ទំព័រដើមនិទានកថាផ្កាស្រពោន (ភាគទី១៥)

ផ្កាស្រពោន (ភាគទី១៥)

រូបនោះមានបបូរមាត់ធ្លាក់សំយេះ ហើយមានផ្ទាំងជាតិរុំព័ទ្ធជាក្រមា។ រូបចំលាក់នេះជារូបអ្នកតាដង្កោតាងិល ដែលមានរិទ្ធានុភាពខ្លាំងពូកែណាស់។ អ្នកដំណើររទេះ កាលដែលបានដល់ទួលនេះហើយ តោងខ្មីឃ្មាតកាច់មែកឈើ ច្រូចស្រា សែនបាយទឹក ចំណីចំណុក ដើម្បីសូមលាភ សូមជ័យពីលោក អ្នកតា។ រួចហើយ ទើបនាំគ្នាយកគោឲ្យផឹកទឹកបឹងមួយ ដែលនៅប្របទីនោះ ហើយដែលមានទឹកថ្លាឈ្វេង ផឹកទៅត្រជាក់ដល់ថ្លើម។ ក្នុងពោះបឹងនោះស្មៅវារីជាតិ ដូចជាស្នោ និងព្រលិត ទាញចក្ខុវិញ្ញាណដោយលំអ ផ្ការីកភ្លឺរន្ទាល ឬសក្បុស។ ភ្នែកជនដែលត្រេកត្រអាលនឹងទេសភាពទន់ត្រជាក់នេះ មិនងាយនឹងដកចេញពីទីនោះបានទេ ព្រោះមានហ្វូងក្រសារ រនាល មាន់ទឹក ដែលរកស៊ីដោយសន្តិភាពពេញទាំងបឹង បន្ថែមលំអ បន្ថែមមនោរម្យត្រួតទៅលើទីឋាននេះទៀត។ សារាយនេះញញឹមស្រស់ ក្រោមរស្មីត្រចះនៃព្រះអាទិត្យ និងក្រោមផ្ទៃមេឃខៀវដែលឆ្លុះគំនូរទៅក្នុងទឹកថ្លាយង់។ អង្គុយក្រោមដើមចារមួយ ប៊ុន ធឿន ក៏គយគន់រំពៃមើលពពួកបក្សីដែលដើរលបៗ ចាំឆ្មក់មច្ឆាជាតិ…។

         ពួកអ្នកដំណើរ កាលបើបានមុជទឹកជំរះខ្លួនរួចហើយ ក៏នាំគ្នាដំកង់អាស្រ័យបាយ ដែលអ្នកផ្ទះបានរៀបបំរុងមកឲ្យហើយ និយាយចំអន់គ្នាសើចខ្ញៀវខ្ញារ។ ប៊ុន ធឿន មុខនៅតែស្រពោនខំត្រដរលេបបាយបានពីរ បីម៉ាត់ប៉ុណ្ណោះ។ រួចហើយ ក៏យកក្រមាមួយទៅក្រាលលើស្មៅដេកលេងក្រោមដើមចារ មើលសត្វ មើលមេឃ មើលដងព្រឹក្សព្រៃ ហើយសញ្ជឹងសញ្ជប់តែម្នាក់ឯង។ នៅវេលាសូរិយាបន្ទាបគងមាត់ព្រៃ ពួករទេះអ្នកស្រុកនៃភូមិកំពង់ព្រះបានដល់ទៅកន្លែងមួយហៅវាលស្រីស្រណោះ។ វាលស្រីស្រណោះ! ឈ្មោតំបន់នេះចំជាសម ចំជាត្រូវព្រោះជាទីកន្លែងមួយវាលស្មើ ហើយមានស្មៅចិញ្ចៀន និងស្លាបទាដុះជិតប្រកិតគ្នា ដូចជាកំរាលមួយដែលមានពណ៌បៃតងស្រស់ ហើយមានព្រៃដងអូរព័ទ្ធជុំវិញដូចជាកំពែង។ ពេលល្ងាចវេលាថ្ងៃលិចហ្វូងបក្សីហើរមីរដេរដាសមកចាប់ទ្រនំ តាមដើមឈើដងព្រឹក្សព្រៃ។

         វាលស្រីស្រណោះ! ធម្មជាតិនៅក្នុងទីនោះ ​មានសភាពដូចជាទឹកមុខនារីមួយដែលមានរូបល្អ ហើយដែលស្ងួតក្រៀមក្រំ ដោយមានព្រួយក្នុងចិន្តា។

