ទំព័រដើមសិល្បៈតន្ត្រីវង់តន្ត្រីអាពាហ៍ពិពាហ៍

វង់តន្ត្រីអាពាហ៍ពិពាហ៍

“Wedding Ensemble”, Cambodia is the Kingdom of Culture with a glorious civilization, rich in tangible and intangible heritages. Many documents show that Cambodia has more than a hundred musical instruments that the indigenous peoples and the Khmer have conserved, used, performed, and taught to the young generation until today. Some of these instruments have appeared on the walls of the Angkor Wat and Bayon temples. Khmer musicians use the musical instruments mentioned above in various ensembles, including the Toam Ming or Kantroeum Ming, Arakk, Pinn Peat, Mohori, Korng Skor, Klang Yon, Klang Khaek, Klang Chhneah, Trai Leak, Ayai, Yike, Bassac, and Kar. The wedding ensemble (Apea Pipea or Kar) is one of the most important ensembles, which always renders in Khmer wedding ceremonies. Cambodians use two types of wedding ensembles, one traditional and the other modern.

The wedding ceremony is the most important rite of passage in the life of every Khmer, who normally goes through this stage at least once in his or her life-time. Cambodians believe that sons and daughters, who have married, show gratitude to their parents, fulfill and honor their families. It should be noted that in the Southeast Asian region and beyond, only Cambodians have more than a hundred wedding musical pieces and songs to accompany various ceremonies in the wedding.

កម្ពុជា ជាព្រះរាជាណាចក្រនៃវប្បធម៌​ មានអរិយធម៌រុងរឿងប្រកបដោយវប្បធម៌ រូបីនិងអរូបីសម្បូណ៌បែប។ ឯកសារជាច្រើន បានកត់ត្រាបង្ហាញថា កម្ពុជាមានឧបករណ៍តន្ត្រីជាងមួយរយ ដែលជនជាតិដើមភាគតិចនិងខ្មែរយើងបានថែរក្សា ប្រើប្រាស់ សម្តែង និងបង្ហាត់បង្រៀនបន្តដល់កូនចៅជំនាន់ក្រោយរហូតដល់បច្ចុប្បន្ន។ បុព្វបុរសខ្មែរ បានឆ្លាក់រូបឧបករណ៍តន្ត្រីមួយចំនួននៅលើជញ្ជាំងប្រាសាទបុរាណ មានប្រាសាទអង្គរវត្តនិងប្រាសាទបាយ័នជាដើម។

ចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្តនិងប្រាសាទបាយ័ន បង្ហាញពីឧបករណ៍តន្ត្រីត្រែ ស្នែង ស័ង្ខ ស្រឡៃ ម៉ិម ពិណ្យ ខ្សែមួយ ទ្រខ្សែ៣ ពាទ្យ គងញី គងឈ្មោល ឃ្មោះ ឈឹង សម្ភោរ ស្គរយោល ស្គរធំ និងស្គរជ័យ។ល។ ដូច្នេះ យើងក៏អាចសន្និដ្ឋានបានថា ខ្មែរយើងបានថែរក្សានិងបណ្តុះបណ្តាលបន្តនូវ វប្បធម៌អរិយធម៌អង្គរ រួមទាំងតន្ត្រី អភិវឌ្ឍកែច្នៃនិងបង្កើតបន្ថែមរហូតដល់សព្វថ្ងៃនេះ។ 

តន្ត្រីករខ្មែរ ប្រើឧបករណ៍តន្ត្រីជាងមួយរយដែលបានរៀបរាប់ខាងលើ នៅក្នុងវង់តន្ត្រីជាច្រើន មានវង់តន្ត្រីទាំមីងឬកន្ទ្រឹមមីង អារក្ស ពិណពាទ្យ មហោរី គងស្គរ ក្លងយោន ក្លងខែក ក្លងឈ្នះ ត្រៃល័ក្ខណ៍ អាយ៉ៃ យីកេ បាសាក់ និងអាពាហ៍ពិពាហ៍។ល។

នាបច្ចុប្បន្ន ខ្មែរយើងនិយមប្រើវង់តន្ត្រីអាពាហ៍ពិពាហ៍ពីរប្រភេទគឺ វង់តន្ត្រីអាពាហ៍ពិពាហ៍បុរាណនិងវង់តន្ត្រីអាពាហ៍ពិពាហ៍សម័យ។ វង់តន្ត្រីអាពាហ៍ពិពាហ៍បុរាណ មានឧបករណ៍ទ្រខ្មែរឬទ្រខ្សែ៣ ខ្សែ១ ចាប៉ីដងវែង ប៉ីប្របុស ឈឹង ស្គរដៃ និងអ្នកច្រៀង។ ឯវង់តន្ត្រីអាពាហ៍ពិពាហ៍សម័យ មានឧបករណ៍ទ្រសោតូច ឃឹម ក្រពើ ខ្លុយ ឈឹង ស្គរដៃ និងអ្នកច្រៀង។

