លុះរួចរាល់អស់ហើយ ព្រះពោធិសត្វក៏ចូលប្រឡាបន្ទំត្រាស់ហៅសុពណ៌ទេវីថា ហៃអនុជក្សត្រស្រីប្អូនស្ងួន នាងនៅពួនថ្វីកុំនាងយំសោកនឹងប្តីឡើយ។ ចូរទៅនឹងបង ទៅនឹងនៅជាមួយនឹងម្តាយជួបជុំត្រកូលឯស្ថានមនុស្សវិញ។ សុពណ៌ទេវីឮសេ្តចបងហៅដូច្នេះក្សត្រីភិតភ័យណាមួយនឹកអាល័យស្វាមី ណាមួយភ័យខ្លាចមិនដឹងជាយក្សឬគ្រុឌ ឬឥសីអ្វីដែលមកប្រយុទ្ធយករាជសម្បត្តិនិងរូបខ្លួនដូច្នេះ នាងគិតថាឳអញហើយ ព្រាត់មាតាបិតាហើយពេលនេះព្រាត់ស្វាមីទៀត នេះស្តេចមកពីណាអាងតែខ្លួនមានបុណ្យប្ញទ្ធីមកតតាំងយកភរិយាគេដូច្នេះ ឲ្យអង្គអញជាស្រីរស់នៅប្រាស់ចាកពីប្តី ប្រុសពាលផងប្រាកដជានិន្ទាពុំគិតក្រែងអ្វីឡើយ បើម្ល៉េះទៅហើយស៊ូស្លាប់ទៅល្អជាង។
កាលនោះព្រះពោធិសត្វ បានតឿនក្សត្រីថាឲ្យឆាប់ឡើងនឹងអាលចេញដំណើរ។ សុពណ៌ទេវីឮព្រះរៀមតឿន ចិត្តមិនចង់ចេញទៅទេ ប្រាប់ថាខ្ញុំនៅរកស្នៀតសក់ដែលបិតាឲ្យ…។ រួចហើយនាងផ្តាំទ្វារថា ចូរទ្វារចាំបណ្តាំអញណាប្រាប់ថាអញចេញទៅទាំងទុក្ខសោកទោម្នេញពុំមានស្បើយទេ។
កាលនោះព្រះពោធិសត្វដោយរងចាំនិងតឿនជាច្រើនគ្រានៅតែមិនមកទ្រង់ក៏មានបន្ទូលថា “បើមិនព្រមចេញមកទេយើងនេះនឹងកាត់យកសិរសាយកទៅថ្វាយមាតុច្ឆាហើយដើម្បីកុំឲ្យខុសនឹងរាជសវនីយ៍ទ្រង់ យើងគិតថាយើងជាបងពិត ទើបយើងឆ្លងភពមកយកនាងទៅ បើនាងមិនគិតមិនអាល័យមាតា ហើយមកអាល័យអ្នកក្រៅមិនព្រមទៅដូច្នេះ យើងនឹងទូលទ្រង់ឲ្យដឹងសព្វប្រការ…”។
សុពណ៌ទេវីកាលឮព្រះអង្គក្រោធដូច្នេះភិតភ័យខ្លាចស្លាប់ក៏ចេញមកព្រមជាមួយ ព្រះពោធិសត្វនាំក្សត្រីគង់លើស័ង្ខជ្រែកទឹកឡើងមក ហើយក៏បានជួបនឹងមាតា ក្សត្រីកេសរសុមន្ទាកាលទ្រង់ឃើញបុត្រមកដល់ក៏អោបបុត្រទ្រង់ព្រះកន្សែងរៀបរាប់ថាៈ “កូនអើយ! មាសមកដល់ហើយសព្វថ្ងៃម្តាយរែងកើតទុក្ខឥតស្បើយ គិតដល់កូនជានិច្ច។ ហើយពេលនេះព្រះមាតុលា នៅឯបញ្ចាលនគរប្រើម្ចាស់បងកូនឲ្យមករកមាតា ហើយក៏បានប្រយុទ្ធនឹងបិតាបុត្រៗ ចាញ់ប្ញទ្ធិក៏មរណាទៅ…”។ ចំណែកសុពណ៌ទេវី ក៏រៀបរាប់ប្រាប់មាតាវិញដែរ។ បន្ទាប់មកព្រះពោធិសត្វទ្រង់នាំមាតុច្ឆានិងប្អូនស្រីឡើងគង់លើរាជសីហ៍ដែលមានស័ង្ខនាំមុខចាកចេញពីប្រាសាទសំដៅទៅបញ្ចាលនគរ…។