         វាលស្រីស្រណោះ! ប៊ុនធឿនឮតែឈ្មោះវាលនេះឡើង ក៏កើតរំជួលញាប់ញ័រអស់អង្គកាយ។ ឳ! វិធាវីត្រួយជីវិត បងស្គាល់ចិត្តនាងជាក់ណាស់ មុខតែនាងមិនភ្លេចសេចក្តីស្នេហាដើមទេ។ ឳ! ម្ល៉េះសមនាងខំទ្រាំទ្រស្វាមីនាងដែលនាងគ្មានប្រតិព័ទ្ធដល់ប៉ុនសរសៃសក់ឡើយ។

កាលបើបានដល់វាលស្រីស្រណោះហើយ ពួកអ្នករទេះក៏រហ័សដៃរហ័សជើង ខ្លះទៅរកឈើព្រៃមកធ្វើជាឧសទុកដុតឲ្យសន្ធោសន្ធៅក្នុងពេលយប់ ដើម្បីកុំឲ្យហ្វូងដំរីព្រៃមកបៀតបៀន ខ្លះក៏ស្លដណ្តាំ ខ្លះទៀតក៏កាន់ពូថៅទៅឆ្ការព្រៃ យកទីកន្លែងដេកបណ្តោះអាសន្នទំរាំរកជម្រកបាន។ ជនទាំងនេះធ្វើការបណ្តើរនិយាយគ្នាសើចលេងបណ្តើរ។

នៅក្នុងចំណោមមនុស្សទាំងនេះ មានជនម្នាក់អាយុ៥០ឆ្នាំប្លាយ មាឌក្រអាញដងខ្លួនធំដំបងសក់កាត់ខ្លីសំបុររបាយមូសខ្លា។ បុរសនេះឈ្មោះប្រាក់ជាអ្នកខ្លាំងពូកែចេះមន្តអាគមធ្វើគ្រូហ្មបាន។ គាត់ស្គាល់ផ្លូវរនាមខ្ទេចគ្មានសល់។ ពួកក្រុមដែលដើរព្រៃជាមួយគាត់មិនដែលស្គាល់ថា ដូចម្តេចហៅថាវង្វេងផ្លូវសោះឡើយ។ តាប្រាក់មានសតិប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវសាស្រ្តា ដែលមានក្នុងវត្តកំពង់ព្រះទាំងប៉ុន្មានយ៉ាងស្ទាត់។ ហេតុនេះហើយបានជាពួកដើរព្រៃតែងតាំងគាត់ជាដង្ខៅ គឺជានាយក។ បើគាត់និយាយបង្គាប់ថាដូចម្តេច គេតោងស្តាប់គាត់ហើយធ្វើតាមគាត់ជានិច្ច។

នៅយប់នៃថ្ងៃដែលទៅដល់ វាលស្រីស្រណោះនោះពួកអ្នកដើរព្រៃបានសុ្រះស្រួលគ្នាអង្គុយជក់បារីស្លឹកចេក នៅជុំវិញតាប្រាក់ ហើយឲ្យជាតិនិយាយរឿងសាស្រ្តាកំសាន្តលេង។ តាប្រាក់ក៏ចាប់ផ្តើមរឿង ព្រះជិនវង្សឲ្យពួកគាត់ស្តាប់…។

យប់នោះ នៅពេលដែលអ្នកដំណើរទាំងឡាយដេកលុងលក់ ស្រម៉ុកគគ្រឹកគគ្រេងរៀងខ្លួន ខ្ញុំហ៊ានអះអាងថា មុខជាមានអ្នកខ្លះយល់សប្តិឃើញរូបនាងបុទមសូរិយា ដែលកើតពីក្នុងផ្កា ឬនាងសុវណ្ណរេខា និងអញ្ជ័នពីចិត្រ ដែលជាបុត្រីយក្ស ហើយប្រហែលជាអ្នកទាំងនោះដែលខ្លួនដេកនៅផ្ទាល់ពសុធានឹងគួចស្នេហា មមើរស្រវ៉ារកស្រ្តីល្អឯកទាំងនោះពុំខាន។ “ជន្លេនស្រឡាឡ់ផ្កាយ!”។