ពិធីអាពាហ៍ពិពាហ៍ ជាពិធីមង្គលសំខាន់បំផុតនៅក្នុងជីវិតរបស់ខ្មែរគ្រប់រូប ដែល សុទ្ធសឹងតែបានឆ្លងកាត់តំណាក់កាលនេះក្នុងជីវិតរបស់គេ។ ខ្មែរយើងមានជំនឿថាកូន ប្រុសកូនស្រីដែលបានរៀបអាពាហ៍ពិពាហ៍ គឺបានតបស្នងសងគុណមាតាបិតា និងបាន បំពេញនិងផ្តល់កិត្តិយសដល់ក្រុមគ្រួសារទៀតផង។ វាក៏ជាទំនៀមទម្លាប់ដែលមានអាយុ កាលយូរយារពីបរមបុរាណ ដោយមានទាំងរឿងព្រេង និទានដែលមានដំណើរដើមទង ពាក់ព័ន្ធនឹងព្រះរាជពិធីអភិសេករវាងព្រះថោង និងនាងនាគ ព្រមទាំងការកកើតទឹកដី នគរគោកធ្លកផង។ ពិធីអាពាហ៍ពិពាហ៍ដែលប្រារព្ធធ្វើឡើងក្នុងរយៈពេលមួយថ្ងៃមួយយប់ ពីរថ្ងៃពីរយប់ ឬបីថ្ងៃបីយប់ទៅតាមចំណង់ចំណូលចិត្ត ពេលវេលានិងលទ្ធភាពហិរញ្ញវត្ថុ របស់គ្រួសារខាងប្រុស និងខាងស្រីត្រូវកំដរដោយវង់តន្ត្រីអាពាហ៍ពិពាហ៍ដែលជាវង់តន្ត្រីមួយចាស់ជាងគេក្នុងចំណោមវង់តន្ត្រីខ្មែរ។

យើងគួរកត់សម្គាល់ផងដែរថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ក៏ដូចជានៅក្នុង ពិភពលោក គឺមានតែខ្មែរយើងទេដែលមានតន្ត្រី និងចម្រៀងអាពាហ៍ពិពាហ៍រហូតដល់ ទៅជាងមួយរយបទ បម្រើនិងកំដរឱ្យតែពិធីផ្សេងៗជាច្រើននៅក្នុងអាពាហ៍ពិពាហ៍។ ចាប់ តាំងពីពិធីហែកូនកំលោះ ចូលរោង កាត់សក់ ចងដៃ ផ្ទឹម រហូតដល់ពេលកូនកំលោះតោង ស្បៃកូនក្រមុំចូលក្នុងបន្ទប់ គឺសុទ្ធតែកំដរដោយវង់ តន្ត្រីអាពាហ៍ពិពាហ៍លេងបទពិសេស សម្រាប់កំដរពិធីនីមួយៗនេះ។ ទោះបីនៅពេលដែលគេមិនមានពិធីក៏ដោយក៏វង់តន្ត្រីនៅ តែលេងកំដររោងនិងបរិយាកាសដែរ។

វង់តន្ត្រីអាពាហ៍ពិពាហ៍លេងបទ៖ហោមរោង ដើម្បីបួងសួងសូមពរជ័យសិរីមង្គលប្រោះព្រំដល់ទីកន្លែងពិធី និងកូន កំលោះកូនក្រមុំ ព្រមទាំងក្រុមគ្រួសារនិងញាតិមិត្តជិតឆ្ងាយ នៃគូស្វាមីភរិយាថ្មី

ចៅព្រាហ្មណ៍ សម្រាប់ហែកូនកំលោះ

សារិកាកែវ ក្នុងពិធីកាត់សក់កូនប្រុសកូនស្រី

បាយខុន សម្រាប់កំដរពិធីចងដៃ

ព្រះថោង នៅពេលកូនកំលោះតោងស្បៃកូនក្រមុំចូលបន្ទប់

កងសោយ ក្នុងពិធីសែនដូនតា។ល។

តន្ត្រីខ្មែរជាអត្តសញ្ញាណ ពណ៌សម្បុរ និងជាព្រលឹងរបស់ខ្មែរ។ វាពិតជាមានឥទ្ធិពល មកលើចិត្តនិងបេះដូងរបស់ខ្មែរ។ ភ្លេងក្លងខែក ដែលគេលេងឬចាក់ជាសំឡេងនៅពេល ដង្ហែសពទាក់ទាញចិត្ត និងអារម្មណ៍ខ្មែរគ្រប់គ្នាឲ្យកំសត់និងសង្វេគចំពោះ សេចក្តីស្លាប់របស់ បុគ្គលនិងការព្រាត់ប្រាស់គ្នាដែលគ្មានថ្ងៃត្រឡប់វិញ។ ដូចគ្នានេះដែរ តន្ត្រីអាពាហ៍ពិពាហ៍ ឬភ្លេងការខ្មែរក៏មានឥទ្ធិពលទាក់ទាញចិត្ត អារម្មណ៍ និងដាស់បេះដូងខ្មែរអ្នកស្តាប់ឱ្យលន្លង់ លន្លោចស្រមើស្រមៃទៅដល់អតីតកាលដែលខ្លួនបាន រៀបអាពាហ៍ពិពាហ៍ ឬអានុស្សាវរីយ៍ ពីកុមារភាពរបស់ខ្លួន។

អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!