យើងស្លេះត្រឹមនេះមិននិយាយ យើងបែរងាកមកមើលស្តេចនាគវិញម្តង ក្រោយពេលដែលព្រះពោធិសត្វចេញផុតពីរថ្ងៃបីថ្ងៃ ស្តេចនាគក៏បានឲ្យសេនាមកមើលប្រាសាទ លុះបានដឹងថាស័ង្ខសិល្បជ័យនាំមហេសីទៅក៏សោយសោកបោកខ្លួនស្តាយមហេសី…។
យើងសូមនិយាយពីដំណើររឿងរបស់ព្រះពោធិសត្វនាំមាតុច្ឆា និងប្អូនស្រីហោះទៅដល់ឋានយក្សវនរាជជាបងកុម្ភ័ណ្ឌ។ វនរាជសួរថា: “តើទាំងបីនាក់ទៅណា?”។ កេសរសុមន្ទាប្រាប់ថាៈ”ទៅសួរបងឈឺនៅឯស្រុកបានក្រាបលាស្វាមីហើយ”។ វនរាជមិនបានដឹងរឿងក៏ថាៈ “បើដូច្នោះឡើងលើដៃយើងមក យើងជូនទៅ”។ ទាំងបីនាក់មីងក្មួយបានជិះលើដៃវនរាជហោះមកនគរវិញ កាលនោះស្តេចបងទាំងប្រាំមួយ ឃើញយក្សភ័យស្លន់ស្លោរត់ពួនគ្រប់គ្នា។ វនរាជបានបន្ទាបដៃឲ្យក្សត្រទាំងបីអង្គចុះ រួចក៏លាត្រលប់ទៅវិញ។ ព្រះពោធិសត្វទ្រង់ហៅអស់ស្តេចបងទាំងប្រាំមួយមក ហើយណែនាំសំណេះសំណាលជាមួយមាតុច្ឆា រួចហើយនឹងយាត្រាត្រឡប់ទៅនគរវិញ។ កាលនោះស្តេចទាំងប្រាំមួយគិតថាៈ”បើឲ្យវានាំមាតុច្ឆាចូលនគរ វានឹងបានគុណសម្បត្តិថ្កើងយស ចំណែកយើងនិងអប្បយស ដូច្នេះគួរតែសម្លាប់វាដើម្បីកុំឲ្យទៅបាន”។ គិតគ្នាស្រេចក៏បបួលស័ង្ខសិល្បជ័យថាទៅបេះផល្លាថ្វាយព្រះមាតុច្ឆា។ ព្រះពោធិសត្វក៏ឲ្យមាតុច្ឆាទៅចាំទីនោះ ខ្លួននឹងបងទៅដើរលេង។ លុះដល់ព្រៃឆ្ងាយបន្តិចស្តេចបងទាំងប្រាំមួយក៏ប្រាប់ស័ង្ខសិល្បជ័យថាឲ្យទុក សរ ខ័ន និងស័ង្ខនៅមួយកន្លែងសិនចុះ។
ស័ង្ខសិល្បជ័យដោយមិនដឹងពីពុតត្បុតរបស់បងក៏ទុកតាមហើយដើរលេងតាមដងព្រៃ។ លុះទៅដល់ជ្រោះជ្រៅមួយពួកបងទាំងប្រាំមួយក៏បាននាំគ្នាច្រានស័ង្ខសិល្បជ័យទម្លាក់ជ្រោះ ព្រមទាំងបានយកថ្មសង្កត់ពីលើទៀតផង។ រួចហើយក៏ប្រញាប់មកយកព្រះខ័ន និងសរតែព្រះខ័ន និងសរក៏រលាយបាត់អស់ទៅ។ ស្តេចពាលទាំងប្រាំមួយធ្វើជារត់ចុះពីលើភ្នំ ហើយទូលមាតុច្ឆាថាៈ “ស័ង្ខសិល្បជ័យដើរលេងម្នាក់ឯងពួកខ្ញុំមិនបានជាមើលក៏ធ្លាក់ជ្រោះបាត់ទៅ…”។