ឳព្រះនាងក្សត្រីទាំងឡាយដែលប្រតិស្ឋកើតឡើងដោយប្រាជ្ញាចិត្តកវីដែលមានរូបឆោមលោមពណ៌ល្អឥតផ្ទឹមបាន ដែលមាននាមក្រអូបឆ្ងុយដូចបុប្ផាជាតិ ក្មេងទំនើបថ្មីគេបោះបង់ចោលអស់ហើយ!​ ប៉ុន្តែក្លិនពិដោរព្រះនាងនៅតែអណ្តែតចេញពីសាស្រ្តាស្លឹករឹតមក ប្រលោមចោមបំពេរជាតរាប នូវព្រលឹងអ្នកស្រែដែលធ្វើការនឿយហត់។ ពួកអ្នកដើរព្រៃ កាលបើបានសង់ជំរុំរួចស្រេចហើយ ក៏ចាត់បំបែកគ្នាជាបីកង។ មួយកងអ្នកដើររកភូមិយកឃ្មុំ យកកូនក្រមួននឹងទឹក។ មួយពួកទៀតជាអ្នកស្វែងនេសាទត្រីតាមបឹងតាមត្រពាំង។ ឯផ្នែកទីបីពួកអ្នកចាំជំរុំ ថែទាំសត្វពាហាន និងយកត្រីដែលចាប់បានមកធ្វើជាប្រហុក ជាងៀត ជាឆ្អើរ។

ចំណែកប៊ុនធឿនវិញ ដើរមកតាមគេប្រុងតែនឹងរំហើយចិត្តនោះមិនមានចូលជាពួកកងណាឲ្យប្រាកដទេ។ ជួនណាប៊ុនធឿនលីអង្រុត លីសមទៅតាមពួកនេសាទ។ បើប្រសិនជាគេប្រទះបឹងណាធំពេក ឬដែលមានទឹកនៅច្រើននៅឡើយ គេក៏ប្រើអង្រុត ប្រើសមទៅលុកលុងចាប់យកត្រី។ តែបើប្រសិនបើបឹងមានទឹករីងនៅតិចល្មមវិញ គេកកាយដីលើកភ្លឺបែងបំបែកបឹងជាពីរ។ បន្ទាប់មកគេយកស្នាចធ្វើអំពីឈើ ឬធ្វើអំពីប៉ោតប្រេងកាតបញ្ជូនទឹកពីភាគម្ខាងទៅភាគម្ខាងទាល់តែខះទើបគេចាប់ត្រីដាក់ត្រកតែម្តង។ រួចហើយទើបគេបាចទឹកពីម្ខាងដែលមានទឹកបញ្ចូលមកម្ខាងវិញ។

         នៅវេលាដែលគេចាប់ត្រី គេនិយាយសើចហ៊ោកញ្ជៀវ ខ្លះច្រៀងប្របកៃ ខ្លះហួច ខ្លះទះដៃទ្រហឹងអឺងកង។ នៅក្រោមម្លប់ឈើមួយដុះនៅប្របមាត់ទឹកមានខ្លះទៅរកឧសមកបង្កាត់ភភ្លើង ហើយតាំងយកត្រីរស់ណាធាត់ៗបិទដីឥតហើយកប់ទៅក្នុងងងើក យកត្រីអណ្តែងខ្នាតធំៗទៅត្បុតនឹងមែនឈើ ហើយអាំង ចោលក្លិនឈ្លុយនាំឲ្យស្រៀវទឹកមាត់គ្រប់ៗគ្នា។ ឯទឹកជ្រលក់សោត ក៏គេយកមកលាយចំរុះជាមួយគ្នាក្នុ្ងងចានមួយដោយថែមអំពិលពីរបីគ្រាប់ និងទឹកជាពីរ បីច្រូចប៉ុណ្ណោះ។ គេឥតប្រើជីរប្រើខ្លឹមអ្វីសោះឡើយ។ តែម្ហូបនេះមានឳជារសឆ្ងាញ់ណាស់ ដោយមកពីធ្វើការនឿយហត់ ប៊ុន ធឿនដែលខ្នះខ្នែងក្នុងការនេសាទនោះក៏តែងអាស្រ័យបានឆ្ងាញ់រាល់ពេល ហើយមិនប៉ុន្មានថ្ងៃក៏មានទឹកមុខស្រស់បស់សប្បុរសឡើងក្រហមក្រម៉ៅ។ មានថ្ងៃមួយប៊ុនធឿនបានដើរចូលព្រៃធំជាមួយពួករកឃ្មុំ។ ឳកាសនេះធ្វើឲ្យប៊ុនធឿនសង្កេតឃើញថាពួកអ្នកដើរព្រៃដើរលឿន ហើយធន់មិនងាយអស់កំលាំងយ៉ាងអស្ចារ្យ។ មួយទៀតព្រៃសោតសឹងមានសភាពដូចៗគ្នាមិនគួរគេ ចំណាំបាន មិនឲ្យគេវង្វេងសោះឡើយ។

 (សូមរងចាំតាមដានរឿងផ្កាស្រពោនភាគទី១៦ ដែលជាភាគបន្តនៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!