រខ្មែរ​សម័យមុនអង្គរនិង​អង្គរ​ តែមានពាក្យ «–វរ័្មន» នៅខាងចុង។  ប៉ុន្តែបើពិនិត្យ​តាមសិលាចារឹកបុរាណវិញ​ យើងឃើញសំណេរ​ពាក្យនេះជា «–វម៌្ម» តែប៉ុណ្ណោះ។ នៅ​ក្នុងអត្ថបទនេះ យើ​ងនឹងបង្ហាញអំពីប្រភពពាក្យ «វរ័្មន» តាមរយៈសិលាចារឹកខ្មែរ។

នៅក្នុងវចនានុក្រមខ្មែរ ពន្យល់ពាក្យ «វរ្ម័ន»​ មានន័យថា ក្រោះ អាវក្រោះ ដែលមានប្រភពមកពីពាក្យសំស្ក្រឹតថា «វម៌ន៑»។ យើងចាប់ផ្ដើមស្គាល់និងសរសេរពាក្យនេះជា «វរ័្មន» តាមរយៈឯកសារបារាំងនិងសរសេរត្រាប់តាមសំណេរ «varman»។ យើង​ដឹងហើយថា អ្នកដែលចាប់ផ្ដើមស្រាវជ្រាវ​ប្រវត្តិសាស្ត្រខ្មែរ​ដែលមានលក្ខណៈវិទ្យា​សាស្ត្រ ដោយពឹងផ្អែកជាសំខាន់លើឯកសារសិលាចារឹកបុរាណខ្មែរ គឺក្រុមអ្នកស្រាវជ្រាវ​ជាតិបារាំង​។ កាលដើមឡើយ នៅពេលបកប្រែអត្ថបទឬសរសេរតាមលំនាំអត្ថបទអ្នកស្រាវជ្រាវទាំងនោះ យើងក៏សរសេរត្រាប់តាមសំណេរ «varman» មកជាខ្មែរថា «វរ្ម័ន» ដោយពុំបានមើល​​អក្ខរាវិរុទ្ធតាមរយៈសិលាចារឹកនោះឡើយ។ លោកស្រីបណ្ឌិត ពៅ សាវរស​ លើកឡើងថា​អ្នកប្រាជ្ញខាងវិជ្ជាឥណ្ឌាជាន់មុន បានសរសេរពាក្យ «varman» មាន «–n»​ នៅខាងចុង​ ដោយសារ​ភ្ជាប់រឿងនេះទៅនឹងវប្បធម៌ទមិឡដែលរមែងសរសេរបែបនោះ។

បើមើលតាមភ្នែកខ្មែរ និង​ពិនិត្យមើលអត្ថបទសិលាចារឹកខ្មែរបុរាណសម័យមុនអង្គរ​និង​អង្គរ​​ យើងឃើញមានតែសំណេរ «–វម៌្ម»​ តែម្យ៉ាងប៉ុណ្ណោះ។ បន្ទាប់មក​ នៅសម័យក្រោយអង្គរ ពាក្យនេះក្លាយសំណេរ​មក​ជា «–ពម៌្ម» ដូចមាន​នៅ​ក្នុងពង្សាវតារឬឯកសារផ្សេងៗសរសេរជា «–ពាណ៌»។ ដូច្នេះ​ព្រះនាមព្រះបាទ​ស្រីសុរិយោពាណ៌ គឺគួរតែជាពាក្យ «សុរិយោពម៌្ម» ដែលក្លាយមកពីពាក្យសម័យអង្គរថា «សូយ៌្យ​វម៌្ម» ដែលជាទំនៀមតមកពីសម័យអង្គរ ដូចជាព្រះនាម «ជ័យវម៌្ម» ដែលមានច្រើនអង្គដូច្នេះឯង។​ នៅក្នុងសិលាចារឹកខ្មែរ ពុំមានសំណេរ «–វម៌ន៑‍» ឬ «–វម៌្ម​ន៑» ឡើយ។

យើងដឹងស្ទើរគ្រប់គ្នារួចហើយថា នៅសម័យបុរាណ តាំងពីសម័យមុនអង្គរនិងអង្គរ ខ្មែរទទួលឥទ្ធិពលផ្នែកពាក្យសព្ទយ៉ាងច្រើនពីភាសាសំស្ក្រឹត។ យ៉ាងនេះក្ដី ខ្មែរពុំបានយកលក្ខណៈពាក្យសំស្ក្រឹតមកប្រើនោះទេ ពោលគឺខ្មែរប្រើតាមការស្រួលមាត់និងលក្ខណៈភាសាខ្មែរ ដែលយើងនិយមហៅថា «ខេមរនីយកម្ម»។ ពាក្យដើមរបស់សំស្ក្រឹត ដែលសរសេរជា «វម៌ន៑»​ ឬ «វម៌្មន៑» នោះ ខ្មែរពុំប្រើតាមឡើយ គឺប្រើត្រឹមតែ «វម៌្ម» ប៉ុណ្ណោះដោយពុំមាន «–ន» នៅខាងចុងឡើយ។ បើយើងមើលឱ្យវែងឆ្ងាយបន្តិចទៅទៀត យើង​នឹង​ឃើញថា ពុំមែនមានតែករណីពាក្យ «វម៌្ម» នេះតែមួយប៉ុណ្ណោះទេ គឺមានពាក្យផ្សេងទៀតដូចខាងក្រោមនេះ៖

ពាក្យសំស្ក្រឹតពាក្យខ្មែរបុរាណ
ឝម៌ន៑ឝម៌្ម(សម៌្ម) (K.134: 22&26, K.154B: 10 etc.)
ចក្រវត៌ិន៑ចក្រវត៌ិ្ត (K.235C: 73)
គុណទោឞទឝ៌ិន៑គុណទោឞទឝ៌ិ(គុណទោសទស៌ិ) (K. 340: 10 etc.)
វ្យវហារិន៑វ្យវហារិ/វ្យវហារិ (K.344: 6&9, K.249: 4)
ឝ្រេឞ្ឋិន៑ឝ្រេឞ្ឋ/ឝ្រេឞ្ឋិ(ស្រេស្ឋ/ស្រេស្ឋិ) (K.259S: 22, K.262: 26&34)

ដូច្នេះ ម្ចាស់សំណេរអត្ថបទណា ដែលពឹងផ្អែកតែលើឯកសារបរទេស ដោយមិនបានពិនិត្យមើលលើសិលាចារឹកខ្មែរបុរាណ ឬក៏ពុំបានពិនិត្យអំពីលក្ខណៈភាសាខ្មែរ អាច​នឹងសរសេរសងពាក្យទាំងនោះមកជាខ្មែរវិញដូចជា​៖ សម៌ន/សរ្ម័ន(śarman) ចក្រវ៌ាតិន/ចក្រវាត៌ិន (cakravartin) គុណទោស៌ិន(guṇadoṣadarṣin) វ្យវហារិន(vyavahārin) និងស្រេស្ឋិន(śreṣṭhin) ពុំខាន។ លុះតែសរសេរ អាន និងប្រើតាមការត្រាប់សងសំណេរបរទេស​ដូច្នោះយូរៗទៅក៏ក្លាយ​ជាទម្លាប់។ តើទម្លាប់បែបនេះ អាចកែបានឬពុំបាន?

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!