កេសរសុមន្ទា និងសុពណ៌ទេវីកាលបានស្តាប់ហើយ ភិតភ័យឥតឧប្បមារត់ស្រែកហៅស័ង្ខសិល្បជ័យគ្រប់ច្រកល្ហកតាមដងព្រៃ ប៉ុន្តែនៅតែមិនឃើញ ក្សត្រីសោយសោករៀបរាប់ថាៈ”ឳបុត្រកំព្រាកំសត់ម្តាយអើយ បុណ្យបុត្រលើសលន់ពេកកន្លងខំស្កាត់ពីនាយដល់អាយតាមរកមាតាតតាំងយក្សនិងនាគបានសម្រេចហើយ ម្តេចឡើយមរណាពេលនេះ។ សុពណ៌ទេវីសោយសោករហូតសន្លប់បាត់ស្មារតី កេសរសុមន្ទាបានយកទឹកភ្នែកស្រពឲ្យបានដឹងស្មារតីឡើងវិញ ហើយក៏រត់រកតាមដងស្ទឹងទៀត…”។ ស្តេចទាំងប្រាំមួយឃើញដូច្នេះក៏ទូលលោមមាតាថាៈ”ស័ង្ខសិល្បជ័យស្លាប់ហើយ សូមយាងព្រះមាតុច្ឆាចូលនគរ…”។ កេសរសុមន្ទាស្តាប់ហើយ ក្រោធជាខ្លាំងថាៈ “កាលអញលំបាកនៅព្រៃជាមួយយក្សគ្មាននរណាទៅយកអញមកទេ ឥឡូវនេះចំណេះអ្វីថាមកចង់នាំអញទៅបើចង់ ទៅតែម្នាក់ឯងទៅ”។ ស្តេចមារទាំងប្រាំមួយក៏ក្រោធហើយអូសដៃក្សត្រីទាំងពីរឡើងជិះសេះ កេសរសុមន្ទាខ្ញាល់បន្ទូលជេរហើយទ្រង់ក៏យកពស្ត្រាដែលបានពីព្រះឥសូរមកផ្សងនៅឆ្នេរទឹក ចំណែកសុពណ៌ទេវីក៏យកស្នៀតសក់មកផងដែរ ទាំងពីរអង្គលើកព្រះហត្ថាផ្សងថាៈ
បពិត្រទេព្តា អ្នកផងរក្សា សមុទ្រជលធី
យើងខ្ញុំដង្ហើយ ផ្សងដោយបារមី សូមដុតដូចក្តី
បំណងប្រាថ្នា។
បើមហាក្សត្រថ្លៃ ព្រះស័ង្ខសិល្បជ័យ អ្នកមានជន្មា
រស់រូបពុំក្ស័យ ក្សត្រថ្លៃនៅជា ឲ្យមានអស់ពា
ណិជ្ជអ្នកឈ្មួញឆ្ងាយ។
នៃស្បៃកាលា ស្នៀតសក់នេះណា យកទៅថ្វាត់ថ្វាយ
ដល់ស្រុកបងខ្ញុំ ឧត្តមពណ្ណរាយ កុំខាននៅអាយ
បាត់ស្ងាត់ឡើងណា។
បើមហាក្សត្រថ្លៃ វិសេសលើសក្រៃ ពុំមានជន្មា
ក្សិណក្ស័យជីវិត អស់ឥតអង្គា ឲ្យទ្រព្យនេះណា
បាត់ស្ងាត់នៅអាយ។
