ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាកំណាយបុរាណវិទ្យានៅភូមិក្រាំងគរ

កំណាយបុរាណវិទ្យានៅភូមិក្រាំងគរ

“The archaeological excavation at Krang Kor village”, Krang Kor village locates in Kor commune, Kampong Tralach district, Kampong Chhnang province. Also, about 15 kilometers northwest of the ancient city, Oudong, and Longvek, 15th to 19th century. It is an archaeological site that has never studied before 2010. Surprisingly, looting has unearthed crucial archaeological remains include human skeletons. Accordingly, four times of archaeological excavations and radar surveys have conducted on the mounts of the western part of the village, and seven other trenches have set in the area of Krang Kor primary school. Result of the excavation the mounts showed very little information about Khmer, Thai, and Chinese ceramics which could date to the 17th century. However, significant archaeological remains found on the first and seventh trench in primary school. The first trench showed a tomb with offerings without a skeleton. Additionally, the direction of a pot and glass earring suggested the head of the dead body placed west. Furthermore, the seventh trench provided a pile of potsherds include the ceramic from Sri Satchanalai kiln and ceramic making tools. Based on glass beads and ceramics on the site, Krang Kor village holds a vital history during the 12th and 15th centuries. Although the study has limited information and requires further research, it gives information about the burial and ceramic workshop.

ភូមិក្រាំងគរ ជាស្ថានីយថ្មីមួយដែលអ្នកស្រាវជ្រាវមុនៗមិនដែលបានដឹងមុនឆ្នាំ២០១០ ដោយសារតែតំបន់នេះ មើលទៅជាវាលស្រែល្វឹងល្វើយ មានតែទួលដែលជាភូមិស្ថាន  អ្នកស្រុកដោយអន្លើប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈការលួចគាស់កាយរបស់ជនទុច្ចរិកមួយចំនួនបង្ហាញថា នៅតាមទីទួលនានាក្នុងតំបន់នោះមានបង្កប់នូវសំណល់បុរាណជាច្រើន ពេលខ្លះ មានទាំងឆ្អឹងមនុស្សទៀតផង។ ភូមិក្រាំងគរមានទីតាំងស្ថិតនៅក្នុងឃុំគរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចម្ងាយប្រហែល១៥គ.មភាគពាយ័ព្យនៃទីក្រុងបុរាណលង្វែក ឬប្រហែល២០គ.មពីរាជធានីឧត្តុង្គ ដែលជារាជធានីសម័យក្រោយអង្គរ ពីសតវត្សទី១៥ដល់ពាក់កណ្តាលសតវត្សទី១៩។ របកគំហើញនៃស្ថានីយនេះ គឺកើតមានឡើងតាមរយៈនៃការដើរលួចគាស់កកាយរកវត្ថុបុរាណ ហើយអ្នកភូមិបានផ្តល់ពត៌មានដល់មន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយក្រោយមកទៀតក្រុមការងាររបស់ក្រសួងបានសហការជាមួយក្រុមស្រាវជ្រាវនៃវិទ្យាស្ថានណារ៉ាចុះពិនិត្យដល់ទីតាំងផ្ទាល់ដែលគេលួចជីក និងបានប្រទះឃើញវត្ថុបុរាណមួយចំនួនដែលបន្សល់នៅរាយប៉ាយនៅបរិវេណនោះផងដែរ។ ដោយសារយល់ឃើញពីផលប៉ះពាលយ៉ាងខ្លាំងលើស្ថានីយ ក្រសួងវប្បធម៌បានស្នើឱ្យវិទ្យាស្ថានណារ៉ាជួយធ្វើការសិក្សាស្រាវជ្រាវ លើស្ថានីយនេះ។

ការងារស្រាវជ្រាវ និងលទ្ធផល

ការសិក្សាស្រាវជ្រាវនៅភូមិក្រាំងគរបានចាប់ផ្តើមក្នុងឆ្នាំ២០១០ ដោយបានរៀបចំផែនទីលម្អិតក្នុងភូមិ ការរុករកដោយប្រព័ន្ធរ៉ាដា និងកំណាយបុរាណវិទ្យា។ កំណាយបុរាណវិទ្យាត្រូវបានអនុវត្តចំនួន៤លើក នៅលើទីតាំងសំខាន់២ ទី១គឺនៅតាមទួលខាងលិច ភូមិ និងទី២ គឺនៅក្នុងតំបន់ឬបរិវេណបឋមសិក្សាភូមិក្រាំងគរ។ កំណាយនៅទីតាំងទី១ តាមទួលខាងលិចភូមិបានផ្តល់នូវទិន្នន័យតិចតួច ទាក់ទងនឹងការបោះចោលនូវបំណែកភាជន៌ខ្មែរ ថៃ និងចិន ដែលអាចមានអាយុកាលក្នុងឬក្រោយសតវត្សទី១៧។ ជាទូទៅវត្ថុទាំងនោះមាននៅក្នុងស្រទាប់ដីជម្រៅប្រហែល៤០ស.ម ទៅ៥០ស.មប៉ុណ្ណោះ នៅក្រោមជម្រៅនេះ គឺជាស្រទាប់ដីខ្សាច់ម៉ត់សុទ្ធ ដូចទៅនៅនឹងវាលស្រែជុំវិញដែរ។ ចំណែកការងារកំណាយនៅលើទីតាំងទី២ គឺមានសារសំខាន់ច្រើន ហើយរណ្តៅកំណាយមានរហូតទៅដល់៧កន្លែង។ ចំណុចគួរអោយចាប់អារម្មណ៍ក្នុងរណ្តៅទី១គេបានជួបប្រទះ នូវស្លាកស្នាមផ្នូរខ្មោចចំនួន១ តែពុំមានសល់ឆ្អឹងទេ គឺមានតែវត្ថុដែលជាគ្រឿងបន្លុងដែលគេបានកប់ទុកចោល បន្ទាប់ពីការលើកយកឆ្អឹងខ្មោចចេញពីផ្នូរវិញ។

តាមស្លាកស្នាម និងវត្ថុបន្លុងដូចជា ក្រវិល អង្កាំកែវ និងក្អមទឹក បង្ហាញថាសពត្រូវបានគេដាក់ក្បាលទៅទិសលិច ឈៀងទៅជើងបន្តិច។  វត្ថុបន្លុងទាំងនោះរួមមាន ក្អមទឹក២នៅលើក្បាល និង១នៅក្រោមជើង ចានថៃ២ ចានចិន២ ក្រវិលសំរឺទ្ធ១គូ អង្កាំកែវនៅជុំវិញក្បាលចំនួន១១៨គ្រាប់ (ពណ៌ផ្ទៃមេឃ និងស) កាំបិតតូចធ្វើអំពីដែក២។ ចំណុចសំខាន់មួយទៀត គឺការរកឃើញគំនរបំណែកភាជន៌ កងដៃធ្វើពីដីដុត និងកងដៃធ្វើពីថ្មយ៉ាងច្រើននៅក្នុងរណ្តៅទី៧ ពិសេសគឺឧបករណ៍ធ្វើភាជន៍ (ល្ករនិងក្លឹង) ដែលបង្ហាញថា នៅទាំងតាំងក្នុងបរិវេណសាលារៀននេះអាចជាកន្លែងសិប្បកម្មផលិត កុលាលភាជន៍ និងគ្រឿងផ្សេងៗមួយចំនួនទៀតក្នុងសម័យបុរាណទៀតផង។

កាលបរិច្ឆេទ

តាមរយៈការសិក្សាប្រៀបធៀបវត្ថុសិល្បៈ ពិសេសភាជន៍ចិននិងថៃដែលរកបានតាមទីតាំងនីមួយៗ និងពីផ្នូរក្នុងរណ្តៅទី១ រួមមានចានចិនមានស្រទាប់រលោងពណ៌បៃតង (Celadon) និងចានថៃមកពីស្រីសត្ចណាលៃ (Sri Satchanalai) បង្ហាញជាបណ្តោះអាសន្នថា ស្ថានីយនេះដែលមានវត្ថុទាំងនេះ គឺស្ថិតនៅក្នុងពាក់កណ្តាលសតវត្សទី១៥។ តាមការសិក្សាវិភាគបែបវិទ្យាសាស្ត្រលើគ្រប់អង្កាំដែលបានពីកំណាយបង្ហាញថា វាមានសមាសធាតុស្ទើដូចគ្នាទាំងស្រុងទៅនឹងអង្កាំដែលផលិតនៅប្រទេសចិន ចាប់ពីសតវត្សទី១២ ដែលគេហៅថាអង្កាំកែវលាយសំណប៉ូតាស្យូម (Potassium Lead Glass Bead)។បច្ចេកទេសផលិតអង្កាំ និងជំនួញអង្កាំបែបនេះបាននាំចូលកម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍តាំងពីសតវត្សទី១២។

របកគំហើញថ្មីនេះ ជាភស្តុតាងយ៉ាងសំខាន់សម្រាប់អ្នកស្រាវជ្រាវក្នុងការសិក្សាអោយកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រកម្ពុជានាសម័យក្រោយអង្គរ ជាពិសេសគឺសិក្សាលើព្រឹត្តិការណ៍នានាដែលកើតមាននៅជុំវិញតំបន់នោះ និងទំនាក់ទំនងជាមួយអតីតរាជធានីលង្វែក និងឧត្តុង្គ។ នេះជាដំណាក់កាលដំបូងនៃការស្រាវជ្រាវ និងកំណាយនៅស្ថានីយភូមិក្រាំងគរ ហើយលទ្ធផលបណ្តោះអាសន្នបានផ្តល់នូវពត៌មាននៃការកប់សព និងកន្លែងដែលអាចជាសិប្បកម្មផលិតកុលាលភាជន៍ផងដែរ។ វាទាមទារឱ្យមានការធ្វើកំណាយបន្ថែមដើម្បីប្រមូលយកទិន្នន័យក្នុងការបកស្រាយឱ្យបានច្បាស់លាស់អំពីបុរាណដ្ឋានមួយនេះ។

អត្ថបទដើម៖ លោក សុខ កែវ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!