កោជុក

ការកោរជុក ឬកោរកំប៉ោយនេះ ជាពិធីដ៏មានសារសំខាន់មួយ ដែលបញ្ជាក់អំពីដំណាក់កាលនៃការវិវឌ្ឍន៍ ឬចម្រើនវ័យរបស់មនុស្សម្នាក់ៗ។ ដូនតាខ្មែរបានបង្កើត និងបន្សល់ទុកនូវពិធីច្រើនបែបយ៉ាងដែលត្រូវអនុវត្តចំពោះមនុស្សម្នាក់ៗ ចាប់តាំងពីកើតរហូត ដល់ស្លាប់ ហើយត្រូវបានអ្នកស្រាវជ្រាវកំណត់ថា ជាពិធីឆ្លងវ័យ។ ហេតុនេះការកោរជុក ឬកំប៉ោយជាពិធីមួយក្នុងចំណោមពិធីឆ្លងវ័យដែលបញ្ជាក់ថា បុត្រធីតារបស់ខ្លួនបានឆ្លងផុតពីវ័យក្មេង(កូនក្មេង)ឈានដល់វ័យជំទង់ ឬពេញវ័យ។ បើតាមក្រិតក្រមពីបុរាណការកោរជុក គឺត្រូវកំណត់យកក្មេងៗ ដែលមានអាយុជាចំនួនសេសចាប់ពី១១ទៅ១៣ឆ្នាំ ឬខ្លះដល់អាយុ១៥ឆ្នាំ។

ក្នុងសម័យមុនពិធីនេះមានការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនពុំដែលអាក់ខាននោះទេ ទាំងក្នុងជួរព្រះរាជាវង្ស និងប្រជាជនខ្មែរ ជាក់ស្ដែងនៅដើមសតវត្សទី២០ គេបានប្រារព្ធពិធីកោរជុកយ៉ាងឱឡារិកចំពោះព្រះអង្គម្ចាស់ ចន្ទលេខា ហៅម្ចាស់តូ  ជាព្រះបុត្រារបស់ព្រះបាទនរោត្តម។ រហូតមកដល់សព្វថ្ងៃទំនៀមទំលាប់នៃការរៀបចំកោរជុកនេះ សើ្ទរតបាត់បង់ទៅហើយកម្រឃើញមានរៀបចំធ្វើណាស់។  ម្តងម្កាលគេឃើញមានធ្វើនៅតាមទីជនបទខ្លះៗតែប៉ុណ្ណោះ ដូចជានៅតាមភូមិខ្លះនៅតំបន់អង្គរ ខេត្តសៀមរាប និងក្នុងបរិវេណនៃប្រាសាទអង្គវត្ត និងភាគខាងជើង ឬភាគពាយព្យនៃប្រទេសដែលខ្លះមានដើមកំណើតខ្មែរក៏នៅចងចាំនៅទំនៀមនេះ និងបន្តប្រតិបត្តិនៅឡើយ។

ជាទូទៅប្រជាជនខ្មែរនិយមធ្វើពិធីនេះនៅក្នុងខែមាឃ ផល្គុន នឹងពិសាខ ដោយមានរយៈពេល៣ថ្ងៃ។ រីឯគ្រឿងរណ្តាប់ក្នុងពិធីមានដូចជា បាយសីដើម (តំណាងសាមីកោជុក និងមាន៧ថ្នាក់ដោយកម្ពស់ស្នើនឹងសាមីកោរជុក) បាយព្រលឹង ស្រូវកញ្ជើ គ្រឿងអង្កររាប (មានអង្ករ និងសម្ភារៈផ្សេងៗដូចជា ដូងនាឡិ ដូងតក់ ស្បូវភ្លាំង ត្រល់ដែលចងជាមួយចិញ្ចៀនជាដើម) ពពិល ប្រដាប់កោរសក់ ដាវ ឬព្រះខ័ន (ធ្វើពីស្លឹកត្នោត) គ្រឿងតុបតែងខ្លួន ជមផ្សេងៗ និងមានផ្លែឈើនានាទៅតាមលទ្ធភាពគ្រួសារ។

ជារួមពិធីកោរជុកនេះ ជាពិធីសំខាន់ចំពោះក្មេង ពុំទាន់ពេញវ័យពិតប្រាកដ ពោលគឺឆ្លងពីវ័យពីកុមារចូល វ័យជំទង់។ ម៉្យាងទៀតពិធីនេះមានការចូលរួមធ្វើកិច្ច និងដឹងឮពីបុគ្គលសំខាន់ៗក្នុងសាសនារួមមានព្រះសង្ឃ និង អាចារ្យ ព្រមទាំងចាស់ទុំក្នុងស្រុកដែលប្រតិបត្តិទំនៀមនេះតាំងពីបុរាណ និងញាតិមិត្តបងប្អូនរបស់ក្មេង។ មួយវិញទៀត បើយើងពិនិត្យមើលពិធីនេះមានលក្ខណៈជាព្រហ្មញ្ញសាសនាផង និងជាពុទ្ធសាសនាផង ព្រោះរាល់គ្រឿងរណ្តាប់ក្នុងពិធីសុទ្ធជាគឿងទំនៀមបន្សល់ពីព្រហ្មញ្ញសាសនា រីឯពុទ្ធសាសនា គឺមានវត្តមានព្រះសង្ឃធ្វើកិច្ចតាមលំដាប់លំដោយនៃពិធីកោរជក់នោះ។

អត្ថបទដើម៖ លោក ថាន់ មនោមយិទ្ធិ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!