លុះក្សត្រីទាំងពីរផ្សងរួច ស្តេចពាលទាំងប្រាំមួយក៏ចាប់ដៃឡើងជិះសេះចេញទៅ…។ សូមស្លេះត្រឹមនេះមិននិយាយ សូមនិយាយពីរាជសីហ៍កាលត្រឡប់ពីព្រៃវិញមិនឃើញស័ង្ខសិល្បជ័យភិតភ័យ ក៏បានហោះរកសព្វទិសទីពុំឃើញៗតែធ្នូសរ និងព្រះខ័នក៏ខាំពាំហោះទៅទីស្ថានមណ្ឌលរបស់មាតា។
បទុមា និងកេសរបុប្ផាកាលបើឃើញ តែធ្នូសរ និងព្រះខ័នបាត់ស័ង្ខសិល្បជ័យភិតភ័យណាស់ សួររាជសីហ៍ៗក៏រៀបរាប់តាមដំណើររឿង។ កេសរបុប្ផាខឹងណាស់ក៏បានវាយរាជសីហ៍ ហើយថាៈ “ហេតុអ្វីក៏មិនចេះមើលថែប្អូន?” មាតាទាំងពីរយំសោកបោកខ្លួន ហើយក៏ហៅឲ្យរាជសីហ៍ហោះជូនទៅកន្លែងដែលបាត់ស័ង្ខសិល្បជ័យ ដោយតេជបារមីនៃព្រះពោធិសត្វបណ្តាលឲ្យក្តៅដល់ព្រះឥន្រ្ទ ទ្រង់បើកទិព្វចក្ខុមើលក៏ឃើញថា ព្រះពោធិសត្វធ្លាក់ក្នុងជ្រោះជ្រៅ ហើយត្រូវគេយកថ្មសន្ធប់ពីលើទៀត។ ទ្រង់ទតឃើញដូច្នេះ ព្រះឥន្រ្ទក៏ហោះទៅដល់ ក៏បើកថ្មចេញយកព្រះពោធិសត្វឡើង ហើយក៏យកទឹកទិព្វសុរាអម្រឹតមកស្រោចស្រព ធ្វើឲ្យព្រះពោធិសត្វមានពន្លឺចែងចាំងល្អលើសមុនទៀត។ រួចហើយទ្រង់ក៏លើកព្រះពោធិសត្វដាក់ដល់ទីប្រាសាទពិស្ណុ។ ព្រះពោធិសត្វពុំឃើញព្រះមាតាទាំងពីរក៏សោយសោក។ ព្រះឥន្ទ្រទ្រង់ប្រាប់ថាៈ “មាតាទាំងពីរទៅរកអ្នក នឹងត្រលប់មកវិញបន្តិចទៀត…”។ បន្ទាប់មកព្រះឥន្ទ្រក៏ហោះត្រឡប់ទៅវិញ។ ចំណែករាជសីហ៍នាំមាតាទាំងពីរទៅដល់មាត់ជ្រោះក៏ឃើញថ្មបើកឡើង បទុមាយល់ថាៈ “ស័ង្ខសិល្បជ័យមិនទាន់អស់ព្រះជន្មទេ នេះប្រាកដជាព្រះឥន្ទ្រមកជួយហើយ…”ទើបមាតាទាំងពីរប្រញាប់ឡើងលើរាជសីហ៍ហោះត្រឡប់មកវិញ ហើយក៏បានឃើញបុត្រនៅទីមណ្ឌល។ មាតាទាំងពីរទ្រង់សំណពេកក្រៃអោបបុត្ររៀបរាប់ថាៈ “ឳបុត្រថ្លើមថ្លៃចាកចេញពីមាតាទៅយ៉ាងយូរ លុះឮដំណឹងថាបុត្រមរណា មាតាទៅមើលដល់ឃើញថ្មបើកមាតាដឹងថា បុត្រប្រាកដជាបានរួចពីមរណាហើយ”…រួចហើយបទុមាក៏សួរនាំពីដំណើរដែលបុត្របានទៅ។ ស័ង្ខសិល្បជ័យបានរៀបរាប់ប្រាប់មាតាដោយគ្មានចន្លោះឡើយ។
(សូមរងចាំតាមដានរឿងស័ង្ខសិល្បជ័យភាគទី១១ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព