ទួលអង្ករខ្មៅ

“Toul Angkar Khmao”, Black rice has brought question among people, especially the scholars. It is not the rice that can be eaten, but the rice that might be burned for a specific reason. So far, the sample of black rice at Toul Angkar Khmao gives the date to the 10th century. In this article, we will examine why contain this black rice? Relatedly, there are few Khmer inscriptions that pointed out the information on burning the rice, “Tut Srūv / Tut Srū”. For instance, Sdok Kak Thom inscription K.235 mentions a boundary of a land shares with “Kralā Tut Srū” and Prasat Leak Neang inscription K.265N mentions the offering for the occasion of burning the rice, “Velā Tut Srū and Nā Tut Srū”. Additionally, the record of Chinese, Zhou Daguan illustrated a ceremony calls “Tut Phnom Sruv” meaning burn the mound of rice. Burn the rice exists in an ancient royal ceremony calls “Paramāga” and two annual royal ceremonies call “Preah Reach Piti Bun Phnom Sruv and Preah Reach Kosal Meak Bochea”. Similarly, this ceremony well-known among villagers. It is called “Bochea Pleng, Bun Phnom Sruv or Tut Phnom Sruv”. Therefore, based on the information from the inscription, royal ceremonies and the practice of villagers show that black rice at Toul Angkar Khmao resulting from ritual practice for agriculture. 

នៅភូមិកាំងតេជោ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង​ និងនៅឃុំគយមែង ស្រុកមង្គលបុរី មានទីទួលមួយឈ្មោះថា «ទួល​អង្ករ​ខ្មៅ»។ ទីទួលអង្ករខ្មៅនេះ មិនមានច្រើនកន្លែងទេនៅក្នុងប្រទេសខ្មែរយើង។ ផ្អែកតាមលោក បណ្ឌិត ធុយ ចាន់ធួន ដែលបានយកអង្ករខ្មៅនៅស្រុកថាឡាបរិវ៉ាត់ទៅពិសោធ បានទទួលលទ្ធផលថាអង្ករខ្មែរនោះមានអាយុកាលនៅស.វ.ទី១០នៃគ្រិស្ដសករាជ។ នៅក្នុងអត្ថបទនេះ យើង​នឹង​ពិនិត្យ​មើលថាហេតុអ្វីបានជាមានអង្ករខ្មៅនេះ?

អង្ករខ្មៅនេះ ពុំមែនជាអង្ករធម្មជាតិដែលមានព័ណ៌ខ្មៅនោះទេ ប៉ុន្ដែ​ជា​ស្រូវ​ដែល​ដុត​​ឆេះ​សម្បក នៅសល់តែសាច់អង្ករ ដែល​​កើត​ឡើង​ដោយ​ចំហេះ​ពុំសព្វ។ បើ​មើល​ទៅ​លើរឿងដុតស្រូវនេះ យើង​ឃើញ​មាន​ភស្ដុ​តាង​ក្នុង​សិលា​ចារឹក​មួយ​ចំនួន​ដែល​សរសេរ​ថា «តុត៑ស្រូវ» មាន​ន័យ​ថា «ដុតស្រូវ»។ ពុំ​មាន​សិលា​ចារឹក​ដែល​រៀប​រាប់​ដោយ​ចំ​និង​លម្អិ​ត​អំពី​កិច្ច​ពិធី​ដុត​ស្រូវ​នោះ​ឡើយ។ នៅ​ក្នុង​សិលា​ចារឹក​ស្ដុក​កក់​ធំ​ K.235 មាននិយាយអំពីព្រំប្រទល់ដីមួយកន្លែងដែលលាតសន្ធឹងទៅដល់ «ក្រលា​ដុតស្រូវ» (ក្រលាតុត៑ស្រូ) ដែល​យើង​អាច​យល់​បាន​ថា​ជាទី​កន្លែង​ក្រលា​ដុត​ស្រូវ​នោះ ​ពុំ​​មែន​ជា​ទី​តាំង​មាន​ទំហំ​តូច​ជា​ធម្មតា​ ឬជា​ទី​តាំង​ដែល​គេ​ធ្វើ​ចល័តនោះឡើយ។ ប្រសិន​បើ​ទី​តាំង​នោះ​ ជា​ទី​តាំង​ដែល​គេ​ធ្វើ​ចល័ត ម្ល៉េះ​សម​គេពុំ​យក​ធ្វើជា​ទីតាំង​គោល​សម្រាប់​កំណត់​ព្រំ​ដី​នោះ​ឡើយ។ នេះ​ហាក់​ដូច​ជា​ស៊ី​គ្នា​នឹង​ទីទួល​អង្ករ​ខ្មៅ​ដែល​គេ​ជួបប្រទះ គឺមានលក្ខណៈជាទួលធំសមល្មមនិងមានអង្ករខ្មៅនោះច្រើន។ ចំណែកឯនៅក្នុងសិលាចារឹកប្រាសាទលាក់នាង K.265N នៅក្បែរប្រាសាទប្រែរូប ក៏មាននិយាយអំពីដង្វាយដែលគេថ្វាយសម្រាប់វេលាដុតស្រូវ និងកន្លែងដុតស្រូវ (វេលាតុត៑ស្រូ & នាតុត៑ស្រូ) ផងដែរ។ ដូច្នេះយើងឃើញថា «ដុតស្រូវ» នេះ​គឺ​ជា​កិច្ច​ពិធី​ដែល​គេធ្វើក្នុងកាលវេលាសន្មតិណាមួយ។ បើ​ពិនិត្យ​មើល​នៅ​ក្នុង​កំណត់​ហេតុ​មន្ត្រីជាតិចិនគឺ​​លោក ជីវ តាក្វាន់ វិញ នៅ​ត្រង់​ចំណុច​ពេលចូល​ឆ្នាំក៏មាន​​បង្ហាញ​ឱ្យ​ដឹង​ថា​នៅ​ក្នុង​ខែ​នីមួយៗប្រចាំឆ្នាំ រមែង​មាន​កិច្ច​ពិធី​ប្រចាំ​ខែ​នោះ​ជា​និច្ច​។ នៅខែទី៧ មាន​ពិធីមួយគឺពិធី​ដុត​ភ្នំស្រូវ​ ប៉ុន្តែលោកមិនបានរៀបរាប់លម្អិតអំពីពិធីនេះ ប្រព្រឹត្តិទៅដោយរបៀបណា និងដើម្បីអ្វីនោះទេ។

ចំណែក​ឯក្នុងវចនានុក្រមខ្មែរវិញត្រង់មេពាក្យ បរមាឃ ពន្យល់ថា «ឈ្មោះ​ព្រះ​រាជ​ពិធី​មួយ​យ៉ាង​ពី​ក្នុង​បុរាណ​រាជ្យ, ធ្វើ​ក្នុង​ខែ​មាឃ, មាន​ពិធី​ហែ​ស្ដេច​មាឃ, បរ​សេះ, បរ​គោ, បរ​ក្របី ប្រណាំង ហើយ​បរ​ក្របី​បញ្ជល់​រាង, រួច​ធ្វើ​ភ្នំ​ស្រូវ​មួយ​ឲ្យ​ពួក​បារគូ​ទាំង​៤ក្រុម នាំ​គ្នា​ដុត​ភ្នំ​ស្រូវ​នោះ, ក្នុង​វេលា​ភ្លើង​កំពុង​តែ​ឆេះ, មន្ត្រី​ទី​ស្ដេច​ត្រាញ់​ខែត្រ​​ក្រៅ​៥​នាក់ កាវ​រំលំ​ភ្នំ​ស្រូវ​នោះ, បើ​ភ្នំ​ស្រូវ​នោះ​រលំ​ទៅ​ទិស​ណា សន្មត​ថា​ពួក​ប្រជា​ជន​ក្នុង​ទិស​នោះ​នឹង​ធ្វើ​ស្រូវ​បាន​ផល​ច្រើន»។ ត្រង់ចំណុចនេះ បើ​យើង​បក​ទៅ​ពិនិត្យ​មើល​​សៀវភៅ​ព្រះរាជ​ពិធីទ្វាទសមាសវិញ បង្ហាញ​ថា​ក្នុងខែមាឃ​មាន​ព្រះ​រាជ​ពិធី​ពីរ​គឺ ​ព្រះរាជពិធីពូនភ្នំស្រូវ ​និង​ព្រះរាជកុសលមាឃបូជា។ ប៉ុន្ដែ​ព្រះរាជ​ពិធី​ពូនភ្នំស្រូវ​នោះ​ ពុំមាន​ធ្វើ​ទៀតទេ។ នៅ​ក្នុងឯកសារ​របស់​សម្ដេច​ឥសីភទ្ទធបតី ម៉ាំង ចាង​ហ្វាង​​ក្រុម​បារគូ​ បញ្ជាក់​ថា​ភ្នំស្រូវ​ក្នុងកិច្ចពិធីនោះ​ត្រូវ​ដុត​ ហើយ​ចៅហ្វាយ​ស្រុក​ទាំង​៥​ យក​ដង្កាវ​ដែក​ទាំង​៥​ កាវ​ក្អម​ទឹក​លត់​ភ្លើង​។ ​យើង​ឃើញ​ថា​កិច្ច​ពិធី​ដុតភ្នំ​ស្រូវ​នេះ​ ពុំដុត​ស្រូវ​ឱ្យ​ឆេះអស់នោះទេ គឺត្រូវមានទឹក​មកពន្លត់​ផង​ដែរ​។ ម្យ៉ាង​ទៀតកិច្ច​ពិធីនេះក៏មាននៅក្នុងទំនៀមអ្នកស្រុកផងដែរ ដែលគេហៅឈ្មោះប្លែកៗគ្នាដូចជា «បូជាភ្លើង» ឬ «ពូនភ្នំស្រូវ ឬដុតភ្នំស្រូវ»។ ដូច្នេះហើយ​ទើប​យើង​ឃើញ​មាន​ទួលអង្ករខ្មៅនេះ​ មាននៅ​​ខេត្តស្ទឹងត្រែង​និង​នៅ​បន្ទាយមានជ័យ។ ការ​ដុតនេះទៀត​សោត​ យើង​អាច​យល់​បាន​ថា​ជាប់​ទាក់​ទង​នឹង​កិច្ច​បូជា​ថ្វាយទេព​តាមរយៈព្រះអគ្គី។

កាលដើមឡើយស្រូវទាំងអស់ក្នុងកិច្ចនោះត្រូវដុតទាំងអស់ លុះក្រោយមក​នៅពេលកាន់ពុទ្ធសាសនាថេរវាទគេយកស្រូវនោះ​លក់ ដើម្បីយកកម្រៃដាក់ជាប្រយោជន៍វត្តវិញ។ កិច្ច​នេះហើយដែល​ក្លាយ​មក​​​ជា​​ពិ​ធី​​ពូនភ្នំស្រូវ ដោយធ្វើនៅតាមភូមិស្រុក​ក្រោយពេល​ប្រមូលផលរួច ដោយពុំដុតទៀត​ទេ ​ដ្បិត​ស្រូវនោះទុកប្រើប្រាស់ជាប្រយោជន៍​របស់​វត្ត​អារាម​ជា​ដើម។ «ពូនភ្នំស្រូវ» ​ឬ «ដុតភ្នំស្រូវ»​ នេះ ជាកិច្ចពិធីក្នុងវិស័យកសិកម្ម ដែលហាក់ដូចជា​បង្ហាញ​ពី​ការ​បូជា​ភោគផលថ្វាយ​ទេព​ផង និង​ត្រៀមសម្រាប់រដូវ​កសិកម្មខាងមុខ​ផង​ ដ្បិត​ឯកសារសម្ដេចឥសីភទ្ទធបតី ម៉ាំង បញ្ជាក់ថា​ស្រូវ​ដែល​លត់​ទឹក​ក្នុង​កិច្ច​ពិធី​​នោះរួច អាចារ្យវាល់ចែកចៅហ្វាយស្រុកទុកចែករាស្ត្រប្រជាធ្វើជាពូជសាប ឯ​ស្ដេច​មាឃ​ជិះដំរីឱបព្រលឹងស្រូវ​ហែទៅឃ្លាំងស្រូវ។ ដូចបានបង្ហាញខាងលើនេះ «ទួលអង្ករខ្មៅ» គឺ​ជា​ទួល​កើត​ឡើង​ដោយសារ​ខ្មែរយើង​​ពី​ជំនាន់​មុន​បាន​ធ្វើពិធី «ដុតស្រូវ» ឬ «ដុតភ្នំស្រូវ» នេះឯង។ តាមរយៈសិលាចារឹក ទីលានដុតស្រូវនោះហៅថា «ក្រឡាដុតស្រូវ» (ក្រលាតុត៑ស្រូ)។ យើងពុំប្រាកដថាពិធីនេះ​មានចាប់តាំងពីពេលណាមកនោះឡើយ ប៉ុន្តែតាមរយៈសិលាចារឹក ពាក្យដុតស្រូវ ដែលចាស់ជាងគេ ឃើញមានក្នុងសិលាចារឹក​ប្រាសាទលាក់នាង នាពាក់កណ្ដាលស.វ.ទី១០។

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!